អ្នកវិភាគ​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង កញ្ញា សេង ធារី ខណៈ​សហគមន៍​អន្តរជាតិ​អំពាវនាវ​ជា​ថ្មី​ទៀត

0
37
មេធាវី និងជាអ្នកការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ កញ្ញា សេង ធារី។ រូប៖ បណ្ដាញសង្គម
មេធាវី និងជាអ្នកការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ កញ្ញា សេង ធារី។ រូប៖ បណ្ដាញសង្គម

អ្នកវិភាគ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែ​ដោះលែង​មេធាវី និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ គឺ​កញ្ញា សេង ធារី និង​សកម្មជន​ដទៃទៀត ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ផ្សះផ្សា​ជាតិ​។ ការ​លើកឡើង​នេះ​ក្រោយពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Freedom House អំពាវនាវ​ជាថ្មី ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង កញ្ញា សេង ធារី ព្រោះ​ពួកគេ​បារម្ភ​ថា ការ​ផ្ដន្ទាទោស​កញ្ញា ដាក់​ពន្ធនាគារ​៦​ឆ្នាំ គឺជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

៤​ឆ្នាំ​ហើយ ដែល​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ល្បី និង​ជា​មេធាវី​អន្តរជាតិ គឺ​កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ ផ្ដន្ទាទោស​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី​បទ​«​រួមគំនិត​ក្បត់​»​និង​បទ​«​ញុះញង់​» ក្រោយពី​កញ្ញា​បាន​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ សហគមន៍​អន្តរជាតិ បាន​រិះគន់​ការ​ផ្ដន្ទាទោស​កញ្ញា សេង ធារី គឺជា​ការ​សងសឹក​ផ្នែក​នយោបាយ របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែមិថុនា ថា ក្នុង​ស្ថានភាព​ប្រទេសជាតិ​បច្ចុប្បន្ន កម្ពុជា​មិន​ទទួល​បាន​ផល​វិជ្ជមាន ពី​ការ​ចាប់​ពលរដ្ឋ និង​ការ​បន្ត​ឃុំខ្លួន សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស រួម​និង កញ្ញា សេង ធារី នោះ​ទេ​។ លោក​ថា​ដើម្បី​ស្ដារ​មុខមាត់​ជាតិ​ឡើងវិញ នៅ​លើ​ឆាក​អន្តរជាតិ និង​ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ថៃ​ឈ្លានពាន​ទឹកដី ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព គឺ​មានតែ​ការផ្សះផ្សា​និង​ការ​បង្រួបបង្រួម​ជាតិ​ឱ្យ​ខ្លាំង​ប៉ុណ្ណោះ ទើប​កម្ពុជា មាន​ទឹកមាត់ ប្រៃ និង​ងាយស្រួល​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​បាន។

បណ្ឌិត មាស នី៖ «រួម​នឹង​ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ហើយ ដោយសារតែ យោង​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន ដែល​កំពុងតែ​ប្រឈម​ជាមួយនឹង​ថៃ​ហើយ មាន​ការ​បាត់បង់​ទឹកដី​ដែល​យើង មិនទាន់​ដឹង​ថា អាច​នឹង​យក​បាន​មកវិញ​ដោយ​របៀប​បាន​នោះ ។ ខ្ញុំ​គិតថា​ការ​ដោះលែង​អ្នកនយោបាយ ដែល​យើង​គិតថា​ជា​អ្នក​ទោស​នយោបាយ​ទាំង​ឡាយ ដែល​កំពុង​ជាប់ ឃុំ រួម​ទាំង​កញ្ញា សេង ធារី ផង​គួរតែ​ត្រូវ​បាន​ធ្វើឡើង ជា​បណ្ដើរៗ​ទៅ ដើម្បី​បង្ហាញ​អំពី​ដំណើរ​ឈាន​ទៅ​រក​ការ​មាន​ឯកភាព​ពិតប្រាកដ»។

ការ​លើកឡើង​នេះ ក្រោយពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Freedom House នៅ​ថ្ងៃទី​១៤ ខែមិថុនា បាន​ចេញ​សេចក្ដីថ្លែងការណ៍ រំលឹក ខួប​បួន​ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​មេធាវី និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​សញ្ជាតិ ខ្មែរ​-​អាម៉េរិក គឺ កញ្ញា សេង ធារី ដាក់​ពន្ធនាគារ ទាំង​អយុត្តិធម៌​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​នេះ បាន​ពិពណ៌នា អំពី​កញ្ញា សេង ធា​រី​ថា ជា​អ្នក​រស់រាន​មានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ កញ្ញា បាន​ផ្លាស់ប្ដូរ រឿងរ៉ាវ​ដ៏​ឈឺចាប់​ផ្ទាល់ខ្លួន ទៅជា​ការ​ប្ដេជ្ញាចិត្ត​ពេញ​មួយ​ជីវិត ដើម្បី​យុត្តិធម៌ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ សេចក្ដីក្លាហាន​របស់​កញ្ញា នៅតែ​បន្ត​ជា ប្រភព​កម្លាំងចិត្ត​ដល់​មនុស្ស​ជុំវិញ​ពិភពលោក ដូច្នេះហើយ ពួកគេ​អំពាវនាវ ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង កញ្ញា សេង ធារី ជាបន្ទាន់។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​រៀបរាប់​ពី​ភាព​អង់អាច​របស់​កញ្ញា​សេង ធារី ថា ដោយសារតែ ការ​មិន​ខ្លាចរអា​ចំពោះ​ការ​គំរាមកំហែង ឬ​ការ​ចាប់​ដាក់​ពន្ធនាគារ កញ្ញា​បាន​រិះគន់​មិន​សំចៃមាត់​ប្រឆាំង​នឹង​លោក ហ៊ុន សែន យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ហើយ​បាន​បង្ហាញ ជំហរ​គាំទ្រ​មេដឹកនាំ​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន គឺ​លោក សម រង្ស៊ី ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព នោះ​ឡើយ​។ ទន្ទឹមគ្នា​នោះ កញ្ញា​តែងតែ រិះគន់​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស របស់ លោក ហ៊ុន សែន និង ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​សកម្មជន​គណបក្សប្រឆាំង។

ស្ថាប័ន​អន្តរជាតិ​នេះ ក៏បាន​បង្ហាញថា កាលពី​អំឡុង​ពេល​តតាំង​ក្ដី​នៅ​តុលាការ កញ្ញា សេង ធារី តែងតែ​ទៅ​ចូលរួម​សវនាការ សំលៀកបំពាក់​ប្លែកៗ ដើម្បី​ទាក់ទាញ​ភ្នែក​មហាជន ក្នុង​គោលបំណង បង្ហាញ​ពី​ការពិត​នៃ​ល្ខោន​នយោបាយ​ប្រឆាំង និង​កញ្ញា រួម​និង​ជនជាប់ចោទ រាប់​សិប​នាក់​ទៀត ដែល​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២​។ គ្រានោះ អាជ្ញាធរ បាន​ចាប់ខ្លួន កញ្ញា សេង ធារី ដោយ​ហិង្សា រុញ​ចូលក្នុង​ឡាន​ភ្លាមៗ រួច​ដឹក​ទៅ​ឃុំ​នៅ​ពន្ធនាគារ ដាច់ ស្រយាល​មួយ​នៅ​ខេត្តព្រះវិហារ ក្រោយ​ពី​តុលាការ​ប្រកាស​សាលក្រម​រួច។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ បាន​បញ្ជាក់​ថា លោក ហ៊ុន សែន និង​បក្ខពួក​មិន​ស្គាល់​ថា កញ្ញា​សេង ធារី ជា​នរណា​ពិតប្រាកដ​នោះ​ទេ នាង​គឺជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដែល​មិន​បោះបង់​ការ​តស៊ូ​ដើម្បី​សេរីភាព​ឡើយ​។ ក្នុងនាម ជា​អ្នកមាន​សញ្ជាតិ​ពីរ គឺ​អាមេរិក និង​ខ្មែរ កញ្ញា​អាច​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា បាន​យ៉ាង​ងាយស្រួល ក្នុង​អំឡុង ពេល​កាត់ក្ដី ប៉ុន្តែ ផ្ទុយទៅវិញ កញ្ញា​បាន​ក្រាញ​ននៀល ប្រឈមមុខ​ជាមួយ​អំពើ​អយុត្តិធម៌ នៅ​កម្ពុជា​។ ជាក់ស្ដែង​នៅ មុន​ពេល​ត្រូវ​បាន​កាត់ទោស កញ្ញា​បាន​កាត់​សក់​វែង​ចេញ គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់ (Live) ដោយ​ប្រកាស​ថា កញ្ញា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជាប់​ពន្ធនាគារ។

អង្គការ​Freedom House ក៏បាន​រំលឹក​ថា នៅ​ថ្ងៃ​ប្រកាស​សាលក្រម​នោះ កញ្ញា​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ហើយ​ស្លៀកពាក់ រូបតំណាង​«​ស្ត្រី​សេរីភាព​» ឆ្ពោះ​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ កញ្ញា​បាន​ប្រកាស​តាម​វីដេអូ​ផ្សាយ​ផ្ទាល់​យ៉ាង​ក្លាហាន​ថា​៖ «​របប​ផ្ដាច់ការ​នេះ​ចង់​បញ្ឈប់​ខ្ញុំ​មិន​ឱ្យ​ដកដង្ហើម​» ហើយ «​របប​ផ្ដាច់ការ​នេះ ចង់​ចាប់ សេរីភាព​ដាក់គុក​»​។ ក្រោយ​មក​ទៀត អំឡុង​ពេល​កញ្ញា​ជាប់ពន្ធនាគារ អស់​រយៈពេល​១​ឆ្នាំ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ កញ្ញា សេង ធារី បាន​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈពេល ១០ ថ្ងៃ​នៅក្នុង​ពន្ធនាគារ​ដើម្បី​ទាក់ទាញ​ការ​យកចិត្តទុកដាក់​បន្ថែម ចំពោះ​ស្ថានភាព​លំបាក​របស់​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​រៀបរាប់​ពី​ទុក្ខ​លំបាក និង​ជីវិត​តស៊ូ​របស់​កញ្ញា​សេង ធារី ពី​សំណាក់ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Freedom House នេះ​ធ្វើឡើង ក្រោយពី​ពួកគេ​ព្រួយបារម្ភ​ថា ជាច្រើន​ឆ្នាំ​មកនេះ មេដឹកនាំ​ផ្ដាច់ការ​នៅ​លើ​ពិភពលោក បាន​ចាក់ឫស​យ៉ាង​រឹងមាំ ហើយ បាន​ចាត់ទុក​ការ​ទាមទារ​របស់​សកម្មជន​សិទ្ធិមនុស្ស និង​មេធាវី​ឯករាជ្យ​ដើម្បី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ថា​ជា​ការ​គំរាមកំហែង ដល់​ការ​ក្ដោបក្ដាប់​អំណាច​របស់​ពួកគេ ហើយ​ជា​លទ្ធផល ពួកគេ​បាន​បង្កើន​ការ​បង្ក្រាប​ទ្វេដង ដើម្បី​បំបិទមាត់​អ្នក​រិះគន់​។ ដូច្នេះ អង្គការ Freedom House មាន​គោលបំណង​កត់ត្រា និង​សិក្សា​អំពី​ករណី​របស់​សកម្មជន​រាប់ពាន់​នាក់ រួម​នឹង​កញ្ញា សេង ធារី ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​ដកហូត​សេរីភាព ដើម្បី​ជា ការ​តស៊ូ​មតិ ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានតែ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​តែ​អ្នកទទួល។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​មនុស្ស ចំនួន ៣១ រួម​នឹង កញ្ញា សេង ធារី ដាក់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ ក្រោម​បទ​ចោទ​«​រួមគំនិត​ក្បត់​» និង​បទ​«​ញុះញង់​» ក្រោយពី​សកម្មជន​នយោបាយ​ទាំងនោះ តែងតែ​រិះគន់​រដ្ឋាភិបាល និង គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មេ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ​២០១៩​។ គ្រានោះ​មាន​សកម្មជន​ខ្លះ បាន​រត់​ទៅ​ក្រៅប្រទេស ហើយ សកម្មជន​ខ្លះទៀត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ជា​បន្តបន្ទាប់ មុន​ការប្រកាស​សាលក្រម ដោយសារតែ រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​ខ្លាំងពេក​។ កញ្ញា សេង ធារី បាន​ប្ដឹង​ទៅកាន់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំង​ពី​រ សុទ្ធតែ​រក្សា​ការសម្រេច​របស់​សាលាដំបូង​ទុកជា​បាន​ការ​ដដែល។

បន្ទាប់ពី​មានការ​ចាប់ខ្លួន កញ្ញា​សេង ធារី និង​ការ​ផ្ដន្ទាទោស​សកម្មជន​ដទៃទៀត ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ និង អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ដូចជា Human Rights Watch ជាដើម បាន​រិះគន់​សាលក្រម​របស់​តុលាការ​នោះ ថា​ជា​រឿង​«​អយុត្តិធម៌​» ព្រោះ​វា​គឺជា​រឿង​«​នយោបាយ»។ ពួកគេ បារម្ភ​ថា ការ​ផ្ដន្ទាទោស​មក​លើ​សកម្ម​ជន​ទ្រង់ទ្រាយ​ធំ​នេះ គឺជា​ការរំលោភ សិទ្ធិមនុស្ស និង​បំផ្លាញ ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​។ ជាមួយគ្នា​នោះ អង្គការ​ជាតិ និង​អន្តរជាតិ នៅតែ​បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើង វិញ​តាមរយៈ​ការ​ដោះលែង សកម្មជន​នយោបាយ​ទាំងអស់​រហូត​មក​ទល់​បច្ចុប្បន្ន ខណៈ ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា នៅតែ អាក្រក់​ដដែល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ