

យោធាថៃបានប្រកាសថា នឹងត្រៀមកម្លាំងចុះទៅត្រួតពិនិត្យនៅក្នុងតំបន់ខ្លងណាំសៃ ក្នុងខេត្តស្រះកែវ ជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង។ យោធាថៃបានចោទថា កម្ពុជាបានរំលោភចូលទឹកដីថៃតាមរយៈការកែប្រែផ្លូវទឹកដែលកម្ពុជា និងថៃបានកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន។ អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រឌិតសាច់រឿងដើម្បីយកលេសចូលឈ្លានពានកម្ពុជា ខណៈតំបន់ដែលថៃយកមកអះអាងនេះ ជាតំបន់មិនដែលមានទំនាស់នោះឡើយ។
មេទ័ពយោធភូមិភាគទី១របស់ថៃ បេនចាផុល ដេឆាតិវង្ស ណាក់ អាយុតថាយ៉ា (Benjapol Dejatiwongse Na Ayudhya) បានប្រកាសនៅថ្ងៃទី៣០ ខែមេសា នេះថា លោកនឹងបញ្ជួនកងកម្លាំងឱ្យចុះទៅល្បាត និងត្រួតពិនិត្យនៅតំបន់ព្រំដែនខ្លងណាំសៃ ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ដែលមានព្រំប្រទល់ជាប់ស្រុកចំនួនពីរនៅខេត្តបាត់ដំបង ដោយលោកចោទថា កម្ពុជាបានចាក់ដីលុបអូរដែលជាខ្សែបន្ទាត់ព្រំដែនរំលោភចូលក្នុងទឹកដីថៃ។
មេទ័ពថៃប្រចាំទិសបូព៌ារូបនេះ លើកឡើងថា ប្រសិនបើរកឃើញថា កម្ពុជាពិតជាបានកែប្រែផ្លូវទឹករំលោភចូលក្នុងទឹកដីថៃមែននោះ ភាគីថៃនឹងកាត់ឆ្វៀលយកតំបន់នោះមកវិញ ទោះបីជាមានការរារាំង និងជំទាស់ពីភាគីកម្ពុជាក៏ដោយ។
បន្ថែមពីលើនេះ នាយសេនាធិការកងទ័ពជើងគោកថៃ លោក ឆៃយ៉ាព្រឹក្ស ដួងប្រាក់ផាត (Chaiyapruek Duangprapat) បានប្រកាសនៅថ្ងៃនេះ ដោយអនុញ្ញាតឱ្យកងទ័ពថៃប្រឆាំងនឹងកងទ័ពខ្មែរភ្លាមៗ នៅពេលកងទ័ពខ្មែរចូលទៅក្បែរបន្លាលួសរបស់យោធាថៃក្នុងតំបន់ណាមួយ។
តំបន់ដែលយោធាថៃទាមទារពីកម្ពុជានេះ ស្ថិតនៅតាមបណ្ដោយអូរធម្មជាតិដែលមានទីតាំងនៅឃុំបារាំងធ្លាក់ និងតំបន់ភ្នំ៥៣ ភូមិគគីរ ស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក រហូតដល់តំបន់មួយចំនួនក្នុងស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង។ នៅតំបន់ព្រំដែនក្នុងស្រុកទាំងពីរនេះ មានប្រជាពលរដ្ឋខ្មែររស់នៅជាហូរហែនៅតាមបណ្ដោយផ្លូវជាតិលេខ៥៩ ខណៈនៅតំបន់អូរធម្មជាតិដែលភាគីកម្ពុជា និងថៃបានកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ននោះ ក៏មានប្រជាពលរដ្ឋខ្មែរធ្វើចម្ការផងដែរ។
ទោះជាយ៉ាងណា កាលពីអំឡុងពាក់កណ្ដាលខែមេសា យោធាថៃដាក់ពង្រាយកម្លាំងទ័ពដើរល្បាត និងរាយបន្លាលួសនៅតាមបណ្ដោយព្រំដែន ក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន រហូតដល់ទាហានខ្មែរបានចេញមករារាំង បណ្ដាលឱ្យមានការប្រកែកតវ៉ាគ្នាជាមួយទាហានថៃ នៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រភូមិអូរចោត ឃុំបារាំងធ្លាក់ ក្នុងស្រុកភ្នំព្រឹក ដែលជាប់នឹងស្រុកខ្លងហាត ខេត្តស្រះកែវ និងជម្លោះមួយករណីទៀត បានកើតឡើងនៅតំបន់ព្រំដែនស្រុកសំពៅលូន ជាប់នឹងតំបន់ខ្លងណាំសៃ របស់ថៃកាលពីពេលថ្មីៗនេះ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣០ ខែមេសា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត យល់ឃើញថា សកម្មភាពរបស់យោធាថៃ នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានេះ គឺជាការពង្រីកការឈ្លានពាន និងញុះញង់ទៅកាន់ទាហានខ្មែរដែលឈរជើងនៅតំបន់ក្បែរគ្នា ក្នុងបំណងចង់បង្កជម្លោះ។ លោកបន្តថា ក្នុងករណីនេះកម្ពុជាគួរតែប្រើសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ និងសើរើទីតាំងបង្គោលព្រំដែនចាស់ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង ដើម្បីកុំឱ្យភាគីថៃអាងលេសឈ្លានពានចូលក្នុងទឹកដីកម្ពុជាបន្ថែមទៀត។
លោក ម៉ែន ណាត៖ «ឥឡូវនេះ ហាក់ដូចជាថៃហ្នឹង ក្លាយជាប្រទេសចក្រពត្តិមួយនៅក្នុងភូមិផងរបងជាមួយកម្ពុជា។ ហើយពង្រីកអំណាចឈ្លានពានមកលើកម្ពុជា ដោយប្រើលេសនេះលេសនោះដើម្បីឈ្លានពានកម្ពុជា ព្រោះឃើញរដ្ឋាភិបាលខ្មែរទន់ខ្សោយ»។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តាមបណ្ដោយអូរធម្មជាតិនេះដែរ នៅព្រំដែនខេត្តប៉ៃលិន ទាហានថៃនៅតែបន្តឈូសឆាយសាងសង់ផ្លូវរាប់សិបគីឡូម៉ែត្រ និងរាយបន្លាលួស នៅក្នុងតំបន់ស្រុកពោងណាំរ៉ន (Pongnamron) ខេត្តចន្ទបុរី (Chanthaburi) របស់ថៃ ដោយរំលោភចូលទឹកដីកម្ពុជា ជាច្រើនទីតាំងក្នុងតំបន់អូរធម្មជាតិ តាមជ្រលងភ្នំក្បាលដំរី ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ មិនខុសពីខេត្តបាត់ដំបង នោះឡើយ យោធាថៃបានចោទថា កម្ពុជាបានកែប្រែផ្លូវទឹកចូលមកក្នុងទឹកដីថៃ ខណៈពលរដ្ឋខ្មែរបានអះអាងថា គឺថៃទៅវិញទេដែលបានលួចរំកិលបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា តាំងពីជិត២០ឆ្នាំមុនមកម្ល៉េះ៕









