លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាល​មិនបាន​បិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ឱ្យ​តែ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ

0
112
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា បច្ចុប្បន្ន​មាន​អង្គការក្រៅរដ្ឋាភិបាល​រាប់ពាន់​ស្ថាប័ន ដែល​ជា​ដៃគូ​ដ៏​ល្អ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ជាតិ ដោយ​គ្មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ដូច​ការ​ចោទ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល មានតែ​ផ្ដល់​ការឧបត្ថម្ភ​បន្ថែម ប្រសិនបើ​ស្ថាប័ន​ទាំងនោះ ធ្វើ​កិច្ច​ការងារ ពិតប្រាកដ ដូចជា​ការ​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យទទួល​បានការ​អប់រំ ការ​ផ្ដល់សេវា​ថែទាំ​សុខភាព និង​សិទ្ធិ​រស់រាន​មានជីវិត ប៉ុន្តែ​លោក​មិន​គាំទ្រ​នោះ​ទេ ចំពោះ​ស្ថាប័ន ទាំងឡាយ​ណា ដែល​លោក​ចោទ​ថា ធ្វើ​សកម្មភាព​តវ៉ា និង​ជេរប្រមាថ តាម​បណ្ដាញ​សង្គម​។ ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​ការងារ​ជាដើម លើកឡើង​ស្រដៀងៗ​គ្នា​ថា ពួកគាត់ តែង​រង​នូវ​ការរើសអើង ការ​ធ្វើទុក្ខបុកម្នេញ ការ​ឃ្លាំមើល​និង​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​រដ្ឋាភិបាល។

ថ្លែង​នៅក្នុង​កម្មវិធី ប្រគល់​សញ្ញាប័ត្រ​ជូន​ដល់​សិស្ស​-​និស្សិត របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២ ខែ​កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ពី​សកម្មភាព​របស់​អង្គការ​ស៊ីវិល​ជាច្រើន​នៅ​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ លោក​ក៏បាន​ទទួលស្គាល់​ផង​ដែរ​ថា ប្រទេសជាតិ​មួយ មិន​អាច​រីកចម្រើន​បាន​លឿន​នោះ​ទេ ប្រសិនបើ​គ្មាន​ការចូលរួម​ពី​សំណាក់​វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​អង្គការ​សង្គម​ស៊ីវិល និង​សមាគម ក្រៅ​រដ្ឋាភិបាល​មាន​ជាង ៦​ពាន់​ស្ថាប័ន ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ជាមួយ​រដ្ឋាភិបាល។

ជាមួយគ្នា​នោះ លោក​ក៏​មិន​ភ្លេច​នោះ​ទេ ក្នុង​ការ​ឌឺដង​មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​តែងតែ​ជួបជុំ​សម្ដែង​មតិ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ធ្វើ​កិច្ច​ការងារ​ដោយ​ពេញលេញ។ លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយតប​ចំពោះ​កង្វល់​នេះ​ថា រដ្ឋាភិបាល របស់​លោក មិនដែល​បិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ណាមួយ​នោះ​ទេ ឱ្យ​តែ​ស្ថាប័ន​ទាំងនោះ​ធ្វើ​កិច្ចការ​ពិតប្រាកដ។

លោក ហ៊ុន ម៉ាណែត បាន​សង្កត់ធ្ងន់​ថា ការ​ធ្វើ​កិច្ចការងារ​ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ការអប់រំ សេវា​ថែទាំ​សុខភាព​បាន​ត្រឹមត្រូវ និង​ការ​ទទួល​ការ​រស់រានមានជីវិត​សមរម្យ​នោះ ទើប​ជា​ការ​ចូលរួម ដ៏​ពិតប្រាកដ ដើម្បី​លើកកម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន របស់​ពលរដ្ឋ មិនមែន ដូច ក្រុម​«​មួយ​ក្ដាប់​តូច​»​ខ្លះ បាន​ជ្រោក​ក្រោម ស្លាក​អង្គការ​ស៊ីវិល ប៉ុន្តែ​គិតតែ​ពី​ការ​តវ៉ា និង​ជេរ​នៅ​លើ​បណ្ដាញ​សង្គម។

លោក ហ៊ុន ម៉ាណែត៖ «មានការ​យល់​ច្រឡំ ជាពិសេស​ការ​លើកឡើង​ក្នុង​បណ្ដា​សារព័ត៌មាន​មួយចំនួន​ចោទ​ថា រដ្ឋាភិបាល​មិន​លើកទឹកចិត្ត​ទៅដល់​អង្គការ​សង្គម​ស៊ីវិល បិទ​សេរីភាព បិទ​ស្អីៗ​មិន​ឱ្យ​គេ​ធ្វើការ អត់​ទេ​!​។ រឿង​អង្គការ​ប៉ុន្មាន​មួយ​ក្តាប់​តូច រឿង​ស្អី​ណា​បញ្ចេញមតិ​រឿង​អាហ្នឹង​របស់​គេ​មួយ ធ្វើ​សកម្មភាព​នៅក្នុង​ច្បាប់ ប៉ុន្តែ​យើង​មាន ៣០០០ សមាគម ៣៥០០ NGO ៦០០០ ជាង​ដែល​ធ្វើការ​ទូទាំង​ប្រទេស​ដែល​បាន​ចុះឈ្មោះ ប៉ុន្តែ​មួយចំនួន​បាន​បិទ​។ រាប់ពាន់ NGO សង្គម​ស៊ីវិល ដែល​ជា​ដៃគូ​ដ៏​ល្អ​របស់​រដ្ឋាភិបាល ដៃគូ​បែបនេះ រដ្ឋាភិបាល​មិន​ទៅ​បិទ​សិទ្ធិ​អី មានតែ​សុំ​ជួយ​ឱ្យ​ថែមទៀត ជួយ​ឱ្យ​រីកចម្រើន​ថែមទៀត ព្រោះ​ធ្វើ​ពិតប្រាកដ»។

ទោះជា​បែបនេះ គេ​សង្កេត​ឃើញ​ថា ជាង​១​ទសវត្សរ៍​ហើយ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ មើលឃើញ​ថា អង្គការ​សង្គម​ស៊ីវិល រួម​និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ផង នៅ​កម្ពុជា​កាន់តែ​រួច​តូច ដោយសារតែ រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» តែងតែ​ធ្វើទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន ក្រុម​សហជីព​ឯករាជ្យ ដែល​មិន​រណប​រដ្ឋាភិបាល​មួយចំនួន បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ហើយ អ្នក​ខ្លះទៀត ត្រូវ​បង្ខំចិត្ត​បិទ​ស្ថាប័ន​ចោល ក្រោយពី​មេដឹកនាំ និង បុគ្គលិក​មួយចំនួន ត្រូវ​រង​ការចោទប្រកាន់​ពី​តុលាការ និង​ជាប់ពន្ធនាគារ​ជាដើម។

រីឯ​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ច្រើន​លើសលប់ ដូចដែល លោក ហ៊ុន ម៉ាណែត បាន​អះអាង​នោះ ភាគច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ និង ធ្វើ​ការងារ​រណប​រដ្ឋាភិបាល ពោល​គឺ​មិនមែន​ជា​ជា​ស្ថាប័ន​ធ្វើ​កិច្ច​ការងារ រសើបៗ​ដូច​បញ្ហា​សិទ្ធិមនុស្ស អំពើពុករលួយ និង ប្រជាធិបតេយ្យ​នោះ​ទេ។ បន្ថែម​ពីលើ​នោះ ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ខ្លះទៀត បាន​បង្កើត​ឡើង ដោយ​រដ្ឋាភិបាល​ផ្ទាល់ ដែល​អ្នក​ទាំងនោះ គឺជា កូនអុក របស់​រដ្ឋាភិបាល សម្រាប់​ទុក យក​មក​ប្រើ​ម្ដងម្កាល ដើម្បី​វាយប្រហារ​មក​លើ​គណបក្សប្រឆាំង អ្នកសារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​រណប​រដ្ឋាភិបាល​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៣ ខែមីនា សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ចេញ​របាយការណ៍​ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស ប្រចាំ​នាំ​២០២៥ ដោយ រកឃើញ​ថា រដ្ឋាភិបាល បាន​ប្រើ​ច្បាប់ព្រហ្មទណ្ឌ ជាច្រើន​ករណី​ដើម្បី​ធ្វើទុក្ខបុកម្នេញ មក​លើ​ពលរដ្ឋ សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល និង អ្នកនយោបាយ​បក្ស​ប្រឆាំង ជា​បន្តបន្ទាប់ ដើម្បី​រារាំង​មិន​ឱ្យ​ពួកគាត់ ប្រើ​សិទ្ធិ​សេរីភាព​ស្រប​ទៅ​តាម​ច្បាប់ ។ ក្នុង​នោះ សមាគម​អាដហុក​រកឃើញ​ថា ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត សេរីភាព អង្គការ​សង្គម​ស៊ីវិល មាន​ជាង​៣០០​ករណី ដូចជា​ការ ចោទប្រកាន់ និង​ចាប់ខ្លួន ពលរដ្ឋ និង​អ្នកនយោបាយ ដាក់​ពន្ធនាគារ​ទាំង អយុត្តិធម៌ ហើយ អាជ្ញាធរ​តែងតែ​រំខាន និង​រារាំង មិន​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី តាម​ទី​សាធារណៈ​នានា។

កាលពីដើម​ខែឧសភា​កន្ល​ង​ទៅ​នេះ​ទៀត ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ជាង​៣០​ស្ថាប័ន បាន​ប្រមូល​ផ្ដុំគ្នា ដើរ​ដង្ហែ​ក្បួន ដាក់​ញត្តិ នៅ​តាម​បណ្ដា​ស្ថានទូត ប្រទេស​ប្រជាធិបតេយ្យ ក្នុង​គោលដៅ ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស ទាំងនោះ ជួយ​អន្តរាគមន៍ ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យធ្វើ​វិសោធនកម្ម ច្បាប់​ស្ដី​អំពី​សហជីព ក្នុង​ការ​ជួយ​ធានា​ការពារ​សិទ្ធិ​កម្មករ​សហជីព ឱ្យ​បាន​ពេញលេញ និង​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព គំរាមកំហែង គាបសង្កត់ ឬ រើសអើង ប្រឆាំង​ទៅ​នឹង​អ្នកបង្កើត សហជីព​ឯករាជ្យ ជាដើម ក៏​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​កោះហៅ​ទៅ​ព្រមាន និង​គំរាមកំហែង មិន​ឱ្យធ្វើ​សកម្មភាព​បែប​ទៀត ប្រសិនបើ​គ្មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ជាមុន។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​តស៊ូ​មតិ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ថា​ជា​ក្រុម​មួយ​ក្ដាប់​តូច ហើយ​ពុំបាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ដោយ​ស្នើ​ភាព​គ្នា ជាមួយនឹង​អង្គការ​ដទៃទៀត​។ លោក​រំលឹក​ថា កន្លងទៅ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើកកម្ពស់ ផ្នែក សិទ្ធិមនុស្ស និង សេរីភាព​បញ្ចេញមតិ​ជាដើម ពួកគាត់ ធ្វើ​ការងារ​ស្រប​ទៅ​នឹង​ច្បាប់ ប៉ុន្តែ នៅតែ​ត្រូវ​បាន​អាជ្ញាធរ តាមដាន និង​រារាំង​មិន​ឱ្យ​ធ្វើការ​បាន​ដោយ​ស្រួល និង​ដោយ​សេរី ដែល​ករណីនេះ បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ ហាក់​រឹតត្បិត​យ៉ាង​ខ្លាំង លើ​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល។

លោក នី សុខា៖ «ដូច​បានឃើញ​ហើយ មានការ​លើកឡើង​នៅក្នុង​របាយការណ៍ មួយចំនួន​ទាក់ទង​ទៅ​នឹង​ការ​រឹតត្បិត​សេរីភាព របស់​សង្គម​ស៊ីវិល កន្លង​មក​នេះ​។ អញ្ចឹង​យើង​ចង់ ឃើញ​ចង់​ឃើញថា ការ​បើក​នូវ​លំហ​សេរីភាព​ទៅដល់​អង្គការ​សង្គម​ស៊ីវិល​មិន​សំដៅ​ទៅលើ​តែ អង្គការ​សង្គម​ស៊ីវិល ណាមួយ​ទេ គឺ​ឲ្យ​មាន​លក្ខណៈ ទូលំទូលាយ​គ្រប់​អង្គការ​សង្គម​ស៊ីវិល ដែល បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​ក្រសួង​មហាផ្ទៃ»។

រីឯ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) កាល​ពី​ដើម​ឆ្នាំ​២០២៦ ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ជុំវិញ អង្គការ​សង្គម​ស៊ីវិល ដូចជា​អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) រួម​នឹង​ស្ថាប័ន​ដទៃទៀត ដែល​រក​ឃើញ​ថា កំពុងតែ រង​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្រឆាំង​ទៅ​នឹង​សកម្មភាព តស៊ូ​មតិ របស់​ពួកគាត់ ដែល​បាន​ធ្វើ​សកម្មភាព​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្ថាប័ន​អន្តរជាតិ​នេះ​ក៏​ព្រួយបារម្ភ​ចំពោះ​អាជ្ញាធរ​កម្ពុជា ដែល​នៅតែ​ប្រើប្រាស់​ច្បាប់​ដែល​មាន​និយមន័យ​ទូលំទូលាយ ស្ដីពី​ការ​រួម​គំនិត​ក្បត់ ការ​ញុះញង់ និង​សន្តិសុខ​ជាតិ ដើម្បី​បង្ក្រាប​អ្នកមាន​មតិផ្ទុយ ខណៈ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​សព្វថ្ងៃ​នេះ ត្រូវ​បាន​រឹតត្បិត​ស្ទើរតែ​ទាំងស្រុង ។ ទន្ទឹមគ្នា​នោះ អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​ផ្សេងទៀត​ដែល​”​ត្រូវ​បាន​ចាត់ទុកថា​ជា​អ្នក​រិះគន់​” កំពុង​ក្លាយជា​គោលដៅ ចោទប្រកាន់​ពី​បទ​ញុះញង់ និង​បទល្មើស​ពាក់ព័ន្ធ ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ របស់​ពួកគាត់ ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង ការ​ជួបជុំ​ដោយ​សន្តិវិធី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ