

អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងរិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលមិនព្រមកែប្រែកំហុសរឿងគេរិះគន់ថា មិនសូវខ្វល់ខ្វាយលើវិស័យកងទ័ព ប៉ុន្តែ បែរជាងាកមក ជេរប្រមាថអ្នករិះគន់ នៅក្រៅប្រទេស ដោយពាក្យអសុរោះ ហាក់មិនសាកសមជាមេដឹកនាំកំពូលរបស់ជាតិនោះឡើយ។ ពួកគាត់ថា លោក ហ៊ុន សែន មានវ័យកាន់ច្រើនទៅហើយ គួរតែកសាងទង្វើល្អឱ្យបានច្រើន និងផ្ដោតលើការដោះស្រាយបញ្ហាជាតិសំខាន់ៗ ដូចការទាមទារទឹកដី ពីថៃមកវិញ និងធ្វើទំនើបកម្មយោធា ឱ្យមានប្រសិទ្ធភាព គឺជារឿងល្អ ជាជាងមកជេរប្រមាថអ្នកដទៃ។
ក្រោយពីខកខាននិយាយលើវេទិកាជាសាធារណៈមួយរយៈពេលធំ បន្ទាប់ពីផ្ទេរតួនាទីនាយករដ្ឋមន្ត្រីឱ្យទៅកូនគឺ លោក ហ៊ុន ម៉ាណែត ជិត៣ឆ្នាំមក លោក ហ៊ុន សែន ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញចរិត កោងកាចឡើងវិញ នៅតាមវេទិកាសាធារណៈ ដោយគំរាមកំហែង ពលរដ្ឋ និងអ្នកនយោបាយគណបក្សប្រឆាំង ទាំងក្នុងស្រុក និងក្រៅប្រទេស ឥតសំចៃមាត់ ដោយប្រើប្រាស់ពាក្យជេរប្រមាថអសុរោះ និងគ្មានសីលធម៌ ។ អ្នករិះគន់ចាត់ទុក វោហារក្រេវក្រោធរបស់ លោក ហ៊ុន សែន គឺ មិនសមជាមេដឹកនាំកំពូលរបស់ជាតិនោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១២ ខែមិថុនាថា លោក ហ៊ុន សែន ដឹកនាំប្រទេស ជិត៤០ឆ្នាំមកនេះ មិនដែលទទួលស្គាល់កំហុស ឬស្ដាប់មតិរិះគន់អ្នកដទៃនោះទេ ដែលជាទម្លាប់ដ៏អាក្រក់មួយ ទើបធ្វើឱ្យកម្ពុជាមានភាពយឺតយ៉ាវ ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យបានត្រឹមត្រូវ ព្រោះរវល់តែសប្បាយអរ និងការសរសើរ លើកជើងរបស់មន្ត្រីគ្រាប់ល្ពៅមួយចំនួន ខណៈបច្ចុប្បន្ន ជំងឺនេះកំពុងឆ្លងមកលើលោក ហ៊ុន ម៉ាណែត ជាបន្ត។ លោកបន្តថា ការដែលពលរដ្ឋអ្នកនយោបាយ និងអ្នកវិភាគ នៅក្រៅប្រទេសរិះគន់ រដ្ឋាភិបាលត្រកូល«ហ៊ុន» ថា មិនសូវខ្វល់ខ្វាយធ្វើទំនើបយោធា គឺជារឿងត្រូវ ក៏ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលលោកហ៊ុន សែន មិនទទួលស្គាល់កំហុស ហើយបែរជាជេរប្រមាថ អ្នករិះគន់ ដើម្បីបិទបាំងកំហុសខ្លួនឯង ទៅវិញ។
លោក ម៉ែន ណាត៖ «អ៊ីចឹងហើយ ដែលធ្វើឱ្យខ្មែរយើងចេះតែបន្តរងការបំបែកបំបាក់ពីមេដឹកនាំកាន់អំណាច នាំឱ្យខាងសៀមមានឱកាសឈ្លានពានខ្មែរមានឱកាសឈ្លានពានកាន់តែច្រើន។ បង្កឱ្យគ្រោះថ្នាក់បាត់បង់ទឹកដីថែម ហើយកាលណាបាត់បង់ទឹកដី យើងដឹងស្រាប់ហើយអ្នកណាដែលធ្វើឱ្យបាត់បង់ទឹកដី ។ មិនមែនពួកគណបក្សប្រឆាំងធ្វើឱ្យបាត់បង់ទឹកដីទេ កុំច្រឡំគណបក្សប្រឆាំងគ្មានឱកាសទៅធ្វើឱ្យបាត់បង់ទឹកដីបានទេ គឺមានតែពួកកាន់អំណាចហ្នឹងឯង»។
ប្រតិកម្មនេះធ្វើឡើង ក្រោយពី លោក ហ៊ុន សែន បានថ្លែងនៅឯក្រុមហ៊ុនរោងចក្រផលិតសម្ភារៈយោធា ឌីអេសអេស (DSS) នៅខេត្តបាត់ដំបង់ កាលពីថ្ងៃទី១១ ខែមិថុនា ដោយ លោក កោតសរសើរ ក្រុមហ៊ុនខ្មែរ ដែលអាចផលិតសម្ភារៈយោធាដោយខ្លួនឯងបាន មិនចាំបាច់ទិញពីក្រៅប្រទេសបន្តទៀត។ លោកបានអួតថា នៅពេលអនាគត វិស័យយោធានៅកម្ពុជា នឹងកាន់តែរីកចម្រើន និងខ្លាំងជាងមុន។ ក្រៅតែពីការអួតអាង លោក ហ៊ុន សែន ក៏ជេរប្រមាថខ្លាំងៗ មកលើ អ្នកដែលរិះគន់ ពីបញ្ហាដែលថារដ្ឋាភិបាលមិនអើពើលើកងទ័ព ទើបធ្វើឱ្យចាញ់សង្គ្រាមជាមួយថៃ បាត់បង់ទឹកដីអស់ជាច្រើនទីតាំង ដោយលោក សង្កត់ធ្ងន់ថា «ពួកអ្នកឯងស្គាល់ ហ៊ុន សែន តិចពេកហើយ»។
លោក ហ៊ុន សែន៖ «អញនិយាយអំពីចំណុចខ្វះខាតទាំងឡាយ ដែលត្រៀមរៀបចំខ្លួនមិនបានល្អ។ ឯងត្រូវយល់ បើមិនស្គាល់ហ៊ុន សែនច្បាស់ទេ ឯងត្រូវរៀនទៀត។ បើរៀនជាតិនេះមិនច្បាស់ទេជាតិ ក្រោយឯងរៀនទៀត ។ អ៊ីចឹងផ្ដាំទៅឆ្កែប៉ុន្មានក្បាលនោះ ដែលព្រុសមិនឈប់ ហើយបើព្រុស ពេលណាក៏ព្រុស អ្នកឯង រង់ចាំមើលលទ្ធផលទៅ។ សមត្ថភាពរបស់កម្ពុជាគឺអាចធ្វើបាន នៅពេលខាងមុខ អ្នកឯងចាំមើល ឧស្សាហកម្មយោធាកម្ពុជាខ្លាំងប៉ុណ្ណោះ ។ នេះជាការប្ដេជ្ញាចិត្ត ក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់នៅប្រទេសកម្ពុជា»។
ប្រតិកម្មរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ គឺបន្ទាប់ពីពលរដ្ឋនិងអ្នកឃ្លាំមើល បានរិះគន់ថា ការចេញមុខសារភាពជាសាធារណៈរបស់លោក ហ៊ុន សែន ដែលថា លោកបានបង្កើត«កំហុសយុទ្ធសាស្ត្រ» ដោយសារតែ «ការជឿទុកចិត្តលើប្រទេសថៃខ្លាំងពេក» រហូតមិនបានត្រៀមលក្ខណៈប្រយុទ្ធ និងមិនបានពង្រឹងវិស័យយោធារហូតដល់ថ្នាក់ចាញ់សង្គ្រាមនោះ គឺជាការលាតត្រដាងនូវភាពបរាជ័យនៃការដឹកនាំ និងការខ្វះចក្ខុវិស័យវែងឆ្ងាយក្នុងការការពារបូរណភាពទឹកដី។
លើសនេះ ពួកគាត់ លើកឡើងថា ប្រសិនបើនៅក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ និងមាននីតិរដ្ឋវិញ លោក ហ៊ុន សែន មិនអាចត្រឹមតែសារភាពសុំទោសហើយបន្តកាន់អំណាចកំពូលដដែលនោះទេ គឺលោក និងកូនប្រុសគឺលោក ហ៊ុន ម៉ាណែត ប្រាកដជានឹងត្រូវបណ្ដេញចេញពីអំណាច ហើយប្រឈមមុខនឹងការស៊ើបអង្កេតតាមផ្លូវច្បាប់ចំពោះការធ្វេសប្រហែសរហូតបណ្ដាលឲ្យបាត់បង់ទឹកដី ហើយប្រជាពលរដ្ឋ និងទាហាន ស្លាប់បាត់បង់ជីវិតរាប់សិបនាក់។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ថា ការដែល លោក ហ៊ុន សែន បន្តប្រើភាសាក្រេវក្រោធ និងអសីលធម៌ មកលើ បក្សប្រឆាំង និងអ្នករិះគន់នៅក្រៅប្រទេស គឺជាទង្វើដ៏ ស្មោកគ្រោក ដែល លោក ហ៊ុន សែន តែងតែប្រើប្រាស់។ លោកសង្កេតឃើញថា ទម្លាប់អាក្រក់ នេះ ត្រូវបានមន្ត្រីក្រោមឱវាទរបស់លោកយកទៅអនុវត្តដើម្បីគំរាមកំហែងពលរដ្ឋ ក្នុងចេតនាគេចវេះពីការទំនួលខុសត្រូវ ដោះស្រាយបញ្ហាជាតិ និងការពារ អំពើទុច្ចរិត របស់ខ្លួនដែលបានប្រព្រឹត្ត។
លោក អ៊ុំ សំអាន៖ «នៅប្រទេសគេរីកចម្រើន មេដឹកនាំគេប្រយ័ត្នណាស់ ពាក្យសម្ដី។ បើគាត់និយាយតែខុសពាក្យអសុរោះអីតិចនឹង គេសុំទោសប្រជាពលរដ្ឋគេហើយ។ តែនេះ និយាយពាក្យអសុរោះហើយ បែរជាអ្នកចូលរួមវេទិកាហ្នឹង ទះដៃហ៊ូ វាទៅជារឿងអសីលធម៌ទាំងអស់គ្នា ទាំងអ្នកដឹកនាំ ទាំងអ្នកហែហម។ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល»។
ពលរដ្ឋ និងមន្ត្រីបក្សប្រឆាំង ជំរុញឱ្យ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គួរតែផ្ដោតលើការដោះស្រាយបញ្ហាជាតិ សំខាន់ ដូចជាទាមទារទឹកដីពីថៃមកវិញ និងធ្វើទំនើបកម្មយោធាឱ្យរឹងមាំ ដើម្បីបម្រើផលប្រយោជន៍រួម គឺជារឿងដែលរដ្ឋាភិបាលត្រូវធ្វើ។ ជាមួយគ្នានោះ ពួកគាត់ថា រដ្ឋាភិបាល គួរតែបញ្ឈប់ ទម្លាប់អាក្រក់ ដូចជាការ ជេរប្រមាថ អ្នកដទៃ និងការធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ ព្រោះ ការរិះគន់របស់ពលរដ្ឋ ទាំងក្នុងនិងក្រៅស្រុក គ្មានគោលដៅអ្វី ក្រៅតែ ចង់ឱ្យប្រទេសជាតិរីកចម្រើន ព្រោះប្រទេសជាតិនេះ មិនមែនជាកម្មសិទ្ធិរបស់ត្រកូល«ហ៊ុន»នោះទេ គឺជារបស់ពលរដ្ឋទាំងមូល ដូច្នេះ ពលរដ្ឋមានសិទ្ធិចូលរួមសម្ដែងមតិដើម្បីការពារផលប្រយោជន៍ជាតិ៕









