

គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួនការថ្លែងការណ៍ ដោយក្ដីសោកស្ដាយ និងខកចិត្ត ដែលសាលាឧទ្ធរណ៍បន្តផ្ដន្ទាទោស លោក កឹម សុខា។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរួមគ្នាលើកឡើងថា ការរក្សាទោស លោក កឹម សុខា ដ៏ធ្ងន់ធ្ងរនេះគឺជាការបោះបង់ឱកាសក្នុងការស្ដារឡើងវិញនូវឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះគណបក្សកម្លាំងជាតិ ក៏ចាត់ទុកសាលដីកាសាលាឧទ្ធរណ៍នេះថា អយុត្តិធម៌ និងបង្ហាញពីគម្លាតរវាងខ្មែរ និងខ្មែរ ដែលមិនអាចផ្សះផ្សារ និងឯកភាពជាតិបានឡើយ។ លើសពីនេះគណបក្សកម្លាំងជាតិថា ទង្វើនេះផ្ទុយពីការអំពាវរបស់លោកនាយករដ្ឋមន្ត្រី ដែលចង់ឱ្យមានការរួបរួមសាមគ្គីឯកភាពជាតិខ្មែរ។
ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញចាត់ទុកសាលដីកាសាលាឧទ្ធរណ៍នេះជាសញ្ញាមួយដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីរួបរួមជាតិ និងដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។ គណបក្សនេះបារម្ភពីការបន្តប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់កម្រិតដល់សិទ្ធិជាមូលដ្ឋានរបស់សកម្មជន និងអ្នកនយោបាយប្រឆាំង។
គណបក្សនយោបាយទាំង៤ នេះសុទ្ធតែបានអំពាវនាវឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ ទាំងអស់លើ លោក កឹម សុខា និងដោះលែងលោកឱ្យមានសេរីភាពវិញ ព្រោះពួកគេអះអាងថា ការផ្តន្ទាទោសលោកបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចជាតិ និងអ្នករងគ្រោះគឺពលរដ្ឋស្លូតត្រង់ ខណៈកម្ពុជាកំពុងជួបបញ្ហាប្រឈមជាច្រើនចំពោះមុខជាពិសេសគឺការឈ្លានពានពីប្រទេសជិតខាង។
ដោយឡែក គណបក្សជំនាន់ថ្មី វិញគណបក្សបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតប នឹងសាលដីកាសាលាឧទ្ធរណ៍ដែរ ប៉ុន្តែគណបក្សនេះពុំបានបង្ហាញជំហរច្បាស់លាស់ទេ គឺគ្រាន់តែសរសេរដោយប្រយោលថា គណបក្សលើកទឹកចិត្តឱ្យមានការកែលម្អប្រព័ន្ធច្បាប់ និងយុត្តិធម៌នៅកម្ពុជា៕









