ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ លាត​ត្រដាង​ចំពោះ​ទង្វើ​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា និង​ជេរប្រមាថ​លើ​ស្ត្រី​ក្នុង​ពេល​តវ៉ា

0
239
ទិដ្ឋភាពតវ៉ារបស់អតិថិជនហួយវ័ន នៅ​មុខធនាគារជាតិ ខណ្ឌសែនសុខ​ កាល​ពីថ្ងៃទី២៧ មេសា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពតវ៉ារបស់អតិថិជនហួយវ័ន នៅ​មុខធនាគារជាតិ ខណ្ឌសែនសុខ​ កាល​ពីថ្ងៃទី២៧ មេសា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ខកចិត្ត និង​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​បង្ក្រាប​ដោយ​ហិង្សា និង​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ​លើ​ស្ត្រី ក្នុង​ពេល​ពួកគាត់​ចេញ​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​នៅមុខ​ធនាគារជាតិ​។ ជនរងគ្រោះ​បញ្ជា​ក់ថា ទោះបីជា​ប្រឈម​នឹង​ការ​បង្ក្រាប ក៏​ជនរងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ជាច្រើន​ដែល​មាន​លុយ​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​នោះ​នឹង​មិន​បោះបង់​ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទាម​ទារ​លុយ​ដែល​ពួកគាត់​បាន​មក​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​រក​ស៊ី​ដោយ​លំបាក​នោះ​ឡើយ។

ជនរងគ្រោះ​បាត់បង់​លុយ​នៅ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ ស្នើ​ឱ្យ​សមត្ថកិច្ច​បញ្ឈប់​ការប្រើ​អំពើ​ហិង្សា ការ​ជេរប្រមាថ​លើ​ស្ត្រី និង​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​លើ​ជន​ដៃដល់​ដែល​វាយដំ​ជនរងគ្រោះ​ក្នុងអំឡុងពេល​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ធនាគារជាតិ​ថ្មីៗ​នេះ។

ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែមេសា​ថា លោកស្រី​បាន​រង​ភាព​អយុត្តិធម៌​ផ្ទួនៗ​គ្នា​ព្រោះ​លុយ​ជិត ១​ម៉ឺន​ដុល្លារ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក ហើយ​ពេល​ចេញ​តវ៉ា​ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា និង​ជេរប្រមាថ​លើ​លោកស្រី​។ លោកស្រី​បញ្ជាក់​ថា ជនរងគ្រោះ​ខ្មែរ និង​បរទេស​ចេញ​តវ៉ា​ថ្មីៗ​នេះ គ្មាន​មេខ្លោង​ណា​ជា​អ្នក​រៀបចំ ឬ​មានបំណង​បង្កចលាចល​ដល់​សង្គម​ឡើយ គឺ​ជនរងគ្រោះ​ទាំងអស់​សុទ្ធ​ស្ម័គ្រចិត្ត​ចេញ​តវ៉ា​ស្វែងរក​ដំណោះស្រាយ និង​ទាម​ទារ​លុយ​របស់​ខ្លួន​ដែល​បាន​ពី​ការ​ខំប្រឹង​រកស៊ី​ដោយ​លំបាក។

អតិថិជនហួយវ័ន៖ «ខ្ញុំ​ឆ្អែត​ចិត្តនឹង​ពូ​ប៉ូលិស ខ្ញុំ​លើក​ទូរស័ព្ទ​ថត ដល់ពេល​លើក​ទូរស័ព្ទ​ថត​ទៅ គាត់​ស្រែក​ដាក់​ខ្ញុំ ង៉ែង ហង រក​ទះកំផ្លៀង​ខ្ញុំ​ទៀត​ត្រូវ​គេ​មើលងាយ​យើង​អស់​លុយ​ហើយ ត្រូវ​គេ​ប្រើ​ពាក្យ​សម្ដី​មើលងាយ​ជេរ​ស្ដីឱ្យ​។ អ្វី​ដែល​ប្រជាជន​ចង់បាន​ហ្នឹង គឺ​ចង់ឱ្យ​ថ្នាក់លើ​ដោះស្រាយ​រឿង​លុយកាក់​ថា (Clear) បាន​ប៉ុន្មានៗ​ហ្នឹង​គឺ​ប្រជាជន​ព្រមយក​អ៊ីចឹង កុំ​មានការ​វាយដំ​ជ្រំ​ធាក់​ប្រជាជន ព្រោះ​ប្រជាជន​អត់​ចង់ទៅ​ទេ អ្នកណា​ចង់ទៅ​ក្ដៅ​ចង់​ងាប់ ត្រូវ​គេ​វាយ​ផង អី​ផង ត្រូវ​គេ​ច្រាន​ផង ត្រូវ​គេ​ជេរ​ស្ដីឱ្យ អ៊ីចឹង​គឺ​អត់​មាន​អ្នកណា​ចង់ទៅ​ទេ គឺ​ចង់​បានតែ​លុយ​យើង​មកវិញ ដែល​ញើស​ឈាម​យើង»។

ជនរងគ្រោះ​បញ្ជាក់​ថា អតិថិជន​ជាច្រើន​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រីឯ​លោកស្រី​ផ្ទាល់​ក៏​ប្រឈម​នឹង​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​ដោយសារតែ​លុយ​ដែល​ត្រូវ​ក្រុមហ៊ុន​បង្កក​នោះ​គឺ​ត្រូវ​ចំណាយ​លើ​ការ​បង់​បំណុល​ធនាគារ និង​រ៉ាប់រង​ក្នុង​ការ​បង្វិល​ទូទាត់​ក្នុង​មុខរបរ​រកស៊ី។

អតិថិជនហួយវ័ន៖ «យើង​ចង់​បានតែ​លុយ​យើង​មកវិញ​ទេ ស្អី​ក៏​យើង​អត់​ចង់​ពាក់ព័ន្ធ​ដែរ ចង់តែ​បាន​លុយ​មកវិញ​ទេ បាន​ប៉ុន្មាន​ក៏​យើង​យក​ដែរ វា​គ្រាន់បើ​ជាង​អត់ ព្រោះ​ដូច​អ្នកខ្លះ​លុយ​ច្រើនៗ ខ្ញុំ​ស្ដាប់ឮ​ហើយ​ខ្ញុំ​អាណិត ចង់​និយាយ​ថាបើ​គេ​អត់​សង​ក្រុម​ហួយ​វ័ន (Huione) ឬ​អេ​ច​-​ផេ (H-Pay) ទេ អាច​នឹង​មាន​មនុស្ស​សម្លាប់​ខ្លួន​ច្រើនណាស់​ខ្ញុំ​មើលទៅ ព្រោះ​អី​ពេល​ខ្ញុំ​ទៅ​ឃើញ​ទិដ្ឋភាព​ចិន និង​ខ្មែរ ជាពិសេស​ចិន​លុយ​គាត់​ច្រើនៗ​នោះ គាត់​ដេក​កណ្ដាលផ្លូវ គាត់​អង្គុយ​យំ និយាយ​រួម​លក្ខណៈ​ស្អី​ក៏​គាត់​ហ៊ាន​ធ្វើ​អ៊ីចឹង សុខចិត្ត​ដេក​កណ្ដាល​ថ្នល់​នៅ​ពេល​ដែល​ប៉ូលីស​កំពុង​រុញ​គាត់ គឺ​គាត់​ដេក​អត់​ព្រម​ក្រោក​។ ខ្ញុំ​ឃើញ​ទិដ្ឋភាព​នោះ​ខ្ញុំ​អាណិត​ចិន​ខ្លាំង ដោយសារ​ចិន​ដូច​គាត់​ស្ទុះស្ទា ក្លាហាន អត់​ខ្លាច​អីចឹង មានតែ​ខ្មែរ​យើង​ទេ​ដែល​ខ្លាច អត់​ហ៊ាន​ទៅ​ឈរ អត់​ហ៊ាន​ទៅ​អី»។

អាជ្ញាធរ​ភ្នំពេញ​បាន​បង្ក្រាប​ដោយ​ហិង្សា និង​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ​លើ​ក្រុម​អ្នក​តវ៉ា​ប្រមាណ ១​រយ​នាក់​ប្រឆាំង​នឹង​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ដែល​បាន​បង្កក​ប្រាក់​អតិថិជន​នៅ​ខាងមុខ​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៧ ខែមេសា​។ ចំណាត់ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ​បណ្ដាល​ឱ្យ​ជនជាតិ​ចិន ២​នាក់​រង​បួស​ធ្ងន់​បែកក្បាល និង​មួយ​ចំនួន​ទៀត​ដួលសន្លប់​។ សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជនរងគ្រោះ​លោក សួន សុវណ្ណ​ថៃ និង​លោក វ៉ា​ត់ មករា ដែល​មាន​មុខរបរ​លើ​វិស័យ​សំណង់​ដោយ​ចោទ​ថា ជា​មេខ្លោង​ប្រមូល​កៀរគរ​មនុស្ស​ធ្វើបាតុកម្ម​ខុសច្បាប់ និង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា។ ប៉ុន្តែ​សាច់ញាតិ និង​អ្នក​ដែល​រងគ្រោះ​ច្រានចោល​ការចោទប្រកាន់​នេះ និង​អះអាង​ថា ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដោយសារតែ​ក្រុមហ៊ុន លោក ហ៊ុន តូ បង្កក​ប្រាក់​ដែរ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​ឃុំខ្លួន​លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា អស់​រយៈពេល​ជាង ៤៨​ម៉ោង​ហើយ និង​នៅ​មិនទាន់​ដោះលែង​នៅឡើយ។

មុន​ពេល​ជនរងគ្រោះ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​ថា ខ្លួន​លែង​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​ដែល​បាត់បង់​លុយ​នៅ​ក្រុមហ៊ុន ហួយវ័ន ផេ ហើយ ព្រោះ​ធនាគារជាតិ​បាន​ចាត់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជម្រះបញ្ជី​ផ្ដល់​លុយ​ឱ្យ​អតិថិជន និង​បាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​តាំងពី​ឆ្នាំ​២០២៤​។ ធនាគារជាតិ​ក៏​ប្រាប់​ឱ្យ​ជនរងគ្រោះ​ដោះស្រាយ​លុយ​ដោយ​ខ្លួនឯង​តាមរយៈ​ការ​ប្ដឹងតវ៉ា​ទៅ​តុលាការ។

ក្រុមហ៊ុន​ជម្រះបញ្ជី​ឈ្មោះ រីចឆ៍ អេន ផាតនឺរ (Reachs & Partners) ក្រោម​ការចាត់ចែង​របស់​ធនាគារជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែមេសា ដោយ​ទុក​ពេល​ឱ្យ​អតិថិជន​ហួយ​វ័ន ផេ ៣០​ថ្ងៃ ដើម្បី​យក​ឯកសារ​ភស្តុតាង​ពាក់ព័ន្ធ ដើម្បី​ចុះឈ្មោះ​ជម្រះបញ្ជី​ទូទាត់​លុយ។

ជនរងគ្រោះ​លើកឡើង​ថា អតិថិជន​ភាគច្រើន​គ្មាន​ជំនឿ​ចិត្ត​លើ​ក្រុមហ៊ុន​នេះ​ឡើយ ទើប​ពួកគាត់​នាំគ្នា​ចេញ​តវ៉ា​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​បន្តបន្ទាប់។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KDM) អ្នកស្រី មូរ សុខហួរ គាំទ្រ និង​ចាត់ទុក​ការ​តវ៉ា​របស់​ជនរងគ្រោះ​គឺជា​រឿង​ត្រឹមត្រូវ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ដល់​ខ្លួនឯង​។ អ្នកស្រី​បញ្ជាក់​ថា សំណុំរឿង​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ មិន​ខុសគ្នា​ពី​សំណុំរឿង​ជនរងគ្រោះ​ដែល​ចាញ់បោក​ក្រុម​ឧកញ៉ា​ឡើយ គឺ​មិនអាច​ស្វែងរក​យុត្តិធម៌​តាមរយៈ​ផ្លូវ​តុលាការ​បាន​ឡើយ​ដោយសារ​តុលាការ​គ្មាន​ភាព​ឯករាជ្យ និង​ស្ដាប់​តែ​បញ្ជា​របស់​អ្នក​មាន​អំណាច។

អ្នកស្រី មូរ សុខហួរ៖ «អ្វី​ដែល​ជា​ចំណុចខ្លាំង ហើយ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ជនរងគ្រោះ​ដោយសារ ហួយវ័ន ផេ (Huione Pay) នេះ​គឺ​សាមគ្គីភាព គឺ​ជំហរ​រឹងមាំ និង​ឯកសារ​ដែល​បងប្អូន​មាន​ស្រាប់​។ អ្វី​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង បាត់បង់​នូវ​កិត្តិយស​បន្ត​ទៅ​ទៀត​នេះ គឺ​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អំណាច​នៃ​អ្នក​មាន​អំណាច និង​ការ​មិន​ទទួលខុសត្រូវ​ពី​ធនាគារជាតិ និង​ប្រព័ន្ធ​ពាក់ព័ន្ធ»។

ជនរងគ្រោះ​អះអាង​បន្ត​ថា អតិថិជន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) បង្កក​លុយ​ក្នុង​ធនាគារ​អាច​មាន​ចំនួន​រហូតដល់​រាប់​ម៉ឺន​នាក់ ។ ជនរងគ្រោះ​ថា ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​អ្នកតវ៉ា​ថ្មីៗ​នេះ​ក៏​មិនអាច​បញ្ឈប់ ឬ​ធ្វើ​ឱ្យ​ជនរងគ្រោះ​ដែល​មាន​លុយ​ច្រើន​ក្នុង​គណនី​ខ្លាចញញើត​នាំគ្នា​បញ្ឈប់​ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី​ឡើយ ដោយ​ពួកគាត់​បាន​ប្ដេជ្ញា​ក្នុង​ការ​ចេញ​តវ៉ា​ទាម​ទារ​លុយ​ខ្លួនឯង​ដល់ទី​បញ្ចប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ