

អ្នកឃ្លាំមើលថា ការដែលរដ្ឋាភិបាល មិនស៊ើបអង្កេតមកលើ ឧកញ៉ា កុក អាន ដែលត្រូវបាន សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកអនឡាញ គឺបង្ហាញអំពីភាពទន់ខ្សោយនៃប្រព័ន្ធតុលាការឯករាជ្យ និងប្រព័ន្ធដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ ការលើកឡើងនេះ ក្រោយពីលោក កុក អាន បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដើម្បីនិយាយ លាងសម្អាតខ្លួន និង អះអាងថា ខ្លួនគឺជាមនុស្សស្អាតស្អំ ទាំងដែលគ្មានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ ដូចជា តុលាការ ជាដើម។
ថ្វីត្បិតថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រកាសក្ដែងៗអំពីយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ លំដាប់អន្តរជាតិ ទ្រង់ទ្រាយធំ ឱ្យអស់ពីទឹកដីកម្ពុជានៅត្រឹមខែមេសានេះក្ដី ឧស្សាហកម្មឆបោកតាមអនឡាញ នៅតែបន្តប្រតិបត្តិការដដែល ខណៈមេខ្លោងធំៗ ដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ដូចជា ឧកញ៉ា លី យ៉ុងផាត និងឧកញ៉ា កុក អាន ជាដើម មិនត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួន ឬបើកការស៊ើបអង្កេតនោះឡើយ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែមេសាថា ការបណ្ដែតបណ្ដោយ ឱ្យជនដែល ជាប់សង្ស័យ ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកអនឡាញលំដាប់អន្តរជាតិ ដើរនិយាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីលាងសម្អាតខ្លួន និងភូតកុហកមហាជន ដូចជា ឧកញ៉ា កុក អាន ដោយគ្មានបើកការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនេះ កម្ពុជាមិនទទួលបាន ផលវិជ្ជមាន នោះទេ ផ្ទុយទៅវិញ សហគមន៍អន្តរជាតិនឹង មើលឃើញកាន់តែច្បាស់អំពីភាពទន់ខ្សោយនៃប្រព័ន្ធតុលាការ និងរបៀបដឹកនាំរដ្ឋ របស់រដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ការនិយាយលាងសម្អាតខ្លួនរបស់លោក កុក អាន គ្មានការសួរដេញដោល ឱ្យបានស៊ីជម្រៅ និងគ្មានភស្តុតាងត្រឹមត្រូវនេះ ពុំអាចឈ្នះការរកឃើញរបស់សហរដ្ឋអាមេរិក ដែលគេមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់នោះទេ។ លោកថា នៅពេល កម្ពុជាគ្មានវិធានការច្បាស់លាស់ និងគ្មានការបង្កកទ្រព្យសម្បត្តិ ឬដកតួនាទី ទេនោះ អន្តរជាតិ នឹងមើលឃើញថា កម្ពុជាគ្មាន ឆន្ទៈពិតប្រាកដ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកនោះឡើយ។ ទន្ទឹមគ្នានោះ លោកថា អន្តរជាតិនឹងបន្តចោទប្រកាន់កម្ពុជាថា ជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជន។
លោក សេង វណ្ណលី៖ «យុទ្ធសាស្ត្រការពារបុគ្គលតាមរយៈការធ្វើប្រជាភិថុតិក្នុងស្រុកបែបនេះ គឺជាការដើរថយក្រោយនៃកិច្ចខិតខំប្រឹងប្រែងកសាងអភិបាលកិច្ចល្អ និងការទាក់ទាញ អ្នកវិនិយោគប្រកបដោយតម្លាភាព។ ខ្សែភ្នែកអន្តរជាតិមិនបានមើលត្រឹមតែបុគ្គលម្នាក់និយាយនោះទេ ប៉ុន្តែគេមើលទៅលើវិធានរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី ពុំអាចសុំការឆ្លើយតបពីសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន បានទេ នៅថ្ងៃទី៣០ ខែមេសា ដោយលោកបានសន្យាថា នឹងផ្ដល់បទសម្ភាសន៍ឱ្យទូរទស្សន៍អាស៊ីសេរី ប៉ុន្តែក្រោយមកលោកក៏បានផ្ដាច់ទំនាក់ទំនងលែងហៅចូលបានទៀត។
លោក កុក អាន៖ «ជម្រាបសួរបាទ ខ្ញុំសុំទោសបន្តិចណា ខ្ញុំជាប់កម្មវិធីបន្តិច។ ចាំពេលរសៀលបានទេ សុំត្រឹមថ្ងៃរសៀលណាបាទ អរគុណបាទ!»។
ទោះជាយ៉ាងណា អ្នកជំនួញដ៏មានឥទ្ធិពលរូបនេះ បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុបារាំងខេមរភាសា នៅថ្ងៃទី២៨ ខែ មេសា ថា លោកបានរកស៊ីផ្នែកបនល្បែងកាស៊ីណូ ដែលមានអាជ្ញាប័ណ្ណ ស្របច្បាប់នៅកម្ពុជា មែន ប៉ុន្តែ លោកថា មិនជាប់ពាក់ព័ន្ធ ប្រតិបត្តិការឆបោកតាម អនឡាញ ដូចដែលអាមេរិកបានចោទប្រកាន់នោះទេ។ ទន្ទឹមគ្នានោះ លោក ហាក់មានការព្រួយបារម្ភខ្លះ អំពីកេរ្តិ៍ឈ្មោះ និង មុខមាត់ក្នុងនាមជាសមាជិកព្រឹទ្ធសភា ប៉ុន្តែ លោក ហាក់គ្មានការព្រួយបារម្ភអំពីសុវត្ថិភាព ផ្ទាល់ខ្លួន នោះទេ ព្រោះលោកអះអាងថា លោកគឺ ជាមនុស្សស្អាតស្អំ ហើយពុំទាន់មានអាជ្ញាធរពាក់ព័ន្ធណាមួយ ហៅលោកទៅសួរណែនាំអំពីបញ្ហានេះនៅឡើយទេ។
លោក កុក អាន៖ «ដូចជា ក្រោនកាស៊ីណូខ្ញុំ ដូចជាអត់មានការឆបោកនោះទេ។ ខ្ញុំតែងតែរៀងរាល់ខែរាល់ឆ្នាំតែងតែ ជាអ្នកត្រួតពិនិត្យ។ អាជ្ញាធរគ្រប់គ្រងអាជ្ញាធរប័ណ្ណក៏តែងតែបានមើលពិនិត្យ ល្បែងអនឡាញរបស់ខ្ញុំបាទ។ ចំពោះមុខដែលថាឆបោកជនជាតិអាមេរិករាប់លានដុល្លារនោះ មានតែអាមេរិកទេដឹង អាមេរិកដែលដាក់ទណ្ឌកម្មខ្ញុំ ដឹងថាខ្ញុំទៅឆបោកនៅទីណា ប៉ុន្តែខ្ញុំសុំបដិសេធទាំងស្រុង រកឱ្យឃើញទៅ។ ខ្ញុំមិនដឹងទេ រឿងឆបោក។ ខ្ញុំគឺជាសមាជិកព្រឹទ្ធសភា គឺដឹងតែ ការងារព្រឹទ្ធសភាចំនួនជាង២០ឆ្នាំមកហើយ»។
បើទោះជា លោកបានអះអាងថា គឺជាមនុស្សស្អាតស្អំក្ដី លោកនៅពុំទាន់បានបង្ហាញពីជំហរ ថា នឹងប្ដឹង អាមេរិកប្រឆាំងនឹងការដាក់ទណ្ឌកម្ម មកលើរូបលោកនោះទេ។ រីឯ ការបកស្រាយនៅលើប្រព័ន្ធផ្សព្វផ្សាយគឺធ្វើឡើងត្រឹមតែជាសារសំឡេង ដោយពុំមានភស្តុតាងឱ្យបានត្រឹមត្រូវខុសពីអាមេរិក ដែលបានបង្ហាញ ពីទីតាំងឆបោក ឈ្មោះអគារ និងភស្តុតាង ជាច្រើនទៀត ដែលបង្ហាញច្បាស់ ពាក់ព័ន្ធនឹង លោក កុក អាន និង មនុស្សមួយចំនួនទៀត។ ទន្ទឹមគ្នានោះ ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដូចជាតុលាការ ជាដើម ក៏គ្មានការ ស៊ើបអង្កេត ដើម្បីបញ្ជាក់ថា លោក កុក អាន ជាមនុស្សស្អាតស្អំ ឬជាមេខ្លោងឧក្រិដ្ឋជនឆបោកមែនឬ ក៏យ៉ាងណានោះឡើយ។
មនុស្សជំនិត របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាសមាជិកព្រឹទ្ធសភា លោក កុក អាន ត្រូវបាន ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ មេសា ប្រកាសដាក់ទណ្ឌកម្ម រួមនិងបណ្ដាញរបស់គាត់ សរុបចំនួន២៨ នាក់។ អាមេរិកបញ្ជាក់ថា បណ្ដាញនេះ បានលួចលុយ រាប់លានដុល្លារ ពីជនរងគ្រោះ ជាពិសេស នៅសហរដ្ឋអាមេរិក ដោយប្រើល្បិចបោកប្រាស់ ច្រើនមធ្យោបាយ ក្នុងនោះមាន “ស្នេហា និងវិនិយោគ” ក្នុងការ បញ្ចុះបញ្ចូលឲ្យជនរងគ្រោះផ្ទេរប្រាក់ ទៅក្នុងប្រព័ន្ធឌីជីថល រួចហើយ លួចយកតែម្ដង។
អាមេរិកក៏បានបញ្ជាក់ថា ក្រុមហ៊ុន និងអចលនទ្រព្យជាច្រើនរបស់លោក កុក អាន ដែលមានមូលដ្ឋាន នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងព្រះសីហនុ រួមនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺសុទ្ធសឹងតែជាទីតាំង សម្រាប់ប្រតិបត្តិការបោកប្រាស់ និងអំពើជួញដូរមនុស្ស។ ក្នុងនោះ ជនរងគ្រោះចម្រុះជាតិសាសន៍ខ្លះ ត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់ក្រោមការគំរាមកំហែង និង រងនូវអំពើហិង្សា ធ្ងន់ធ្ងរខណៈអ្នកខ្លះទ្រាំពុំបានក៏ធ្វើអត្តឃាតលោតទម្លាក់ពីលើអគារខ្ពស់ៗ។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» លោក ឌី ថេហ៊ូយ៉ា យល់ថា ដើម្បីបញ្ជាក់ថា លោក កុក អាន គឺជាមនុស្សស្អាតស្អំមែននោះ រដ្ឋាភិបាលត្រូវ ចាត់វិធានការស៊ើបអង្កេតដោយឯករាជ្យ ថាតើគាត់ពិតជាស្អាតស្អំ ឬមិនស្អាតស្អំ។ ទន្ទឹមគ្នានោះលោកថា រដ្ឋសភាត្រូវកោះហៅ បុគ្គលដែលមានតួនាទីក្នុងព្រឹទ្ធសភា ដែលត្រូវរងការចោទប្រកាន់ពីអាមេរិក មកស្រាយបំភ្លឺ ក្នុងនោះសភាត្រូវបង្ហាញភស្តុតាងជាក់លាក់តាមអ្វីដែលរកឃើញរបស់អាមេរិក និងអ្វីដែលជាលទ្ធផល ស្រាវជ្រាវរបស់កម្ពុជា មកថ្លឹងថ្លែងគ្នា។
បន្ថែមពីនោះលោកថា ការបកស្រាយលើករណីនេះ ក៏ត្រូវធ្វើឡើងដោយមានតម្លាភាព តាមរយៈការអនុញ្ញាតឱ្យសាធារណជន អង្គទូត និងសង្គមស៊ីវិល ចូលរួមស្ដាប់ និងផ្សាយផ្ទាល់ដល់សាធារណជនឱ្យបានដឹង។ រឹតតែសំខាន់នោះ រដ្ឋាភិបាលត្រូវហ៊ានឱ្យតំណាងសហរដ្ឋអាមេរិកចូលរួមបង្ហាញ ភស្តុតាង មកដេញដោលសួរ តតាំងគ្នាប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ។ លោកថាប្រសិនបើ រដ្ឋាភិបាលមិនហ៊ាន ធ្វើបែបនេះទេ មហាជន រួមទាំងសហរដ្ឋអាមេរិក ប្រហែលនឹងមិនជឿទុកចិត្តនោះទេ។ ទន្ទឹមគ្នានោះ ប្រសិនបើរកឃើញថា ពិតជាមានជាប់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកមែន រដ្ឋាភិបាលត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។
លោក ឌី ថេហ៊ូយ៉ា៖ «បាទ នេះជាវិធីមួយដែលជួយការពារទាំងដែលអ្នកត្រូវចោទ និងស្វែងរកយុត្តិធម៌ឱ្យខ្មែរយើងដែរ ព្រោះរឿងនេះប្រទេសជាតិខ្មែរយើងទាំងមូលរងនូវអំពើអយុត្តិធម៌ពីបុគ្គលទាំងអស់ហ្នឹង»។
បើតាម សារព័ត៌មានអនឡាញ និងពលរដ្ឋក្នុងមូលដ្ឋានបានបង្ហោះរូបភាព និងវីដេអូជាច្រើនលើបណ្ដាញសង្គម រៀបរាប់ថា ប្រតិបត្តិការបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោក នៅតាមអគារជាច្រើន ដូចជានៅ ក្រុងប៉ោយប៉ែត ជាដើម គឺហាក់ធ្វើឡើង ដោយមានការប្រព្រឹត្តអំពើពុករលួយ ការសូកប៉ាន់លុយ ជាមួយក្រុមឧក្រិដ្ឋជន ដោយឱ្យជម្លៀសទៅកាន់ទីតាំងថ្មីមុន រួចហើយ បានសមត្ថកិច្ចចុះបង្ក្រាបតាមក្រោយ។ រីឯ តាមអគារខ្លះទៀត ត្រូវបានសមត្ថកិច្ច រារាំងជិត មិនឱ្យជនបរទេស រត់ចេញពីអគារនោះឡើយ និង បាញ់កាំភ្លើងឡើងលើ គំរាមកំហែងជាដើម។ ទន្ទឹមគ្នានោះ គេនៅពុំទាន់ឃើញ រដ្ឋាភិបាលចាប់ខ្លួនម្ចាស់អគារណាម្នាក់ មកផ្ដន្ទាទោសនោះឡើយ បើទោះបីជាច្បាប់ថ្មីប្រឆាំង ការឆបោកតាមអនឡាញ បានប្រកាស ឱ្យអនុវត្តតាំងពីដើមខែមីនា មកហើយក្ដី៕









