«ការ​បើក​ប្រាក់​ខែ​យោធា​តាម​ធនាគារ​អាច​កាត់បន្ថយ​អំពើពុករលួយ លុះត្រា​តែ​មាន​ប្រព័ន្ធ​តាមដាន​ច្បាស់លាស់»

0
4
មន្ត្រីទាហានព្រំដែន​ខេត្ត​ប៉ៃលិន។ រូប៖ រដ្ឋបាលខេត្តប៉ៃលិន
មន្ត្រីទាហានព្រំដែន​ខេត្ត​ប៉ៃលិន។ រូប៖ រដ្ឋបាលខេត្តប៉ៃលិន

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ការ​បើកប្រាក់​បៀវត្សរ៍​របស់​ទាហាន តាម​ប្រព័ន្ធ​ធនាគារ អាច​កាត់បន្ថយ​អំពើពុករលួយ​បាន​ខ្លះ ប៉ុន្តែ ថ្នាក់ដឹកនាំ​នៅក្នុង​ស្ថាប័ន រឺ​មេបញ្ជាការ​ទាំងអស់ នៅតែ​ប្រើ​ឥទ្ធិពល​របស់​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ដដែល​ប្រសិន​អ្នក​ដែល​រង​សម្ពាធ​ពី​ថ្នា្ក់លើ​មិន​ហ៊ាន​រាយការណ៍ អំពី​មេដឹកនាំ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ទៅ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​។ ការ​អះអាង​នេះ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​អន្តរក្រសួង​សិក្សា​ពី​ការរៀបចំ​បើកប្រាក់​បៀវត្សរ៍​របស់​យោធិន​តាម​ប្រព័ន្ធ​ធនាគារ។

អ្នកឃ្លាំមើល​សង្គម និង​កងទ័ព​ខ្មែរ​មួយចំនួន អះអាង​ថា នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់បែបយ៉ាង រាប់​តាំងពី​ការបង្កើត​ឈ្មោះ​ទាហាន​ខ្មោច ការ​លក់​ឈ្មោះ​ទាហាន ការ​កិបកេង​សម្ភារៈ និង​ហិរញ្ញវត្ថុ សម្រាប់​ផ្គត់ផ្គង់​កងទ័ព និង​ការបែងចែក​បក្ខពួក ដែល​ជា​ហេតុ​បង្ក​ឱ្យ​កម្លាំង​ការពារ​ជាតិ​ចុះ​ខ្សោយ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រព័ន្ធ​គ្រប់គ្រង​នៅក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បាន​កើត​ឡើងជា​ប្រព័ន្ធ​តាំងពី​យូរណាស់​មក​ហើយ​។ លោក​មិន​រំពឹង​ថា ការ​ផ្លាស់ប្តូរ ពី​ការ​បើក​បៀវត្សរ៍​ដោយ​ទឹកប្រាក់​សុទ្ធ​ទៅជា​ការ​បើក​នៅក្នុង​កុង​ធនាគារ អាច​បំបាត់​អំពើពុករលួយ​បាន​នោះ​ទេ ពីព្រោះ​ថ្នាក់ដឹកនាំ​នៅក្នុង​ស្ថាប័ន មេបញ្ជាការ នៅតែ​មាន​ឥទ្ធិពល គឺ​គេ​អាច​ឲ្យ​ទាហាន​ដែល​មាន​ឈ្មោះ​ទៅ​បើក​ថវិការដ្ឋ​ដដែល បន្ទាប់មក​គេ​នឹង​យក​លុយ​ពី​កូនទាហាន​វិញ។

លោក ស៊ឹង សែនករុណា បន្ថែម​ថា លុះត្រា​ណា​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​អ្នក​ដែល​រង​សម្ពាធ​ឬក៏ អ្នក​ដែល​យកឈ្មោះ​អ្នកដទៃ ដែល​ប្រើប្រាស់​ឈ្មោះ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អំពើពុករលួយ​ទាំងអស់ ហ៊ាន​រាយការណ៍ អំពី​មេដឹកនាំ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ទៅ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ។ ហើយ​អង្គភាព ប្រឆាំង​អំពើពុករលួយ មាន​វិធីសាស្ត្រ​ច្បាស់លាស់​នៅក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ ទៅលើ​បុគ្គល​ណា​ដែល​ហ៊ាន​ប្រព្រឹត្ត កេងប្រវ័ញ្ច​ទៅលើ​ប្រាក់បៀវត្សរ៍​របស់​យោធា នោះ​ទើប​អាច​កាត់បន្ថយ​អំពើពុករលួយ​បាន។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​គិតថា​មិនទាន់​អាច​ថា​ប្រព័ន្ធ ធានា​បាន​នៅឡើយ​ទេ ដោយសារតែ​យើង​ឃើញថា​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​យើង គឺ​មិនមែន​ជា​កន្លែង​មួយ​ដែល​អាច​ធានា​ទៅ​បាន​ទេ​ដោយសារតែ​ម្ចាស់​ធនាគារ​ទាំងអស់​ហ្នឹង​សុទ្ធ​សឹង​តែ​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ដែល​មាន​ឥទ្ធិពល មានអំណាច​អី​ទាំងអស់​ហ្នឹង​អ៊ីចឹង​គេ​នៅតែ​អាច​កែច្នៃ រក​ចំណេញ​បានតែ អ៊ីចឹង»។

ការ​អះអាង​នេះ បន្ទាប់ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​សេចក្តី​ជូនដំណឹង នៅ​ថ្ងៃទី​២៣ ខែឧសភា ប្រគល់​កិច្ចការ​ឱ្យ​លោក អួន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ រួម​សហការ​គ្នា ធ្វើ​យ៉ាងណា​រៀបចំ​ការ​បើក​ប្រាក់បៀវត្សរ៍​របស់​យោធិន​តាម​ប្រព័ន្ធ​ធនាគារ ជំនួស​ឱ្យ​ការ​បើកប្រាក់​បៀវត្សរ៍​ដោយ​ផ្ទាល់​។ តែ​ក្នុង​សេចក្តី​ជូនដំណឹង មិនបាន​បញ្ជាក់​ថា ការ​បើក​ប្រាក់ខែ​ជូន​ដល់​កងទ័ព​តាម​ប្រព័ន្ធ​ធនាគារ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពេល​ណា​នោះ​ទេ។

កាលពី​ថ្ងៃទី​១៦ ខែឧសភា ក្នុង​ទិវា​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា​លើក​ទី​១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា រដ្ឋាភិបាល​កំពុង​សិក្សា​ផែន​ការ​បើក​ប្រាក់ខែ​ជូន​មន្ត្រី​យោធា​ទាំងអស់​តាម​ប្រព័ន្ធ​ធនាគារ ដែល​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​កាន់តែ​ទូលំទូលាយ សំដៅ​ពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​នៅក្នុង​ចំណោម​កងកម្លាំង​ប្រដាប់​អាវុធ។

នៅ​ព្រឹក​ថ្ងៃទី​២៤ ឧសភា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព​នានា​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រមុខ​រដ្ឋស្តីទី លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ការសម្រេច​របស់​រដ្ឋាភិបាល និង​ចាត់ទុក​ការ​បើក​ប្រាក់​បៀវត្ស៍​ជូន​កងទ័ព​តាម​ប្រព័ន្ធ​ធនាគារ គឺ​បង្ហាញ​ពី​ល្បឿន​នៃ​កំណែទម្រង់​រដ្ឋ និង​ក៏​ឲ្យ​ប្រាកដ​ពី​ចំនួន​ច្បាស់លាស់ មិន​ត្រូវ​បាន​បាត់បង់ ហើយក៏​ជា​វិធានការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ជួរ​កងកម្លាំង។

អ្នក​តាមដាន​សង្គម​កម្ពុជា លើកឡើង​ថា ការ​បើកប្រាក់​តាម​ធនាគារ​នេះ​គឺ​ទាមទារ​ឱ្យ​មាន​ការអនុវត្ត ដោយ​សុចរិត​ភាព និង​ភាពស្មោះត្រង់​របស់​តួអង្គ​ពាក់ព័ន្ធ បើ​មិន​ដូច្នេះ​ទេ​គឺ​នៅតែ​មាន​ភាព​រញ៉េរញ៉ៃ​និង​អំពើពុករលួយ​នៅតែ​កើតមាន​ដដែល​តាមរយៈ​មានតែ​ឈ្មោះ​និង​រូបថត​ដើម្បី​បើក​ប្រាក់ខែ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន កន្លងមក​ថា អំពើពុករលួយ​គឺជា​មេរោគ​ស៊ី​រូង​ផ្ទៃក្នុង ដែល​បំផ្លាញ​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​រដ្ឋ​រខេក​រខាក ហើយក៏​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ទន់ខ្សោយ​ផង​ដែរ ជាពិសេស ចំពោះមុខ​សត្រូវ​ឈ្លានពាន នា​ពេល​នេះ​។ លោក ថា កម្ពុជា​មិនអាច​ចាត់វិធានការ​ចំពោះ​អំពើពុករលួយ​បែប​ពន្លត់​អគ្គិភ័យ​ដោយ​ការ​ដោះស្រាយ​តាម​ករណី​ចាំបាច់​ម្ដងម្កាល​បានទេ ប៉ុន្តែ​ត្រូវ​បង្កើត​ប្រព័ន្ធ​អភិបាលកិច្ច​មួយ​ដែល​មាន​និរន្តរភាព និង​តម្លាភាព​ជាក់លាក់។

យ៉ាងណាក៏ដោយ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​របាយការណ៍​ស្តីអំពី អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៥ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦ ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦៣ ក្នុងចំណោម​ប្រទេស​សរុប​១៨២ នៅ​លើ​ពិភពលោក​។ កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក។

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​ការពារ​ជាតិ​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​គ្រួសារ​ត្រកូល​ហ៊ុន រយៈពេល​ជាង ៣០​ឆ្នាំ​មកនេះ បាន​បង្កើត​ឱ្យ​មាន​អំពើពុករលួយ​ចាក់ឫស​យ៉ាង​ជ្រៅ នៅក្នុង​ជួរ​កងទ័ព ដោយ​មេទាហាន​គ្រាក់ៗ ដែល​ស្និទ្ធ​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច បាន​យក​តួនាទី និង​អំណាច​ទៅ​កាង​មុខរបរ​រកស៊ី និង​ប្រព្រឹត្ត​អំពើពុករលួយ រហូត​ក្លាយជា​អ្នកមាន ខណៈ​កូនទាហាន ដែល​រំពឹង​លើ​ប្រាក់ខែ ដើម្បី​ចិញ្ចឹមជីវិត បាន​ធ្លាក់ខ្លួន​ក្រ រហូត​អ្នកខ្លះ កាន់​ផ្តិល​ដើរ​សុំទាន​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ