អ្នកឃ្លាំមើល​ទទូច​ឱ្យ​បារាំង​លុប​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី បើ​លោក ហ៊ុន ម៉ាណែត មិន​អើពើ​ករណី​លោក លិម គិមយ៉ា

0
46
ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (រូប៖ បណ្ដាញសង្គម)
ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (រូប៖ បណ្ដាញសង្គម)

អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanyel Macron) លុបចោល​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី (Francophonie Summit) ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ ប្រសិនបើ​លោក ហ៊ុន ម៉ា​ណែ​ត មិន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា ក្នុង​នោះ​ក៏​មាន​លោក លី រតនរស្មី និង​លោគ ពេជ្រ គឹមស្រ៊ីន ដែល​គេ​សង្ស័យ​ថា កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ពួកគេ​ក៏​ទាមទារ​ឱ្យ​បារាំង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ផង​ដែរ។

អ្នកឃ្លាំមើល​ថា វា​គឺជា​ភាព​អាម៉ាស់​មួយ​របស់​រដ្ឋាភិបាល​បារាំង បើ​នៅតែ​បន្ត​បើក​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​និយាយ ភាសា​បារាំង​នេះ នៅពេល​វិបត្តិ​អយុត្តិធម៌ ការរំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​ប្រជាធិបតេយ្យ​កម្ពុជា នៅតែ​គ្មាន​ដំណោះស្រាយ​នៅឡើយ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ​លោក ហុង លីម ស្នើ​ឱ្យ​រដ្ឋាភិបាល បារាំង​បញ្ជាក់​ជំហរ​ឱ្យ​ច្បាស់​ពី​ការ​ចាប់ខ្លួន​លោក លី រតន​រស្មី និង​លោក ពេជ្រ គឹមស្រ៊ីន យក​ទៅ​កាត់ទោស ហើយ​ដោះលែង​អ្នក​ទោសនយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ នៅក្នុង​ខែ​នេះ ឬ ក្នុង​ខែក្រោយ។

លោក ហុង លីម លើកឡើង​ថា អ្នក​មាន​អំណាច នៅ​កម្ពុជា ជា​អ្នក​រៀបចំ​ផែន​សម្លាប់​លោក លិម គិមយ៉ា និង​កម្ទេច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ដូច្នេះ លោក​ថា ប្រទេស​បារាំង ដែល​តែងតែ​ប្រកាន់​គោលការណ៍ គោរព​សិទ្ធិមនុស្ស និង យុត្តិធម៌​ជា​ចំបង ត្រូវ​កំណត់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​បើក​លំហ​សេរីភាព​នយោបាយ​កម្ពុ​ជាមួយ​កម្រិត​សិន ទើប​សម​ឱ្យ​ប្រមុខរដ្ឋ​បារាំង លោក អេម៉ានុយអែល​ម៉ាក្រុង ទៅ​ចាប់ដៃ លោក ហ៊ុន ម៉ាណែត នៅ​កម្ពុជា។

លោក ហុង លីម៖ «នេះ​ជា​ការ​ស្ដីបន្ទោស​ឱ្យ​ច្បាស់លាស់ របស់​រដ្ឋាភិបាល​បារាំង ចំពោះ​អ្នកកាន់អំណាច​នៅ​ភ្នំពេញ​ហ្នឹង​ពីព្រោះ​បើសិនជា​នៅ​ធ្វើដំណើរ​ទៅមុខ​ទៀត ក្នុង​រឿង​ហ្វ្រង់កូហ្វូនី​ជំនុំ​គ្នា​អ៊ីចឹង គឺ​ហាក់ដូចជា​ស៊ុមគ្រលុំ ជាមួយ​ពួក​ឧក្រិដ្ឋ ជន​នៅ ភ្នំពេញ​អ៊ីចឹង​។ អាហ្នឹង​គ្មាន​អី​ខុសប្លែក​ពី​ហ្នឹង​ទេ ព្រោះ​បើ​យើង​មិនបាន​ស៊ុមគ្រលុំ ទេ​បាន​ន័យ​ថា យើង​អនុញ្ញាត​គឺថា​អនុគ្រោះ​ឱ្យ​គឺថា​អំពើ​ឃាតកម្ម​លើ​ជនជាតិ បារាំង​ម្នាក់ លោក លិម គិមយ៉ា គឺជា​ការប្រមាថ​មើលងាយ​ចំពោះ​កិត្តិយស ហើយ​ហ្នឹង​កិត្យានុភាព គឺថា​ស្រុក​បារាំង ដែល​មាន​ប្រពៃណី​ជា​ស្រុក​ប្រកបដោយ​យុត្តិធម៌ ហើយនឹង​ឯករាជ្យ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ការ​ទាមទារ​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៤ ខែ​សីហា។

ការ​ទាមទារ​របស់​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី ដើមកំណើត​ខ្មែរ លោក ហុង លីម ធ្វើ​ឡើង​បន្ទាប់​ពី​កូនប្រុស​របស់​លោក លិម គិមយ៉ា គឺ​លោក លិម ថូម៉ា សំណាង (Lim Thomas Samnang) ដាស់តឿន​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​អន្តរាគមន៍​ចាប់​អតីត​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក រតនៈរស្មី និង​លោក ពេជ្រ គឹមស្រ៊ីន យក​ទៅ​ផ្ដន្ទាទោស​។ លោក ថូម៉ា សំណាង ថា ការ​ចាប់ខ្លួន និង​ការសាកសួរ​ពួកគេ នឹង​អាច​ជួយ​ឱ្យ​ការស៊ើបអង្កេត​ឈាន​ទៅ​ដល់​ការកំណត់​អត្តសញ្ញាណ​អ្នកបញ្ជា​ឃាតកម្ម​ពិតប្រាកដ។

លោក លិម ថូម៉ា សំណាង បាន​ឱ្យ​ដឹង​លើ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​២១ ខែសីហា ថា ឃាតករ​ជនជាតិ​ថៃ​ឈ្មោះ ឯកាឡាក់ ផែណយ (Ekkalak Paenoi) ដែល​បាញ់សម្លាប់​ឪពុក​លោក នៅ​ទីក្រុង​បាងកក ហើយ​ត្រូវ​បាន​តុលាការ​ថៃ​កាត់​ទោស ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ម្នាក់​ប៉ុណ្ណោះ ពីព្រោះ​ជន​នោះ​មិន​ធ្លាប់​ស្គាល់​ឪពុក​លោក​ទាល់តែសោះ។

លោក លិម ថូម៉ា សំណាង អះអាង​ថា ជនសង្ស័យ​ពិតប្រាកដ ដែល​ជា​អ្នកបញ្ជា​ឱ្យ​ធ្វើ​ឃាត គឺ​ប្អូនប្រុស​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ គឺ លោក ពេជ្រ គឹមស្រ៊ីន និង​លោក លី រតនៈរស្មី ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា នៅតែ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា បើទោះបី​ជា​មាន និវេទន៍​ក្រហម (Red Notice) របស់​ប៉ូលិស អន្តរជាតិ​អាំងទែប៉ូល (Interpol) តាម​ចាប់ខ្លួន​ពួកគេ​ក៏ដោយ​។ លោក ថូម៉ា សំណាង ថា មកដល់ពេលនេះ មាន​រយៈពេល ២០​ខែ​ហើយ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិន​ទាន់​បាន​ចាត់វិធានការ​ណាមួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់ ខ្លួន​ពួកគេ​នៅ​ឡើយ​ទេ។

កូនប្រុស​អតីត​តំណាងរាស្ត្រ លោក លិម គិមយ៉ា រូប​នេះ សរសេរ​ថា ថ្មីៗ​នេះ ប្រធាន​ធិបតី​បារាំង លោក អេម៉ានុយអែល ម៉ា​ក្រុង បាន​បញ្ជាក់​ជាថ្មី ចំពោះ​គ្រួសារ លោក អំពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​បារាំង ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការស៊ើបអង្កេត ឱ្យ​បាន​ច្បាស់លាស់ និង​ពេញលេញ ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ឃាតកម្ម​នេះ​។ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ដែល​បាន​ទាក់ទង​ទៅកាន់​គ្រួសារ​លោក ដើម្បី​ជូនដំណឹង​អំពី​វិធានការ​នៃ​ការ​ចាត់ការ​នោះ​ឡើយ។

អនុប្រធាន​ស្ថាប័ន​ព័ត៌មាន នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក ទេព មនោរម្យ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក សម រង្ស៊ី និង​រដ្ឋាភិបាល​ក្រៅ ប្រទេស​របស់​លោក គ្រោង​ធ្វើ​លិខិត​ទៅ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បី​ជំរុញ​ឱ្យ​ប្រមុខរដ្ឋ​បារាំង ជួយ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​-​បារាំង ៤​រូប ដែល​ជា​អតីត​តំណាងរាស្ត្រ​កម្ពុជា នៅមុន​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី។ លោក​ថា អ្នក​ទាំង ៤​រូប រួមមាន លោក លិម គិមយ៉ា ហើយ​និង ៣​រូប​ទៀត គឺ​លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូម៉ូរ៉ា និង លោក ម៉ែន សុថាវរិន្ទ្រ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន បិទ​សិទ្ធិ​នយោបាយ និង​បិទផ្លូវ​មិន​ឱ្យ​ចូល​កម្ពុជា។

លោក ទេព មនោរម្យ អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ក៏​រៀបចំ​ញត្តិ របស់​ពលរដ្ឋ​បារាំង​ដើមកំណើត​ខ្មែរ និង​ញត្តិ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ពី​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក ដែល​រដ្ឋាភិបាល​ក្រៅប្រទេស​សង្ឃឹមថា នឹង​មាន​អ្នក​ចុះឈ្មោះ​លើស​ពី ២០​ម៉ឺន​នាក់ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​បារាំង និង​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ផ្សេងទៀត ដែល​មាន​ឥទ្ធិពល​។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​ក្រៅប្រទេស របស់​លោក សម រង្ស៊ី ក៏​នឹង​ដឹកនាំ​បាតុកម្ម​ពលរដ្ឋ​ខ្មែរ នៅ​ក្រុងប៉ារីស ដើម្បី​បញ្ជូន​សំឡេង​ទទូច​រក​អន្តរាគមន៍​ពី​ភាគី​បារាំង​ថែមទៀត។

លោក ទេព មនោរម្យ លើកឡើង​ថា កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី នៅ​កម្ពុជា ក្នុង​ខែ វិច្ឆិកា នឹង​មិន​មាន​ផលប្រយោជន៍​អ្វី​ដល់​ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ បានតែ​ផលប្រយោជន៍​ឃោសនា​នយោបាយ​របស់​អ្នកកាន់អំណាច​កម្ពុជា យក​ទៅ​បោក​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ប្រសិនបើ​ភាគី​បារាំង មិន​អាច​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន ប្រសិទ្ធភាព​ក្នុង​ការ​សម្រួល​ស្ថានភាព​កម្ពុជា​ឱ្យ​ប្រសើរ។

លោក ទេព មនោរម្យ ៖«​មិនមែន​ជា​រឿង​មួយ​លេងសើច​បានទេ បារាំង​ត្រូវតែ​ធ្វើការ ពិចារណា បើសិន​បើ​មិនមាន​ការ​ដោះលែង​អ្នកទោស​មនសិការ បើក​លំហ​លទ្ធិប្រជាធិបតេយ្យ ហើយ​ចាប់​ជន​ដៃដល់​សម្លាប់​លោក លិម គិម​យ៉ា មក​ផ្ដន្ទាទោស​។ អាហ្នឹង គឺ​បារាំង​ត្រូវតែ​ធ្វើការ​ពិចារណា ហើយ​ប្រជាពលរដ្ឋ​បារាំង ដែល​នៅ​ក្នុង​ប្រទេស​បារាំង​ក្ដី ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​បារាំង​ក្ដី គឺ​គាត់​មិន​សុខចិត្ត​ទេ​។ ពួកគាត់ នឹង​ធ្វើ​បាតុកម្ម​ទាមទារ ហើយ​ញត្តិ​ដែល​យើង​នឹង​យក​ទៅ​ប្រគល់​ឱ្យ​ប្រធាន​ធិបតី​បារាំង ហើយ​យើង​ក៏​នឹង​ប្រគល់​ជូន​អ្នក​រៀបចំ​ជំនួប​ហ្វ្រង់កូហ្វូនី​ផង​ដែរ នៅ​ការិយាល័យ​យើង​ណាត់ជួប​គាត់ ដើម្បី​យក​ញត្តិ​ទៅ​ដាក់ ហើយ​ញត្តិ​រាប់​ម៉ឺន​ព្រមទាំង​ជាមួយ​លិខិត​។ ខ្ញុំ​គិតថា​សម្ពាធ​នេះ មិន​អាច​ឱ្យ​ពួកគាត់​ហ្នឹង ព្រងើយ​កន្តើយ​បាន​ទេ»។

ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ លទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្លី​របស់​កម្ពុជា បាន​ធ្លាក់​ក្នុង​វិបត្តិ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​មិនទាន់​ឃើញ ពន្លឺ​នៃ​ការ​ស្ដារ​ឡើងវិញ​នៅឡើយ រហូតមកដល់​ពេលនេះ​។ សព្វថ្ងៃ ពលរដ្ឋ​ខ្មែរ សកម្មជន និង​អ្នកនយោបាយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល យ៉ាងតិច ១៣១​នាក់ កំពុង​ជាប់​ពន្ធនាគារ ក្រោម​កណ្ដាប់ដៃ​បង្ក្រាប របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ខណៈ មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​សម្លាប់ ដូចជា អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ជាដើម។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​សម្លាប់​លោក លិម គិមយ៉ា រួម​ទាំង ការ​ចាប់​អ្នកទោស​មនសិការ និង អ្នក​ទោស​នយោបាយ ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ សុទ្ធតែ​ជា​ឃាតកម្ម​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​បង្កើត​អយុត្តិធម៌​បំផ្លាញ​ប្រទេស​កម្ពុជា​។ ពួកគាត់​ថា រដ្ឋាភិបាល​បារាំង ក៏​នឹង​ប្រឈម​ការរិះគន់​ពី​ជុំ​ទិស ប្រសិនបើ​សម្រេចចិត្ត​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី នៅ​ប្រទេស​កម្ពុជា ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោយ​មិន​អើពើ ឱ្យ​មាន ដំណោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​ទាំងនេះ ឱ្យ​សមរម្យ ជាមុន​សិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ