

អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក នៅចុងសប្ដាហ៍នេះ បានជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីក្រសួងការពារជាតិកម្ពុជាជុំវិញ ការត្រៀមរៀបចំធ្វើសមយុទ្ធយោធា«ឆ្មាំអង្គរ» នៅឆ្នាំ២០២៧ ក្រោយពីខកខានអស់១ទសវត្សរ៍ ។ លោក ហ៊ុន ម៉ាណែត ថ្លែងថា សមយុទ្ធនេះ ដើម្បីពង្រឹងសមត្ថភាពកងទ័ព និង កសាងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។អ្នកវិភាគថា ការធ្វើសមុទ្រយោធានេះ ជារឿងល្អ ប៉ុន្តែកម្ពុជាត្រូវប្រឹងអភិវឌ្ឍន៍ខ្លួនឱ្យខ្លាំង ទាំងវិស័យយោធា និងសេដ្ឋកិច្ច ទើបកម្ពុជា មានមុខមាត់ល្អ លើឆាកអន្តរជាតិ។
ក្នុងជំនួបរវាង លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក អេលប្រ៊ីដ អេ. ខូលប៊ី (Elbridge A. Colby) នៅថ្ងៃទី១៤ ខែសីហា នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក អេលប្រ៊ីដ អេ. ខូលប៊ី បានថ្លែងដោយ កោតសរសើរចំពោះការរីកច្រើនឡើងវិញ នូវទំនាក់ទំនង រវាងកម្ពុជា និងអាមេរិក។ លោកបញ្ជាក់ថា កម្ពុជា ជាប្រទេសសំខាន់ មួយរបស់អាមេរិក ហើយអាមេរិក នឹងបន្តកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ។ នេះជាការលើកឡើង នៅលើហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ាណែត។
ទន្ទឹមគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏ប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត ហើយលោកសប្បាយចិត្ត ចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) រវាងអាមេរិក និងកម្ពុជា ដែលនឹងធ្វើនៅឆ្នាំ២០២៧ ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងកសាងមិត្តភាពជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ។ ចុងបញ្ចប់នៃកិច្ចពិភាក្សា លោក ហ៊ុន ម៉ាណែត បានលើកឡើង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយលោកបញ្ជាក់ពីជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
បើទោះបីជា មានការលើកឡើងពីសំណាក់លោក ហ៊ុន ម៉ាណែត បែបនេះក្ដី គេនៅពុំទាន់ ឃើញមានការបញ្ជាក់បន្ថែមពីសំណាក់ ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ឬពីលោក អេលប្រ៊ីដ អេ. ខូលប៊ី ឬពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក អេលប្រ៊ីដ អេ. ខូលប៊ី ក៏បានជួបពិភាក្សាដាច់ដោយឡែកជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ផងដែរ ដោយពិភាក្សាគ្នាជុំវិញ សារសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
រយៈពេល១០ឆ្នាំហើយ ដែលអាមេរិក និងកម្ពុជា បានផ្អាកសមយុទ្ធយោធា «ឆ្មាំអង្គរ»។ ការផ្អាកនេះ រដ្ឋាភិបាលកម្ពុជាបាន លើកហេតុផលថាដោយសារតែ កម្ពុជារវល់រៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨ និងកងកម្លាំងកម្ពុជាត្រូវជាប់ដៃក្នុងយុទ្ធនាការជាតិរយៈពេល៦ខែ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស។ ប៉ុន្តែទន្ទឹមគ្នានោះ កម្ពុជាបន្តធ្វើសមយុទ្ធ«នាគមាស»ជាមួយប្រទេសចិនដដែល។
ករណីនេះកម្ពុជារងការរិះគន់ថា ទាត់អាមេរិកចោល ងាកទៅចាប់យកចិន។ អ្នកវិភាគយល់ថា សមយុទ្ធជាថ្មីជាមួយអាមេរិកនេះ គឺជា ឱកាសសម្រាប់កម្ពុជា ក្នុងការលាងជម្រះការ ចោទប្រកាន់ពីបស្ចិមប្រទេស ដែលបានចោទកម្ពុជាថាបាន ងាកទៅរកចិនទាំងស្រុង ជាពិសេស ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត មាស នី យល់ឃើញថា ការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកម្ពុជា នេះ ជាការចាប់ផ្ដើមនូវដំណាក់កាលថ្មីមួយ ខាងកិច្ចការនយោបាយ ការបរទេសរបស់កម្ពុជាឡើងវិញ ដែលពីដើមមក កម្ពុជាហាក់ដូចជាលំអៀងទៅចិន។ លោកសង្កេតឃើញថា ចាប់តាំងពីកម្ពុជាត្រូវបានថៃឈ្លានពានមក កម្ពុជា ហាក់មានទំនាក់ទំនងល្អឡើងវិញ ជាមួយអាមេរិក ដែលលោកថា នេះជារឿងត្រឹមត្រូវ ក៏ប៉ុន្តែ លោកបារម្ភថា កំហុសដ៏ធំមួយរបស់កម្ពុជា គឺកាលណាដែលងាកទៅរកប្រទេសណាមួយ គឺតែងតែងាកជ្រុល ធ្វើឱ្យបាត់បង់ជំហររបស់ខ្លួនឯង។
លោកបន្តថា កម្ពុជាមិនគួរផ្ដេកផ្ដួលជាមួយចិនខ្លាំងពេក ហើយក៏មិនត្រូវពឹងផ្អែកអាមេរិកជ្រុលនោះដែរ គឺ ត្រូវរក្សាតុល្យភាពនយោបាយការបរទេសជាមួយនឹងប្រទេស មហាអំណាច ទាំងពីរដោយស្មើភាពគ្នា។ រឹតតែសំខាន់នោះ លោកថា កម្ពុជាត្រូវពង្រឹងសមត្ថភាពឱ្យខ្លាំង និងបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងការចាប់ដៃគូ ជាមួយមហាអំណាច ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យខ្លាំង ប៉ុន្តែកម្ពុជាកុំធ្វើកិច្ចសហការជាមួយមហាអំណាច ក្នុងនាមគ្រាន់តែ ជាអ្នកទៅរណបគេ ទៅសុំជំនួយពីគេ ទៅខ្ចីលុយគេ ព្រោះការធ្វើបែបនេះ កម្ពុជាគ្មានថ្ងៃរីកចម្រើននោះឡើយ។ បន្ថែមពីលើនោះ លោកថា បើទោះបី ជាកម្ពុជាធ្វើសមុទ្រយោធា ជាមួយអាមេរិកវិញក្ដី ក៏អាមេរិកនឹងមិនជួយដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃនោះដែរ ក៏ប៉ុន្តែ កម្ពុជា អាចមានបង្អែក ពីប្រទេសមហាអំណាច ដើម្បីងាយស្រួលក្នុងការចរចាលើឆាកអន្តរជាតិ។
បណ្ឌិត មាស នី៖ «សំខាន់គឺប្រទេសខ្មែរយើងហ្នឹង កម្ពុជាហ្នឹង ត្រូវតែមានសមត្ថភាពនៅក្នុងការប្រើមហាអំណាចទាំងអស់ហ្នឹងឱ្យជួយ.ដោះស្រាយនូវភាពតានតឹងជាមួយនិងថៃ អាហ្នឹងវាជារឿងសំខាន់។ តែបើជើងគ្រាន់តែរាប់អានគេ ដើម្បីឱ្យតែមានជាគ្នា ហើយយើងមិនបានប្រើនូវយន្តការមហាអំណាចទាំងអស់ហ្នឹងទេ បញ្ហាទឹកដីយើងនៅតែមិនទាន់អាចយកមកបានដដែល។ វាអាស្រ័យលើសមត្ថភាពរបស់យើង នៅក្នុងការប្រើគេទេបាទ»។
ជាមួយគ្នានោះ លោកបណ្ឌិត មាស នី ផ្ដល់ជាទស្សនៈថាក្នុងស្ថានភាពពិភពលោកគិតតែពីផលប្រយោជន៍រៀងៗខ្លួន ពីកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស គ្មានប្រទេសមហាអំណាចណាជួយកម្ពុជាក្រៅតែពី កម្ពុជាត្រូវប្រឹងប្រែង ពង្រឹងវិស័យយោធា និងវិស័យសេដ្ឋកិច្ចខ្លួនឯងឱ្យខ្លាំងនោះទេ ព្រោះសម័យឥឡូវនេះ គឺជាសម័យទិញអាវុធ មិនមែនជាសម័យដើរខ្ចីលុយគេ និងសុំជំនួយឥតសំណងនោះឡើយ។ ដូច្នេះលោកថា ការចាប់ដៃជាមួយអាមេរិកក្ដី និងចិនក្ដី ប្រសិនបើកម្ពុជា គ្មានលុយទិញអាវុធ និងគ្មានប្រព័ន្ធសេដ្ឋកិច្ចរឹងមាំទេ កម្ពុជា នៅតែជា ប្រទេសទន់ខ្សោយ ក្នុងក្រសែផ្នែក របស់មហាអំណាចប៉ុណ្ណោះ៕









