ពលរដ្ឋ​​ខេត្ត​ក្រចេះ​ចោទ​ក្រុមហ៊ុន​វៀតណាម លួច​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ និង​ស្រែ​ចម្ការ​សាជាថ្មី

0
117
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​សំពុង​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម លួច​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ និង​ដីស្រែ​ចម្ការ​ពលរដ្ឋ​សាជាថ្មី ដោយ​មិន​មាន​ការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ជាមុន​នោះ​ទេ​។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ត្រូវតែ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជៀសវាង ការ​ឈូស​ឆាយ​រំលោភបំពាន​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក។

ក្រោយ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កសិកម្ម យុវជន​ស្វាយរៀង ចាប់ផ្ដើម​លួច​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក​របស់​សហគមន៍ និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​សាជាថ្មី​ទៀត ពលរដ្ឋ​ថា អាជ្ញាធរ​មូលដ្ឋាន​ហាក់​គ្មាន​អំណាច​រក​ដំណោះស្រាយ និង​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​របស់​ក្រុមហ៊ុន​មួយ​នេះ​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ស្រុក​សំបូរ លោកស្រី អ៊ែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០២ ខែមិថុនា ថា ពលរដ្ឋ​មិនដឹង​ថា ក្រុមហ៊ុន​វៀតណាម​ទទួល​បាន​ដី​សម្បទាន​បន្ថែម​ទៀត ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពុង​សម្រុក​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​បម្រុង​ទុក និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ។ លោកស្រី​ថា រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បានដឹង​នោះ​ទេ ថា​ការ​ឈូស​ឆាយ​នេះ​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ឬ​ក្រៅ​ក្រុមហ៊ុន​។ លោកស្រី​បន្ថែម​ថា កន្លងទៅ​ក្រុមហ៊ុន​វៀតណាម​កសិកម្ម​យុវជន​ស្វាយរៀង​តែងតែ​ឈូស​ឆាយ​បំពាន​យក​ដីស្រែ​ចម្ការ និង​ដី​ព្រៃ​សហគមន៍ ហើយ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់ ឬ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ម្ដងណា​ឡើយ។

លោកស្រី អ៊ែល រ៉ូស្សា៖ «ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ​នេះ​ពិបាក​ហើយ​វេទនាណាស់​គួរតែ​ទុក​អត្ថិភាព​ឲ្យ​គាត់​ខ្លះ ឬ​ឲ្យ​គាត់​អាស្រ័យ​ផល​ទៅ​ឬ​ឲ្យ​តម្លៃ​គាត់​ខ្លះ ដល់ពេល​អ៊ីចឹង​ទៅមក​ធ្វើ​អ្វី​ស្ងាត់ៗ ហើយ​មក​បំពាន​អ៊ីចឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត»។

លោកស្រី អ៊ែល រ៉ូស្សា ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាម​ឃាត​គ្រឿងចក្រ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​និង​យុត្តិធម៌ ហើយ​ត្រូវ​ជូនដំណឹង​ដល់​ពលរដ្ឋ​ជាមុន​សិន មុន​អនុញ្ញាត​ឲ្យ​ក្រុម​ឈូស​ឆាយ​នៅ​ក្នុង​តំបន់​នោះ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី២ ខែ​មិថុនា។

​ទោះជា​យ៉ាងណា រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​វៀតណាម កសិកម្ម យុវជន​ស្វាយរៀង រំលោភ​យក​ដី​ព្រៃ និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ អាជ្ញាធរ​ស្រុក​សំបូរ និង​អាជ្ញាធរ​ខេត្តក្រចេះ តែងតែ​ចេញ​សេចក្ដី​បំភ្លឺ ការពារ​ក្រុមហ៊ុន ដោយ​សំអាង​ថា ក្រុមហ៊ុន​ធ្វើ​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ខណៈ​ក្រុមហ៊ុន​នេះ ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ ដោយ​កាត់​ឆ្វៀល​ដីធ្លី ដែល​ពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្ដែង​ប្រគល់​ឲ្យ​ទៅ​ពលរដ្ឋ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ។ លោក​ថា អាជ្ញាធរ​គួរតែ​ស្ដាប់​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ និង​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ ប្រសើរ​ជាង​ប្រើប្រាស់​រូបភាព​គំរាមកំហែង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​ខូច​មុខមាត់​របស់​រដ្ឋាភិបាល។

លោក យិន ម៉េងលី៖ «​សំខាន់​គឺ​រឿង​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​តម្លាភាព គ្រប់​ភាគ​គី​ទាំងអស់ គ្រប់​ភាគ​គី​ពាក់ព័ន្ធ​នេះ​បាទ ទើប​អាច​ធ្វើការ​ដោះស្រាយ​បាន ចុះ​ពិនិត្យមើល​ទ្បើង​វិញ​ទៅលើ​ការ​អនុវត្ត​ច្បាប់ ពិនិត្យមើល​ទ្បើង​វិញ​ទៅលើ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ផ្សេងៗ ពិនិត្យមើល​ទ្បើង​វិញ​ទៅលើ​មន្ត្រី​ទាំងអស់​ដែរ​ពាក់ព័ន្ធ ថា​តើ​អនុវត្តន៍​ច្បាប់​ត្រឹមត្រូវ​ទេ បើ​មិន​អ៊ីចឹ​ង​ទេ យើង​ដោះ​បញ្ហា​តែ​យើង​ដោះ​អត់​ចំ​ឫសគល់​បញ្ហា​រង​កើតមាន​យើង​ទៅ​ដោះ​រឿង​នឹង ប៉ុន្តែ​ថា​តើ​អ្វី​ដែរ​ជា​មូលហេតុ​សំខាន់​ដែរ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​កើត​ទ្បើង»។

ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ក្រៅពី​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​ហើយ​នោះ ក្រុមហ៊ុន​ទាំងពីរ​នេះ ក៏បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ដុត​ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ព​ល​រដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ជាង​៣០០​គ្រួសារ​។ លើស​ពី​នោះ មេការ​ដែល​ជា​ជនជាតិ​វៀតណាម បាន​គំរាមកំហែង ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ កែ​សំណុំរឿង​ធ្វើ​យ៉ាងណា​ចាប់​តំណាង​ពលរដ្ឋ​បន្ថែម​ទៀត​ដាក់​ពន្ធនាគារ ដោយ​មេការ​រូប​នោះ​ចោទ​ពលរដ្ឋ​ថា តែងតែ​ចេញមុខ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ