

អ្នកវិភាគថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែដោះលែងមេធាវី និងជាអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោ គឺកញ្ញា សេង ធារី និងសកម្មជនដទៃទៀត ឱ្យមានសេរីភាពឡើងវិញ ដើម្បីផ្សះផ្សាជាតិ។ ការលើកឡើងនេះក្រោយពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House អំពាវនាវជាថ្មី ដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែង កញ្ញា សេង ធារី ព្រោះពួកគេបារម្ភថា ការផ្ដន្ទាទោសកញ្ញា ដាក់ពន្ធនាគារ៦ឆ្នាំ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
៤ឆ្នាំហើយ ដែលអ្នកការពារសិទ្ធិមនុស្សដ៏ល្បី និងជាមេធាវីអន្តរជាតិ គឺកញ្ញា សេង ធារី ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសទោសឱ្យជាប់ពន្ធនាគារពីបទ«រួមគំនិតក្បត់»និងបទ«ញុះញង់» ក្រោយពីកញ្ញាបានបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ សហគមន៍អន្តរជាតិ បានរិះគន់ការផ្ដន្ទាទោសកញ្ញា សេង ធារី គឺជាការសងសឹកផ្នែកនយោបាយ របស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៥ ខែមិថុនា ថា ក្នុងស្ថានភាពប្រទេសជាតិបច្ចុប្បន្ន កម្ពុជាមិនទទួលបានផលវិជ្ជមាន ពីការចាប់ពលរដ្ឋ និងការបន្តឃុំខ្លួន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស រួមនិង កញ្ញា សេង ធារី នោះទេ។ លោកថាដើម្បីស្ដារមុខមាត់ជាតិឡើងវិញ នៅលើឆាកអន្តរជាតិ និងដើម្បីពន្លឿនការដោះស្រាយបញ្ហាថៃឈ្លានពានទឹកដី ឱ្យកាន់តែមានប្រសិទ្ធភាព គឺមានតែការផ្សះផ្សានិងការបង្រួបបង្រួមជាតិឱ្យខ្លាំងប៉ុណ្ណោះ ទើបកម្ពុជា មានទឹកមាត់ ប្រៃ និងងាយស្រួលដោះស្រាយបញ្ហាជាតិធំៗបាន។
បណ្ឌិត មាស នី៖ «រួមនឹងការអំពាវនាវរបស់អង្គការអន្តរជាតិមួយនេះ ហើយ ដោយសារតែ យោងទៅលើស្ថានភាពបច្ចុប្បន្ន ដែលកំពុងតែប្រឈមជាមួយនឹងថៃហើយ មានការបាត់បង់ទឹកដីដែលយើង មិនទាន់ដឹងថា អាចនឹងយកបានមកវិញដោយរបៀបបាននោះ ។ ខ្ញុំគិតថាការដោះលែងអ្នកនយោបាយ ដែលយើងគិតថាជាអ្នកទោសនយោបាយទាំងឡាយ ដែលកំពុងជាប់ ឃុំ រួមទាំងកញ្ញា សេង ធារី ផងគួរតែត្រូវបានធ្វើឡើង ជាបណ្ដើរៗទៅ ដើម្បីបង្ហាញអំពីដំណើរឈានទៅរកការមានឯកភាពពិតប្រាកដ»។
ការលើកឡើងនេះ ក្រោយពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House នៅថ្ងៃទី១៤ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍ រំលឹក ខួបបួនឆ្នាំនៃការចាប់ខ្លួនមេធាវី និងជាអ្នកការពារសិទ្ធិមនុស្សសញ្ជាតិ ខ្មែរ-អាម៉េរិក គឺ កញ្ញា សេង ធារី ដាក់ពន្ធនាគារ ទាំងអយុត្តិធម៌នៅកម្ពុជា។ អង្គការអន្តរជាតិនេះ បានពិពណ៌នា អំពីកញ្ញា សេង ធារីថា ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយ កញ្ញា បានផ្លាស់ប្ដូរ រឿងរ៉ាវដ៏ឈឺចាប់ផ្ទាល់ខ្លួន ទៅជាការប្ដេជ្ញាចិត្តពេញមួយជីវិត ដើម្បីយុត្តិធម៌ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានោះ សេចក្ដីក្លាហានរបស់កញ្ញា នៅតែបន្តជា ប្រភពកម្លាំងចិត្តដល់មនុស្សជុំវិញពិភពលោក ដូច្នេះហើយ ពួកគេអំពាវនាវ ឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែង កញ្ញា សេង ធារី ជាបន្ទាន់។
សេចក្ដីថ្លែងការណ៍ដដែលបានរៀបរាប់ពីភាពអង់អាចរបស់កញ្ញាសេង ធារី ថា ដោយសារតែ ការមិនខ្លាចរអាចំពោះការគំរាមកំហែង ឬការចាប់ដាក់ពន្ធនាគារ កញ្ញាបានរិះគន់មិនសំចៃមាត់ប្រឆាំងនឹងលោក ហ៊ុន សែន យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ហើយបានបង្ហាញ ជំហរគាំទ្រមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន គឺលោក សម រង្ស៊ី ដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាព នោះឡើយ។ ទន្ទឹមគ្នានោះ កញ្ញាតែងតែ រិះគន់យ៉ាងខ្លាំងប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស របស់ លោក ហ៊ុន សែន និង ការបិទសិទ្ធិសេរីភាពមកលើសកម្មជនគណបក្សប្រឆាំង។
ស្ថាប័នអន្តរជាតិនេះ ក៏បានបង្ហាញថា កាលពីអំឡុងពេលតតាំងក្ដីនៅតុលាការ កញ្ញា សេង ធារី តែងតែទៅចូលរួមសវនាការ សំលៀកបំពាក់ប្លែកៗ ដើម្បីទាក់ទាញភ្នែកមហាជន ក្នុងគោលបំណង បង្ហាញពីការពិតនៃល្ខោននយោបាយប្រឆាំង និងកញ្ញា រួមនិងជនជាប់ចោទ រាប់សិបនាក់ទៀត ដែលរងការចោទប្រកាន់ទាំងអយុត្តិធម៌ កាលពីខែមិថុនា ឆ្នាំ២០២២។ គ្រានោះ អាជ្ញាធរ បានចាប់ខ្លួន កញ្ញា សេង ធារី ដោយហិង្សា រុញចូលក្នុងឡានភ្លាមៗ រួចដឹកទៅឃុំនៅពន្ធនាគារ ដាច់ ស្រយាលមួយនៅខេត្តព្រះវិហារ ក្រោយពីតុលាការប្រកាសសាលក្រមរួច។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិនេះ បានបញ្ជាក់ថា លោក ហ៊ុន សែន និងបក្ខពួកមិនស្គាល់ថា កញ្ញាសេង ធារី ជានរណាពិតប្រាកដនោះទេ នាងគឺជាអ្នកប្រយុទ្ធម្នាក់ដែលមិនបោះបង់ការតស៊ូដើម្បីសេរីភាពឡើយ។ ក្នុងនាម ជាអ្នកមានសញ្ជាតិពីរ គឺអាមេរិក និងខ្មែរ កញ្ញាអាចភៀសខ្លួនចេញពីប្រទេសកម្ពុជា បានយ៉ាងងាយស្រួល ក្នុងអំឡុង ពេលកាត់ក្ដី ប៉ុន្តែ ផ្ទុយទៅវិញ កញ្ញាបានក្រាញននៀល ប្រឈមមុខជាមួយអំពើអយុត្តិធម៌ នៅកម្ពុជា។ ជាក់ស្ដែងនៅ មុនពេលត្រូវបានកាត់ទោស កញ្ញាបានកាត់សក់វែងចេញ គួរឱ្យភ្ញាក់ផ្អើល នៅក្នុងវីដេអូផ្សាយផ្ទាល់ (Live) ដោយប្រកាសថា កញ្ញាបានត្រៀមខ្លួនរួចជាស្រេចដើម្បីជាប់ពន្ធនាគារ។
អង្គការFreedom House ក៏បានរំលឹកថា នៅថ្ងៃប្រកាសសាលក្រមនោះ កញ្ញាបានធ្វើដំណើរដោយថ្មើរជើងហើយស្លៀកពាក់ រូបតំណាង«ស្ត្រីសេរីភាព» ឆ្ពោះទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ហើយ កញ្ញាបានប្រកាសតាមវីដេអូផ្សាយផ្ទាល់យ៉ាងក្លាហានថា៖ «របបផ្ដាច់ការនេះចង់បញ្ឈប់ខ្ញុំមិនឱ្យដកដង្ហើម» ហើយ «របបផ្ដាច់ការនេះ ចង់ចាប់ សេរីភាពដាក់គុក»។ ក្រោយមកទៀត អំឡុងពេលកញ្ញាជាប់ពន្ធនាគារ អស់រយៈពេល១ឆ្នាំ នៅខែកក្កដា ឆ្នាំ២០២៣ កញ្ញា សេង ធារី បានធ្វើកូដកម្មអត់អាហាររយៈពេល ១០ ថ្ងៃនៅក្នុងពន្ធនាគារដើម្បីទាក់ទាញការយកចិត្តទុកដាក់បន្ថែម ចំពោះស្ថានភាពលំបាករបស់អ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជា។
ការរៀបរាប់ពីទុក្ខលំបាក និងជីវិតតស៊ូរបស់កញ្ញាសេង ធារី ពីសំណាក់ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House នេះធ្វើឡើង ក្រោយពីពួកគេព្រួយបារម្ភថា ជាច្រើនឆ្នាំមកនេះ មេដឹកនាំផ្ដាច់ការនៅលើពិភពលោក បានចាក់ឫសយ៉ាងរឹងមាំ ហើយ បានចាត់ទុកការទាមទាររបស់សកម្មជនសិទ្ធិមនុស្ស និងមេធាវីឯករាជ្យដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ថាជាការគំរាមកំហែង ដល់ការក្ដោបក្ដាប់អំណាចរបស់ពួកគេ ហើយជាលទ្ធផល ពួកគេបានបង្កើនការបង្ក្រាបទ្វេដង ដើម្បីបំបិទមាត់អ្នករិះគន់។ ដូច្នេះ អង្គការ Freedom House មានគោលបំណងកត់ត្រា និងសិក្សាអំពីករណីរបស់សកម្មជនរាប់ពាន់នាក់ រួមនឹងកញ្ញា សេង ធារី ដែលត្រូវបានចាប់ដាក់ពន្ធនាគារ និងដកហូតសេរីភាព ដើម្បីជា ការតស៊ូមតិ ឱ្យមានការដោះលែងជាបន្ទាន់។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានតែនៅថ្ងៃទី១៥ ខែមិថុនា ដោយហៅទូរស័ព្ទចូលគ្មានតែអ្នកទទួល។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោស និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមនុស្ស ចំនួន ៣១ រួមនឹង កញ្ញា សេង ធារី ដាក់ពន្ធនាគារចំនួន៦ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់» និងបទ«ញុះញង់» ក្រោយពីសកម្មជននយោបាយទាំងនោះ តែងតែរិះគន់រដ្ឋាភិបាល និង គាំទ្រដំណើរមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំង គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩។ គ្រានោះមានសកម្មជនខ្លះ បានរត់ទៅក្រៅប្រទេស ហើយ សកម្មជនខ្លះទៀតត្រូវបានចាប់ដាក់ពន្ធនាគារ ជាបន្តបន្ទាប់ មុនការប្រកាសសាលក្រម ដោយសារតែ រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញខ្លាំងពេក។ កញ្ញា សេង ធារី បានប្ដឹងទៅកាន់សាលាឧទ្ធរណ៍ និងតុលាការកំពូលជំទាស់នឹងសាលក្រមរបស់សាលាដំបូង ប៉ុន្តែតុលាការជាន់ខ្ពស់ទាំងពីរ សុទ្ធតែរក្សាការសម្រេចរបស់សាលាដំបូងទុកជាបានការដដែល។
បន្ទាប់ពីមានការចាប់ខ្លួន កញ្ញាសេង ធារី និងការផ្ដន្ទាទោសសកម្មជនដទៃទៀត ស្ថានទូតប្រទេសប្រជាធិបតេយ្យ និង អង្គការការពារសិទ្ធិមនុស្សអន្តរជាតិដូចជា Human Rights Watch ជាដើម បានរិះគន់សាលក្រមរបស់តុលាការនោះ ថាជារឿង«អយុត្តិធម៌» ព្រោះវាគឺជារឿង«នយោបាយ»។ ពួកគេ បារម្ភថា ការផ្ដន្ទាទោសមកលើសកម្មជនទ្រង់ទ្រាយធំនេះ គឺជាការរំលោភ សិទ្ធិមនុស្ស និងបំផ្លាញ ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានោះ អង្គការជាតិ និងអន្តរជាតិ នៅតែបន្តទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងស្ដារប្រព័ន្ធប្រជាធិបតេយ្យឡើង វិញតាមរយៈការដោះលែង សកម្មជននយោបាយទាំងអស់រហូតមកទល់បច្ចុប្បន្ន ខណៈ ស្ថានភាពនយោបាយ និងសិទ្ធិមនុស្ស នៅកម្ពុជា នៅតែ អាក្រក់ដដែល៕









