អ្នកឃ្លាំមើល​ថា កម្ពុជា​គួរតែ​ដោះលែង​អ្នក​ទោស​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ ខណៈ​កម្ពុជា​សរសើរ​ការ​ដោះលែង​នៅ​មីយ៉ាន់ម៉ា

0
126
បញ្ជីអ្នកទោសនយោបាយ និងមនសិការ ដែលរៀបចំដោយអង្គការ​លីកាដូ។ រូប៖ Screenshot
បញ្ជីអ្នកទោសនយោបាយ និងមនសិការ ដែលរៀបចំដោយអង្គការ​លីកាដូ។ រូប៖ Screenshot

អ្នកឃ្លាំមើល​ថា កម្ពុជា​គួរតែ​ដោះលែង​អ្នកនយោបាយ ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម ជាតិ​ឡើងវិញ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា​បាន​សរសើរ​របប​មេដឹកនាំ​របស់​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ដោះលែង​និង​បន្ធូរ​បន្ថយទោស​លើ​អ្នក​ទោស​នយោបាយ​នៅ​មីយ៉ាន់ម៉ា ក្នុង​នោះ​រួម​ទាំង​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បីល្បាញ និង​លេចធ្លោ​របស់​មីយ៉ាន់ម៉ា គឺ​អ្នកស្រី អ៊ុង សានស៊ូជី ផង​ដែរ។

ក្រោយពេល​តុលាការ​កម្ពុជា​បន្ត​ចោទប្រកាន់ និង​ដាក់ទោស​ធ្ងន់ធ្ងរ​លើ​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​បន្ត​ជាប់ឃុំ​នៅក្នុង​ផ្ទះ ព្រមទាំង​បន្ត ចាប់ខ្លួន និង​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នានា អ្នកឃ្លាំមើល យល់ឃើញ​ថា ការ​សរសើរ​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​វិវត្ត​ជា​វិជ្ជមាន ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ក្រោយ​ក្រុម​យោធា​ដោះលែង និង​បន្ធូរ​បន្ថយទោស​អ្នក​ទោស​នយោបាយ គឺ​គ្រាន់តែ​ធ្វើឡើង​ឱ្យ​ល្អមើល តាមរបៀប​គីង្គក់ លក់ ថ្នាំ​ស្រែង​ប៉ុណ្ណោះ។ អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង អ្នក​ទោស​នយោបាយ ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ឡើង វិញ បើ​រដ្ឋាភិបាល កម្ពុជា​ពិតជា​ផ្តល់​តម្លៃ​ដល់​ការ​វិវត្ត​វិជ្ជមាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​មែន​នោះ។

ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ បាន​ចេញ សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២២ ខែមេសា ដោយ ស្វាគមន៍​ចំពោះ​ការ ដោះលែង​អ្នក​ជាប់ឃុំឃាំង ក្រោម​សេចក្តី​សម្រេច​ដែល​ចេញ​ដោយ ប្រធានាធិបតី នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៦ ដោយ​បាន​លើកលែង ទោស បុគ្គល​ជាង ៤​ពាន់​នាក់ រួម​ទាំង​អតីត​ប្រធានាធិបតី លោក អ៊ូ វីន យីន (U Win Myint) ព្រមទាំង​ការ​បន្ធូរបន្ថយ​ទោសដល់​អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​មីយ៉ាន់ម៉ា។

កម្ពុជា​ចាត់ទុក​ការ​ដោះលែង​នេះ ថា​ជា​ការ​វិវត្ត​វិជ្ជមាន និង​មាន​សារៈ សំខាន់ មួយ​ដែល​ស្របតាម​ការ​រំពឹងទុក​របស់​អាស៊ាន និង​ជួយ​បង្កើត​បរិយាកាស​ឱ្យ កាន់ តែ​អំណោយផល​សម្រាប់​កិច្ច​សន្ទនា និង​ការផ្សះផ្សា ជាតិ​។ លើស​ពី​នេះ កម្ពុជា​ចង់​ឃើញ ជំហាន​វិជ្ជមាន​បន្ថែម​ទៀត ដែល​អាច​កសាង​ទំនុកចិត្ត និង​ជំរុញ បុព្វហេតុ​សន្តិភាព ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំងអស់​អាច​ធ្វើ​ការ​រួម​គ្នា​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​នៅ​ទូទាំង​ប្រទេស និង​ការផ្សះផ្សា​ជាតិ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី៤ ខែឧសភា​ថា បញ្ហា​បង្រួបបង្រួម​ជាតិ ត្រូវការ​ឆន្ទៈ​នយោបាយ និង​ការ​អនុគ្រោះ​គ្នា ដែល​ជា រឿង​សំខាន់​។ លោក​យល់ថា កម្ពុជា​ត្រូវ​ពិនិត្យមើល​ខ្លួនឯង និង​អនុវត្ត​ការ​អនុគ្រោះ ជា​គំរូ​គេ​សិន មុននឹង​ទៅ សរសើរ​ករណី​ដោះលែង​អ្នកទោស និង​ការ​បន្ធូរបន្ថយ​ទោស មេដឹកនាំ បក្ស​ប្រឆាំង​នៅ​ភូមា។

លោក ប៉ោ មករា៖ «អ៊ីចឹង​យើង​មិនអាច​ទៅ​សរសើរ​ប្រទេស​ភូមា ប៉ុន្តែ​ខ្លួនឯង​កម្ពុជា ផ្ទាល់​កំពុង​មាន​បញ្ហា​រ៉ាំរ៉ៃ​គ្រប់​ជំនាន់​មក​ហើយ​។ អ៊ីចឹង​មុននឹង​សរសើរ​គេ​យើង អនុវត្ត​ខ្លួនឯង មុននឹង​មើល​គេ​យើង​ត្រូវ​យក​គំរូ​គេ​មក​ធ្វើ​នៅក្នុង​ជាតិ ខ្លួនឯង​ជា​សំខាន់​។ អ៊ីចឹង​បញ្ហា​ពលរដ្ឋ គឺ​ពលរដ្ឋ​ចង់​ឃើញ​អ្នកនយោបាយ គាត់​ចង់​ឃើញ​មេដឹកនាំ​នយោបាយ មេដឹកនាំ​ប្រទេសជាតិ​មូល ធ្វើការ​សាមគ្គី​គ្នា ពីព្រោះ​ពួកគាត់ ខ្ញុំ​គិតថា ជា​ជំហាន​បន្តបន្ទាប់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ក្រុម​មេដឹកនាំ​នយោបាយ​ទាំងអស់​របស់​កម្ពុជា​តែម្ដង​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើលឃើញ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​០៤ ខែ​ឧសភា នេះ​។ ទោះជា​យ៉ាង ណា លោក ប៉ែន បូណា បាន​ថ្លែង​តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាល ពី​ពេល​ថ្មីៗ នេះ ដោយ​បន្ទរ​តាម​ការប្រកាស​របស់​ក្រសួងការបរទេស​ថា «​កម្ពុជា​អបអរសាទរ ភូមា​ដោះលែង​អ្នក​ទោស​នយោបាយ និង​បន្ធូរ​បន្ថយទោស​លោកស្រី អ៊ុង សាន ស៊ូជី ថា​ជា​ស្មារតី​ផ្សះផ្សា​ជាតិ​»​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នកសារព័ត៌មាន​ក្នុងស្រុក​បាន​សាកសួរ​លោក​ពី​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា​វិញ លោក ប៉ែន បូ​ណា បែរជា​ឆ្លើយ​តាម​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​ធ្លាប់​លើកឡើង​ថា នៅ​កម្ពុជា​មានតែ​អ្នកនយោបាយ​មានទោស គឺ​គ្មាន​អ្នកទោស នយោបាយ​នោះ​ទេ។

ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា​បាន​សរសើរ​មេដឹកនាំ​យោធា​ភូមា​រឿង​ដោះលែង​អ្នក​ទោស​នយោបាយ​បានតែ​ប៉ុន្មាន​ថ្ងៃ នៅ​កម្ពុជា​ឯណេះ​វិញ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ ពី​ថ្ងៃ​ទី​៣០ ខែមេសា សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល ផ្ដន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រយៈពេល ២៧​ឆ្នាំ ទុក​ជា​បាន​ការ​ដដែល ពី​បទ​សន្ទិដ្ឋិភាព​ជ​មួយ​បរទេស ដោយ ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ។ បន្ថែម​ពីលើ​ទោស​ចាស់​នេះ សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏បាន​សម្រេច​មិន​ឱ្យ​លោក កឹម សុខា ចាក​ចេញ​ទៅ​ក្រៅប្រទេស​រយៈពេល ៥ ឆ្នាំ​ទៀត​ផង។

ក្រៅពី​មិន​មាន​ការ​បន្ធូរបន្ថយ​ទោស​លើ​លោក កឹម សុខា ព្រមទាំង​អ្នកនយោបាយ ប្រឆាំង និង​សកម្មជន​សង្គម​ដែល​កំពុង​ជាប់ពន្ធនាគារ ហើយ នោះ តុលាការក្រុង​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​បន្ត​ចាប់​ឃុំខ្លួន សកម្មជន​នយោបាយ សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​អ្នកសារព័ត៌មាន ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ស្របច្បាប់ ដោយ​គិត​មក​ដល់​ពេល​នេះ​គឺ​ជាង ១០០​នាក់​ហើយ។

ទោះជា​យ៉ាងណា ប្រទេស​មហាអំណាច​លោក​សេរី និង​អង្គការសហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ និង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​លោក កឹម សុខា និង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ ឲ្យ​មាន​សេរីភាព​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ