គ្រួសារ​ចាត់ទុក​ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ពីរ​រូប​បន្ថែម​ទៀត​ជា​រឿង​នយោបាយ

0
100
ប្រធាន​ប្រតិបត្តិ​សង្កាត់​ស្ទឹងមានជ័យ​១ នៃ​គណបក្ស​កម្លាំង​ជាតិ លោក សុខ ហុន និង​លេខា​របស់​លោក គឺ​លោក សន រ៉េត (រូបមានសញ្ញាព្រួញ) ត្រូវបានចាប់ខ្លួន។ រូប៖ គណបក្សកម្លាំងជាតិ​ខេត្ត​កណ្ដាល
ប្រធាន​ប្រតិបត្តិ​សង្កាត់​ស្ទឹងមានជ័យ​១ នៃ​គណបក្ស​កម្លាំង​ជាតិ លោក សុខ ហុន និង​លេខា​របស់​លោក គឺ​លោក សន រ៉េត (រូបមានសញ្ញាព្រួញ) ត្រូវបានចាប់ខ្លួន។ រូប៖ គណបក្សកម្លាំងជាតិ​ខេត្ត​កណ្ដាល

​គ្រួសារ​អះអាង​ថា ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សង្កាត់ នៃ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ លោក សុខ ហុន និង លោក សន រ៉េត គឺជា​រឿង​នយោបាយ​។ គណបក្សប្រឆាំង​និង សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​រដ្ឋាភិបាល ធ្វើ​ឱ្យ​បរិយាកាស​ប្រកួតប្រជែង មិន​មាន​ភាពស្មើគ្នា នៅមុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០២៧។

អាជ្ញាធរ​គណបក្សកាន់អំណាច​នៃ​លោក ហ៊ុន ម៉ា​ណែ​ត នៅ​បន្ដ​យុទ្ធនា​ការ​ចាប់​សកម្មជន និង​មន្ត្រី​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​មាន​ឥទ្ធិពល​ប្រកួតប្រជែង នយោបាយ​បច្ចុប្បន្ន។

ប្រធាន​ប្រតិបត្តិ​សង្កាត់​ស្ទឹងមានជ័យ​១ នៃ​គណបក្ស​កម្លាំង​ជាតិ លោក សុខ ហុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដល់​ផ្ទះ​ក្នុង​ខណ្ឌ​ដង្កោ និង​លេខា​របស់​លោក គឺ​លោក សន រ៉េត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដល់​ផ្ទះ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែសីហា​។ សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​ទាំងពីរ​ទៅ​ដាក់​ពន្ធនាគារ​ព្រៃស​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​សីហា។

យោង​តាម​អង្គហេតុ​នៃ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន ចុះ​ថ្ងៃទី​៤ ខែ​សីហា ចៅក្រម ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ហុក ពៅ តម្រូវ​ឱ្យ​ថ្នាក់ដឹកនាំ​សង្កាត់​ទាំងពីរ​រូប នៃ គណបក្ស​កម្លាំង​ជាតិ ឱ្យ​ចូល​ខ្លួន​ផ្ដល់​ចម្លើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៦​។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ក្លែងបន្លំ​» និង​បទ «​ប្រើប្រាស់​លិខិត​ក្លែង​»​តាម មាត្រា ៦២៦ ៦២៧ និង​មាត្រា ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមេសា និង​ខែ​ឧសភា ឆ្នាំ​២០២៥។

សាច់ញាតិ​លោក សុខ ហុន សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣១ ខែសីហា​ថា លោក សុខ ហុន ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់ពី​លោក​មិនបាន​ចូល​បំភ្លឺ​ទៅតាម​ដីកាកោះ​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ ដោយសារ​លោក​យល់ថា ជា​រឿង​តូចតាច​យូរហើយ ដែល​មិន​គួរ​មាន​បញ្ហា​ធំ​ឡើយ​។​

សាច់ញាតិ​រូប​នេះ បាន​និយាយ​ថា មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​អនុញ្ញាត​ឱ្យ​គ្រួសារ ជួប​លោក សុខ ហុន នៅឡើយ​ទេ ខណៈ​លោក​មាន​ជំងឺ​ត្បៀត​សសៃ​ឈាម និង​ស្វិតដៃ​មួយ​ចំហៀង ដែល​ត្រូវការ​ការថែទាំ​ជាប្រចាំ​។ លោក​ថា ការ​ចាប់ខ្លួន លោក សុខ ហុន គឺជា​រឿង​នយោបាយ ហើយ​សមាជិក​គណបក្ស​កាន់អំណាច ជា​អ្នកប្ដឹង​ឱ្យ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សង្កាត់​នៃ​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ។

សាច់ញាតិ​លោក សុខ ហុន ៖ «រឿង​នយោបាយ រឿង​នយោបាយ​ផ្ទៃក្នុង​របស់​គាត់ ព្រោះថា រឿង​ហ្នឹង រឿង​ផ្ទៃក្នុង​បក្ស​របស់​គាត់ រឿង​គេ​ប្ដឹង​រឿង​បន្លំ​ឯកសារ​ហ្នឹង​។ រឿង​នឹង​ហួស​យូរហើយ តែ​អ្នក​ដែល​យក​ដាក់​ស្នើសុំ​ដល់​ក្រសួងមហាផ្ទៃ​ហ្នឹង គាត់​បាន​លាលែង​ពី​បក្ស​នេះ ចូលបក្ស​កាន់អំណាច​រាល់ថ្ងៃ​នេះ វា​ចូល​ហើយ ប៉ុន្តែ​សំខាន់​រឿង​ហ្នឹង វា​ហួស​យូរហើយ មិន​ពាក់ព័ន្ធ​នឹង​គាត់​ទៀត ខ្ញុំ​អត់​យល់ ខ្ញុំ​អត់​យល់ថា ម៉េច​បាន​គេ​មក​ចាប់ខ្លួន​គាត់ រឿង​ក្លែងបន្លំ​ហ្នឹង»។

ប្រធាន​ប្រតិបត្តិ​សង្កាត់​ស្ទឹងមានជ័យ​១ នៃ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​របស់​គណបក្ស​កម្លាំង​ជាតិ លោក សុខ ហុន ក៏​ជា​អ្នកជំនាញ​ពេទ្យសត្វ​ដែរ។

គណបក្ស​កម្លាំង​ជាតិ និង​សង្គម​ស៊ីវិល អះអាង​ថា អាជ្ញាធរ​រដ្ឋាភិបាល​នៃ គណបក្ស​ប្រជាជន​កម្ពុជា បង្ក​ភាពស្មុគស្មាញ​កាន់តែ​ខ្លាំង ជាពិសេស​ការប្រើ​វិធី​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន និង​អ្នកនយោបាយ នៃ​គណបក្សប្រឆាំង នៅមុន​ការបោះឆ្នោត ឆ្នាំ​២០២៧ ដែល​នឹង​ខិត​ជិត​មកដល់។

អ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សង្កាត់ នៃ​គណបក្ស​កម្លាំង​ជាតិ លោក សុខ ហុន និង លោក សន រ៉េត ជា​ការ​រើសអើង​នយោបាយ​និង​រឹតត្បិត​លំហ​ប្រកួតប្រជែង​នយោបាយ ដោយ​សេរី និង យុត្តិធម៌​។ លោក​ថា ការពង្រីក​រឿង​តូចតាច ឱ្យ​ក្លាយជា​បញ្ហា​ធំ ដើម្បី​ចាប់ខ្លួន សកម្មជន និង​សមាជិក​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល គឺជា​ការ​ធ្វើទុក្ខបុកម្នេញ សេរីភាព​នយោបាយ ដែល​ប៉ះពាល់​ដល់​ការ​បោះឆ្នោត។

លោក សុខ គឹមសេង៖ «​រាល់​បញ្ហា​ទាំងអស់ បញ្ហា​សូម្បីតែ​រឿង​ខ្លះ មិន​សមជា​រឿង​បញ្ហា ក៏​តែងតែ​មាន​បញ្ហា ជាពិសេស គឺ​ឱ្យ​តែ​សមាជិក សមាជិកា​អ្នក​ដែល​ចូលរួម​គាត់​ជាមួយ​គណបក្ស​កម្លាំង​ជាតិ គឺថា ពីមុន​បញ្ហា​ហ្នឹង​តូចតាច​ទេ ហើយ​មិនទាន់​មាន​ការសម្រេច​អ្វីមួយ ប៉ុន្តែ​នៅពេល​គាត់​ចេញ​វត្តមាន​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​កម្លាំង​ជាតិ តែង​រង​ការចោទប្រកាន់​ជានិច្ច»។

មកដល់​ពេល​នេះ សកម្មជន និង​សមាជិក នៃ​គណបក្ស​កម្លាំង​ជាតិ ចំនួន ១៨​នាក់ កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ គណបក្សប្រឆាំង​ចំនួន​៣​គឺ​គណបក្ស​កម្លាំង​ជាតិ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ រង​ការ​ធ្វើទុក្ខបុកម្នេញ​ជាងគេ ក្នុង​ដំណើរការ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា រដ្ឋាភិបាល​គួរតែ​មើល​មេរៀន​ចាស់ និង ជា​គំរូ​ដ៏​ល្អ​សម្រាប់​ការបោះឆ្នោត នៅ​កម្ពុជា កាលពី​ឆ្នាំ​១៩៩៣ ដែល​នៅ​ពេលនោះ​គឺ​មាន​ការ​ដោះលែង​អ្នកទោស នយោបាយ និង អ្នកទោស​មនសិការ​ទាំ​ង​អស់​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក នី សុខា មានប្រសាសន៍ថា ការ​បន្ត​ចាប់ ខ្លួន​សកម្មជន​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជះឥទ្ធិពល​មិនល្អ​ទេ ដល់​ដំណើរការ​នៃ​ការបោះឆ្នោត នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ គណបក្ស​នយោបាយ នានា និង​សហគមន៍​អន្តរជាតិ។

លោក នី សុខា៖ «​ទោះបីជា​សមត្ថកិច្ច​ក៏ដូចជា រដ្ឋាភិបាល​គាត់​តែង​តែង​លើកឡើង មាន​អំណះអំណាង​ថា ការ​ចាប់ខ្លួន​នឹង​វា​បទល្មើស​ព្រហ្មទណ្ឌ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន នឹង​បាន​ប្រព្រឹត្ត​បទល្មើស​អី​ក៏ដោយ​។ ក៏ប៉ុន្តែ​យើង​ដឹង​ហើយ​ថា មតិ​ជាតិ អន្តរជាតិ គេ​យល់ ថា​រឿង​ទាំងអស់​ហ្នឹង វា​មិនមែន​ជា​រឿង​ការអនុវត្ត​ច្បាប់​ទេ គឺ​វា​ទាក់ទង​នឹង​ការ​បំភិតបំភ័យ ឬក៏​ការ​គំរាមកំហែង​ឬ ក៏​ការ​រឹតត្បិត​ខាង​សេរីភាព​ពិសេស​ដូច​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ​អី​នេះ ដែល​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ដំណើរការ​នៃ​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

គណបក្ស​កម្លាំង​ជាតិ​បាន​អំពាវនាវ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃទី​២៨ ខែ​សីហា ដល់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បញ្ឈប់​ការ​ចាប់ខ្លួន ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្សប្រឆាំង និង​ត្រូវ​ដោះលែង​លោក សុខ ហុន និង លោក សន រ៉េត ព្រមទាំង​អ្នក​ជាប់ឃុំ​នយោបាយ​ទាំងអស់ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ល្អ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

គណបក្ស​កម្លាំង​ជាតិ​យល់ឃើញ​ថា នៅក្នុង​កាល:ទេស:​ដែល​ប្រទេស​កម្ពុជា​កំពុង រង​ការឈ្លានពាន​ពី​ភាគី​ថៃ អាជ្ញាធរ​កម្ពុជា​ពុំគួរ​ធ្វើទុក្ខ​ម្នេញ​អ្នក ដែល​មាន​និន្នាការ នយោបាយ​ផ្ទុយ​ពី​គណបក្សកាន់អំណាច​នោះ​ទេ ប៉ុន្តែ ត្រូវ​ចាប់ផ្តើម​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ឈាន​ទៅ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាតិ ដើម្បី​ទប់ទល់​នឹង​បរទេស​ឈ្លានពាន​ទឹកដី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ