គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​សម្លាប់​កម្មករ​រោងចក្រ​ជាង​១០​នាក់​ក្នុង​ថ្ងៃ​តែមួយ

0
25
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥ នៅស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំ នៅថ្ងៃទី២៣ ឧសភា ២០២៦។ ដោយ រដ្ឋបាលស្រុក​កំពង់ត្រឡាច
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៥ នៅស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំ នៅថ្ងៃទី២៣ ឧសភា ២០២៦។ ដោយ រដ្ឋបាលស្រុក​កំពង់ត្រឡាច

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​២​កន្លែង​ផ្សេងគ្នា បាន​សម្លាប់​កម្មករ​រោងចក្រ​ចំនួន ១៤​នាក់ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣ ឧសភា។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យដឹង​ថា​កម្មករ​ស្លាប់ ១៤​នាក់​នោះ មាន​ស្ត្រី ១០​នាក់​។ ក្រៅពីនោះ​ក៏​មាន​កម្មករ​រងរបួស​ធ្ងន់​ចំនួន ១៥​នាក់ (​ស្រី ១២​នាក់​) និង​របួសស្រាល​ចំនួន ៦៤​នាក់ (​ស្រី ៥២​នាក់។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសារ​រថយន្ត​ដឹកទំនិញ​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៩​នាក់ (​ស្រី ៨​នាក់​) របួសធ្ងន់​ចំនួន ៩​នាក់ (​ស្រី ៨​នាក់​) និង​របួសស្រាល​ចំនួន ៣៥​នាក់ (​ស្រី ២៤​នាក់​។ ចំណែក​មួយ​ករណី​ទៀត​បាន​កើត​ឡើង​នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង រវាង​រថយន្ត​ដឹក​កម្មករ​ដួច​គ្នា បណ្តាល​ឱ្យ​កម្មករ​ស្លាប់​ចំនួន ៥​នាក់ (​ស្រី ២​នាក់​) របួសធ្ងន់​ចំនួន ៦​នាក់ (​ស្រី ៤​នាក់​) និង​របួសស្រាល​ចំនួន ២៩​នាក់ (​ស្រី ២៨​នាក់​)​។​

ក្រសួង​ការងារ​អះអាង​ថា ក្រោយ​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ជួយ​សង្គ្រោះ និង​បញ្ជូន​អ្នករង​របួស​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​កន្លែង​កើតហេតុ និង​ខ្លះទៀត​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ។

ចំពោះ​ពិធី​បុណ្យសព ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អះអាង​ថា នឹង​ចាត់ចែង​រាល់​ការ​ចំណាយ និង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ស្របតាម​ច្បាប់​ស្ដីពី​ការងារ និង​គោលការណ៍​នៃ​របប​សន្តិសុខ​សង្គម។

ពលរដ្ឋ​ទូទៅ​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ​។ ចំណែក​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយជា​បន្ទុក​ហិរញ្ញវត្ថុ​គ្រួសារ​ដ៏​ធំ តាមរយៈ​ការបាត់បង់​បង្គោល​សេដ្ឋកិច្ច ខណៈ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើ​ការ​ព្យាបាល និង​ស្ដារ​នីតិសម្បទា ព្រមទាំង​ត្រូវ​បាត់បង់​កម្លាំង​ពលកម្ម​ដែល​ជា​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ​ប្រទេស​។ លើស​ពី​នេះ​វា​បាន​បង្ក​នូវ​វិបត្តិ​ផ្លូវចិត្ត​រ៉ាំរ៉ៃ​ថែម​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ