

អ្នកឃ្លាំមើលលើកឡើងថា កម្ពុជានៅតែអាចស្នើសុំអន្តរាគមន៍ពីប្រទេសទីបី ឱ្យជួយដោះស្រាយវិវាទព្រំដែនជាមួយថៃ ក្នុងក្របខ័ណ្ឌប្រទេសក្នុងតំបន់អាស៊ាន ដែលកម្ពុជា និងថៃជាប្រទេសសមាជិក។ ការលើកឡើងបែបនេះ គឺនៅក្រោយពេលដែលអ្នកជាតិនិយមថៃ បានធ្វើបាតុកម្មទាមទារឱ្យម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន និងសហរដ្ឋអាមេរិក ដកខ្លួនចេញពីរឿងជម្លោះព្រំដែនរវាងកម្ពុជា ថៃ និងទុកឱ្យប្រទេសសាមី ដោះស្រាយដោយខ្លួនឯង។
ខុសពីប្រជាពលរដ្ឋខ្មែរ ដែលចង់ឱ្យភាគីប្រទេសទីបី និងប្រទេសមហាអំណាច ចូលខ្លួនមកជួយដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា និងថៃ ឱ្យឆាប់ចប់ ក៏ប៉ុន្តែសម្រាប់អ្នកជាតិនិយមថៃមួយចំនួនវិញ ពួកគេចង់ឱ្យកម្ពុជា និងថៃដោះស្រាយវិវាទនេះ ដោយទ្វេភាគី ដែលធ្វើឱ្យជម្លោះនេះ ត្រូវអូសបន្លាយកាន់តែយូរ។
ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៤ ខែវិច្ឆិកា ថា ភាគីកម្ពុជាមានសិទ្ធិស្នើសុំអន្តរាគមន៍ពីប្រទេសម៉ាឡេស៊ី និងមហាអំណាចសហរដ្ឋអាមេរិក ឱ្យជួយដោះស្រាយវិវាទព្រំដែនជាមួយថៃ ក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ លោកបន្តថា កម្ពុជាមិនអាចចរចាទ្វេភាគីជាមួយថៃ បាននោះទេ ដោយសារថៃជាប្រទេសមានទំហំសេដ្ឋកិច្ច និងកម្លាំងយោធា ធំជាងកម្ពុជា ដែលកត្តានេះ នឹងធ្វើឱ្យថៃអាចដាក់សម្ពាធមកលើកម្ពុជាតាមអំពើចិត្ត ដែលធ្វើឱ្យការចរចាបញ្ចប់ជម្លោះដ៏រសើបនេះ ត្រូវអូសបន្លាយកាន់តែយូរ និងធ្វើឱ្យភាគីទន់ខ្សោយដូចកម្ពុជា ត្រូវចាញ់ប្រៀប។
លោក ម៉ែន ណាត៖ «ថៃតែងតែគឃ្លើនអ៊ីចឹង។ យើងសួរទៅគណៈកម្មការព្រំដែនកម្ពុជាមើល ថាតើប្រញាប់ដោះស្រាយបញ្ហាព្រំដែនទៅណា? បញ្ហាព្រំដែននេះ មិនមែនដោះស្រាយឱ្យចប់ក្នុងរបបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃហ្នឹងទេ។ បើដោះស្រាយមិនស្មើភាពគ្នា មិនត្រូវវាបន្សល់ទុករឿងអាស្រូវច្រើនណាស់ សម្រាប់ប្រវត្តិសាស្ត្រ»។
ការថ្លែងរបស់អ្នកឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកនយោបាយ និងអ្នកជាតិនិយមថៃ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងបាងកក (Bangkok) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក(USA) ដោយពួកគេបានចោទប្រកាន់ទៅលើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី (Malaysia) និងជាប្រធានអាស៊ានប្ដូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) ថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងថៃ ជាពិសេសក្នុងរឿងជម្លោះព្រំដែនជាមួយកម្ពុជា។
ទោះជាយ៉ាងណា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅប្រទេសអាហ្វ្រិកខាងត្បូង (South Africa) លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបដិសេធការចោទប្រកាន់របស់បាតុករថៃនេះ ដោយអះអាងថា នៅក្នុងវិវាទព្រំដែនកម្ពុជា ថៃ ម៉ាឡេស៊ី បានត្រឹមជួយសម្របសម្រួលឱ្យមានកិច្ចចរចាគ្នាប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវការផ្សះផ្សា និងរកវិធីដោះស្រាយជម្លោះប្រទេសទាំងពីរ។ មេដឹកនាំម៉ាឡេស៊ី រូបនេះ បញ្ជាក់ថា កម្ពុជា និងថៃ បានចាត់ទុកម៉ាឡេស៊ី ជាមិត្តដូចគ្នា ដូច្នេះម៉ាឡេស៊ី ក៏មិនបានណែនាំអំពីវិធីណាមួយទៅដល់កម្ពុជា និងថៃ ថាតើត្រូវដោះស្រាយជម្លោះនេះដោយរបៀបណានោះឡើយ។
ជាថ្មីម្ដងទៀត ក្រុមបាតុករថៃ បានទាមទារឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដករឿងចរចាអត្រាពន្ធគយជាមួយថៃ ចេញពីរឿងជម្លោះព្រំដែនជាមួយកម្ពុជា ដោយពួកគេចោទថា លោក ដូណាល់ ត្រាំ បានយករឿងនេះ មកដាក់សម្ពាធលើរដ្ឋាភិបាលថៃ ដើម្បីឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
កម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៦ ខែតុលា ដោយមានវត្តមានមេដឹកនាំ ម៉ាឡេស៊ី និងប្រទេសមហាអំណាច អាមេរិក ចុះហត្ថលេខាជាសាក្សី។ កិច្ចព្រមព្រៀងនេះ បានតម្រូវឱ្យថៃដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានថៃចាប់ខ្លួន បន្ទាប់ពីមានបទឈប់បាញ់នោះ ទៅឱ្យកម្ពុជាវិញ។ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសផ្អាកកិច្ចព្រមព្រៀងនេះវិញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា បន្ទាប់ពីមានហេតុការណ៍ទាហានថៃ ៤នាក់ ដើរជាន់មីននៅតំបន់ព្រំដែន ហើយភាគីថៃបានចោទកម្ពុជា ថា ជាអ្នកបង្កប់មីនទាំងនេះ។
ជាការឆ្លើយតបក្នុងរឿងនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានចេញលិខិតបញ្ជាក់ជាផ្លូវការមួយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា ការចរចាពាណិជ្ជកម្មរវាងអាមេរិក ជាមួយថៃ នឹងត្រូវបានផ្អាក ប្រសិនបើថៃមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលលោកត្រាំ ធ្វើជាសាក្សីទេនោះ។ ការប្រកាសនេះ បានធ្វើឱ្យមេដឹកនាំថៃ បានបន្ទន់ឥរិយាបថ និងងាកមកនិយាយរឿងកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាវិញ។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា ក្នុងជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែស្នើឱ្យប្រទេសទីបីជួយនោះទេ ប៉ុន្តែត្រូវប្ដឹងបន្ថែមទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះកន្លងមក ភាគីថៃ បានរំលោភបំពានមកលើកម្ពុជា ជាបន្តបន្ទាប់ តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ដោយថៃ បានប្រើឧបាយចាប់ទាហានខ្មែរ ហើយបានរាយបន្លាលួសព័ទ្ធយកភូមិម្ករ បាញ់ប្រហារ និងរំលោភបំពានមកលើពលរដ្ឋខ្មែរ ដោយគ្មានញញើតច្បាប់អន្តរជាតិនោះឡើយ៕









