អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​ការពារ​កម្មករ​បំរើ​ការ​តាម​ផ្ទះ

0
36
ស្ត្រីដែលប្រើហិង្សា​លើ​ស្ត្រី​បំរើ​ការងារ​តាម​ផ្ទះ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូប៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តបន្ទាយមានជ័យ
ស្ត្រីដែលប្រើហិង្សា​លើ​ស្ត្រី​បំរើ​ការងារ​តាម​ផ្ទះ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូប៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តបន្ទាយមានជ័យ

សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្នើ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់ ការពារ​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ងាយ​រងគ្រោះ​ខ្លាំង​។ ការ​ស្នើសុំ​នេះ គឺ​ក្រោយពេល​ដែល​មាន​ករណី​ហិង្សា​កើតឡើង​លើ​ស្ត្រី​បំរើ​ការងារ​តាម​ផ្ទះ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​ម្ចាស់ផ្ទះ​វាយដំ និង​គំរាម​កាត់​ម្រាមដៃ​ចោល​ដោយ​ចោទ​ថា អ្នកបំរើ​លួច​ទូរ​សព្ទ​របស់​សង្សារ​ខ្លួន​ជា​ជន​ជាតិចិន។

អ្នកការពារ​សិទ្ធិ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​យល់ឃើញ​ថា ច្បាប់​ការងារ​នៅ​កម្ពុជា​ហាក់​នៅ​មាន​ចន្លោះប្រហោង និង​ឆក​ល្វែង​ខ្លាំង ចំពោះ​ការ​ការពារ​ស្ត្រី​ជា​កម្មករ​បំរើ​ការ​ងារ​តាម​ផ្ទះ​។ ការ​លើក​ឡើង​នេះ គឺ​ក្រោយពេល​មាន​ករណី​ថ្មី​មួយ ដែល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រង​អំពើ​ហិង្សា​ពី​ថៅកែ។

កាលពី​ថ្ងៃទី​២៨ ខែមិថុនា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​ហាង​សាឡន​ម្នាក់​អាយុ​៣០​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយ​ស្ត្រី​រូប​នោះ​វាយ​ធ្វើបាប​និង​ចាប់​បង្ខាំង​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​បម្រើ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​នានា ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ុត ខុន អាយុ​៥៩​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​ស្ត្រី​មេម៉ាយ​គ្មាន​កូន ត្រូវ​ម្ចាស់​ហាង​សាឡន​ឈ្មោះ គុំ លីកា ហៅ​ក្រៅ «​កាកាសាឡន» យក​កំណាត់ឈើ​វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឱ្យ​រង​របួស​ចេញឈាម​ជាច្រើន​កន្លែង និង​បាន​យក​កាំបិត​គំរាម​កាត់​ម្រាម​ដៃជើង និង​បង្ខាំង​នៅក្នុង​ផ្ទះ​ទៀត​ផង​។ ការប្រើ​អំពើ​ហិង្សា​នេះ គឺ​ក្រោយ​ពេល​ដែល​ជនរងគ្រោះ​យក​ទូរស័ព្ទ​របស់​បុរស​ជា​ជនជាតិ​ចិន ត្រូវជា​គូស្នេហ៍​របស់​ថៅកែ​ហាង​សាឡន​នោះ​យក​ទៅ​លក់​បាន​ប្រាក់​ចំនួន ២០​ម៉ឺន​(២០០,០០០​រៀល។

យ៉ាងណា ជនរងគ្រោះ​បាន​លប​លួច​រត់​ចេញពី​ផ្ទះ​ទៅ​ព្យាបាល​របួស ហើយ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ម្ចាស់ផ្ទះ​តែម្តង​។​

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ជា​ថៅកែ​ហាង​សាឡន​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA Cambodia) លោក វន់ ពៅ ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​លើ​ស្ត្រី​រងគ្រោះ​ជា​កម្មករ​ស៊ី​ឈ្នួល​តាម​ផ្ទះ ត្រូវ​រង​អំពើ​ហិង្សា​ពី​ថៅកែ​បែបនេះ​។ លោក​ថា ស្ត្រី​ជា​កម្មករ​ស៊ីឈ្នួល​តាម​ផ្ទះ​គួរ​ទទួល​បាន​សិទ្ធិ​សេរីភាព ប្រាក់​ឈ្នួល​អប្បបរមា ការ​ឈប់​សម្រាក អត្ថប្រយោជន៍ និង​ការ​គាំពារ​ដូច​កម្មករ​រោងចក្រ​ដទៃទៀត​ដែរ​។ លោក​ខកចិត្ត​ដែល​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មាន​ភាព​យឺតយ៉ាវ​ចំពោះ​ជនរងគ្រោះ។

លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការងារ​ដែល​ធានា​លក្ខខណ្ឌ​ការងារ​តាម​ផ្ទះ​លេខ ១៨៩ (ILO189) របស់​អង្គការសហប្រជាជាតិ ដែល​តម្រូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​ផ្តល់​សិទ្ធិ និង​ការ​ការពារ​ស្មើៗ​គ្នា ដល់​អ្នកបម្រើ​ការងារ​តាម​ផ្ទះ ដូច​ទៅ​នឹង​កម្មករ​ក្នុង​វិស័យ​ដទៃ។

លោក វន់ ពៅ៖ «​យើង​មើល​ឃើញ​ថា អ្នកធ្វើការ​តាម​ផ្ទះ​មិនមែន​ជា​ទាសករ​ទេ គឺជា​កម្មករ​ធ្វើការ​រក​ប្រាក់ យក​ប្រាក់​កំរៃ អ៊ីចឹង​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​គាត់​សព្វបែបយ៉ាង ចឹ​ង​ខ្ញុំ​មើល​ឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌​ហើយ​ជា​រឿង​មួយ​ដែល​មិនអាច​អត់អោន​បាន​ចំណុច​នេះ​។ ប្រទេស​កម្ពុជា​យើង រឿងរ៉ាវ​ដែល​កើតមានឡើង​ទាល់តែ​រឿង​ហ្នឹង​កើត​ហើយ​បាន​មានការ​ទប់ស្កាត់​ជា​ក្រោយ​។ ចឹ​ង​វា​ជា​រឿង​មួយ​ដែល​វា​ហួសពេល វា​យឺត​ពេល​សម្រាប់​អ្នក​ដែល​រងគ្រោះ​ទាំងឡាយ​។ អញ្ចឹង​សូម​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​ច្បាប់​ប្រការ ឬ​ការពារ​ទៅដល់​ប្រជាពលរដ្ឋ​ជាពិសេស​កម្មករ​ធ្វើការ​តាម​ផ្ទះ​ទៅ»។

ករណី​ហិង្សា​លើ​កម្មករ​ស៊ីឈ្នួល​តាម​ផ្ទះ​នេះ មិនមែន​ជា​លើក​ទី​១​ឡើយ​។ កន្លងមក​ក៏​ធ្លាប់​មាន​ករណីនេះ​កើតឡើង​ផង​ដែរ គឺ​ករណី​ថៅកែ​ស្រី​ម្នាក់​មានឈ្មោះ ម៉េង រ័ត្នពិសី (​ហៅ សុភា​) អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សំលៀក​បំពាក់ ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​ជាដើម។

កាលពី​ថ្ងៃទី​១៦ មិថុនា តំណាង​សមាជិក​កម្មករ​ធ្វើការ​តាម​ផ្ទះ​ប្រមាណ​ជាង​១០​នាក់ ដឹកនាំ​ដោយ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) លោក វន់ ពៅ បាន​ដាក់​លិខិតស្នើ​ទៅ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​សច្ចាប័ន លើ​អនុសញ្ញា ILO 189 ដើម្បី​ធានា​ថា កម្មករ​បំរើ​ការ​ងារ​តាម​ផ្ទះ​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ដូចជា​កម្មករ​នៅក្នុង​វិស័យ​ដទៃទៀត​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ