អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​មិន​ស៊ើបអង្កេត លើ​ឧកញ៉ា កុក អាន ពាក់ព័ន្ធ គឺជា​កម្សោយ​នៃ​ប្រព័ន្ធ​តុលាការ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងសមាជិក​ព្រឹទ្ធសភា លោក កុក អាន ដែលជាម្ចាស់អគារ​កាស៊ីណូ​ក្រោន​ នៅប៉ោយប៉ែត។ រូប៖ បណ្ដាញសង្គម
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងសមាជិក​ព្រឹទ្ធសភា លោក កុក អាន ដែលជាម្ចាស់អគារ​កាស៊ីណូ​ក្រោន​ នៅប៉ោយប៉ែត។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​ថា ការ​ដែល​រដ្ឋាភិបាល មិន​ស៊ើបអង្កេត​មក​លើ ឧកញ៉ា កុក អាន ដែល​ត្រូវ​បាន សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ គឺ​បង្ហាញ​អំពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ប្រព័ន្ធ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោក កុក អាន បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ដើម្បី​និយាយ លាង​សម្អាតខ្លួន និង អះអាង​ថា ខ្លួន​គឺជា​មនុស្ស​ស្អាតស្អំ ទាំង​ដែល​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា តុលាការ ជាដើម។

ថ្វី​ត្បិត​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ក្ដែងៗ​អំពី​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ លំដាប់​អន្តរជាតិ ទ្រង់ទ្រាយ​ធំ ឱ្យ​អស់ពី​ទឹកដី​កម្ពុជា​នៅ​ត្រឹម​ខែមេសា​នេះ​ក្ដី ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ នៅតែ​បន្ត​ប្រតិបត្តិការ​ដដែល ខណៈ​មេខ្លោង​ធំៗ ដែល​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម ដូចជា ឧកញ៉ា លី យ៉ុងផាត និង​ឧកញ៉ា កុក អាន ជាដើម មិន​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់ខ្លួន ឬ​បើក​ការ​ស៊ើបអង្កេត​នោះ​ឡើយ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែមេសា​ថា ការ​បណ្ដែតបណ្ដោយ ឱ្យ​ជន​ដែល ជាប់​សង្ស័យ ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​លំដាប់​អន្តរជាតិ ដើរ​និយាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដើម្បី​លាង​សម្អាតខ្លួន និង​ភូត​កុហក​មហាជន ដូចជា ឧកញ៉ា កុក អាន ដោយ​គ្មាន​បើក​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​នេះ កម្ពុជា​មិន​ទទួល​បាន ផល​វិជ្ជមាន នោះ​ទេ ផ្ទុយទៅវិញ សហគមន៍​អន្តរជាតិ​នឹង មើលឃើញ​កាន់តែ​ច្បាស់​អំពី​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ និង​របៀប​ដឹកនាំ​រដ្ឋ របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្ត​ថា ការ​និយាយ​លាង​សម្អាតខ្លួន​របស់​លោក កុក អាន គ្មាន​ការ​សួរដេញដោល ឱ្យ​បាន​ស៊ីជម្រៅ និង​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​នេះ ពុំ​អាច​ឈ្នះ​ការ​រក​ឃើញ​របស់​សហរដ្ឋអាមេរិក ដែល​គេ​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​ច្បាស់លាស់​នោះ​ទេ​។ លោក​ថា នៅពេល កម្ពុជា​គ្មាន​វិធានការ​ច្បាស់លាស់ និង​គ្មាន​ការ​បង្កក​ទ្រព្យសម្បត្តិ ឬ​ដក​តួនាទី ទេ​នោះ អន្តរជាតិ នឹង​មើល​ឃើញ​ថា កម្ពុជា​គ្មាន ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​នោះ​ឡើយ។ ទន្ទឹមគ្នា​នោះ លោក​ថា អន្តរជាតិ​នឹង​បន្ត​ចោទប្រកាន់​កម្ពុជា​ថា ជា​ជម្រក​សុវត្ថិភាព​របស់​ឧក្រិដ្ឋជន។

លោក សេង វណ្ណលី៖ «យុទ្ធសាស្ត្រ​ការពារ​បុគ្គល​តាមរយៈ​ការ​ធ្វើ​ប្រជាភិថុតិ​ក្នុងស្រុក​បែបនេះ គឺជា​ការ​ដើរ​ថយក្រោយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​អភិបាលកិច្ច​ល្អ និង​ការ​ទាក់ទាញ អ្នក​វិនិយោគ​ប្រកប​ដោយ​តម្លាភាព។ ខ្សែ​ភ្នែក​អន្តរជាតិ​មិនបាន​មើល​ត្រឹមតែ​បុគ្គល​ម្នាក់​និយាយ​នោះ​ទេ ប៉ុន្តែ​គេ​មើល​ទៅលើ​វិធាន​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​សុំ​ការ​ឆ្លើយតប​ពី​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន បានទេ នៅ​ថ្ងៃទី​៣០ ខែ​មេសា ដោយ​លោក​បាន​សន្យា​ថា នឹង​ផ្ដល់​បទសម្ភាសន៍​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី ប៉ុន្តែ​ក្រោយ​មក​លោក​ក៏​បាន​ផ្ដាច់ទំនាក់ទំនង​លែង​ហៅ​ចូល​បាន​ទៀត។

លោក កុក អាន៖ «ជម្រាបសួរ​បាទ ខ្ញុំ​សុំទោស​បន្តិច​ណា ខ្ញុំ​ជាប់​កម្មវិធី​បន្តិច​។ ចាំ​ពេល​រសៀល​បានទេ សុំ​ត្រឹម​ថ្ងៃ​រសៀល​ណា​បាទ អរគុណ​បាទ​!»។

ទោះជា​យ៉ាងណា អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​ផ្ដល់​បទសម្ភាសន៍​ឱ្យ​វិទ្យុ​បារាំង​ខេមរភាសា នៅ​ថ្ងៃទី​២៨ ខែ មេសា ថា លោក​បាន​រកស៊ី​ផ្នែក​បន​ល្បែង​កាស៊ីណូ ដែល​មាន​អាជ្ញាប័ណ្ណ ស្របច្បាប់​នៅ​កម្ពុជា មែន ប៉ុន្តែ លោក​ថា មិន​ជាប់​ពាក់ព័ន្ធ ប្រតិបត្តិការ​ឆបោក​តាម អន​ឡាញ ដូចដែល​អាមេរិក​បាន​ចោទប្រកាន់​នោះ​ទេ។ ទន្ទឹមគ្នា​នោះ លោក ហាក់​មានការ​ព្រួយបារម្ភ​ខ្លះ អំពី​កេរ្តិ៍ឈ្មោះ និង មុខមាត់​ក្នុងនាម​ជា​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ លោក ហាក់​គ្មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ផ្ទាល់ខ្លួន នោះ​ទេ ព្រោះ​លោក​អះអាង​ថា លោក​គឺ ជា​មនុស្ស​ស្អាតស្អំ ហើយ​ពុំ​ទាន់​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ ហៅ​លោក​ទៅ​សួរ​ណែនាំ​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ។

លោក កុក អាន៖ «ដូចជា ក្រោន​កាស៊ីណូ​ខ្ញុំ ដូចជា​អត់​មានការ​ឆបោក​នោះ​ទេ​។ ខ្ញុំ​តែងតែ​រៀងរាល់​ខែ​រាល់​ឆ្នាំ​តែងតែ ជា​អ្នកត្រួតពិនិត្យ​។ អាជ្ញាធរ​គ្រប់គ្រង​អាជ្ញាធរ​ប័ណ្ណ​ក៏​តែងតែបាន​មើល​ពិនិត្យ ល្បែង​អន​ឡាញ​របស់​ខ្ញុំបាទ​។ ចំពោះមុខ​ដែល​ថា​ឆបោក​ជនជាតិ​អាមេរិក​រាប់​លាន​ដុល្លារ​នោះ មានតែ​អាមេរិក​ទេ​ដឹង អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​ខ្ញុំ ដឹង​ថា​ខ្ញុំ​ទៅ​ឆបោក​នៅទីណា ប៉ុន្តែ​ខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង រក​ឱ្យ​ឃើញ​ទៅ​។ ខ្ញុំ​មិនដឹង​ទេ រឿង​ឆបោក​។ ខ្ញុំ​គឺជា​សមាជិក​ព្រឹទ្ធសភា គឺ​ដឹង​តែ ការងារ​ព្រឹទ្ធសភា​ចំនួន​ជាង​២០​ឆ្នាំ​មក​ហើយ»។

បើទោះ​ជា លោក​បាន​អះអាង​ថា គឺជា​មនុស្ស​ស្អាតស្អំ​ក្ដី លោក​នៅ​ពុំ​ទាន់​បាន​បង្ហាញ​ពី​ជំហរ ថា នឹង​ប្ដឹង អាមេរិក​ប្រឆាំង​នឹង​ការ​ដាក់ទណ្ឌកម្ម មក​លើ​រូបលោក​នោះ​ទេ​។ រីឯ ការ​បកស្រាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ធ្វើ​ឡើង​ត្រឹមតែ​ជា​សារ​សំឡេង ដោយ​ពុំ​មាន​ភស្តុតាង​ឱ្យ​បាន​ត្រឹមត្រូវ​ខុសពី​អាមេរិក ដែល​បាន​បង្ហាញ ពី​ទីតាំង​ឆបោក ឈ្មោះ​អគារ និង​ភស្តុតាង ជាច្រើន​ទៀត ដែល​បង្ហាញ​ច្បាស់ ពាក់ព័ន្ធ​នឹង លោក កុក អាន និង មនុស្ស​មួយ​ចំនួន​ទៀត​។ ទន្ទឹមគ្នា​នោះ ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដូចជា​តុលាការ ជាដើម ក៏​គ្មាន​ការ ស៊ើបអង្កេត ដើម្បី​បញ្ជាក់​ថា លោក កុក អាន ជា​មនុស្ស​ស្អាតស្អំ ឬ​ជា​មេខ្លោង​ឧក្រិដ្ឋជន​ឆបោក​មែនឬ ក៏​យ៉ាងណា​នោះ​ឡើយ។

មនុស្ស​ជំនិត របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ជា​សមាជិក​ព្រឹទ្ធសភា លោក កុក អាន ត្រូវ​បាន ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៣ មេសា ប្រកាស​ដាក់ទណ្ឌកម្ម រួម​និង​បណ្ដាញ​របស់​គាត់ សរុប​ចំនួន​២៨ នាក់​។ អាមេរិក​បញ្ជាក់​ថា បណ្ដាញ​នេះ បាន​លួច​លុយ រាប់​លាន​ដុល្លារ ពី​ជនរងគ្រោះ ជាពិសេស នៅ​សហរដ្ឋអាមេរិក ដោយ​ប្រើ​ល្បិច​បោកប្រាស់ ច្រើន​មធ្យោបាយ ក្នុង​នោះ​មាន “​ស្នេហា និង​វិនិយោគ​” ក្នុង​ការ បញ្ចុះបញ្ចូល​ឲ្យ​ជនរងគ្រោះ​ផ្ទេរ​ប្រាក់ ទៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល រួចហើយ លួច​យក​តែ​ម្ដង។

អាមេរិក​ក៏បាន​បញ្ជាក់​ថា ក្រុមហ៊ុន និង​អចលនទ្រព្យ​ជាច្រើន​របស់​លោក កុក អាន ដែល​មាន​មូលដ្ឋាន នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ក្រុងព្រះសីហនុ រួម​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺ​សុទ្ធសឹងតែ​ជាទី​តាំង សម្រាប់​ប្រតិបត្តិ​ការ​បោកប្រាស់ និង​អំពើ​ជួញដូរ​មនុស្ស​។ ក្នុង​នោះ ជនរងគ្រោះ​ចម្រុះ​ជាតិ​សាសន៍​ខ្លះ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​ក្រោម​ការ​គំរាមកំហែង និង រង​នូវ​អំពើ​ហិង្សា ធ្ងន់ធ្ងរ​ខណៈ​អ្នកខ្លះ​ទ្រាំ​ពុំបាន​ក៏​ធ្វើ​អត្តឃាត​លោត​ទម្លាក់​ពីលើ​អគារ​ខ្ពស់ៗ។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា «​សង់ត្រាល់​» លោក ឌី ថេហ៊ូយ៉ា យល់​ថា ដើម្បី​បញ្ជាក់​ថា លោក កុក អាន គឺជា​មនុស្ស​ស្អាតស្អំ​មែន​នោះ រដ្ឋាភិបាល​ត្រូវ ចាត់វិធានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ថា​តើ​គាត់​ពិតជា​ស្អាតស្អំ ឬ​មិន​ស្អាតស្អំ​។ ទន្ទឹមគ្នា​នោះ​លោក​ថា រដ្ឋសភា​ត្រូវ​កោះហៅ បុគ្គល​ដែល​មាន​តួនាទី​ក្នុង​ព្រឹទ្ធសភា ដែល​ត្រូវ​រង​ការចោទប្រកាន់​ពី​អាមេរិក មក​ស្រាយ​បំភ្លឺ ក្នុង​នោះ​សភា​ត្រូវ​បង្ហាញ​ភស្តុតាង​ជាក់លាក់​តាម​អ្វី​ដែល​រក​ឃើញ​របស់​អាមេរិក និង​អ្វី​ដែល​ជា​លទ្ធផល ស្រាវជ្រាវ​របស់​កម្ពុជា មក​ថ្លឹងថ្លែង​គ្នា។

បន្ថែម​ពី​នោះ​លោក​ថា ការ​បកស្រាយ​លើ​ករណីនេះ ក៏​ត្រូវ​ធ្វើឡើង​ដោយ​មាន​តម្លាភាព តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​សាធារណជន អង្គទូត និង​សង្គម​ស៊ីវិល ចូលរួម​ស្ដាប់ និង​ផ្សាយ​ផ្ទាល់​ដល់​សាធារណជន​ឱ្យ​បាន​ដឹង។ រឹតតែ​សំខាន់​នោះ រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ឱ្យ​តំណាង​សហរដ្ឋអាមេរិក​ចូលរួម​បង្ហាញ ភស្តុតាង មក​ដេញដោល​សួរ តតាំង​គ្នា​ប្រកបដោយ​យុត្តិធម៌ ត្រឹមត្រូវ​។ លោ​កថា​ប្រសិនបើ រដ្ឋាភិបាល​មិន​ហ៊ាន ធ្វើ​បែប​នេះ​ទេ មហាជន រួម​ទាំង​សហរដ្ឋអាមេរិក ប្រហែល​នឹង​មិន​ជឿ​ទុកចិត្ត​នោះ​ទេ។ ទន្ទឹមគ្នា​នោះ ប្រសិនបើ​រក​ឃើញ​ថា ពិតជា​មាន​ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​មែន រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង។

លោក ឌី ថេហ៊ូយ៉ា៖ «បាទ នេះ​ជា​វិធី​មួយ​ដែល​ជួយ​ការពារ​ទាំង​ដែល​អ្នក​ត្រូវ​ចោទ និង​ស្វែងរក​យុត្តិធម៌​ឱ្យ​ខ្មែរ​យើង​ដែរ ព្រោះ​រឿង​នេះ​ប្រទេសជាតិ​ខ្មែរ​យើង​ទាំងមូល​រង​នូវ​អំពើ​អយុត្តិធម៌​ពី​បុគ្គល​ទាំងអស់​ហ្នឹង»។

បើ​តាម សារព័ត៌មាន​អនឡាញ និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​បង្ហោះ​រូបភាព និង​វីដេអូ​ជាច្រើន​លើ​បណ្ដាញ​សង្គម រៀបរាប់​ថា ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ឧក្រិដ្ឋជន​ឆបោក នៅ​តាម​អគារ​ជាច្រើន ដូចជា​នៅ ក្រុង​ប៉ោយប៉ែត ជាដើម គឺ​ហាក់​ធ្វើឡើង ដោយ​មាន​ការប្រព្រឹត្ត​អំពើពុករលួយ ការ​សូកប៉ាន់​លុយ ជាមួយ​ក្រុម​ឧក្រិដ្ឋជន ដោយ​ឱ្យ​ជម្លៀស​ទៅកាន់​ទីតាំង​ថ្មី​មុន រួចហើយ បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​តាម​ក្រោយ​។ រីឯ តាម​អគារ​ខ្លះទៀត ត្រូវ​បាន​សមត្ថកិច្ច រារាំង​ជិត មិន​ឱ្យ​ជនបរទេស រត់​ចេញពី​អគារ​នោះ​ឡើយ និង បាញ់កាំភ្លើង​ឡើងលើ គំរាមកំហែង​ជាដើម​។ ទន្ទឹមគ្នា​នោះ គេ​នៅ​ពុំ​ទាន់​ឃើញ រដ្ឋាភិបាល​ចាប់ខ្លួន​ម្ចាស់​អគារ​ណា​ម្នាក់ មក​ផ្ដន្ទាទោស​នោះ​ឡើយ បើ​ទោះ​បី​ជា​ច្បាប់​ថ្មី​ប្រឆាំង ការ​ឆបោក​តាម​អនឡាញ បាន​ប្រកាស ឱ្យ​អនុវត្ត​តាំង​ពី​ដើម​ខែ​មីនា មក​ហើយ​ក្ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ