

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបកស្រាយផ្សេងគ្នាពីក្រសួងការបរទេស ករណីប្រទេសថៃធ្វើរបងព្រំដែនអចិន្ត្រៃយ៍នៅស្រុកកំរៀង។ លោក សុខ លូ លើកឡើងថា ថៃធ្វើរបងព្រំដែនមិនបានរំលោភយកដីខ្មែរនោះឡើយ ខណៈក្រសួងការបរទេសបានចេញលិខិតតវ៉ាជំទាស់នឹងសកម្មភាពរបស់ភាគីថៃនេះ កាលពីជាងមួយខែមុនមកម្ល៉េះ។ អ្នកឃ្លាំមើលថា ការលើកឡើងរបស់លោក សុខ លូ គឺជាការបកស្រាយដែលគ្មានជំនាញ និងបំពានលើតួនាទីរបស់ស្ថាប័នកិច្ចការព្រំដែន ដែលមិនអាចយកជាផ្លូវការបានឡើយ។
បន្ទាប់ពីភាគីថៃចាប់ចាក់ធ្នឹម ដាំបង្គោលធ្វើរបងជញ្ជាំងតាមព្រំដែនជាឯកតោភាគីនៅស្រុកកំរៀង បានរាប់សិបម៉ែត្ររហូតក្រសួងការបរទេសចេញលិខិតតវ៉ាជាង ១ខែទៅហើយនោះ ស្រាប់តែអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានចេញមកបកស្រាយថា ការសាងសង់របងព្រំដែននេះធ្វើឡើងនៅក្នុងទឹកដីថៃទៅវិញ។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា លោកមិនមានជំនាញរឿងព្រំដែននោះទេ ប៉ុន្តែលោកអះអាងថា ការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍នៅក្នុងតំបន់បង្គោលព្រំដែនលេខ៥២ និង៥៤ក្នុងស្រុកកំរៀង គឺធ្វើឡើងនៅលើទីតាំងដែលក្រុមបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពគ្នា ខណៈការសាងសង់នោះមិនបានចូលក្នុងទឹកដីរបស់កម្ពុជានោះឡើយ។
ការចេញមកបញ្ជាក់របស់អភិបាលខេត្តរូបនេះ គឺមានភាពផ្ទុយគ្នាទៅនឹងលិខិតរបស់ក្រសួងការបរទេសកាលពីថ្ងៃទី១០ ខែមេសា ដែលបានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ ដែលសាងសង់របងព្រំដែនឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤។ ក្រសួងការបរទេសបានលើកឡើងថា ការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃនេះ គឺផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្ដោះអាសន្ន ដែលបានធ្វើឡើងដោយក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរ។
ការបកស្រាយបញ្ច្រាសគ្នារបស់មន្ត្រីថ្នាក់ខេត្ត និងស្ថាប័នរដ្ឋនេះ បានធ្វើឱ្យអ្នកស្រុកបាត់ដំបង សម្ដែងការហួសចិត្ត និងកាន់តែលែងជឿជាក់លើរដ្ឋាភិបាលក្នុងការប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។
ពលរដ្ឋម្នាក់រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការអះអាងរបស់អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានសបញ្ជាក់ឱ្យឃើញថា អភិបាលខេត្តរូបនេះមិនយកចិត្តទុកដាក់ចំពោះទឹកដី និងស្ថានភាពរបស់ពលរដ្ឋនៅតាមព្រំដែននោះឡើយ។ លោកបន្តថា ទោះបីជាអភិបាលខេត្តគ្មានតួនាទី ឬជំនាញលើកិច្ចការព្រំដែនក៏ដោយ យ៉ាងហោចណាស់លោក សុខ លូ គួរតែចុះមកត្រួតពិនិត្យស្ថានការណ៍នៅតាមព្រំដែន និងរាយការណ៍ទៅកាន់ស្ថាប័នជំនាញ ជាជាងការនិយាយដោយការប៉ាន់ស្មាន ដែលអាចធ្វើឱ្យប៉ះពាល់ដល់បូរណភាពជាតិ។
ពលរដ្ឋ៖ «លោកអភិបាលខេត្ត សុខ លូ គាត់ប្រហែលភ្ញាក់ពីស្រវឹង អ៊ីចឹង លោក សុខ លូ បើអាចសូមចុះមកមើលព្រំដែននៅស្រុកកំរៀងផង កុំនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់»
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៣ ខែឧសភា។
របងជញ្ជាំងអចិន្ត្រៃយ៍ ដែលប្រទេសថៃកំពុងតែសាងសង់ចាប់ពីបង្គោលព្រំដែនលេខ៥២ និង៥៤នេះ មានប្រវែងជាង១ពាន់៣រយម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី របស់ប្រទេសថៃ។ បង្គោលព្រំដែននេះមានលក្ខណៈជាខ្សែបន្ទាត់ត្រង់ ដែលមានចម្ងាយជាង១គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិភូមិដូង ឬបានឡែម។ ក្រៅពីរបងជញ្ជាំងព្រំដែនមួយខ្សែនេះ ប្រទេសថៃក៏គ្រោងនឹងសាងសង់របងជញ្ជាំងព្រំដែនចំនួនមួយខ្សែទៀត ដែលមានចម្ងាយជាង ៧ពាន់ម៉ែត្រដោយចាប់ផ្ដើមចេញពីបង្គោលព្រំដែនលេខ៥៤ រហូតដល់លេខ៥៩ ស្ថិតក្នុងស្រុកកំរៀង។
យ៉ាងណាក៏ដោយចុះ បង្គោលព្រំដែនលេខ៥២ ដល់៥៤ គឺជាបង្គោលព្រំដែនបណ្ដោះអាសន្ន(Reference Post) ដោយមិនមែនជាបង្គោលព្រំដែនមេ(Main Border Post) ដែលកំណត់ព្រំដែនជាក់លាក់នោះឡើយ ខណៈភាគីកម្ពុជា និងភាគីថៃ ក៏នៅមិនទាន់ឯកភាពគ្នាក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនដាច់ស្រេចនោះដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះរបស់កម្ពុជា និងថៃ បានសម្រេចការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ ដល់៥៩ ដែលមានប្រវែងជាង ៨គីឡូម៉ែត្រ បានចំនួន ១៥៧បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន១៦៦។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការវាស់វែង និងបោះបង្គោលព្រំដែនខាងលើនេះ បានចាប់ផ្ដើមធ្វើអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយមានការវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។
ទោះជាយ៉ាងណា ការបោះបង្គោលបណ្ដោះអាសន្ននេះ ត្រូវបានគេសង្ស័យថា គ្មានភាពសុក្រឹតនោះឡើយ ដោយសកម្មភាពវាស់វែងគឺធ្វើឡើងដោយក្រុមបច្ចេកទេសរបស់ភាគីថៃជាអ្នកបង្ហោះដ្រូនវាស់វែង(Photomap) និងដៅតម្រុយ ខណៈភាគីកម្ពុជា បានត្រឹមតែឈរមើលនៅសងខាង។
យ៉ាងណាមិញ យន្តការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ៥២ ដល់៥៩នេះ បានជាប់គាំងក្រោយយោធាថៃបានធ្វើសង្គ្រាមឈ្លានពានជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមានការចរចា និងបង្កើតបទឈប់បាញ់ជាលើកទី២ ភាគីកម្ពុជាបានស្នើទៅភាគីថៃ ឱ្យអនុវត្តតាមកំណត់ហេតុនៃកិច្ចប្រជុំ JBC ដើម្បីបន្តវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅទីតាំងបង្គោលលេខ៤២-៤៧ និងបង្គោលលេខ ៥២-៥៩ នៅពេលវេលាសមស្របណាមួយ។ ក៏ប៉ុន្តែ ភាគីថៃដែលជាភាគីមានប្រៀបលើកម្លាំងយោធា បានបដិសេធ និងធ្វើសកម្មភាពសាងសង់សំណង់រឹងជាឯកតោភាគី នៅក្នុងតំបន់ព្រំដែនដែលយោធាថៃដណ្ដើមបានពីកម្ពុជា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការសាងសង់របងជញ្ជាំងព្រំដែនអចិន្ត្រៃយ៍របស់ភាគីថៃ គឺជារឿងខុសច្បាប់ ព្រោះបង្គោលព្រំដែនទាំងនេះស្ថិតនៅការផ្ទៀងផ្ទាត់ និងមិនទាន់កំណត់ខ្សែបន្ទាត់ជាក់នៅឡើយ។ លោកបន្តថា បង្គោលព្រំដែនលេខ ៥២ដល់លេខ៥៩ គឺជាបង្គោលព្រំដែនថ្មី និងមិនមែនជាបង្គោលព្រំដែនដែលសាងសង់ឡើងក្នុងសម័យបារាំងនៅចន្លោះឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២០ នោះឡើយ។
លោក ម៉ែន ណាត៖ «ហើយកាលណាស្ថិតនៅក្នុងការផ្ទៀងផ្ទាត់ គឺភាគីទាំងពីរមិនអាចធ្វើរបងដោយមិនឱ្យភាគីណាមួយផ្សេងដឹងនោះទេ។ រឿងហ្នឹងទាល់តែមានការព្រមព្រៀងទាំងសងខាង ព្រោះជារបងព្រំដែន។ ប៉ុន្តែមើលទៅរបៀបដែលថៃធ្វើហ្នឹង គឺធ្វើដូចតែយួនដែរទេ គឺគេវាស់វែងស្រេចតែនឹងចិត្តរបស់គេទៅ គេចង្អុលបង្ហាញបែបនេះបែបនោះទៅ ហើយរដ្ឋាភិបាលជួយលាក់បាំងថាបោះតាមបង្គោលព្រំដែនបារាំង តាមពិតបោះក្នុងទឹកដីរបស់កម្ពុជាសោះ»។
ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់ប្រទេសថៃនៅតាមបណ្ដោយព្រំដែនខេត្តបាត់ដំបង នេះដែរ ប្រភពពីប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹកបានរាយការណ៍មកថា រហូតមកដល់ពេលនេះយោធាថៃបានបន្តពង្រាយកម្លាំងប្រដាប់អាវុធ និងធ្វើសកម្មភាពឈូសឆាយ កាយប្រឡាយ និងរាយបន្លាលួសជាច្រើនជាន់ចូលក្នុងទឹកដីកម្ពុជា នៅលើទីតាំងអូរធម្មជាតិ ដែលជាខ្សែបន្ទាត់បណ្ដោះអាសន្នក្នុងស្រុកភ្នំព្រឹក រហូតដល់តំបន់មួយចំនួនក្នុងស្រុកសំពៅលូន៕







