អ្នក​ស្លាប់​កើន​ដល់​១៦​នាក់ និង​របួស​២៤​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​ឡានក្រុង​នៅ​ខេត្ត​កំពង់ធំ

0
41
រថយន្ត​ដឹក​អ្នកដំណើរ​បានគ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​ នៅ​ខេត្ត​កំពង់ធំ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៥។ រូប៖ ចែកចាយលើបណ្ដាញសង្គម
រថយន្ត​ដឹក​អ្នកដំណើរ​បានគ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​ នៅ​ខេត្ត​កំពង់ធំ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៥។ រូប៖ ចែកចាយលើបណ្ដាញសង្គម

អ្នក​ស្លាប់​កើន​ដល់​១៦​នាក់ និង​របួស​ចំនួន​២៤​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡានក្រុង​ធ្លាក់​ចូល​ទឹក ស្ថិតនៅ​ចំណុច​ស្ពាន​អូរ​ប្រសាទ ក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​២០ វិច្ឆិកា។

អភិបាលរង និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋបាល​ខេត្តកំពង់ធំ លោក អ៊ុន បុត បាន​ប្រាប់ កាសែត​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា​ថា សមត្ថកិច្ច​បាន​មុជទឹក​រាវរក​ឃើញ សាកសព​ជនរងគ្រោះ​ចំនួន​៣​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ម្នាក់​ជា​សាកសព​តៃកុង​រថយន្ត។ ដូច្នេះ​មកដល់ពេលនេះ មាន​អ្នក​ស្លាប់​សរុប​ចំនួន​១៦​នាក់ និង​របួស​២៤​នាក់ ខណៈ​រថយន្ត​ផ្ទុក​អ្នកដំណើរ​សរុប​ចំនួន​៤០​នាក់​។ សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ជំនួស ឬ​ហៅថា ព្រូឡាន​ម្នាក់​ផង​ដែរ។

សមត្ថកិច្ច​អះអាង​ថា អ្នក​ស្លាប់​ភាគច្រើន គឺជា​កម្មករ​សំណង់ ។ រថយន្តក្រុង​ដែល​ជួប​គ្រោះថ្នាក់​នេះ​គឺជា​របស់​ក្រុមហ៊ុន វីរៈ រិទ្ធី (Virak Rithy Transport ) ហើយ​តំណាង​ក្រុមហ៊ុន​បាន​ចូល​បុណ្យសព​ម្នាក់​១​លាន​រៀល និង​បាន​សន្យា​ដោះស្រាយ​សំណង​តាមរយៈ​ក្រុមហ៊ុន​ធានារ៉ាប់រង។

ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល យល់ថា សមត្ថកិច្ច គួរតែ​ស្រាវជ្រាវ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ដាក់​ឲ្យ​អ្នក​បើកបរ និង​ម្ចាស់​ក្រុមហ៊ុន ទទួល​រង​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់ ដោយ​មិន​ត្រូវ​បញ្ចប់រឿង​ត្រឹម​លុយ​ចូល​បុណ្យ ឬ​ការ​បង់​សំណង​តាមរយៈ​ក្រុមហ៊ុន​ធានារ៉ាប់រង​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ