ក្រសួងមហាផ្ទៃ​បញ្ជូន​ក្មេង​ទំនើង​ជិត ៨​រយ​នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​ខេត្ត​ជាប់​ព្រំដែន

0
32
រូបភាពក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូប៖ ស្នងការនគរបាលរាជធានីភ្្នំពេញ
រូបភាពក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូប៖ ស្នងការនគរបាលរាជធានីភ្្នំពេញ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន និង​ផ្លាស់ប្ដូរ​ការ​ឃុំខ្លួន «​ក្មេង​ទំនើង​» ជិត ៨រយ​នាក់​ទៅកាន់​ពន្ធនាគារ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​មានការ​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២១ ខែ​មេសា ឱ្យ​ដឹង​ថា ក្រុម​អ្នកទោស​ជា «​ក្មេង​ទំនើង​» ដែល​ជា​យុវជន​សរុប​ចំនួន ៧៩០​នាក់ នៅ​តាម​បណ្ដា​មជ្ឈមណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល និង​ពន្ធនាគារ​គោលដៅ​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​ទី​៤ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ និង​ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បញ្ជាក់​ថា ការផ្ទេរ​ទណ្ឌិត​ក្មេង​ទំនើង​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​បង្កើន​ការអប់រំ​កែប្រែ​ស្ដារ​នីតិសម្បទា​តាមរយៈ​ការចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​កសាង​សមត្ថភាព​ជំនាន់​ផ្ទាល់ខ្លួន​ផង ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ និង​ការ​ស្រលាញ់​ជាតិ​មាតុភូមិ​ផង។អគ្គនាយកដ្ឋាន​ពន្ធនាគារ​បន្ថែម​ថា កម្មវិធី​បណ្ដុះបណ្ដាល​នោះ រួមមាន​ជំនាញ​កសិកម្ម ដូចជា ការ​ដាំដុះ​បន្លែបង្ការ ការ​ចិញ្ចឹម​សត្វ និង​ជំនាញ​សំណង់ ដូចជា​ការ​ចាក់​គម្រប​លេណដ្ឋាន និង​សំណង​បេតុង​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​ជួរមុខ​ដែល​កំពុង​ឈរជើង​ការពារ​អធិបតេយ្យ​ជាតិ។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទៅកាន់​ពន្ធនាគារ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ភ្លាមៗ ដើម្បី​បំពេញចិត្ត​មេដឹកនាំ​ដោយ​មិនបាន​សិក្សា​ច្បាស់លាស់​នេះ នឹង​បង្ក​លំបាក ព្រមទាំង​អាច​រំលោភសិទ្ធិ​ជន​ជាប់ឃុំ​ជាដើម​។ ផល​លំបាក​ទាំងនោះ​រួមមាន​សាច់ញាតិ​កាន់តែ​ជួប​ការ​លំបាក និង​ត្រូវ​ចំណាយធនធាន​កាន់តែ​ច្រើន ដើម្បី​ធ្វើដំណើរ​ទៅ​សួរសុខទុក្ខ​កូនចៅ​របស់​ខ្លួន​។ លើស​ពី​នេះ អ្នកឃ្លាំមើល បារម្ភ​ថា ការ​បញ្ជូន​ក្មេង​ទំនើង​ទៅកាន់​ពន្ធនាគារ និង​បម្រើ​ការងារ​តាម​ព្រំដែន​នេះ អាច​រំលោភសិទ្ធិ​ជន​ជាប់ឃុំ​ទាំងនោះ​តាមរយៈ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ និង​ហួសហេតុ​ព្រមទាំង​ការ​ធ្វើ​ទារុណកម្ម​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ​។ អ្នកឃ្លាំមើល​យល់ថា ក្រុម​ក្មេង​ទំនើង​គួរតែ​ត្រូវ​បាន​ស្ដារ​នីតិសម្បទា​ដោយ​យកចិត្តទុកដាក់​បំផុត ព្រោះ​ពួកគេ គឺជា​ជនរងគ្រោះ​ពី​សង្គម ដោយសារ​ប្រព័ន្ធ​អប់រំ​គ្មាន​ប្រសិទ្ធភាព បញ្ហា​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ការរើសអើង និង​ការ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ