ធនាគារជាតិ​រង​ការ​រិះគន់​ថា កាង​ការពារ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ជាង​ការពារ​ជនរងគ្រោះ

0
15
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

ជនរងគ្រោះ និង​អ្នកឃ្លាំមើល​ចោទ​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​បាន​អន្តរាគមន៍​ជួយ​ការពារ​អតិថិជន​រងគ្រោះ​ទាក់ទង​នឹង​ករណី​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ បង្កក​លុយ​នោះ​ឡើយ​។ ផ្ទុយទៅវិញ​ជនរងគ្រោះ​យល់ថា ស្ថាប័ន​នេះ​បែរជា​បង្ហាញ​ទំនោរ​ការពារ​ក្រុមហ៊ុន និង​ដាក់បន្ទុក​ទៅលើ​ជនរងគ្រោះ​ទៅវិញ​។ ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ចោទ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដែល​ចេញ​តវ៉ា​ថា ជា​ក្រុម​បង្ក​ហិង្សា​ក្នុង​សង្គម និង​បញ្ជាក់​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​រឿង​លុយ​ដែល​ក្រុមហ៊ុន​បាន​បង្កក។

ជនរងគ្រោះ​មួយចំនួន​នៃ​ក្រុមហ៊ុន ហួយ​វ័ន ផេ កាន់តែ​អស់សង្ឃឹម​ក្នុង​ការ​ទទួល​បាន​លុយ​ត្រឡប់មកវិញ ដោយសារតែ​ធនាគារជាតិ​នៃ​កម្ពុជា​មិនបាន​អើពើ​ជួយ​អន្តរាគមន៍​ផ្ដល់​ដំណោះស្រាយ​សម្រាប់​ពួកគាត់​ឡើយ និង​បែរជា​ដាក់បន្ទុក​ដោយ​ជំរុញ​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ខ្លួនឯង​តាមរយៈ​តុលាការ​ទៅវិញ។

ជនរងគ្រោះ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​បញ្ជាក់​ថា ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​នឹង​ធ្វើ​ឱ្យ​ជនរងគ្រោះ​កាន់តែ​ស្មុគស្មាញ និង​ត្រូវ​ចំណាយ​លុយកាក់ និង​ពេលវេលា​បន្ថែម​ទៀត ខណៈ​ជនរងគ្រោះ​ភាគច្រើន​កំពុងតែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។ ជនរងគ្រោះ​រូប​នេះ​យល់ថា ក្នុងនាម​ជា​ស្ថាប័ន​សមត្ថកិច្ច​ធនាគារជាតិ​នៃ​កម្ពុជា​គួរ​ប្រើ​អំណាច​របស់​ខ្លួន ដើម្បី​កោះហៅ​ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចេញមុខ​ដោះស្រាយ​ដោយ​ផ្ទាល់ ដើម្បី​ប្រគល់​លុយ​ឱ្យ​ជនរងគ្រោះ​ទាំងអស់​វិញ។

អតិថិជន៖ «ហួយ​វ័ន (Huione) និង​អេ​ច​-​ផេ (H-Pay) គឺជា​ក្រុមហ៊ុន​តែមួយ​ទេ​។ ហេតុ​អី​ក៏​ខាង​ធនាគារជាតិ គាត់​មិន​ព្រម​ហៅ​ថៅកែ អ្នកណា​ដែល​ជា​ថៅកែ បន្ទាប់ពី​ថៅកែ​ដែល​គេ​បាន​ចាប់​ហ្នឹង ហើយ​នៅ​មាន​ថៅកែ​ផ្សេងទៀត ខ្ញុំ​គិតថា ក្រុមហ៊ុន​មួយ ក្រុមហ៊ុន​ដែល​ធំ​ដល់​ថ្នាក់​ហ្នឹង អត់​អាច​មាន​ថៅកែ​តែមួយ​ទេ ម៉េច​ក៏​មាន​ថៅកែ ១០​នាក់​ដែរ​។ អ្នកណា​ដែល​ទទួលខុសត្រូវ​បន្ត​ពី​ថៅកែ​ដែល​គេ​បាន​ចាប់ខ្លួន​ហ្នឹង ហេតុ​អី​ក៏​គាត់​មិន​ប្រជុំ​ហៅ​ថៅកែ ហួយ​វ័ន ឬក៏​ថៅកែ អេ​ច​-​ផេ ហ្នឹង​មក​សួរនាំ​? ដោយសារ​ធនាគារជាតិ​គឺ​គាត់​គ្រប់គ្រង ស្ថាប័ន​ធនាគារ​ទាំងអស់ ឬក៏​មីក្រូហិរញ្ញវត្ថុ អ៊ីចឹង​នៅ​ពេល​ដែល​មានរឿង គាត់​ជា​អាណាព្យាបាល អ្នកគ្រប់គ្រង គឺ​គាត់​ត្រូវ​ដឹងឮ​រឿង​ហ្នឹង​។ ហើយ​អ្នកណា​គេ​អ្នក​កាន់ (App) ហួយ​វ័ន ហ្នឹង​ដែល​ទៅ​ធ្វើ​ឱ្យ (​ទឹក​លុយ​) ទៅ​សូន្យ​ហ្នឹង គាត់​ហៅ​មក​សួ​រម​កថា វា​យ៉ាងម៉េច​? ហើយ​ឱ្យ​គេ​បើក (App) ហ្នឹង​មកវិញ​មក ចំនួន​ទឹក​លុយ​ហ្នឹង​មាន​អត់ កុំ​ឱ្យ​ឃើញ​សូន្យ​អ៊ីចឹង​។ ហើយ​ថា​ពួក​ខ្ញុំ​អត់​មាន​ភស្តុតាង​គ្រប់គ្រាន់ អាហ្នឹង​អ្វី​ដែល​ខ្ញុំ​ឆ្ងល់ ចង់​សួរ​ធនាគារជាតិ»។

អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី កាលពី​ថ្ងៃទី​២៩ ខែមេសា បាន​ចេញ​សេចក្ដីប្រកាស​ជាថ្មី​ទៀត​ថា ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​មាន​លទ្ធភាព​ជួយ​ដោះស្រាយ​រឿង​លុយ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន លោក ហ៊ុន តូ បង្កក​ឡើយ​។ អ្នកស្រី​បាន​ជំរុញ​ឱ្យ​ជនរងគ្រោះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​យុត្តិធម៌ និង​លុយកាក់​ដោយ​ខ្លួនឯង​តាមរយៈ​ប្រព័ន្ធ​តុលាការ។

អ្នកស្រី ជា សិរី៖ «វិធានការ​នៃ​ការ​ដោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​ហួស​ដែន​សមត្ថកិច្ច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០២៦ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​លិខិត​ជូន​អតិថិជន ដើម្បី​ផ្ដល់​ព័ត៌មាន​ពី​ការសម្រេចចិត្ត​របស់​យើង​។ យើង​បាន​ពន្យល់​អំពី​ភាព​មាន​កម្រិត នៃ​សមត្ថកិច្ច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ប្រើ​សិទ្ធិ​របស់​គាត់ ទៅតាម​យន្តការ​តុលាការ»។

អ្នកស្រី ជា សិរី ក៏បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយ​វ័ន ផេ និង​បាន​ចោទ​ថា ជនរងគ្រោះ​ដែល​ចេញ​តវ៉ា​ទាំងនោះ​គឺជា​ជន​ឆ្លៀតឱកាស បង្ក​នូវ​បញ្ហា​ហិង្សា​ទាំងនេះ។

ជុំវិញ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែមេសា​ថា ការ​បកស្រាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គ្រាន់តែ​ជា​ការ​ឆ្លើយ​ដោះសា និង​គេចវេះ​ពី​ការទទួលខុសត្រូវ​ចំពោះ​អតិថិជន​ដែល​ជា​ជនរងគ្រោះ​ដោយ​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក​លុយ​។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​ស្ថាប័ន​ត្រួតពិនិត្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​ប្រកាស​ណែនាំ​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​បែបនេះ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​របស់​ធនាគារ​ជាតិ និង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនុកចិត្ត​របស់​អតិថិជន និង​អ្នក​វិនិយោគ​អន្តរជាតិ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

លោក ស៊ឹង សែនករុណា យល់​ថា ធនាគារជាតិ​នៃ​កម្ពុជា​គួរតែ​រៀបចំ​ឯកសារ​របស់​ជនរងគ្រោះ ដើម្បី​ប្ដឹង​ទៅ​តុលាការ​ឱ្យ​ចាប់ខ្លួន​លោក ហ៊ុន តូ និង​ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ពាក់ព័ន្ធ​ទាំងអស់។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​សូម​ឱ្យ​ធនាគារជាតិ ពិនិត្យមើល​លើ​ការទទួលខុសត្រូវ​របស់​ខ្លួន​ឡើងវិញ ហើយ​ត្រូវ​កសាង​សំណុំរឿង​ហ្នឹង បញ្ជូន​​​ទៅ​តុលាការ ទៅលើ​បុគ្គល​ដែល​ជា​ថ្នាក់ដឹកនាំ​របស់​ធនាគារ ហួយ​វ័ន ហ្នឹង​។ ត្រូវ​ឱ្យ​មានការ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ ទៅលើ​ជន​ទាំងអស់​ហ្នឹង មិនមែន​ពេល​ធនាគារ​ហ្នឹង​មាន​បញ្ហា​នាំគ្នា លាឈប់ ហើយ​ថា រួចខ្លួន អត់​ទទួលខុសត្រូវ​ទៅលើ​ដំណោះស្រាយ​ជូន​ជនរងគ្រោះ​នោះ​ទេ​។ អ៊ីចឹង យើង​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ ហើយ​អនុវត្ត​ច្បាប់​ទៅលើ​បុគ្គល​ទាំងអស់​ហ្នឹង ដកហូត​ទ្រព្យសម្បត្តិ ឬក៏​បង្កក​លុយកាក់​ទាំ​ង​អស់​យក​មក​ធ្វើការ​ផ្ដល់​សំណង​ទៅដល់​ជនរងគ្រោះ មិនមែន​ឱ្យ​ជនរងគ្រោះ​ហ្នឹង ទៅ​រក​មធ្យោបាយ​ដោះស្រាយ​ដោយ​ខ្លួនឯង​នោះ​ទេ»។

ទោះជា​យ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា​មិន​ចាត់វិធានការ​លើ​ប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ ឡើយ​មក​ដល់​ពេល​នេះ បើ​ទោះ​បី​ជា​ធនាគារជាតិ​អះអាង​ថា ក្រុមហ៊ុន​នេះ​ខុសច្បាប់ និង​បាន​ដក​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ​២០២៤ ក្ដី​។ អ្នកឃ្លាំមើល​យល់ថា ការ​មិន​ចាត់ការ​លើ​លោក ហ៊ុន តូ ដោយសារតែ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ស្ថិត​ក្រោម​អំណាច និង​ឥទ្ធិពល​របស់​ក្រុមហ៊ុន លោក ហ៊ុន តូ ដែល​រកស៊ី​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​អំពើ​លាងលុយកខ្វក់​ឱ្យ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន។

មកដល់ពេលនេះ អតិថិជន​រងគ្រោះ​ដោយសារតែ​ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ ឬ​ទទួល​បាន​លុយ​របស់​ខ្លួន​មកវិញ​នោះ​ទេ ជនរងគ្រោះ ២​នាក់​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ហើយ​អ្នករងគ្រោះ​ផ្សេងទៀត​ក៏​ប្រឈម​នឹង​បង្ក្រាប​ដោយ​ហិង្សា​ពេល​ចេញ​តវ៉ា​។ រីឯ លោក ហ៊ុន តូ វិញ ដែល​រង​ការចោទប្រកាន់​រកស៊ី​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម និង​ប្លន់​លុយ​ពលរដ្ឋ​នោះ​បែរជា​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ដេក​ក្នុង​វិឡា​ស្កឹមស្កៃ មាន​អង្គរក្ស​ការពារ ២៤​ម៉ោង និង​ថែមទាំង​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ ដើម្បី​សាងសង់​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ប្រណិត​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ