

អ្នកឃ្លាំមើលសង្គមអះអាងថា ការបើកប្រាក់បៀវត្សរ៍របស់ទាហាន តាមប្រព័ន្ធធនាគារ អាចកាត់បន្ថយអំពើពុករលួយបានខ្លះ ប៉ុន្តែ ថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន រឺមេបញ្ជាការទាំងអស់ នៅតែប្រើឥទ្ធិពលរបស់ពួកគេប្រព្រឹត្តអំពើពុករលួយបានដដែលប្រសិនអ្នកដែលរងសម្ពាធពីថ្នា្ក់លើមិនហ៊ានរាយការណ៍ អំពីមេដឹកនាំរបស់ខ្លួនដែលប្រព្រឹត្តអំពើពុករលួយ ទៅស្ថាប័នប្រឆាំងអំពើពុករលួយ។ ការអះអាងនេះបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យអន្តរក្រសួងសិក្សាពីការរៀបចំបើកប្រាក់បៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ។
អ្នកឃ្លាំមើលសង្គម និងកងទ័ពខ្មែរមួយចំនួន អះអាងថា នៅក្នុងស្ថាប័នការពារជាតិ មានការប្រព្រឹត្តអំពើពុករលួយគ្រប់បែបយ៉ាង រាប់តាំងពីការបង្កើតឈ្មោះទាហានខ្មោច ការលក់ឈ្មោះទាហាន ការកិបកេងសម្ភារៈ និងហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់កងទ័ព និងការបែងចែកបក្ខពួក ដែលជាហេតុបង្កឱ្យកម្លាំងការពារជាតិចុះខ្សោយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងអំពើពុករលួយបានកើតឡើងជាប្រព័ន្ធតាំងពីយូរណាស់មកហើយ។ លោកមិនរំពឹងថា ការផ្លាស់ប្តូរ ពីការបើកបៀវត្សរ៍ដោយទឹកប្រាក់សុទ្ធទៅជាការបើកនៅក្នុងកុងធនាគារ អាចបំបាត់អំពើពុករលួយបាននោះទេ ពីព្រោះថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន មេបញ្ជាការ នៅតែមានឥទ្ធិពល គឺគេអាចឲ្យទាហានដែលមានឈ្មោះទៅបើកថវិការដ្ឋដដែល បន្ទាប់មកគេនឹងយកលុយពីកូនទាហានវិញ។
លោក ស៊ឹង សែនករុណា បន្ថែមថា លុះត្រាណាមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ហើយអ្នកដែលរងសម្ពាធឬក៏ អ្នកដែលយកឈ្មោះអ្នកដទៃ ដែលប្រើប្រាស់ឈ្មោះពាក់ព័ន្ធទៅនឹងរឿងអំពើពុករលួយទាំងអស់ ហ៊ានរាយការណ៍ អំពីមេដឹកនាំរបស់ខ្លួនដែលប្រព្រឹត្តអំពើពុករលួយ ទៅស្ថាប័នប្រឆាំងអំពើពុករលួយ។ ហើយអង្គភាព ប្រឆាំងអំពើពុករលួយ មានវិធីសាស្ត្រច្បាស់លាស់នៅក្នុងការស្រាវជ្រាវស៊ើបអង្កេតឱ្យបានម៉ត់ចត់ ទៅលើបុគ្គលណាដែលហ៊ានប្រព្រឹត្ត កេងប្រវ័ញ្ចទៅលើប្រាក់បៀវត្សរ៍របស់យោធា នោះទើបអាចកាត់បន្ថយអំពើពុករលួយបាន។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំគិតថាមិនទាន់អាចថាប្រព័ន្ធ ធានាបាននៅឡើយទេ ដោយសារតែយើងឃើញថាធនាគារនៅក្នុងប្រទេសកម្ពុជាយើង គឺមិនមែនជាកន្លែងមួយដែលអាចធានាទៅបានទេដោយសារតែម្ចាស់ធនាគារទាំងអស់ហ្នឹងសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងអ្នកដែលមានឥទ្ធិពល មានអំណាចអីទាំងអស់ហ្នឹងអ៊ីចឹងគេនៅតែអាចកែច្នៃ រកចំណេញបានតែ អ៊ីចឹង»។
ការអះអាងនេះ បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី បានសេចក្តីជូនដំណឹង នៅថ្ងៃទី២៣ ខែឧសភា ប្រគល់កិច្ចការឱ្យលោក អួន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ រួមសហការគ្នា ធ្វើយ៉ាងណារៀបចំការបើកប្រាក់បៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ ជំនួសឱ្យការបើកប្រាក់បៀវត្សរ៍ដោយផ្ទាល់។ តែក្នុងសេចក្តីជូនដំណឹង មិនបានបញ្ជាក់ថា ការបើកប្រាក់ខែជូនដល់កងទ័ពតាមប្រព័ន្ធធនាគារ នឹងចាប់ផ្តើមអនុវត្តនៅពេលណានោះទេ។
កាលពីថ្ងៃទី១៦ ខែឧសភា ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលកំពុងសិក្សាផែនការបើកប្រាក់ខែជូនមន្ត្រីយោធាទាំងអស់តាមប្រព័ន្ធធនាគារ ដែលជាផ្នែកមួយនៃកំណែទម្រង់កាន់តែទូលំទូលាយ សំដៅពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ។
នៅព្រឹកថ្ងៃទី២៤ ឧសភា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានប្រកាសគាំទ្រការសម្រេចរបស់រដ្ឋាភិបាល និងចាត់ទុកការបើកប្រាក់បៀវត្ស៍ជូនកងទ័ពតាមប្រព័ន្ធធនាគារ គឺបង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋ និងក៏ឲ្យប្រាកដពីចំនួនច្បាស់លាស់ មិនត្រូវបានបាត់បង់ ហើយក៏ជាវិធានការលុបបំបាត់អំពើពុករលួយក្នុងជួរកងកម្លាំង។
អ្នកតាមដានសង្គមកម្ពុជា លើកឡើងថា ការបើកប្រាក់តាមធនាគារនេះគឺទាមទារឱ្យមានការអនុវត្ត ដោយសុចរិតភាព និងភាពស្មោះត្រង់របស់តួអង្គពាក់ព័ន្ធ បើមិនដូច្នេះទេគឺនៅតែមានភាពរញ៉េរញ៉ៃនិងអំពើពុករលួយនៅតែកើតមានដដែលតាមរយៈមានតែឈ្មោះនិងរូបថតដើម្បីបើកប្រាក់ខែ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាបណ្ឌិត គិន ភា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន កន្លងមកថា អំពើពុករលួយគឺជាមេរោគស៊ីរូងផ្ទៃក្នុង ដែលបំផ្លាញជំនឿចិត្តរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចរដ្ឋរខេករខាក ហើយក៏ធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយផងដែរ ជាពិសេស ចំពោះមុខសត្រូវឈ្លានពាន នាពេលនេះ។ លោក ថា កម្ពុជាមិនអាចចាត់វិធានការចំពោះអំពើពុករលួយបែបពន្លត់អគ្គិភ័យដោយការដោះស្រាយតាមករណីចាំបាច់ម្ដងម្កាលបានទេ ប៉ុន្តែត្រូវបង្កើតប្រព័ន្ធអភិបាលកិច្ចមួយដែលមាននិរន្តរភាព និងតម្លាភាពជាក់លាក់។
យ៉ាងណាក៏ដោយ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញរបាយការណ៍ស្តីអំពី អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៦៣ ក្នុងចំណោមប្រទេសសរុប១៨២ នៅលើពិភពលោក។ កម្ពុជាត្រូវបានគេចាត់ថ្នាក់ចូលទៅក្នុងប្រទេសដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរតាំងពីឆ្នាំ២០១២ មក។
អ្នកឃ្លាំមើលសង្គមលើកឡើងថា វិស័យការពារជាតិកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារត្រកូលហ៊ុន រយៈពេលជាង ៣០ឆ្នាំមកនេះ បានបង្កើតឱ្យមានអំពើពុករលួយចាក់ឫសយ៉ាងជ្រៅ នៅក្នុងជួរកងទ័ព ដោយមេទាហានគ្រាក់ៗ ដែលស្និទ្ធជាមួយមេដឹកនាំបក្សកាន់អំណាច បានយកតួនាទី និងអំណាចទៅកាងមុខរបររកស៊ី និងប្រព្រឹត្តអំពើពុករលួយ រហូតក្លាយជាអ្នកមាន ខណៈកូនទាហាន ដែលរំពឹងលើប្រាក់ខែ ដើម្បីចិញ្ចឹមជីវិត បានធ្លាក់ខ្លួនក្រ រហូតអ្នកខ្លះ កាន់ផ្តិលដើរសុំទានទៀតផង៕








