អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​មិន​ធ្វើ​ទំនើបកម្ម​យោធា តែ​ចង់​បញ្ជូន​ក្មេង​ទំនើង​ទៅ​ជួយ​ការងារ​កងទ័ព

0
152
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ក្នុង​កម្មវិធី​ថ្នាក់ជាតិមួយ។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ក្នុង​កម្មវិធី​ថ្នាក់ជាតិមួយ។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា​មិនសូវ​អើពើ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​យោធា ឱ្យ​បាន​ត្រឹមត្រូវ បែរជា​ត្រៀម​បញ្ជូន​ក្មេង​ទំនើង ដែល​កំពុង​ជាប់ពន្ធនាគារ ឱ្យ​ទៅ​ជួយ​ការងារ​កងទ័ព តាម​ព្រំដែន​។ ​ពួកគាត់​ថា ការ​ធ្វើ​បែបនេះ ពុំ​មែន​ជា​វិធានការ​ទប់ស្កាត់​ក្មេង​ទំនើង ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ឆ្លាត​វៃ​នោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​បង្ក​បញ្ហា​ដល់​សន្តិសុខ​ជាតិ។

ចាប់តាំង​ពី​កម្ពុជា ត្រូវ​បាន​យោធា​ថៃ ឈ្លានពាន​ទឹកដី និង​កំពុងតែ​រង​ការ​គំរាមកំហែង​ពី​យោធា​ថៃ​ស្ទើរតែ​រាល់​ថ្ងៃ​នោះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​ពុំ​ទាន់​មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​យោធា និង​លុបបំបាត់​អំពើ​រលួយ ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​វិស័យ​ការពារ​ជាតិ​នៅ​ឡើយ ផ្ទុយ​ទៅ​វិញ លោក​បែរជា​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​ធ្វើ​ច្បាប់​ដើម្បី​បញ្ជូន​ក្មេង​ទំនើង ឱ្យ​ទៅ​ជួយ​ការងារ​កងទ័ព​តាម​ព្រំដែន ដើម្បី​ជា​លុត​ដំ​ផ្នែក រាងកាយ និង​ស្មារតី។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ មេសា​ថា ការដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត យក​វិស័យ​យោធា ជា​កន្លែង​កែប្រែ​ក្មេង​ទំនើង គឺជា​ការ​យល់ច្រឡំ​ធ្ងន់ធ្ងរ ព្រោះ វិស័យ​នេះ គឺជា​សសរស្ដម្ភ ដែល​តម្រូវ​ឱ្យ​មាន​ការ​ជ្រើសរើស មនុស្ស​មក​ធ្វើការ ប្រកប​ដោយ​សមត្ថភាព និង​វិជ្ជាជីវៈ​ខ្ពស់​។ លោ​កថា ការ​យក​ក្មេង​ទំនើង​មក​ពាក់ព័ន្ធ​នេះ នឹង​ធ្វើ​ឱ្យ​តម្លៃ​យោធា​ធ្លាក់ចុះ ហើយ​បញ្ហា​អសន្តិសុខ​តាម​ព្រំដែន​នឹង​កើតឡើង ប្រសិនបើ អ្នក​គ្រប់​គ្រង់​ក្មេង​ទំនើង ខ្វះ​វិន័យ និង​ការទទួលខុសត្រូវ​ខ្ពស់។

លោក​បន្ត​ថា ភាព​ខ្លាំង​នៃ​វិស័យ​យោធា មិនមែន​ចំនួន​កម្លាំង​មនុស្ស​ច្រើន ដែល​គ្មាន​គុណភាព​នោះ​ទេ ភាព​ខ្លាំង​ពិតប្រាកដ គឺ​កងទ័ព​មាន​អាវុធ​ទំនើបៗ ហើយ​កងទ័ព​មាន​ជំនាញ​បច្ចេកវិទ្យា​ច្បាស់លាស់ រួម​និង ការ​បណ្ដុះបណ្ដាល​សមត្ថ​ភាពជា​ញឹកញាប់​។ លោក​ថា រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ចំណាយ​ថវិកា លើ​ការ​ធ្វើ​ទំនើបកម្ម​យោធា តាមរយៈ​ការ ហ្វឹកហ្វឺន ដល់​កងទ័ព​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ និង​មាន​ជីវភាព​សមរម្យ ជា​ជាង​ចំណាយ​ថវិកា លើ​ក្មេង​ទំនើង​ឱ្យមក​បម្រើ​ការងារ​ក្នុង​ជួរ​កងទ័ព។

លោក សេង វណ្ណលី៖ «​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​ទំនើបកម្ម​យោធា​នេះ គឺ​លើ​គុណភាព​ជាង​បរិមាណ នេះ​មាន​ន័យថា​ការ​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កងទ័ព​ឱ្យ​មាន​បច្ចេកវិទ្យា ឌីជីថល យុទ្ធសាស្ត្រ​ការពារ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ការប្រើប្រាស់​ឧបករណ៍​អាវុធ​ទំនើបៗ​ប្រកបដោយ​ប្រសិទ្ធភាព។ ការ​កសាង​កងទ័ព​ដែល​មាន​វិជ្ជាជីវៈ​ខ្ពស់ និង​ស្អាតស្អំ ហើយ​មាន​វិន័យ​ម៉ឺងម៉ាត់ គឺជា​ការ​ការពារ​ជាតិ​ដ៏​ពិតប្រាកដ មិន​ចាំបាច់​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ​សម្ភារៈ​ចាស់ៗ​ពី​បរទេស​យក​មក​ស្ដុក​ទុក​នោះ​ទេ»។

ការ​លើកឡើង​នេះ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ថ្ងៃទី​២៦ ខែមេសា ដោយ​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ សិក្សា​ផ្នែក​ច្បាប់​បន្ថែម ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង ដែល​កំពុង​ជាប់ពន្ធនាគារ ដើម្បី​បញ្ជូន​ឱ្យ​ទៅ​ជួយ​ការងារ​កងទ័ព​តាម​ព្រំដែន​។ លោ​កថា ការ​ចាប់​ក្មេង​ទំនើង​ទាំងនោះ ដាក់គុក​អស់​តែ​បាយ ខណៈ​ក្មេង​ខ្លះ​កែខ្លួន ហើយ​ក្មេង​ខ្លះ​ទៀត​មិន​កែខ្លួន។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​ចង់ឱ្យ​ឯកឧត្ដម កើត រិទ្ធ ឯកឧត្ដម ស ថេត និង​ឯកឧត្ដម វង្ស ពិសេន សិក្សា​ផ្លូវ​ច្បាប់​ឱ្យ​ខ្ញុំ​បន្តិច​ក្មេងៗ​ទំនើង ឥឡូវ​យើង​ចាប់​ដាក់គុក​អស់​តែ​បាយ ហើយ​ចេញ​មក​ខ្លះ​កែ ហើយ​ខ្លះទៀត មិន​កែ មិន​ចាំបាច់​រុញ​ទៅដល់​ជួរមុខ​ទេ ឱ្យ​គូរ​ពី​ការប្រើប្រាស់​ការអប់រំ​កម្រិត​ណា ដើម្បី​ភ្ជាប់​បម្រើ​ដល់​សមរភូមិ​មុខ មិន​ចាំបាច់​យក​ទៅ​កាន់​កាំភ្លើង​បាញ់​នោះ​ទេ យក​ទៅ​ចាក់ពុម្ព​លេណដ្ឋាន ជួយ​ដល់​កង​វិស្វកម្ម​ទៅ»។

នៅក្នុង​វេទិកា​នោះ​ដែរ លោក ហ៊ុន ម៉ាណែត ពុំបាន​និយាយ​ពី​អំពី​ការ​ធ្វើ​ទំនើបកម្ម​យោធា​នោះ​ទេ ដោយ​គ្រាន់តែ​លើកឡើង បែប​បញ្ឆិតបញ្ឆៀង​ថា នៅ​តាម​ព្រំដែន​កំពុង​ខ្វះខាត​កម្លាំង និង​អាច​ប្រើប្រាស់​ក្មេង​ទំនើង​ជួយ​ការងារ​នៅ​លេណដ្ឋាន ប៉ុន្តែ​មិន​រុញ​ទៅកាន់​ជួរមុខ​នោះ​ទេ​។ យ៉ាងណា កន្លងទៅ ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកវិភាគ តែង ជំរុញ ឱ្យ​រដ្ឋាភិបាល ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​បាន​ឆាប់​បំផុត ព្រោះថា ចាប់តាំងពី យោធា​ថៃ បាន​បង្ក​សង្គ្រាម​ឈ្លានពាន​កម្ពុជា​មក កងទ័ព​ជួរមុខ​ភាគច្រើន ខ្វះខាត​សម្ភារៈ​យោធា និង​ខ្វះ​ស្បៀង សម្រាប់​បរិភោគ​គ្រប់គ្រាន់។

លើស​ពី​នោះ​អាវុធ​ទំនើបៗ ដូច​យន្តហោះ​ចម្បាំង​ក៏​គ្មាន ហើយ​រថពាសដែក កាំភ្លើង​ធំ និង​ចំនួន​កងទ័ព ជួរមុខ នៅ​មាន​កម្រិត ទើប​ធ្វើ​ឱ្យ​ពួកគាត់ ពិបាក​ក្នុង​ការ​បាញ់​តបត​ជាមួយ​សត្រូវ​។ ក្នុង​នោះ​បញ្ហា​ចម្បង គឺ​ចំនួន​កងទ័ព​ខ្មោច​មានតែ​ឈ្មោះ តែ​ពុំ​សូវ​មាន​កងទ័ព នៅ​តាម​អង្គភាព​នីមួយៗ​។ ករណីនេះ ពលរដ្ឋ និង​អ្នកឃ្លាំមើល​រិះគន់​ថា មេបញ្ជាការ​ខ្លះ​ឆ្លៀត​យក​ឈ្មោះ កងទ័ព​ខ្មោច ដើម្បី​កិបកេង ប្រាក់​ខែ​រដ្ឋ ដោយ​គ្មាន​យក​ថវិកា​ទាំងនោះ​ទៅ​ជ្រើសរើស​កងទ័ព​ថ្មី​នោះ​ទេ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៧ ខែ​មេសា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ធ្វើ​ទំនើបកម្ម​យោធា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ជា​រឿង​ដ៏​ចាំបាច់​បំផុត ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែ​ត មិនបាន​យក​កិច្ច​ការងារ​នេះ ជា​អាទិភាព​។ លោក​ថា កម្ពុជា​ឆ្លងកាត់​សង្គ្រាម​ជាមួយ​ថៃ ពីរ​លើក​មក គួរតែ​ដឹង​ច្បាស់ ពី​ភាព​កម្សោយ នៃ​វិស័យ​ការពារ​ជាតិ ខណៈ ដែល​យោធា ថៃ ឆ្លៀតឱកាស​នេះ គំរាមកំហែង និង ឈ្លានពាន​ទឹកដី​ខ្មែរ តាមតែ​អំពើ​ចិត្ត ព្រោះ​ពួកគេ​ដឹង​ថា កម្ពុជា​គ្មាន​សមត្ថភាព វាយ​ដណ្ដើម​ទឹកដី​ដែល​បាត់បង់ យក​មក​វិញ បាន​នោះ​ទេ ដរាបណា​កម្ពុជា​មិន​ធ្វើ​ទំនើបកម្ម​យោធា និង​ផ្ដោត​លើ​ការ​បង្រួបបង្រួម​ជាតិខ្មែរ​ឡើងវិញ។

លោក ម៉ែន ណាត៖ «​មជ្ឈដ្ឋាន​កម្ពុជា​កន្លង​មក​យោបល់​ច្រើនណាស់​កន្លង​មក អំពើ​ទំនើបកម្ម​យោធា ធ្វើ​យ៉ាងណា​ឱ្យ​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ពង្រឹងសមត្ថភាព​កង​ទ័ព​បណ្ដុះបណ្ដាល​កងទ័ព និង​ទិញដូរ​សព្វាវុធ​ថែម ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ប៉ុន្តែ​កម្ពុជា​ស្ដាប់​គេ​មិន​យល់​ទេ រួច​បន្ថែម កងកម្លាំង​កងទ័ព​តាមរយៈ​អំពើពុករលួយ​សូកប៉ាន់ បក្សពួក​មន្ត្រី​ធំៗ​នឹង​ដាក់​មុខមាត់​តែ​បងប្អូន​ឯង ឱ្យ​ទទួល​តួនាទី​ផ្កាយ​៤ ផ្កាយ​៥​អស់ហើយ​ម្នាក់»។

តាមរយៈ​ការ​បង្ហោះ​រូបភាព និង​វីដេអូ លើ​បណ្ដាញ​សង្គម របស់​កងទ័ព ជួរ​មុខជា​បន្តបន្ទាប់​បាន​បង្ហាញថា កងទ័ព​កម្ពុជា​បាន​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ជាមួយ​កងទ័ព​ថៃ ដែល​ចេះតែ​ឌឺដង និង​ប្រមាថ​មក​លើ​កងទ័ព​ខ្មែរ រួម​នឹង​សកម្មភាព​គឃ្លើន​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​គ្មាន​ខ្លាចរអា​។ អ្នកឃ្លាំមើល​ថា ការដែល​យោធា​ថៃ មិន​ខ្លាច​នឹង​ការឈ្លានពាន​ទឹកដី​កម្ពុជា គឺ​បណ្ដាលមកពី​កម្ពុជា​គ្មាន​សមត្ថភាព​យោធា ក្នុង​ការ​ធ្វើសង្គ្រាម​ជាថ្មី ជាមួយ​ថៃ ខណៈ​ដែល​កម្ពុជា​ក៏​មិន​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​ផង​នោះ ទើប​ធ្វើ​ឱ្យ​យោធា​ថៃ​ចេះតែ​ប្រមាថមើលងាយ​មក​លើ​កងទ័ព​ខ្មែរ សព្វ​បែប​យ៉ាង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ