

សង្គមស៊ីវិលផ្នែកការពារសិទ្ធិសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ការពារអ្នកបំរើការងារតាមផ្ទះដែលងាយរងគ្រោះខ្លាំង។ ការស្នើសុំនេះ គឺក្រោយពេលដែលមានករណីហិង្សាកើតឡើងលើស្ត្រីបំរើការងារតាមផ្ទះម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានម្ចាស់ផ្ទះវាយដំ និងគំរាមកាត់ម្រាមដៃចោលដោយចោទថា អ្នកបំរើលួចទូរសព្ទរបស់សង្សារខ្លួនជាជនជាតិចិន។
អ្នកការពារសិទ្ធិសេដ្ឋកិច្ចក្រៅប្រព័ន្ធយល់ឃើញថា ច្បាប់ការងារនៅកម្ពុជាហាក់នៅមានចន្លោះប្រហោង និងឆកល្វែងខ្លាំង ចំពោះការការពារស្ត្រីជាកម្មករបំរើការងារតាមផ្ទះ។ ការលើកឡើងនេះ គឺក្រោយពេលមានករណីថ្មីមួយ ដែលស្ត្រីវ័យចំណាស់ម្នាក់រងអំពើហិង្សាពីថៅកែ។
កាលពីថ្ងៃទី២៨ ខែមិថុនា អាជ្ញាធរបានឃាត់ខ្លួនស្ត្រីម្ចាស់ហាងសាឡនម្នាក់អាយុ៣០ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយស្ត្រីរូបនោះវាយធ្វើបាបនិងចាប់បង្ខាំងស្ត្រីមេម៉ាយម្នាក់ដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួន។
យោងតាមសារព័ត៌មានក្នុងស្រុកនានា ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយគ្មានកូន ត្រូវម្ចាស់ហាងសាឡនឈ្មោះ គុំ លីកា ហៅក្រៅ «កាកាសាឡន» យកកំណាត់ឈើវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតគំរាមកាត់ម្រាមដៃជើង និងបង្ខាំងនៅក្នុងផ្ទះទៀតផង។ ការប្រើអំពើហិង្សានេះ គឺក្រោយពេលដែលជនរងគ្រោះយកទូរស័ព្ទរបស់បុរសជាជនជាតិចិន ត្រូវជាគូស្នេហ៍របស់ថៅកែហាងសាឡននោះយកទៅលក់បានប្រាក់ចំនួន ២០ម៉ឺន(២០០,០០០រៀល។
យ៉ាងណា ជនរងគ្រោះបានលបលួចរត់ចេញពីផ្ទះទៅព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ទើបឈានដល់ការចាប់ខ្លួនម្ចាស់ផ្ទះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យដែលជាថៅកែហាងសាឡននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA Cambodia) លោក វន់ ពៅ ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា នេះជារឿងអយុត្តិធម៌បំផុតលើស្ត្រីរងគ្រោះជាកម្មករស៊ីឈ្នួលតាមផ្ទះ ត្រូវរងអំពើហិង្សាពីថៅកែបែបនេះ។ លោកថា ស្ត្រីជាកម្មករស៊ីឈ្នួលតាមផ្ទះគួរទទួលបានសិទ្ធិសេរីភាព ប្រាក់ឈ្នួលអប្បបរមា ការឈប់សម្រាក អត្ថប្រយោជន៍ និងការគាំពារដូចកម្មកររោងចក្រដទៃទៀតដែរ។ លោកខកចិត្តដែលរដ្ឋាភិបាលអនុវត្តច្បាប់មានភាពយឺតយ៉ាវចំពោះជនរងគ្រោះ។
លោកទទូចឲ្យរដ្ឋាភិបាលគួរផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីការងារដែលធានាលក្ខខណ្ឌការងារតាមផ្ទះលេខ ១៨៩ (ILO189) របស់អង្គការសហប្រជាជាតិ ដែលតម្រូវឲ្យរដ្ឋជាសមាជិកផ្តល់សិទ្ធិ និងការការពារស្មើៗគ្នា ដល់អ្នកបម្រើការងារតាមផ្ទះ ដូចទៅនឹងកម្មករក្នុងវិស័យដទៃ។
លោក វន់ ពៅ៖ «យើងមើលឃើញថា អ្នកធ្វើការតាមផ្ទះមិនមែនជាទាសករទេ គឺជាកម្មករធ្វើការរកប្រាក់ យកប្រាក់កំរៃ អ៊ីចឹងត្រូវផ្តល់សិទ្ធិសេរីភាពឲ្យគាត់សព្វបែបយ៉ាង ចឹងខ្ញុំមើលឃើញថា វាជារឿងអយុត្តិធម៌ហើយជារឿងមួយដែលមិនអាចអត់អោនបានចំណុចនេះ។ ប្រទេសកម្ពុជាយើង រឿងរ៉ាវដែលកើតមានឡើងទាល់តែរឿងហ្នឹងកើតហើយបានមានការទប់ស្កាត់ជាក្រោយ។ ចឹងវាជារឿងមួយដែលវាហួសពេល វាយឺតពេលសម្រាប់អ្នកដែលរងគ្រោះទាំងឡាយ។ អញ្ចឹងសូមឲ្យរាជរដ្ឋាភិបាលធ្វើច្បាប់ប្រការ ឬការពារទៅដល់ប្រជាពលរដ្ឋជាពិសេសកម្មករធ្វើការតាមផ្ទះទៅ»។
ករណីហិង្សាលើកម្មករស៊ីឈ្នួលតាមផ្ទះនេះ មិនមែនជាលើកទី១ឡើយ។ កន្លងមកក៏ធ្លាប់មានករណីនេះកើតឡើងផងដែរ គឺករណីថៅកែស្រីម្នាក់មានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សំលៀកបំពាក់ ធ្វើទារុណកម្មលើក្មេងស្រីអាយុ១៦ឆ្នាំ បង្ខំឲ្យធ្វើការងារហួសកម្លាំងជាដើម។
កាលពីថ្ងៃទី១៦ មិថុនា តំណាងសមាជិកកម្មករធ្វើការតាមផ្ទះប្រមាណជាង១០នាក់ ដឹកនាំដោយ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បានដាក់លិខិតស្នើទៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់សច្ចាប័ន លើអនុសញ្ញា ILO 189 ដើម្បីធានាថា កម្មករបំរើការងារតាមផ្ទះក៏អាចទទួលបានអត្ថប្រយោជន៍ការងារផ្សេងៗដូចជាកម្មករនៅក្នុងវិស័យដទៃទៀតដែរ៕









