អ្នកចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង សង្ឃឹម​ថា តុលាការ​ផ្ដល់​យុត្តិធម៌​ដោយ​រឹបអូស​ទ្រព្យ​លោក​មក​ទូទាត់​សង​អ្នក​រងគ្រោះ

0
66
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់ ដោយ​រឹបអូស​ទ្រព្យ​របស់​លោក ហ៊ី គឹមហុង ដើម្បី​យក​មក​ទូទាត់​សង​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។ ការ​អះអាង​នេះ ធ្វើឡើង​នៅមុន​ពេល​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង ប្រកាស​សាលក្រម​សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង នៅ​ថ្ងៃស្អែក​នេះ។

ពលរដ្ឋ​ដែល​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​អតីត​ឧកញ៉ា ហ៊ី គឹមហុង សង្ឃឹម ថា តុលាការ​នឹង​រឹបអូស​ទ្រព្យ​លោក ហ៊ី គឹមហុង និង​បក្ខពួក មក​ដោះស្រាយ​ជូន ពួកគាត់​ឆាប់ៗ​នេះ ខណៈ​បច្ចុប្បន្ន​ធនាគារ​បាន​ព្រមាន​រឹបអូស​ផ្ទះសម្បែង​ពួកគាត់ ដើម្បី​ទូទាត់​បំណុល។

ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្តបាត់ដំបង លោកស្រី កាន់ កូយ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែឧសភា ថា គ្រួសារ របស់​គាត់ បាន​ខ្ចីប្រាក់​ពី​ធនាគារ​ចំនួន ៨​ម៉ឺន ដុល្លារ ដើម្បី​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់លោក ហ៊ី គឹមហុង​។​

ប៉ុន្តែ​ក្រោយពី​គ្រួសារ​របស់​គាត់ ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់លោក ហ៊ី គឹមហុង ប្ដី​លោកស្រី​ចេះតែ​គិត​ច្រើន បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត។

លោកស្រី កាន់ កូយ បន្ត​ថា ចាប់តាំងពី​ប្ដី​ស្លាប់​រយៈពេល ១ ឆ្នាំ​មកនេះ លោកស្រី ត្រូវ​ទទួលបន្ទុក​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង និង​ដោះបំណុល ធនាគារ​ផង ដោយ​ក្នុង​មួយ​ខែ ត្រូវ​បង់​ការប្រាក់​ទៅ​ធនាគារ​ចំនួន ៨​រយ​ដុល្លារ ខណៈ​ប្រាក់ ដើម​នៅ​ដដែល។ លោកស្រី​បារម្ភ​ខ្លាច ធនាគារ​រឹបអូស​ផ្ទះ ពី​ព្រោះតែ​បច្ចុប្បន្ន លោកស្រី​មិន​មាន​លទ្ធភាព​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​នោះ​ទេ។

លោកស្រី កាន់ កូយ៖ «បារម្ភ​ព្រោះ​អី​យើង​រកលុយ​សង​គេ​មិនបាន គេ​នឹង​រឹបអូស​ផ្ទះ​យើង ដីធ្លី​ផ្ទះ​យើង​ហ្នឹង យើង​ដាក់​ធនាគារ​ដី​ផ្ទះ​ហ្នឹងឯង​។ ខ្ញុំ​ចង់​ឲ្យ​គេ​ឲ្យ​លុយ​យើង វិញ តុលាការ​រក​យុត្តិធម៌​ឲ្យ​យើង ចង់​ឲ្យ ហ៊ី គឹមហុង នឹង​សង​លុយ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បង់​ធនាគារ​អ៊ីចឹង»។

តំណាង​ពលរដ្ឋ​រងគ្រោះ​លោក ភាព សុផា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​អូសបន្លាយ​ដំណោះស្រាយ​កន្លងមក ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ឈឺចាប់ រហូតដល់ អ្នកខ្លះ​សម្លាប់​ខ្លួនឯង និង​ខ្លះទៀត​កំពុង​ធ្លាក់ខ្លួន​ឈឺ ព្រោះ​ទទួលរង​សម្ពាធ​ផ្លូវចិត្ត បែក​បាក់​គ្រួសារ ខណៈ​កូនៗ​បោះបង់​ការ​សិក្សា ដើម្បី​ជួយ​រក​ឪពុកម្ដាយ​ដោះបំណុល​ធនាគារ ព្រមទាំង​បំណុល​ឯកជន។ លោក​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​ពន្លឺយុត្តិធម៌​ជូន​ពួកគាត់ ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌។

លោក ភាព សុផា៖ «តាម​ចំនួន​ខ្ញុំ​ដឹង​មក ស្លាប់​ប្រហែល ៣៦​នាក់ ។ ចំនួន ៣៦ នាក់​ហ្នឹង ប្រហែលជា ៣ ខែ​មុន ប៉ុន្តែ​ក្នុងអំឡុង ៣ ខែក្រោយ​នេះ​ទៀត មិនដឹង​ថា ស្លាប់​ប៉ុន្មាន​នាក់​ទៀត គឺ​ខ្ញុំ​មិនដឹង​ចំនួន​ទេ​។ ខ្ញុំ​ចង់​ស្នើ​ឲ្យ​តុលាការ​កាត់ក្ដី​រឿង​ហ្នឹង ឲ្យ​ចប់ ហើយក៏​ជួយ​រឹបអូស​ទ្រព្យសម្បត្តិ​ហ៊ី​គឹមហុង ហ្នឹង យក​មក​សង​ប្រជាពលរដ្ឋ​វិញ ដោយសារតែ​ម្នាក់ៗ​គាត់​រងគ្រោះ​ខ្លាំង»។

អតីត​ឧកញ៉ា ហ៊ី គីមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែ​សីហា​ឆ្នាំ​២០២៣ បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ឧកញ៉ា​រូប​នេះ ពី​បទ​«​ឆបោក​» ប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​។ ប៉ុន្តែ​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំ​២០២៣ ម្ចាស់ ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង ៣ ខែ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការសម្រេច​បែប​ណា​នោះ គឺ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ ប៉ុន្តែ​លោក​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ។

លោក អំ សំអាត៖ «ដំណើរការ​ផ្លូវច្បាប់ យើង​មាន​សាលាដំបូង សាលាឧទ្ធរណ៍ តុលាការ​កំពូល អ៊ីចឹង​វា​អ្វីៗ គឺ​មិនអាច​នឹង​បាន​លឿន​ដូច​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​។ ទោះជា​យ៉ាងណា យើង​ជា​អង្គការ​សង្គម​ស៊ីវិល យើង​នៅតែ​សុំ​ឲ្យ​ពន្លឿន​នីតិវិធី​ទាំងអស់​ហ្នឹង ទោះបីជា​នៅ​ដំណាក់កាល​តុលាការ​ណាក៏ដោយ ពីព្រោះ​ប្រជាពលរដ្ឋ​លោក​រង់ចាំ​នូវ​ភាព​យុត្តិធម៌ និង​រង់ចាំ​នូវ​ការ​ទទួល​សំណង​សមស្រប​សម្រាប់​ពួកគាត់»។

អតីត​ឧកញ៉ា ជា សារ៉ន អតីត​ឧកញ៉ា ឡេង ចាន់ណា និង​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​រឹបអូស​យក​ទ្រព្យសម្បត្តិ ដើម្បី​លក់​សង​ពលរដ្ឋ​រងគ្រោះ ដែល​ចាញ់បោក​ក្រុមហ៊ុន របស់​អតីត​ឧកញ៉ា​ទាំង​បី​នាក់។ ប៉ុន្តែ ប្រជាពលរដ្ឋ អះអាង​ថា រយៈពេល ២​ឆ្នាំ​ហើយ ពួកគាត់​នៅ​មិនទាន់​ទទួល​បាន​ប្រាក់​សំណង ឬ​ដំណោះស្រាយ​នៅឡើយ​ទេ។

អ្នកឃ្លាំមើល​លើកឡើង​ថា វិបត្តិ​ឆបោក​របស់​ក្រុមហ៊ុន​ឧកញ៉ា ក្នុង​សង្គម​ខ្មែរ ពុំ​មាន​ដំណោះស្រាយ​យុត្តិធម៌​ឡើយ បើ​ពលរដ្ឋ​រងគ្រោះ មិន​ប្រមូល​ផ្ដុំគ្នា​ចេញ​តវ៉ា​។​ពួកគាត់​ថា ការ​សំងំ​រង់ចាំ​តែ​អង្វរ​តុលាការ និង​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ដំណោះស្រាយ គឺជា​ការ​ចាញ់​បោក​រដ្ឋាភិបាល​មួយ​ជាន់​ទៀត បន្ទាប់ពី​ក្រុមហ៊ុន​ឧកញ៉ា​បោក​ប្រាក់​ហើយ ពីព្រោះ​រដ្ឋាភិបាល ព្យាយាម​ពន្យារពេល​ឲ្យ​ពលរដ្ឋ​រងគ្រោះ ហត់នឿយ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ប៉ុណ្ណោះ ប៉ុន្តែ​មិន​រក​ដំណោះស្រាយ​ពិតប្រាកដ​ឲ្យ ពលរដ្ឋ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ