

អ្នកឃ្លាំមើលថា កម្ពុជាគួរតែដោះលែងអ្នកនយោបាយ ដើម្បីផ្សះផ្សា និងបង្រួបបង្រួម ជាតិឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសរសើររបបមេដឹកនាំរបស់យោធាមីយ៉ាន់ម៉ាដែលបានដោះលែងនិងបន្ធូរបន្ថយទោសលើអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា ក្នុងនោះរួមទាំងមេដឹកនាំប្រឆាំងដ៏ល្បីល្បាញ និងលេចធ្លោរបស់មីយ៉ាន់ម៉ា គឺអ្នកស្រី អ៊ុង សានស៊ូជី ផងដែរ។
ក្រោយពេលតុលាការកម្ពុជាបន្តចោទប្រកាន់ និងដាក់ទោសធ្ងន់ធ្ងរលើប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យបន្តជាប់ឃុំនៅក្នុងផ្ទះ ព្រមទាំងបន្ត ចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយបក្សប្រឆាំងនានា អ្នកឃ្លាំមើល យល់ឃើញថា ការសរសើររបស់រដ្ឋាភិបាលកម្ពុជា ចំពោះការវិវត្តជាវិជ្ជមាន ស្ថានការណ៍នយោបាយនៅប្រទេសមីយ៉ាន់ម៉ាក្រោយក្រុមយោធាដោះលែង និងបន្ធូរបន្ថយទោសអ្នកទោសនយោបាយ គឺគ្រាន់តែធ្វើឡើងឱ្យល្អមើល តាមរបៀបគីង្គក់ លក់ ថ្នាំស្រែងប៉ុណ្ណោះ។ អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នកទោសនយោបាយ ដើម្បីផ្សះផ្សា និងបង្រួបបង្រួមជាតិឡើង វិញ បើរដ្ឋាភិបាល កម្ពុជាពិតជាផ្តល់តម្លៃដល់ការវិវត្តវិជ្ជមាននៅប្រទេសមីយ៉ាន់ម៉ាមែននោះ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានចេញ សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមេសា ដោយ ស្វាគមន៍ចំពោះការ ដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយ ប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកលែង ទោស បុគ្គលជាង ៤ពាន់នាក់ រួមទាំងអតីតប្រធានាធិបតី លោក អ៊ូ វីន យីន (U Win Myint) ព្រមទាំងការបន្ធូរបន្ថយទោសដល់អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា។
កម្ពុជាចាត់ទុកការដោះលែងនេះ ថាជាការវិវត្តវិជ្ជមាន និងមានសារៈ សំខាន់ មួយដែលស្របតាមការរំពឹងទុករបស់អាស៊ាន និងជួយបង្កើតបរិយាកាសឱ្យ កាន់ តែអំណោយផលសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សា ជាតិ។ លើសពីនេះ កម្ពុជាចង់ឃើញ ជំហានវិជ្ជមានបន្ថែមទៀត ដែលអាចកសាងទំនុកចិត្ត និងជំរុញ បុព្វហេតុសន្តិភាព ដោយសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកបទឈប់បាញ់នៅទូទាំងប្រទេស និងការផ្សះផ្សាជាតិ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកវិភាគ លោក ប៉ោ មករា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែឧសភាថា បញ្ហាបង្រួបបង្រួមជាតិ ត្រូវការឆន្ទៈនយោបាយ និងការអនុគ្រោះគ្នា ដែលជា រឿងសំខាន់។ លោកយល់ថា កម្ពុជាត្រូវពិនិត្យមើលខ្លួនឯង និងអនុវត្តការអនុគ្រោះ ជាគំរូគេសិន មុននឹងទៅ សរសើរករណីដោះលែងអ្នកទោស និងការបន្ធូរបន្ថយទោស មេដឹកនាំ បក្សប្រឆាំងនៅភូមា។
លោក ប៉ោ មករា៖ «អ៊ីចឹងយើងមិនអាចទៅសរសើរប្រទេសភូមា ប៉ុន្តែខ្លួនឯងកម្ពុជា ផ្ទាល់កំពុងមានបញ្ហារ៉ាំរ៉ៃគ្រប់ជំនាន់មកហើយ។ អ៊ីចឹងមុននឹងសរសើរគេយើង អនុវត្តខ្លួនឯង មុននឹងមើលគេយើងត្រូវយកគំរូគេមកធ្វើនៅក្នុងជាតិ ខ្លួនឯងជាសំខាន់។ អ៊ីចឹងបញ្ហាពលរដ្ឋ គឺពលរដ្ឋចង់ឃើញអ្នកនយោបាយ គាត់ចង់ឃើញមេដឹកនាំនយោបាយ មេដឹកនាំប្រទេសជាតិមូល ធ្វើការសាមគ្គីគ្នា ពីព្រោះពួកគាត់ ខ្ញុំគិតថា ជាជំហានបន្តបន្ទាប់ទេ ប៉ុន្តែអ្វីដែលសំខាន់ក្រុមមេដឹកនាំនយោបាយទាំងអស់របស់កម្ពុជាតែម្ដង។ នេះជាអ្វីដែលខ្ញុំមើលឃើញ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី០៤ ខែឧសភា នេះ។ ទោះជាយ៉ាង ណា លោក ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានកាល ពីពេលថ្មីៗ នេះ ដោយបន្ទរតាមការប្រកាសរបស់ក្រសួងការបរទេសថា «កម្ពុជាអបអរសាទរ ភូមាដោះលែងអ្នកទោសនយោបាយ និងបន្ធូរបន្ថយទោសលោកស្រី អ៊ុង សាន ស៊ូជី ថាជាស្មារតីផ្សះផ្សាជាតិ»។ ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានក្នុងស្រុកបានសាកសួរលោកពីការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាវិញ លោក ប៉ែន បូណា បែរជាឆ្លើយតាមប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដែលធ្លាប់លើកឡើងថា នៅកម្ពុជាមានតែអ្នកនយោបាយមានទោស គឺគ្មានអ្នកទោស នយោបាយនោះទេ។
ក្រោយពីរដ្ឋាភិបាលកម្ពុជាបានសរសើរមេដឹកនាំយោធាភូមារឿងដោះលែងអ្នកទោសនយោបាយបានតែប៉ុន្មានថ្ងៃ នៅកម្ពុជាឯណេះវិញ សាលាឧទ្ធរណ៍ភ្នំពេញនៅ ពីថ្ងៃទី៣០ ខែមេសា សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែល ផ្ដន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ ទុកជាបានការដដែល ពីបទសន្ទិដ្ឋិភាពជមួយបរទេស ដោយ ត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។ បន្ថែមពីលើទោសចាស់នេះ សាលាឧទ្ធរណ៍ភ្នំពេញក៏បានសម្រេចមិនឱ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេសរយៈពេល ៥ ឆ្នាំទៀតផង។
ក្រៅពីមិនមានការបន្ធូរបន្ថយទោសលើលោក កឹម សុខា ព្រមទាំងអ្នកនយោបាយ ប្រឆាំង និងសកម្មជនសង្គមដែលកំពុងជាប់ពន្ធនាគារ ហើយ នោះ តុលាការក្រុងភ្នំពេញក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងបន្តចាប់ឃុំខ្លួន សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិស្របច្បាប់ ដោយគិតមកដល់ពេលនេះគឺជាង ១០០នាក់ហើយ។
ទោះជាយ៉ាងណា ប្រទេសមហាអំណាចលោកសេរី និងអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភ និងបន្តទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងលោក កឹម សុខា និងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ពាក់ព័ន្ធនឹងការបញ្ចេញមតិ ឲ្យមានសេរីភាពឡើងវិញ៕









