សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ

0
81
សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ (ឆ្វេង) ចូលរួមតវ៉ាដាក់ញត្តិក្នុងនាមពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នៅ​មុខស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនសង្គមកញ្ញា ខែម ស្រីមុំ (ឆ្វេង) ចូលរួមតវ៉ាដាក់ញត្តិក្នុងនាមពលរដ្ឋប្រឆាំងការឈ្លានពានរបស់ថៃ នៅ​មុខស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ធ្នូ ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិមនុស្ស ទទូច​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​សង្គម កញ្ញា ខែម ស្រីមុំ ដោយ​ថា ការ​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​បញ្ចេញមតិ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​បន្ថែម​ទៀត​។ ការ​ទទូច​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែឧសភា បាន​ចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពី​កញ្ញា សកម្ម​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​រឿង​ព្រំដែន និង​បញ្ហា​សង្គម។

អាជ្ញាធរ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ចាប់ខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ​រឿង​ព្រំដែន និង​បញ្ហា​សង្គម ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ក្ដែងៗ​កន្លងមក នៅ​លើ​វេទិកាសាធារណៈ ថា ការ​បញ្ចេញមតិ ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ព្រោះ​ពលរដ្ឋ​ក៏​ចេះ​ឈឺ​ចាប់ពី​បញ្ហា​ទឹកដី​ដែល​ប្រទេសជិតខាង​កំពុង​ឈ្លានពាន។

ប៉ុន្តែ​ជាក់ស្ដែង សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា បាន​ចាប់ខ្លួន​សកម្មជន​សង្គម កញ្ញា ខែម ស្រីមុំ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​កញ្ញា​​បាន​ចែករំលែក​ព័ត៌មាន ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន អំពើ​អយុត្តិធម៌ និង​បញ្ហា​ផ្សេងៗ​ទៀត នៅ​លើ​ឈ្មោះ​ហ្វេសប៊ុក​របស់​កញ្ញា​។ បន្ថែម​លើ​នេះ កញ្ញា ខែម ស្រីមុំ គឺជា​ពលរដ្ឋ​សកម្ម​ក្នុង​ការ​ចូលរួម​តវ៉ា​រក​ដំណោះស្រាយ​រឿង​វិវាទ​ដីធ្លី សិទ្ធិ​ការងារ បញ្ហា​ធនធានធម្មជាតិ បរិស្ថាន និង​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ ដែល​កំពុង​ជាប់ឃុំ​ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី កត់សម្គាល់​ថា អាជ្ញាធរ​រដ្ឋាភិបាល តែងតែ​ប្រើប្រាស់​យន្តការ​តុលាការ ដើម្បី​ចាប់ខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ ជាជាង​ប្រើ​វិធី​អប់រំ និង​ណែនាំ​ដល់​ពលរដ្ឋ​។ លោក​យល់ថា ការ​បញ្ចេញមតិ​ខ្លះ ទោះបីជា​ប៉ះពាល់​ដល់​រដ្ឋាភិបាល​មែន ប៉ុន្តែ​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល និង​សង្គមជាតិ។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​ធ្វើការ​ពិចារណា លើ​ទៅ​វិធានការ ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ ហើយក៏​យើង​ចង់​ឃើញ​ឲ្យ​មានការ​ដោះលែង​កញ្ញា​មកវិញ​ដែរ​ដើម្បី​ឲ្យ​គាត់​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម។ ខ្ញុំ​បានឃើញ​ហ្វេសប៊ុក​គាត់ គាត់​បាន​និយាយ​ច្រើន ដូចជា​មិន​អ្វី​ជា​រឿង​ប៉ះពាល់​ខ្លាំងក្លា​ទេ ដល់​រដ្ឋាភិបាល ។ អ៊ីចឹង​យើង​នៅតែ​ទទូច​អ៊ីចឹង​ថា ធ្វើការ​ដោះលែង​គាត់​ទៅ បើ​ការប្រើប្រាស់ សេរីភាព​របស់​គាត់​ប៉ះពាល់​ធ្ងន់ធ្ងរ យើង​ធ្វើ​ការអប់រំ កិច្ចសន្យា​ទៅ​បាន​ហើយ។ នេះ​ប្រសិនបើ​ការ​ចាប់ខ្លួន​គាត់ ពាក់ព័ន្ធ​នឹង​បញ្ចេញមតិ​រឿង​បញ្ហា​សង្គម និង​បញ្ហា​ព្រំដែន»។

លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែ​ឧសភា​នេះ ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់ ថា​តើ​សមត្ថកិច្ច​បញ្ជូន​កញ្ញា ខែម ស្រីមុំ ទៅ​ទីណា​នៅឡើយ​ទេ។

ចំណែកឯ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​ឲ្យ​អ្នកសារព័ត៌មាន​សួរ​អ្នកនាំពាក្យ​វិញ។

លោក ជួន ណារិន្ទ៖ «សុំ​អធ្យាស្រ័យ ទាក់ទង​ទៅ​ខាង​អ្នកនាំពាក្យ​ខ្ញុំ។ ជួប​អ្នកនាំពាក្យ​ខ្ញុំ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ឡើយ នៅ​ថ្ងៃទី​១៨ ខែ​ឧសភា​នេះ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើង​ថា ការ​ឃាត់ខ្លួន​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ជាពិសេស កញ្ញា ខែម ស្រីមុំ ដែល​ជា​យុវជន​សកម្ម ក្នុង​ការ​រិះគន់​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ដូចជា បញ្ហា​ព្រំដែន ដីធ្លី និង​បញ្ហា​បរិស្ថាន​ជាដើម​។ លោក​បន្ត​ថា សមត្ថកិច្ច និង​តុលាការ ត្រូវ​កំណត់​ឲ្យ​ច្បាស់ ថា​អ្វី​ជា​សិទ្ធិ​បញ្ចេញមតិ និង​អ្វី​ជា​បទល្មើស ដើម្បី​ជៀសវាង​ការ​ចាប់ និង​ឃុំខ្លួន​ពលរដ្ឋ ដែល​នាំ​ឲ្យ​មានការ​រិះគន់ អំពី​ការ​រួម​តូច​នៃ​សេរីភាព​បញ្ចេញមតិ។

លោក អំ សំអាត៖ «កន្លងមក យើង​ឃើញ​គាត់​មាន​ភាព​សកម្ម​ចូលរួម​ក្នុង​ការ បញ្ចេញមតិ ការ​ចែករំលែក ឬក៏​ការចូលរួម​ក្នុង​ការ​បញ្ចេញមតិ ដើម្បី​ស្វែងរក​យុត្តិធម៌ ក៏​លើកឡើង​អំពី​បញ្ហា​សង្គម​ផ្សេងៗ ដែល​បាន​កើតឡើង​កន្លងមក​ហ្នឹង​។ យើង​ឃើញថា ការ​ឃាត់ខ្លួន ការ​ចាប់ខ្លួន ហើយ​ប្រសិនបើ​បញ្ជូន​ទៅ​តុលាការ ហើយ តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន វា​ជា​រឿង​មួយ​ដែល​យើង​មើលទៅ​ថា វា​ប៉ះ ពាល់​ទៅដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ជាពិសេស គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ភាព​សកម្ម​យុវជន ដែល​ចង់​ចូលរួម​ចំណែក ក្នុង​ការ​កែ​លម្អ​សង្គម ដូចជា​រូប​គាត់»។

សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ បើក​លំហ​សេរីភាព​បញ្ចេញមតិ និង​ដោះលែង​អ្នក​ជាប់ឃុំ ដោយសារ​ការ​បញ្ចេញមតិ​ស្របច្បាប់​ជាង ១០០​នាក់ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ស្ដារ​មុខមាត់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ និង​លើ​កម្ពស់​សិទ្ធិ​ពលរដ្ឋ ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​។ ពួកគាត់​ថា ប្រសិនបើ​នៅតែ​បន្ត​ចាប់ និង​ឃុំខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ​ដាក់​ពន្ធនាគារ​ទៀត នោះ​រដ្ឋាភិបាល​នឹង​រង​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ