

អ្នកឃ្លាំមើលទាមទារឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanyel Macron) លុបចោលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលគ្រោងធ្វើនៅកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខ ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនចាត់វិធានការច្បាប់លើអ្នកនៅពីក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ក្នុងនោះក៏មានលោក លី រតនរស្មី និងលោគ ពេជ្រ គឹមស្រ៊ីន ដែលគេសង្ស័យថា កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ពួកគេក៏ទាមទារឱ្យបារាំងដាក់សម្ពាធលើកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការផងដែរ។
អ្នកឃ្លាំមើលថា វាគឺជាភាពអាម៉ាស់មួយរបស់រដ្ឋាភិបាលបារាំង បើនៅតែបន្តបើកកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយ ភាសាបារាំងនេះ នៅពេលវិបត្តិអយុត្តិធម៌ ការរំលោភសិទ្ធិមនុស្ស និងការសម្លាប់ប្រជាធិបតេយ្យកម្ពុជា នៅតែគ្មានដំណោះស្រាយនៅឡើយ។
អតីតតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរលោក ហុង លីម ស្នើឱ្យរដ្ឋាភិបាល បារាំងបញ្ជាក់ជំហរឱ្យច្បាស់ពីការចាប់ខ្លួនលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ីន យកទៅកាត់ទោស ហើយដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ នៅក្នុងខែនេះ ឬ ក្នុងខែក្រោយ។
លោក ហុង លីម លើកឡើងថា អ្នកមានអំណាច នៅកម្ពុជា ជាអ្នករៀបចំផែនសម្លាប់លោក លិម គិមយ៉ា និងកម្ទេចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះ លោកថា ប្រទេសបារាំង ដែលតែងតែប្រកាន់គោលការណ៍ គោរពសិទ្ធិមនុស្ស និង យុត្តិធម៌ជាចំបង ត្រូវកំណត់ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រកយុត្តិធម៌ជូនលោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងបើកលំហសេរីភាពនយោបាយកម្ពុជាមួយកម្រិតសិន ទើបសមឱ្យប្រមុខរដ្ឋបារាំង លោក អេម៉ានុយអែលម៉ាក្រុង ទៅចាប់ដៃ លោក ហ៊ុន ម៉ាណែត នៅកម្ពុជា។
លោក ហុង លីម៖ «នេះជាការស្ដីបន្ទោសឱ្យច្បាស់លាស់ របស់រដ្ឋាភិបាលបារាំង ចំពោះអ្នកកាន់អំណាចនៅភ្នំពេញហ្នឹងពីព្រោះបើសិនជានៅធ្វើដំណើរទៅមុខទៀត ក្នុងរឿងហ្វ្រង់កូហ្វូនីជំនុំគ្នាអ៊ីចឹង គឺហាក់ដូចជាស៊ុមគ្រលុំ ជាមួយពួកឧក្រិដ្ឋ ជននៅ ភ្នំពេញអ៊ីចឹង។ អាហ្នឹងគ្មានអីខុសប្លែកពីហ្នឹងទេ ព្រោះបើយើងមិនបានស៊ុមគ្រលុំ ទេបានន័យថា យើងអនុញ្ញាតគឺថាអនុគ្រោះឱ្យគឺថាអំពើឃាតកម្មលើជនជាតិ បារាំងម្នាក់ លោក លិម គិមយ៉ា គឺជាការប្រមាថមើលងាយចំពោះកិត្តិយស ហើយហ្នឹងកិត្យានុភាព គឺថាស្រុកបារាំង ដែលមានប្រពៃណីជាស្រុកប្រកបដោយយុត្តិធម៌ ហើយនឹងឯករាជ្យ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបនឹងការទាមទារនេះបានទេ នៅថ្ងៃទី២៤ ខែសីហា។
ការទាមទាររបស់អតីតតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ លោក ហុង លីម ធ្វើឡើងបន្ទាប់ពីកូនប្រុសរបស់លោក លិម គិមយ៉ា គឺលោក លិម ថូម៉ា សំណាង (Lim Thomas Samnang) ដាស់តឿនលោក ហ៊ុន ម៉ាណែត ឱ្យធ្វើអន្តរាគមន៍ចាប់អតីតទីប្រឹក្សាលោក ហ៊ុន សែន គឺលោក រតនៈរស្មី និងលោក ពេជ្រ គឹមស្រ៊ីន យកទៅផ្ដន្ទាទោស។ លោក ថូម៉ា សំណាង ថា ការចាប់ខ្លួន និងការសាកសួរពួកគេ នឹងអាចជួយឱ្យការស៊ើបអង្កេតឈានទៅដល់ការកំណត់អត្តសញ្ញាណអ្នកបញ្ជាឃាតកម្មពិតប្រាកដ។
លោក លិម ថូម៉ា សំណាង បានឱ្យដឹងលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២១ ខែសីហា ថា ឃាតករជនជាតិថៃឈ្មោះ ឯកាឡាក់ ផែណយ (Ekkalak Paenoi) ដែលបាញ់សម្លាប់ឪពុកលោក នៅទីក្រុងបាងកក ហើយត្រូវបានតុលាការថៃកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ គ្រាន់តែជាអ្នកស៊ីឈ្នួលម្នាក់ប៉ុណ្ណោះ ពីព្រោះជននោះមិនធ្លាប់ស្គាល់ឪពុកលោកទាល់តែសោះ។
លោក លិម ថូម៉ា សំណាង អះអាងថា ជនសង្ស័យពិតប្រាកដ ដែលជាអ្នកបញ្ជាឱ្យធ្វើឃាត គឺប្អូនប្រុសរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ គឺ លោក ពេជ្រ គឹមស្រ៊ីន និងលោក លី រតនៈរស្មី ដែលត្រូវបានគេរាយការណ៍ថា នៅតែស្ថិតក្នុងប្រទេសកម្ពុជា បើទោះបីជាមាន និវេទន៍ក្រហម (Red Notice) របស់ប៉ូលិស អន្តរជាតិអាំងទែប៉ូល (Interpol) តាមចាប់ខ្លួនពួកគេក៏ដោយ។ លោក ថូម៉ា សំណាង ថា មកដល់ពេលនេះ មានរយៈពេល ២០ខែហើយ ដែលអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បានចាត់វិធានការណាមួយ ដើម្បីឈានទៅដល់ការចាប់ ខ្លួនពួកគេនៅឡើយទេ។
កូនប្រុសអតីតតំណាងរាស្ត្រ លោក លិម គិមយ៉ា រូបនេះ សរសេរថា ថ្មីៗនេះ ប្រធានធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ជាថ្មី ចំពោះគ្រួសារ លោក អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការជំរុញឱ្យមានការស៊ើបអង្កេត ឱ្យបានច្បាស់លាស់ និងពេញលេញ ដើម្បីស្វែងរកការពិតជុំវិញឃាតកម្មនេះ។ ប៉ុន្តែ លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនដែលបានទាក់ទងទៅកាន់គ្រួសារលោក ដើម្បីជូនដំណឹងអំពីវិធានការនៃការចាត់ការនោះឡើយ។
អនុប្រធានស្ថាប័នព័ត៌មាន នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក ទេព មនោរម្យ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោក សម រង្ស៊ី និងរដ្ឋាភិបាលក្រៅ ប្រទេសរបស់លោក គ្រោងធ្វើលិខិតទៅប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីជំរុញឱ្យប្រមុខរដ្ឋបារាំង ជួយធ្វើអន្តរាគមន៍រកយុត្តិធម៌ជូនពលរដ្ឋខ្មែរ-បារាំង ៤រូប ដែលជាអតីតតំណាងរាស្ត្រកម្ពុជា នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ លោកថា អ្នកទាំង ៤រូប រួមមាន លោក លិម គិមយ៉ា ហើយនិង ៣រូបទៀត គឺលោក សម រង្ស៊ី អ្នកស្រី ជូឡុង សូម៉ូរ៉ា និង លោក ម៉ែន សុថាវរិន្ទ្រ ដែលត្រូវបានរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន បិទសិទ្ធិនយោបាយ និងបិទផ្លូវមិនឱ្យចូលកម្ពុជា។
លោក ទេព មនោរម្យ អះអាងថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ក៏រៀបចំញត្តិ របស់ពលរដ្ឋបារាំងដើមកំណើតខ្មែរ និងញត្តិថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពីពលរដ្ឋខ្មែរជុំវិញពិភពលោក ដែលរដ្ឋាភិបាលក្រៅប្រទេសសង្ឃឹមថា នឹងមានអ្នកចុះឈ្មោះលើសពី ២០ម៉ឺននាក់ ដើម្បីដាក់ជូនរដ្ឋាភិបាលបារាំង និងក្រុមប្រទេសនិយាយភាសាបារាំងផ្សេងទៀត ដែលមានឥទ្ធិពល។ បន្ថែមលើនេះ រដ្ឋាភិបាលក្រៅប្រទេស របស់លោក សម រង្ស៊ី ក៏នឹងដឹកនាំបាតុកម្មពលរដ្ឋខ្មែរ នៅក្រុងប៉ារីស ដើម្បីបញ្ជូនសំឡេងទទូចរកអន្តរាគមន៍ពីភាគីបារាំងថែមទៀត។
លោក ទេព មនោរម្យ លើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជា ក្នុងខែ វិច្ឆិកា នឹងមិនមានផលប្រយោជន៍អ្វីដល់ប្រទេសបារាំង និងប្រទេសកម្ពុជាទេ ប៉ុន្តែ បានតែផលប្រយោជន៍ឃោសនានយោបាយរបស់អ្នកកាន់អំណាចកម្ពុជា យកទៅបោកប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ប្រសិនបើភាគីបារាំង មិនអាចធ្វើអន្តរាគមន៍ឱ្យមាន ប្រសិទ្ធភាពក្នុងការសម្រួលស្ថានភាពកម្ពុជាឱ្យប្រសើរ។
លោក ទេព មនោរម្យ ៖«មិនមែនជារឿងមួយលេងសើចបានទេ បារាំងត្រូវតែធ្វើការ ពិចារណា បើសិនបើមិនមានការដោះលែងអ្នកទោសមនសិការ បើកលំហលទ្ធិប្រជាធិបតេយ្យ ហើយចាប់ជនដៃដល់សម្លាប់លោក លិម គិមយ៉ា មកផ្ដន្ទាទោស។ អាហ្នឹង គឺបារាំងត្រូវតែធ្វើការពិចារណា ហើយប្រជាពលរដ្ឋបារាំង ដែលនៅក្នុងប្រទេសបារាំងក្ដី ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសបារាំងក្ដី គឺគាត់មិនសុខចិត្តទេ។ ពួកគាត់ នឹងធ្វើបាតុកម្មទាមទារ ហើយញត្តិដែលយើងនឹងយកទៅប្រគល់ឱ្យប្រធានធិបតីបារាំង ហើយយើងក៏នឹងប្រគល់ជូនអ្នករៀបចំជំនួបហ្វ្រង់កូហ្វូនីផងដែរ នៅការិយាល័យយើងណាត់ជួបគាត់ ដើម្បីយកញត្តិទៅដាក់ ហើយញត្តិរាប់ម៉ឺនព្រមទាំងជាមួយលិខិត។ ខ្ញុំគិតថាសម្ពាធនេះ មិនអាចឱ្យពួកគាត់ហ្នឹង ព្រងើយកន្តើយបានទេ»។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លទ្ធិប្រជាធិបតេយ្យក្មេងខ្លីរបស់កម្ពុជា បានធ្លាក់ក្នុងវិបត្តិមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលមិនទាន់ឃើញ ពន្លឺនៃការស្ដារឡើងវិញនៅឡើយ រហូតមកដល់ពេលនេះ។ សព្វថ្ងៃ ពលរដ្ឋខ្មែរ សកម្មជន និងអ្នកនយោបាយគណបក្សក្រៅរដ្ឋាភិបាល យ៉ាងតិច ១៣១នាក់ កំពុងជាប់ពន្ធនាគារ ក្រោមកណ្ដាប់ដៃបង្ក្រាប របស់រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ខណៈ មនុស្សមួយចំនួនទៀត ត្រូវបានគេសម្លាប់ ដូចជា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ជាដើម។
អ្នកឃ្លាំមើលលើកឡើងថា ការសម្លាប់លោក លិម គិមយ៉ា រួមទាំង ការចាប់អ្នកទោសមនសិការ និង អ្នកទោសនយោបាយ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ ក្នុងដំណាក់កាលចុងក្រោយនេះ សុទ្ធតែជាឃាតកម្មសម្លាប់លទ្ធិប្រជាធិបតេយ្យ និងជាការបង្កើតអយុត្តិធម៌បំផ្លាញប្រទេសកម្ពុជា។ ពួកគាត់ថា រដ្ឋាភិបាលបារាំង ក៏នឹងប្រឈមការរិះគន់ពីជុំទិស ប្រសិនបើសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជា ជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោយមិនអើពើ ឱ្យមាន ដំណោះស្រាយវិបត្តិសិទ្ធិមនុស្សទាំងនេះ ឱ្យសមរម្យ ជាមុនសិន៕









