ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថា អ្នកដឹកនាំ​ប្រទេស​មិន​ជំរុញ​ជាក់លាក់​ទេ ទើប​ពុំ​មាន​ដំណោះស្រាយ

0
198
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថា ដំណោះស្រាយ​របស់​មេធាវី​រដ្ឋាភិបាល និង តុលាការ​ខេត្តសៀមរាប ៣​ឆ្នាំ​ហើយ បាន​លទ្ធផល ត្រឹមតែ​ពាក្យ «​រង់ចាំ​»​។ សង្គម​ស៊ីវិល​ថា តុលាការ គួរ​កំណត់ពេល​ឱ្យ​បាន​ជាក់លាក់ ក្នុង​ការ​បញ្ចប់​សំណុំរឿង ដើម្បី​ផ្ដល់​ដំណោះស្រាយ​យុត្តិធម៌​ជូន​ជនរងគ្រោះ។

ក្រុម​តំណាង​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា បាន​បន្ទោស​តុលាការ និង​មេធាវី​រដ្ឋាភិបាល​ថា ឆ្លើយ​ដោះសា​ឱ្យ​តែ​រួចខ្លួន​នៅពេល​ពលរដ្ឋ​រងគ្រោះ ទៅ​សួរនាំ​ច្រើនដង អំពី​ដំណើរ​ការ​រក​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​រងគ្រោះ លោកស្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា តុលាការ ខេត្តសៀមរាប និង​មេធាវី​រដ្ឋាភិបាល​លោក គី តិច នាំគ្នា​ឆ្លើយ​បង្វែរ​សាច់រឿង ដោយ​ដោះសា​ថា រឿងក្ដី​ការ​ឆបោក​របស់​ក្រុមហ៊ុន ប្រ៊ី​លាន​ស៊ី​ធី នៃ​អ្នកស្រី ឡេង ចាន់ណា ជា​សំណុំរឿង​ធំ និង​មាន​ជនរងគ្រោះ​ច្រើនពេក ដែល​តុលាការ និង​មេធាវី មិនដែល​ជួបប្រទះ​ពីមុន​មក​។ លោកស្រី​ថា តុលាការ​បាន​ផ្ដល់​ចម្លើយ ដែល​មិន​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​ជនរងគ្រោះ​ឡើយ ពីព្រោះ​តុលាការ​ប្រាប់​ឱ្យ​រង់ចាំ រហូតដល់​ជនរងគ្រោះ​ទាំងអស់ ទៅ​ផ្ដល់​ចម្លើយ​គ្រប់ៗ​គ្នា​។ បើ​ដូច្នេះ លោកស្រី​ថា ទោះបីជា ១០​ឆ្នាំ​ទៀត ក៏​គ្មាន​ដំណោះស្រាយ​ដែរ ពីព្រោះ​ជនរងគ្រោះ មាន​ចំនួន រាប់ពាន់​នាក់ ហើយ​មួយចំនួន កំពុង​រស់នៅ​ក្រៅប្រទេស។

លោកស្រី​និយាយ​ថា តាម​ការ​ពន្យល់​របស់​តុលាការ និង​មេធាវី​រដ្ឋាភិបាល​សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា នេះ ពុំ​មាន​ការជំរុញ​ពី​អ្នកដឹកនាំ​ប្រទេស​ឱ្យ​ចាត់​ការ​រក​ដំណោះស្រាយ​យុត្តិធម៌​ត្រឹមត្រូវ​ជូន​ជនរងគ្រោះ​ឱ្យ​ជាក់លាក់​នោះ​ទេ។

ជនរងគ្រោះ៖ «​គឺ​អត់​មាន​បញ្ជា​ឱ្យធ្វើ បើ​មាន​បញ្ជា​ឱ្យ​ម្ល៉េះ រឿង​នេះ​មិន​មាន​គាំង​ដូច​រាល់ថ្ងៃ​ហ្នឹង វា​អាច​នឹង​ជំរុញ​ទៅមុខ ហើយ​ខាង​មេធាវី គឺ តិច ក៏​មិនបាន​ប្រាប់​ថា សំណុំរឿង​ហ្នឹង វា​អាច​ទៅដល់​ចំណុច​នេះ ចំណុច​នោះ អត់​ស្ងាត់ឈឹង​តែម្ដង​។ គាត់​អត់​ហ៊ាន​ប្រាប់​ជនរងគ្រោះ​យ៉ាងម៉េច​ទេ ហើយ​ខាង​តុលាការ ក៏ដូចជា​គ្នា​ដែរ ថា ចំណាត់ការ​ហ្នឹង​ដល់​ចំណុច​ណាៗ ក៏​អត់​ហ៊ាន​ប្រាប់​ដែរ រហូតដល់​ជនរងគ្រោះ​ពួក​ខ្ញុំ​ឆា​តទៅ​សួរ ខ​ល​ទៅ​សួរ គឺ​ពួកគាត់​បិទ​ទាំងអស់ ប្រព័ន្ធ​ទាក់ទង​ហ្នឹង គឺ​បិទ​ទាំងអស់»។

សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី នៃ​អតីត​ឧកញ៉ា ឡេង ចាន់ណា មាន​ដំណើរ​ការ​ក្ដី ប្រមាណ ៣​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​យុត្តិធម៌​នៅ​ស្ងាត់ឈឹង ក្នុង​ដៃ​តុលាការ​ខេត្តសៀមរាប រីឯ​ពលរដ្ឋ​រងគ្រោះ​រាប់ពាន់​នាក់ នៅ​ទូទាំង​ប្រទេស បាន​ត្រឹមតែ​ដង្ហើយ​រក​ដំណោះស្រាយ​ជាប្រចាំ​។​

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដហុក​(Adhoc)​លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ឆ្លើយតប​របស់​តុលាការ និង​មេធាវី​រដ្ឋាភិបាល កាន់តែ​បន្ថែម​ការ​ខកចិត្ត និង​អស់សង្ឃឹម​ដល់​ពលរដ្ឋ​រងគ្រោះ។

លោក យិន ម៉េងលី បន្ថែម​ថា តុលាការ​មិនអាច​ចេះតែ​ផ្អែកលើ​សំណុំរឿង​ធំ ហើយ​ពន្យារពេល​ដោយ​គ្មាន​ពេល​កំណត់ ដោយ​រង់ចាំ​ការ​ប្ដឹង ឬ​ការ​ទៅ​បង្ហាញ​ឯកសារ បំភ្លឺ របស់​ជនរងគ្រោះ​នោះ​ទេ ប៉ុន្តែ​លោក​ថា តុលាការ គួរតែ​កំណត់​ពេលវេលា ឱ្យ​បាន​ជាក់លាក់ ទាំង​ការ​ដាក់​ឯកសារ​ប្ដឹង​របស់​ជនរងគ្រោះ និង​ការ​រក​យុត្តិធម៌​បញ្ចប់​សំណុំរឿង។

លោក យិន ម៉េងលី៖ «តុលាការ​ក៏​អាច​កំណត់​នៅពេល​វេលា​មួយ​ជាក់លាក់​ដែរ កំណត់​រយៈពេល​ដែល​ត្រូវធ្វើ​ការ​ផ្សព្វផ្សាយ ហើយ​ការ​ផ្សព្វផ្សាយ ជា​ចុងក្រោយ​គឺ តាម​បណ្ដាញ​ព័ត៌មាន​នេះ ទៅតាម​បណ្ដាញ​ហ្វេសប៊ុក​របស់​តុលាការ អំពី​ការ​បិទ​បញ្ចប់​ករណី​នៃ​ការ​ទទួល ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ ពីព្រោះ​បើសិនជា មិន​ចាត់ការ​ទេ ហើយ​ទុក​បណ្ដោយ​ចាំ​ថា ដល់​ជនរងគ្រោះ​មក​ប្ដឹង​គ្រប់គ្នា វា​មិន​ដឹង​ថា​ប៉ុន្មាន​។ អ៊ីចឹង​ត្រូវ​កំណត់​រយៈពេល​មួយ នៃ​ការ​ទទួល​ពាក្យបណ្ដឹង ហើយនឹង រយៈពេល​នៃ​ការ​ចាត់ការ​សម្រាប់​ដើមបណ្ដឹង សម្រាប់​ជនរងគ្រោះ ដែល​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ឬក៏​បង្ហាញ​ឯកសារ ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ផលប្រយោជន៍​របស់​ខ្លួន ដែល​ខូច​ផលប្រយោជន៍​ដោយសារតែ​ក្រុមហ៊ុន​នេះ»។

នៅក្នុង​សំណុំរឿង​របស់​ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា ដែល​បាន​ផ្ទុះ​រឿង អាស្រូវ​ឆបោក កាលពី​ក្នុង​ឆ្នាំ​២០២៣ ក្រៅពី​អ្នកស្រី ឡេង ចាន់ណា ដែលជា អគ្គនាយិកា និង​បក្ខពួក​មួយចំនួន​ទៀត ក៏​មាន​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជាច្រើន រូប ដែល​ពាក់ព័ន្ធ ដូចជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក ស៊ាន បូរ៉ាត និង អនុ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក ស ថាវី។ អ្នកស្រី ឡេង ចាន់ណា មុន​ពេល​ត្រូវ​បាន​ចាប់ខ្លួន បាន​ប្រកាស​ថា ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ី​ធី​របស់​អ្នកស្រី​មាន​លោក ហ៊ុន ម៉ាណែត ជា​ខ្នងបង្អែក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ