

អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង រំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់ពួកគាត់ ដោយរឹបអូសទ្រព្យរបស់លោក ហ៊ី គឹមហុង ដើម្បីយកមកទូទាត់សងសំណងជូនពួកគាត់ឲ្យបានឆាប់។ ការអះអាងនេះ ធ្វើឡើងនៅមុនពេលពេលសាលាដំបូងរាជធានីភ្នំពេញគ្រោង ប្រកាសសាលក្រមសំណុំរឿងឆបោករបស់ក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង នៅថ្ងៃស្អែកនេះ។
ពលរដ្ឋដែលដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនអតីតឧកញ៉ា ហ៊ី គឹមហុង សង្ឃឹម ថា តុលាការនឹងរឹបអូសទ្រព្យលោក ហ៊ី គឹមហុង និងបក្ខពួក មកដោះស្រាយជូន ពួកគាត់ឆាប់ៗនេះ ខណៈបច្ចុប្បន្នធនាគារបានព្រមានរឹបអូសផ្ទះសម្បែងពួកគាត់ ដើម្បីទូទាត់បំណុល។
ពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង លោកស្រី កាន់ កូយ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៩ ខែឧសភា ថា គ្រួសារ របស់គាត់ បានខ្ចីប្រាក់ពីធនាគារចំនួន ៨ម៉ឺន ដុល្លារ ដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនពិភពដីមាសរបស់លោក ហ៊ី គឹមហុង។
ប៉ុន្តែក្រោយពីគ្រួសាររបស់គាត់ ចាញ់បោកក្រុមហ៊ុនពិភពដីមាសរបស់លោក ហ៊ី គឹមហុង ប្ដីលោកស្រីចេះតែគិតច្រើន បណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។
លោកស្រី កាន់ កូយ បន្តថា ចាប់តាំងពីប្ដីស្លាប់រយៈពេល ១ ឆ្នាំមកនេះ លោកស្រី ត្រូវទទួលបន្ទុករកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារផង និងដោះបំណុល ធនាគារផង ដោយក្នុងមួយខែ ត្រូវបង់ការប្រាក់ទៅធនាគារចំនួន ៨រយដុល្លារ ខណៈប្រាក់ ដើមនៅដដែល។ លោកស្រីបារម្ភខ្លាច ធនាគាររឹបអូសផ្ទះ ពីព្រោះតែបច្ចុប្បន្ន លោកស្រីមិនមានលទ្ធភាពសងប្រាក់ត្រឡប់ទៅធនាគារនោះទេ។
លោកស្រី កាន់ កូយ៖ «បារម្ភព្រោះអីយើងរកលុយសងគេមិនបាន គេនឹងរឹបអូសផ្ទះយើង ដីធ្លីផ្ទះយើងហ្នឹង យើងដាក់ធនាគារដីផ្ទះហ្នឹងឯង។ ខ្ញុំចង់ឲ្យគេឲ្យលុយយើង វិញ តុលាការរកយុត្តិធម៌ឲ្យយើង ចង់ឲ្យ ហ៊ី គឹមហុង នឹងសងលុយខ្ញុំ ដើម្បីឲ្យខ្ញុំបង់ធនាគារអ៊ីចឹង»។
តំណាងពលរដ្ឋរងគ្រោះលោក ភាព សុផា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការអូសបន្លាយដំណោះស្រាយកន្លងមក ធ្វើឲ្យពលរដ្ឋរងគ្រោះឈឺចាប់ រហូតដល់ អ្នកខ្លះសម្លាប់ខ្លួនឯង និងខ្លះទៀតកំពុងធ្លាក់ខ្លួនឈឺ ព្រោះទទួលរងសម្ពាធផ្លូវចិត្ត បែកបាក់គ្រួសារ ខណៈកូនៗបោះបង់ការសិក្សា ដើម្បីជួយរកឪពុកម្ដាយដោះបំណុលធនាគារ ព្រមទាំងបំណុលឯកជន។ លោកសង្ឃឹមថា តុលាការនឹងផ្ដល់ពន្លឺយុត្តិធម៌ជូនពួកគាត់ ដែលទន្ទឹងរង់ចាំយុត្តិធម៌។
លោក ភាព សុផា៖ «តាមចំនួនខ្ញុំដឹងមក ស្លាប់ប្រហែល ៣៦នាក់ ។ ចំនួន ៣៦ នាក់ហ្នឹង ប្រហែលជា ៣ ខែមុន ប៉ុន្តែក្នុងអំឡុង ៣ ខែក្រោយនេះទៀត មិនដឹងថា ស្លាប់ប៉ុន្មាននាក់ទៀត គឺខ្ញុំមិនដឹងចំនួនទេ។ ខ្ញុំចង់ស្នើឲ្យតុលាការកាត់ក្ដីរឿងហ្នឹង ឲ្យចប់ ហើយក៏ជួយរឹបអូសទ្រព្យសម្បត្តិហ៊ីគឹមហុង ហ្នឹង យកមកសងប្រជាពលរដ្ឋវិញ ដោយសារតែម្នាក់ៗគាត់រងគ្រោះខ្លាំង»។
អតីតឧកញ៉ា ហ៊ី គីមហុង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហាឆ្នាំ២០២៣ បន្ទាប់ពីក្រុមប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងប្ដឹងឧកញ៉ារូបនេះ ពីបទ«ឆបោក» ប្រាក់ប្រមាណ ២០លានដុល្លារ។ ប៉ុន្តែកាលពីដើមខែវិច្ឆិកាឆ្នាំ២០២៣ ម្ចាស់ ក្រុមហ៊ុនពិភពដីមាសអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគារជាង ៣ ខែ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការសម្រេចបែបណានោះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែលោករំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ជូនពលរដ្ឋរងគ្រោះ។
លោក អំ សំអាត៖ «ដំណើរការផ្លូវច្បាប់ យើងមានសាលាដំបូង សាលាឧទ្ធរណ៍ តុលាការកំពូល អ៊ីចឹងវាអ្វីៗ គឺមិនអាចនឹងបានលឿនដូចការចង់បានរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា យើងជាអង្គការសង្គមស៊ីវិល យើងនៅតែសុំឲ្យពន្លឿននីតិវិធីទាំងអស់ហ្នឹង ទោះបីជានៅដំណាក់កាលតុលាការណាក៏ដោយ ពីព្រោះប្រជាពលរដ្ឋលោករង់ចាំនូវភាពយុត្តិធម៌ និងរង់ចាំនូវការទទួលសំណងសមស្របសម្រាប់ពួកគាត់»។
អតីតឧកញ៉ា ជា សារ៉ន អតីតឧកញ៉ា ឡេង ចាន់ណា និងអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានតុលាការចេញដីកាសម្រេចរឹបអូសយកទ្រព្យសម្បត្តិ ដើម្បីលក់សងពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុន របស់អតីតឧកញ៉ាទាំងបីនាក់។ ប៉ុន្តែ ប្រជាពលរដ្ឋ អះអាងថា រយៈពេល ២ឆ្នាំហើយ ពួកគាត់នៅមិនទាន់ទទួលបានប្រាក់សំណង ឬដំណោះស្រាយនៅឡើយទេ។
អ្នកឃ្លាំមើលលើកឡើងថា វិបត្តិឆបោករបស់ក្រុមហ៊ុនឧកញ៉ា ក្នុងសង្គមខ្មែរ ពុំមានដំណោះស្រាយយុត្តិធម៌ឡើយ បើពលរដ្ឋរងគ្រោះ មិនប្រមូលផ្ដុំគ្នាចេញតវ៉ា។ពួកគាត់ថា ការសំងំរង់ចាំតែអង្វរតុលាការ និងរដ្ឋាភិបាលឲ្យផ្ដល់ដំណោះស្រាយ គឺជាការចាញ់បោករដ្ឋាភិបាលមួយជាន់ទៀត បន្ទាប់ពីក្រុមហ៊ុនឧកញ៉ាបោកប្រាក់ហើយ ពីព្រោះរដ្ឋាភិបាល ព្យាយាមពន្យារពេលឲ្យពលរដ្ឋរងគ្រោះ ហត់នឿយក្នុងការស្វែងរកយុត្តិធម៌ប៉ុណ្ណោះ ប៉ុន្តែមិនរកដំណោះស្រាយពិតប្រាកដឲ្យ ពលរដ្ឋនោះទេ៕









