

សង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្ស ទទូចឲ្យអាជ្ញាធរដោះលែងសកម្មជនសង្គម កញ្ញា ខែម ស្រីមុំ ដោយថា ការបន្តចាប់ខ្លួនពលរដ្ឋបញ្ចេញមតិ នឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលបន្ថែមទៀត។ ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា បានចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពីកញ្ញា សកម្មក្នុងការចែករំលែកព័ត៌មានរឿងព្រំដែន និងបញ្ហាសង្គម។
អាជ្ញាធរក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ខ្លួនពលរដ្ឋ ដែលបញ្ចេញមតិរឿងព្រំដែន និងបញ្ហាសង្គម ដាក់ពន្ធនាគារជាបន្តបន្ទាប់ ទោះបីជាលោកនាយករដ្ឋមន្ត្រី បានប្រកាសក្ដែងៗកន្លងមក នៅលើវេទិកាសាធារណៈ ថា ការបញ្ចេញមតិ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះពលរដ្ឋក៏ចេះឈឺចាប់ពីបញ្ហាទឹកដីដែលប្រទេសជិតខាងកំពុងឈ្លានពាន។
ប៉ុន្តែជាក់ស្ដែង សមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា បានចាប់ខ្លួនសកម្មជនសង្គម កញ្ញា ខែម ស្រីមុំ នៅបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្រោយពីកញ្ញាបានចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងរឿងព្រំដែន អំពើអយុត្តិធម៌ និងបញ្ហាផ្សេងៗទៀត នៅលើឈ្មោះហ្វេសប៊ុករបស់កញ្ញា។ បន្ថែមលើនេះ កញ្ញា ខែម ស្រីមុំ គឺជាពលរដ្ឋសកម្មក្នុងការចូលរួមតវ៉ារកដំណោះស្រាយរឿងវិវាទដីធ្លី សិទ្ធិការងារ បញ្ហាធនធានធម្មជាតិ បរិស្ថាន និងការទាមទារឲ្យដោះលែងអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំជាដើម។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី កត់សម្គាល់ថា អាជ្ញាធររដ្ឋាភិបាល តែងតែប្រើប្រាស់យន្តការតុលាការ ដើម្បីចាប់ខ្លួនពលរដ្ឋ ដែលបញ្ចេញមតិ ជាជាងប្រើវិធីអប់រំ និងណែនាំដល់ពលរដ្ឋ។ លោកយល់ថា ការបញ្ចេញមតិខ្លះ ទោះបីជាប៉ះពាល់ដល់រដ្ឋាភិបាលមែន ប៉ុន្តែបានផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាល និងសង្គមជាតិ។
លោក យិន ម៉េងលី៖ «រដ្ឋាភិបាល ក៏ដូចអាជ្ញាធរធ្វើការពិចារណា លើទៅវិធានការ ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ហើយក៏យើងចង់ឃើញឲ្យមានការដោះលែងកញ្ញាមកវិញដែរដើម្បីឲ្យគាត់ចូលរួមនៅក្នុងកិច្ចការសង្គម។ ខ្ញុំបានឃើញហ្វេសប៊ុកគាត់ គាត់បាននិយាយច្រើន ដូចជាមិនអ្វីជារឿងប៉ះពាល់ខ្លាំងក្លាទេ ដល់រដ្ឋាភិបាល ។ អ៊ីចឹងយើងនៅតែទទូចអ៊ីចឹងថា ធ្វើការដោះលែងគាត់ទៅ បើការប្រើប្រាស់ សេរីភាពរបស់គាត់ប៉ះពាល់ធ្ងន់ធ្ងរ យើងធ្វើការអប់រំ កិច្ចសន្យាទៅបានហើយ។ នេះប្រសិនបើការចាប់ខ្លួនគាត់ ពាក់ព័ន្ធនឹងបញ្ចេញមតិរឿងបញ្ហាសង្គម និងបញ្ហាព្រំដែន»។
លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែឧសភានេះ ថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់ ថាតើសមត្ថកិច្ចបញ្ជូនកញ្ញា ខែម ស្រីមុំ ទៅទីណានៅឡើយទេ។
ចំណែកឯ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ ដោយឲ្យអ្នកសារព័ត៌មានសួរអ្នកនាំពាក្យវិញ។
លោក ជួន ណារិន្ទ៖ «សុំអធ្យាស្រ័យ ទាក់ទងទៅខាងអ្នកនាំពាក្យខ្ញុំ។ ជួបអ្នកនាំពាក្យខ្ញុំ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានឡើយ នៅថ្ងៃទី១៨ ខែឧសភានេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការឃាត់ខ្លួននេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេស កញ្ញា ខែម ស្រីមុំ ដែលជាយុវជនសកម្ម ក្នុងការរិះគន់អំពើអយុត្តិធម៌ក្នុងសង្គម ដូចជា បញ្ហាព្រំដែន ដីធ្លី និងបញ្ហាបរិស្ថានជាដើម។ លោកបន្តថា សមត្ថកិច្ច និងតុលាការ ត្រូវកំណត់ឲ្យច្បាស់ ថាអ្វីជាសិទ្ធិបញ្ចេញមតិ និងអ្វីជាបទល្មើស ដើម្បីជៀសវាងការចាប់ និងឃុំខ្លួនពលរដ្ឋ ដែលនាំឲ្យមានការរិះគន់ អំពីការរួមតូចនៃសេរីភាពបញ្ចេញមតិ។
លោក អំ សំអាត៖ «កន្លងមក យើងឃើញគាត់មានភាពសកម្មចូលរួមក្នុងការ បញ្ចេញមតិ ការចែករំលែក ឬក៏ការចូលរួមក្នុងការបញ្ចេញមតិ ដើម្បីស្វែងរកយុត្តិធម៌ ក៏លើកឡើងអំពីបញ្ហាសង្គមផ្សេងៗ ដែលបានកើតឡើងកន្លងមកហ្នឹង។ យើងឃើញថា ការឃាត់ខ្លួន ការចាប់ខ្លួន ហើយប្រសិនបើបញ្ជូនទៅតុលាការ ហើយ តុលាការចោទប្រកាន់ និងឃុំខ្លួន វាជារឿងមួយដែលយើងមើលទៅថា វាប៉ះ ពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ ជាពិសេស គឺធ្វើឲ្យប៉ះពាល់ទៅដល់ភាពសកម្មយុវជន ដែលចង់ចូលរួមចំណែក ក្នុងការកែលម្អសង្គម ដូចជារូបគាត់»។
សង្គមស៊ីវិលជាតិនិងអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាល និងតុលាការ បើកលំហសេរីភាពបញ្ចេញមតិ និងដោះលែងអ្នកជាប់ឃុំ ដោយសារការបញ្ចេញមតិស្របច្បាប់ជាង ១០០នាក់ ឲ្យមានសេរីភាពវិញ ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ និងលើកម្ពស់សិទ្ធិពលរដ្ឋ ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ពួកគាត់ថា ប្រសិនបើនៅតែបន្តចាប់ និងឃុំខ្លួនពលរដ្ឋ ដែលបញ្ចេញមតិដាក់ពន្ធនាគារទៀត នោះរដ្ឋាភិបាលនឹងរងភាពអាម៉ាស់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ៕









