ពលរដ្ឋ​ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ដើម្បី​មើល​ថែ​ម្ដាយ​ចាស់​ជរា និង​ផ្សះផ្សា​ជាតិ

0
24
ទិដ្ឋភាពលោក កឹម សុខា ​ប្រធានគណបក្សសង្គ្រោះជាតិ ​ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិ​លោក នៅ​រាជធានីភ្នំពេញ ​​កាល​​ពី​ព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពលោក កឹម សុខា ​ប្រធានគណបក្សសង្គ្រោះជាតិ ​ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិ​លោក នៅ​រាជធានីភ្នំពេញ ​​កាល​​ពី​ព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង ចង់​ឃើញ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បាន​មើលថែ​ម្ដាយ​ចាស់ជរា ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ដើម្បី​ជា​ការ​បន្ធូរបន្ថយ ស្ថានភាព​នយោបាយ ឱ្យ​បាន​ល្អ​ឡើងវិញ ឆ្ពោះ​ទៅ​រក​ការផ្សះផ្សា​ជាតិ និង​ការ​ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​ទស្សនៈ​ដូចៗ​គ្នា ដោយ​ចង់​ឃើញ​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ដោះលែង មេ​បក្ស​ប្រឆាំង គឺ លោក កឹម សុខា ដែល​កំពុង​កើតទុក្ខ​ជា​ទម្ងន់​ដោយសារតែ​អ្នក​ម្ដាយ មាន​ជំងឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​មិនអាច​នៅ​មើលថែ​បាន​។ ពលរដ្ឋ​លើកឡើង​ថា ការ​ដោះលែង​លោក កឹម សុខា នៅ​ពេល​នេះ រដ្ឋាភិបាល​នឹង​ទទួល​បាន​ផល​ចំណេញ​ជាច្រើន​ជាពិសេស​ពលរដ្ឋ​នឹង​ងាក​មក សាទរ​ចំពោះ​នយោបាយ​អត់ឱន​ឱ្យ​គ្នា ប្រកបដោយ​មនុស្សធម៌ និង​ជួយ​ជំរុញ​ឱ្យ ចលនា​នៃ​ការផ្សះផ្សា​ជាតិ និង​សាមគ្គី​ជាតិ កើតឡើង​យ៉ាង​ពិតប្រាកដ។

ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប និង​ជា​អតីត​អ្នក​ទោស​នយោបាយ លោក នង ធារ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា នៅ​ថ្ងៃទី​២១ ខែ ឧសភា​ថា លោក​អាណិតអាសូរ និង​ស្រងេះស្រងោច​ជា​ខ្លាំង នៅពេល​ឃើញ លោក កឹម សុខា អង្គុយ​មើល​ម្ដាយ​ដេក​ឈឺ​ធ្ងន់ធ្ងរ រួម​ដោយ​អារម្មណ៍​ក្ដុកក្ដួល និង​ស្រក់​ទឹកភ្នែក ហើយ​មិន​ដឹង​ថា​លោក​គ្រាំគ្រា​ចិត្ត​ប៉ុណ្ណា​នោះ​ទេ ខណៈ​ដែល​លោក​មិនអាច​នៅ​មើលថែ ម្ដាយ ជា​លើក​ចុងក្រោយ។

លោក នង ធារ៉ា៖ «ខ្ញុំ​សង្វេគ​ពេល​ឃើញ លោក កឹម សុខា គាត់​អួល​ដើរ​ករ​ចំពោះ​ម្ដាយ។ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ពេល​ឃើញ​កូន​ចេះ​អោប​កូន ពេល​ឃើញ​ចៅ​ចេះ​អោប​ចៅ ចុះ​គាត់​(​កឹម សុខា​) ជា​អ្នកនយោបាយ ចេះ​ស្រឡាញ់​ជាតិ ហេតុអ្វី​គាត់​គ្មាន​សិទ្ធិ​អោប​ម្ដាយ អោប​មនុស្ស​ជាទី​ស្រឡាញ់​បាន នៅ​ពេល​ដែល​ដង្ហើម​ចុងក្រោយ​។ អ្វី​ដែល​ខ្ញុំ​ស្នើ​គួរតែ​ពង្រឹង​សាមគ្គីភាព កុំ​ផាត់​នរណា​ម្នាក់​ចោល​ពី​ឆាក​នយោបាយ»។

រីឯ ពលរដ្ឋ​ម្នាក់ទៀត​នៅ ខេត្ត​កំពង់ចាម លោក ឯក រស្មី យល់​ឃើញ​ថា សព្វថ្ងៃ អ្នក​នយោបាយ​មិន​គួរ​ធ្វើ​នយោបាយ គុំកួន​គ្នា និង​ធ្វើទុក្ខបុកម្នេញ​គ្នា ដោយសារតែ ទស្សនៈ​ផ្ទុយគ្នា​នោះ​ទេ គួរតែ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​រៀន​ទទួលយក​ការរិះគន់​គ្នា​ដើម្បី​ស្ថាបនា​។ ជា​ពិស លោក​ថា ការ​ធ្វើ​នយោបាយ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គឺជា​រឿង​ប្រសើរ​បំផុត ដូចជា​ករណី លោក កឹម សុខា គួរតែ​ត្រូវ​បាន​បន្ធូរ​បន្ថយទោស និង​ដោះលែង។

លោក ឯក រស្មី៖ «រដ្ឋាភិបាល ក៏ដូចជា​អ្នកនយោបាយ​ទាំងអស់​នៅ​កម្ពុជា​គួរតែ​រួបរួម​គ្នា ព្រោះ​ពេលនេះ​កម្ពុជា​កំពុង​ត្រូវ​សត្រូវ​ឈ្លានពាន ។ យើង​មើល​ថៃ ថៃ​គេ​រួបរួម​ជាតិ​របស់​គេ ថ្វីត្បិតតែ​គេ​ចាប់ លោក អតីត​នាយករដ្ឋមន្ត្រី​គេ លោក តាក់ស៊ី​ន ដាក់គុក​មែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ គេ​បាន​ដោះលែង​ឱ្យ លោក តាក់ស៊ី​ន មាន​សេរីភាព​វិញ​ហើយ​។ ម្ដាយ​លោក កឹម សុខា ក៏​កំពុងតែ​ឈឺ​ធ្ងន់​ដែរ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ដោះលែង ឬក៏​គួរតែ​ឱ្យ​គាត់​ទៅ​សួរសុខទុក្ខ​ម្ដាយ​គាត់​ឱ្យ​បាន​យូរ»។

ការ​លើកឡើង​នេះ ក្រោយពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​រយៈពេល​២៧​ឆ្នាំ បាន​យំ​ខ្សឹកខ្សួល រៀបរាប់​ពី​ទុក្ខសោក ដែល​ពុំ​អាច​នៅ​មើលថែ​អ្នក​ម្ដាយ​ជា​លើក​ចុង ក្រោយ ដោយសារតែ​អំណាច​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ដែល​រង​ការរិះគន់​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់អំណាច គឺ​លោក ហ៊ុន សែន។

ជាមួយគ្នា​នោះ លោក កឹម សុខា បាន​ប្រាប់​អ្នក​ម្ដាយ កាលពី​ម្សិលមិញ អំឡុង​ពេល​ដែល​លោក​បាន​ជួប​ម្ដាយ​ប្រហែល ១​ម៉ោង​ថា លោក​គ្មាន​ប្រាថ្នា​ចង់បាន​អំណាច ឬ​តំណែង​ទៀត​នោះ​ទេ​។ នៅពេល​លោក​បាន​សេរីភាព គោលដៅ​តែមួយគត់ គឺ​ចង់ទៅ​បួស​ជា​ព្រះសង្ឃ បដិបត្តិ​ធម៌ ដើម្បី​អប់រំ​ចិត្ត និង​ដើម្បី​សងគុណ​អ្នក​ម្ដាយ​។ លោក​ក៏បាន​ជូនពរ ដល់​ម្ដាយ​របស់​លោក គឺ លោកយាយ សៅ ង៉ែត​ឱ្យ​មាន​សុខ​ភាពល្អ​ឡើងវិញ ហើយ​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​សុខ​ចម្រើន។

រីឯ ពលរដ្ឋ​ម្នាក់ទៀត នៅ​ខេត្ត​ឧត្តរមានជ័យ​បាន ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព យល់​ថា ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ ពី​សំណាក់​តុលាការ និង​រដ្ឋាភិបាល ត្រកូល​«​ហ៊ុន​» មិន​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ដើម្បី​មើល​ថៃ​អ្នក​ម្ដាយ​ជា​លើក​ចុង​ក្រោយ​នេះ គឺជា​រឿង​ដ៏​ឈឺចាប់​បំផុត ហើយ​ជា​អំពើ​អមនុស្សធម៌ ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែ​ពិចារណា​ឡើងវិញ

ពលរដ្ឋ៖ «គាត់​អត់​បាន​ទៅ​ក្បត់ជាតិ​ជាមួយ​នរណា​នោះ​ដែរ​។ គាត់​ស្រឡាញ់​ជាតិ​ស្រឡាញ់​ប្រទេស​។ ការចោទប្រកាន់​គាត់​នេះ​វា​ហួស វា​ពិបាក​ណាស់ អត់​ចេះ​មើល​គេ គេ​ធ្វើ​អ្វីមួយ​ដើម្បី​រីកចម្រើន បើ​ខ្មែរ យើង​ឈ្លោះ​តែ​គ្នាឯង»។

ចំណែក​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោកស្រី វង់ សារ៉ែម យល់​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែ​ស្ដាប់​មតិ​ពលរដ្ឋ​ជាធំ ហើយ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ប្រសិន បើ រដ្ឋាភិបាល​ចង់​ស្ដារ​មុខមាត់​ឡើងវិញ ក្រោយពី​ធ្វើ​ឱ្យ​ទឹក​បាត់បង់ ប្រទេសជាតិ​បែកបាក់ សាមគ្គី ហើយ​សហគមន៍​អន្តរជាតិ​តែង​រិះគន់​ជា​ខ្លាំង​រឿង រំលោភសិទ្ធិ​មនុស្ស​ផង​នោះ។

លោកស្រី វង់ សារ៉ែម៖ «រដ្ឋាភិបាល​ចង់​មាន​សិទ្ធិ​សេរីភាព​ចង់​រស់នៅ​ជុំ​គ្រួសារ ចុះ​អ្នក​ដែល​ត្រូវ​បាន​ជាប់គុក ទាំងនោះ​មាន​បាន​ទៅ​ក្បត់ជាតិ កាត់​ទឹកដី​លក់​ឯង​ណា ហើយ​ពួកគាត់​សុទ្ធតែ អ្នក​ស្រឡាញ់​ការពារ​ជាតិ​តើ ហេតុអ្វី​ទៅ​ចាប់​ពួកគាត់​ដាក់គុក​អ៊ីចឹង។ យើង​ស្រឡាញ់​ជាតិ យើង​ផ្សះផ្សា​ជាតិ ដើម្បី​រួបរួម​ជួយ​ជាតិ​យើង​ទាំងអស់​គ្នា​ទៅ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២០ ខែ​ឧសភា។

សមត្ថកិច្ច​បាន​ចាប់ខ្លួន ប្រធាន​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក កឹម សុខា កាល​ពី​យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧។ ក្រោយមក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស លោក​ឱ្យ​ជាប់ឃុំ​ក្នុងផ្ទះ រយៈពេល​២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស ពោល​គឺ​អាមេរិក ដើម្បី​ផ្ដួលរំលំ រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ចោទប្រកាន់​តាំងពី​ឆ្នាំ​២០១៧​។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ​អស់​មួយ​ជីវិត មិន​ឱ្យ ចេញ​ពី​ផ្ទះ និង​មិន​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើកលែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​។ កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បន្ថែម​ទោស​មិន​ឲ្យ លោក កឹម សុខា ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​រយៈពេល ៥​ឆ្នាំ​ទៀត។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់ថា លោក កឹម សុខា ជា​អ្នកនយោបាយ​គំរូ និង​តែង​គិត​ពី​ផលប្រយោជន៍​ជាតិ បើ​ទោះពី​ជា​លោក នៅ​ពេល​នេះ​កំពុងតែ​ជាប់ឃុំ​ក្នុងផ្ទះ និង​ត្រូវ​បាន​រឹតត្បិត សិទ្ធិ​សេរីភាព​គ្រប់បែបយ៉ាង​ក្ដី ក៏​លោក​នៅតែ​ឆ្លៀតពេល​ផ្ញើ​ក្ដី​នឹករលឹក និង​ជូនពរ ដល់​ពលរដ្ឋ​ដែរ​។ លោក​សង្ឃឹមថា រដ្ឋាភិបាល នឹង​ពិចារណា​ដោះលែង​លោក លោក កឹម សុខា ឱ្យ​មាន​សេរីភាព ហើយ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ដើម្បី​រួបរួម​សាមគ្គី​គ្នា ឡើង​វិញ ព្រោះ​ថា ពិភពលោក​សព្វថ្ងៃ​ច្របូកច្របល់ ការផ្សះផ្សា​ជាតិ​ជា​រឿង​សំខាន់។

លោក នី សុខា៖ «បាន​ទៅ​មើល​ម្ដាយ​ដែល​កំពុងតែ​ជរា​ឈឺ​ធ្ងន់​នេះ​វា​ជា​រឿង​មួយ ដែល​ការ​ផ្ដល់​ពេលវេលា​នេះ ហាក់ដូច ជា​វា​តិច​តូច​បំផុត សម្រាប់​យើង​ក្នុងនាម​ជា​កូន បែក​ពី​ម្ដាយ និង​កូន​។ ក្នុងនាម​មនោសញ្ចេតនា​ម្ដាយ​និង​កូន គិតថា​វា​ខ្លោច​ផ្សារ​ណាស់»។

មេ​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ គឺ​លោក កឹម សុខា ត្រូវ​បាន​គេ​មើលឃើញ​ថា អ្នក​នយោបាយ​ប្រកាន់​ធម៌​អហិង្សា និង​បាន​តស៊ូ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។ សំណុំរឿង លោក កឹម សុខា នេះ​ត្រូវ​បាន សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​យ៉ាង​ខ្លាំង​ថា ជា​រឿង​«​នយោបាយ​» ជាជាង​ការអនុវត្ត​ច្បាប់ ហើយ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ដោះលែង លោក កឹម សុខា ឱ្យ​មាន​សេរីភាព ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ