

លោក រ៉ុង ឈុន សង្ឃឹមថា ក្រសួងយុត្តិធម៌នឹងអនុវត្តច្បាប់ពិតប្រាកដដោយផ្តល់យុត្តិធម៌ដល់ក្មួយប្រុសរបស់លោកដែលជាមន្ត្រីសហជីព គឺលោក រ៉ុង បញ្ញា បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរកាលពី៨ឆ្នាំមុន។ ការលើកឡើងនេះ គឺក្រោយពេលម្តាយមន្ត្រីសហជីពរូបនោះ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌។
រយៈពេល ៨ឆ្នាំមកហើយដែលក្មួយប្រុសលោក រ៉ុង ឈុន គឺលោក រ៉ុង បញ្ញា ដែលជាមន្ត្រីសហជីពនៅក្នុងសហព័ន្ធសហជីពកម្ពុជា (CATU) បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពី៨ឆ្នាំំមុន ប៉ុន្តែមកទល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះនៅតែមិនទាន់ទទួលបានយុត្តិធម៌ពីប្រព័ន្ធតុលាការនៅឡើយ។ លោក រ៉ុង ឈុន និងមន្ត្រីសហជីព នៅតែសង្ឃឹមថា ក្រសួងយុត្តិធម៌នឹងយកករណីគ្រោះថ្នាក់ចរាចរណ៍នេះ មកដោះស្រាយដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ជូន លោក រ៉ុង បញ្ញា ដែលបានបាត់បង់ជីវិត។
ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា តុលាការមិនបានធ្វើការឲ្យបានល្អិតល្អន់ករណីគ្រោះថ្នាក់ចរាចរណ៍លើក្មួយប្រុសលោកឡើយ ដោយកាត់ក្តីផ្អែកតែលើរបាយការណ៍របស់ប៉ូលិសមួយប៉ុណ្ណោះ។ លោកបន្តថា ប៉ូលិសសរសេររបាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្ទុយពីការពិត និងភស្តុតាងដែលនៅកន្លែងកើតហេតុ។ លោកថ្លែងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហាក់នៅឆ្ងាយពីពលរដ្ឋក្រីក្រ និងអ្នកមានសំឡេងផ្ទុយពីរដ្ឋាភិបាល។
លោក រ៉ុង ឈុន ទទូចឲ្យក្រសួងយុត្តិធម៌អន្តរាគមន៍ ដោយជំរុញឲ្យសាលាដំបូងខេត្តកំពង់ស្ពឺ សើរើឡើងវិញនូវសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍កាលពី៨ឆ្នាំមុននេះ ដើម្បីផ្តល់យុត្តិធម៌ឲ្យលោក រ៉ុង បញ្ញា និងក្រុមគ្រួសារលោក។
លោក រ៉ុង ឈុន៖ «ជញ្ជីងយុត្តិធម៌ វាផ្អៀងទៅលើ គេថា អ្នកណាមានក្រដាសប្រាក់ច្រើនជាង គឺយុត្តិធម៌ងាកទៅខាងហ្នឹងច្រើនជាងហើយ។ ឲ្យយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយគឺមានការលំបាក ហើយចំពោះដែលយើង ដែលជាក្រុមគ្រួសារដែលយើងមាននិន្នាការផ្ទុយអញ្ចេះទៀត អាហ្នឹងគឺលំបាកមែនទែន។ យើងមិនចង់ឃើញអឺស្ថានភាពបែបហ្នឹងបន្តនៅក្នុងសង្គមកម្ពុជាទេ។ វាត្រូវតែអនុវត្តឲ្យមានអឺថាភាពស្មើគ្នានៅចំពោះមុខច្បាប់ ហើយត្រូវទទួលបានយុត្តិធម៌ស្មើគ្នា កុំទទួលបានទៅតាម គេថា ទម្ងន់ទឹកលុយ អាហ្នឹងវាៗលំបាក»។
ការលើកឡើងនេះ គឺក្រោយពេលដែលប្អូនស្រី លោក រ៉ុង ឈុន គឺលោកស្រី រ៉ុង ប៉ោមួយ និងជាម្តាយរបស់លោក រ៉ុង បញ្ញា បានដាក់ពាក្យបណ្តឹងស្វែងរកកិច្ចអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៥ ខែសីហា ដើម្បីក្រសួងនេះ ជំរុញទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស៊ើបអង្កេតបន្ថែម និងចោទប្រកាន់លើអ្នកបើករថយន្ត ឈ្មោះ គឹម ប៊ុនលេង ភេទប្រុស ឆ្នាំកំណើត១៩៨២ ពីបទ «បើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់ដល់កូនប្រុសលោកស្រី ឈ្មោះ រ៉ុង បញ្ញា»។
នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនក្រសួងយុត្តិធម៌នោះ លោកស្រី រ៉ុង ប៉ោមួយ ឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត១គ្រឿង ម៉ាក យូនីវើស (UNIVERSE) ពណ៌ក្រហម ពាក់ ស្លាកលេខព្រះសីហនុ 3E-4979 បើកបរដោយឈ្មោះ គឹម ប៊ុនលេង បានបើករំលោភចូលមកគន្លងផ្លូវម៉ូតូរបស់កូនប្រុសលោកស្រី ពីលិចមកកើត និងបានបុកកូនប្រុសលោកស្រី ឈ្មោះ រ៉ុង បញ្ញា ពេញទំហឹង ខណៈពេលដែលលោកកំពង់បើកបរម្នាក់ឯងនៅលើគន្លងផ្លូវរបស់ខ្លួន ទិសដៅពីកើតទៅលិច បណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើចិញ្ចើមថ្នល់លើដីក្រហម។
ហេតុការណ៍នោះកើតឡើង នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច ភូមិត្រពាំងស្តុក គ្រូឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកស្រីបន្តថា មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គឺលោក សែម សារឹទ្ធ បានធ្វើគំនូស ទីតាំងកើតហេតុមិនត្រឹមត្រូវ ធ្វើរបាយការណ៍សំយោគបំភ្លៃ ទម្លាក់កំហុសមកលើកូនប្រុសលោកស្រីដែលស្លាប់នោះ ថាជាអ្នកបើកបរបញ្ច្រាសទិស និងជិះចូលកន្លងរបស់ឡានទៅវិញ។ លោកស្រីថា មន្ត្រីនគរបាល លោក សែម សារឹទ្ធ បានរាយការណ៍ខុសពីការពិត ចោទប្រកាន់កូនលោកស្រីដោយអយុត្តិធម៌ ហើយបែរជាឱ្យអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះ រួចខ្លួន និងគ្មានការទទួលខុសត្រូវ។
លោកស្រី រ៉ុង ប៉ោមួយ រៀបរាប់ទៀតថា សាលាដំបូងខេត្តកំពង់ស្ពឺ មិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ពីករណីគ្រោះថ្នាក់ចរាចរនេះ និងផ្ដន្ទាទោសជនល្មើសតាមច្បាប់ព្រហ្មទណ្ឌនោះទេ បែរឲ្យជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់។
លោកស្រី បានដាក់ពាក្យបណ្តឹងទៅតុលាការទាំង៣ ដើម្បីរកយុត្តិធម៌ឲ្យកូនលោកស្រី ប៉ុន្តែតុលាការទាំង៣មិនបានផ្តល់យុត្តិធម៌ឲ្យកូនលោកស្រីឡើយ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែសីហានេះ។
ទោះជាយ៉ាងណា ក្រសួងបានទទួលពាក្យបណ្តឹងរបស់ប្អូនស្រី លោក រ៉ុង ឈុន រួចរាល់ហើយកាលពីថ្ងៃទី៧ សីហា។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលសកម្មក្នុងការស្វែងរកយុត្តិធម៌ឲ្យលោក រ៉ុង បញ្ញា ដែរនោះ លើកឡើងថា អ្នកស្រីខកចិត្ត និងមិនអាចទទួលយកបានទេ ចំពោះសាលក្រមរបស់តុលាការទាំង៣ជាន់ថ្នាក់ និងថាជារឿងអយុត្តិធម៌។ អ្នកស្រីបន្តថា លោក រ៉ុង បញ្ញា មិនបានបើកបញ្ច្រាសទិសដៅដូចការកាត់ក្តី របស់តុលាការ និងរបាយការណ៍របស់មន្ត្រីនគរបាលខេត្តកំពង់ស្ពឺឡើយ។ អ្នកស្រី សោកស្តាយដែលតុលាការមិនផ្តន្ទាទោសជនល្មើសដែលជាតៃកុងឡាន ដឹកភ្ញៀវទេសចរណ៍ នៃក្រុមហ៊ុន ប៊ីអេស (BS) បែរជាអនុញ្ញាតឲ្យជនបង្ករួចខ្លួន និងអាចយកឡានបន្តការរកស៊ីធម្មតាទៅវិញ។
អ្នកស្រីទាមទារឲ្យក្រសួងយុត្តិធម៌ គួរពិនិត្យមើលសំណុំរឿងនេះឲ្យបានច្បាស់ និងផ្តល់យុត្តិធម៌ឲ្យក្រុមការងាររបស់អ្នកស្រីវិញ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «មនុស្សបានស្លាប់ទៅហើយ ម៉ូតូគាត់ក៏ខូច សម្ភារៈផ្សេងៗដែលគាត់ប្រើប្រាស់នៅជាប់ខ្លួនគាត់ក៏នៅតែមានបញ្ហា ចឹងចង់មិនចង់ករណីជនរងគ្រោះអត់ទាន់បានអីទៅបានទាំងអស់។ ចង់មិនចង់ខ្ញុំស្នើសុំឲ្យមានការផ្តល់យុត្តិធម៌សម្រាប់គ្រួសាររបស់គាត់ឲ្យគាត់ទទួលយកបាន»។
កន្លងមក សហព័ន្ធសហជីពកម្ពុជា ក៏បានដាក់លិខិតស្វែងរកកិច្ចអន្តរាគមន៍ក្រសួងមហាផ្ទៃ ដើម្បីក្រសួងនេះ ស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីរកយុត្តិធម៌ដល់គ្រួសារសពលោក រ៉ុង បញ្ញា ដោយពួកគាត់សង្ស័យលទ្ធផលសន្និដ្ឋានរបស់មន្ត្រីប៉ូលិសនៅកន្លែងកើតហេតុនេះផងដែរ ប៉ុន្តែក្រសួងនេះមិនបានឆ្លើយតបអ្វីឡើយ។
កាលពីឆ្នាំ២០១២ យុវជន រ៉ុង បញ្ញា ធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ វាយបែកក្បាលហូរឈាមពេញមុខម្ដង និងត្រូវចាប់ខ្លួន ទៅស្នងការរាជធានីភ្នំពេញ នៅពេលលោកចូលរួម ជាមួយកម្មកររោងចក្រប៉ៃយ៉ាង នៅឃុំបែកចាន ស្រុកអង្គស្នួល ដាក់ញត្តិសុំដំណោះស្រាយ នៅខុទ្ទកាល័យ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន៕









