

កម្ពុជា និងថៃកំពុងត្រៀមខ្លួនដើម្បីចូលរួមកិច្ចចរចាជម្លោះដែនសមុទ្រ ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ជាលើកទី១ ដែលនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី (Singapore) នៅពាក់កណ្ដាលខែកញ្ញា នេះ។ ក្នុងនោះភាគីកម្ពុជា ដែលជាអ្នកស្នើយន្តការចរចានេះឡើង បានបង្ហាញពីក្ដីរំពឹងថានឹងទទួលបានយុត្តិធម៌ និងទទួលបានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ដែនសមុទ្រ ដែលភាគីទាំងពីរអះអាងថា ត្រួតស៊ីគ្នា។ ចំណែកភាគីថៃ តាមរយៈក្រសួងការបរទេស បានប្រកាសពីការត្រៀមលក្ខណៈ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះនិងរក្សាដាច់ខាតនូវផលប្រយោជន៍របស់ថៃ នៅក្នុងដែនសមុទ្រដែលកំពុងមានជម្លោះ។
ក្រោយចេញសេចក្ដីថ្លែងការណ៍ប្រឆាំងអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រ ពេលនេះកម្ពុជា និងថៃកំពុងត្រៀមចូលតុចរចាទល់មុខគ្នា បន្ទាប់ពីតុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នាទីក្រុងឡាអេ (Hague) បានចេញសេចក្ដីប្រកាសនៅថ្ងៃទី៩ ខែកញ្ញា ស្ដីពី នីតិវិធីផ្សះផ្សារវាងភាគីទាំងពីរ ក្រោមឧបសម្ពន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ដែលហៅកាត់ថា (UNCLOS) ឆ្នាំ១៩៨២។
កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សានេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី (Singapore)។ ក្នុងនោះ តំណាងភាគីកម្ពុជា និងថៃ នឹងត្រូវឡើងថ្លែងការណ៍ នៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩ព្រឹក ម៉ោងនៅសិង្ហបុរី ដោយមានការផ្សាយផ្ទាល់ជា ៣ភាសា រួមមាន ភាសាអង់គ្លេស ខ្មែរ និងថៃ។
យ៉ាងណាមិញ ក្នុងអំឡុងពេលនៃការរៀបចំសំណេរសម្រាប់ត្រៀមនិយាយថ្លែងការណ៍នេះភាគីកម្ពុជា និងថៃ បានប្រកាសពីគោលជំហរ និងការប្ដេជ្ញារៀងៗខ្លួន។
ក្នុងនោះក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃទី៩ ខែកញ្ញា ដោយស្វាគមន៍ចំពោះកិច្ចចរចាជម្លោះដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នា ជាមួយប្រទេសថៃតាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ដែលជាជម្លោះរ៉ាំរ៉ៃបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ពីសមាសភាពតំណាងចូលរួម ដោយមានរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រមុខការទូតចាស់វស្សារបស់កម្ពុជា គឺលោក ប្រាក់ សុខុន ធ្វើជាប្រធាន និងរដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយក្រុមអ្នកច្បាប់មួយចំនួនទៀត។
ទន្ទឹមគ្នានេះ ភាគីកម្ពុជាបានបង្ហាញពីក្ដីរំពឹងថា យន្តការផ្សះផ្សាដោយបង្ខំនេះ អាចជួយឱ្យកម្ពុជា និងថៃឈានទៅដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់ដែនសមុទ្ររវាងប្រទេសទាំងពីរ ដើម្បីឱ្យមានការរុករកធនធានប្រេង និងឧស្ម័ន នៅក្នុងតំបន់ ដែលភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នា។ ភាគីកម្ពុជាបានប្រកាសពីគោលជំហរចូលរួមក្នុងយន្តការផ្សះផ្សានេះដោយភាពសុចរិត ប្រកបដោយស្មារតីសហប្រតិបត្តិការ និងផ្ដល់ទំនុកចិត្តពេញលេញចំពោះការសម្រេចរបស់គណៈកម្មការផ្សះផ្សា។
ដោយឡែក ក្រសួងការបរទេសថៃ បានប្រកាសក្នុងថ្ងៃជាមួយគ្នានេះដែរ អំពីការត្រៀមលក្ខណៈពេញលេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងនោះភាគីថៃ បានបញ្ជាក់ពីតំណាងចូលរួមចរចាជាមួយកម្ពុជា ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) និងលោក សុងឆៃ ឆៃប៉ាទីយុទ្ធ (Songchai Chaipatiyuth) ដែលជាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសគុយវ៉ែត (Kuwait) ធ្វើជាអនុប្រធាន រួមទាំងតំណាងរបស់កងទ័ពជើងទឹកថៃផងដែរ។
ទោះជាយ៉ាងណា ភាគីថៃបានលើកឡើងក្នុងភាសាបែបការទូតថា ក្នុងនាមប្រទេសថៃជារដ្ឋភាគីនៃ UNCLOS នឹងប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការសហការ និងគាំទ្រដល់កិច្ចដំណើរការរបស់គណៈកម្មការផ្សះផ្សា ក៏ប៉ុន្តែភាគីថៃមិនបានលើកឡើងដោយបើកចំហអំពីការប្ដេជ្ញារឹងមាំ ក្នុងការផ្ដល់ទំនុកចិត្តពេញលេញ និងគោរពតាមការសម្រេចរបស់គណៈកម្មការផ្សះផ្សា ដូចការប្ដេជ្ញារបស់ភាគីកម្ពុជានោះឡើយ។ ផ្ទុយទៅវិញភាគីថៃ បានប្រកាសដាច់អហង្ការ ក្នុងការការពារ និងថែរក្សាផលប្រយោជន៍របស់ថៃជាធំ ដូចដែលភាគីថៃបានប្រកាសនាពេលកន្លងមក។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១០ ខែកញ្ញា។
ដំណើរការរបស់យន្តការផ្សះផ្សាជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃនេះត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលប្រហែល ១២ខែ ដើម្បីឱ្យគណៈកម្មការផ្សះផ្សាពិចារណា និងវាយតម្លៃ មុននឹងចេញរបាយការណ៍ រួមទាំងសេចក្ដីសន្និដ្ឋាន និងអនុសាសន៍ដែលជាលទ្ធផលសម្រេច ដើម្បីឱ្យភាគីជម្លោះយកធ្វើជាមាត្រដ្ឋានដើម្បីឯកភាពគ្នា។
ទោះជាយ៉ាងណា ភាគីប្រទេសថៃ ដែលគេមើលឃើញថា មានកម្លាំងទ័ពជើងទឹកមានប្រៀបជាងកម្ពុជា បានប្រកាសថា ថៃនឹងមិនគោរពតាមអនុសាសន៍របស់គណៈកម្មការផ្សះផ្សានោះឡើយ ប្រសិនបើលទ្ធផលនេះធ្វើឱ្យថៃខាតបង់ផលប្រយោជន៍ ដោយភាគីថៃលើកឡើងថា ការសម្រេចនេះ មិនមែនជាកាតព្វកិច្ចច្បាប់ ដែលចាំបាច់តម្រូវឱ្យភាគីណាមួយត្រូវតែអនុវត្តតាមនោះឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យមេដឹកនាំកម្ពុជាត្រូវត្រៀមផ្លូវក្រោយមួយទៀត នោះគឺការប្ដឹងថៃដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ព្រោះភាគីថៃហាក់បានចូលរួមក្នុងយន្តផ្សះផ្សាជាមួយកម្ពុជា គឺដើម្បីជាការបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ លោកបន្តថា កម្ពុជាអាចប្រើប្រាស់អនុសាសន៍របស់គណៈកម្មការផ្សះផ្សា ធ្វើជាឯកសាររួមផ្សំដើម្បីប្ដឹងថៃផងដែរ។
លោក ម៉ែន ណាត៖ «តាមផ្លូវច្បាប់ កម្ពុជាត្រូវតែយកបញ្ហាកោះគជ់ដាក់នៅលើតុចរចា រួមទាំងដែនសមុទ្រចំនួន ៣ ម៉ឺនគីឡូម៉ែត្រក្រឡា មិនមែន ២៦ ពាន់ទេណា អា ២៦ ពាន់ហ្នឹង តាម MOU ឆ្នាំ ២០០១ ហ្នឹង អាហ្នឹងថៃគេលុបចោលហើយ អញ្ចឹងយើងយកអា ៣ ម៉ឺនគីឡូម៉ែត្រក្រឡា របស់ដែនសមុទ្រកម្ពុជា ជាមួយថៃហ្នឹងយកមកជជែកឡើងវិញ រួមទាំងកោះគជ់ សំខាន់ណាស់បញ្ហាកោះគជ់វាជាប់នឹងផែនទីភ្ជាប់ ជាមួយនិងសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤-១៩០៧»។
កម្ពុជាបានស្នើឱ្យមានការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ឬ MOU44 កាលពីខែឧសភា ដែលអនុស្សរណៈនេះ គឺជាកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងភាគីទាំងពីរ។
ក្រោយការលុបចោលនេះ លោក អានុទីន ដែលជាមេដឹកនាំរដ្ឋាភិបាលថៃដ៏តឹងរ៉ឹង និងអភិរក្សនិយម ត្រូវបានគេមើលឃើញថា បានផ្ដល់អាទិភាពការរក្សាសន្តិសុខជាតិទៅឱ្យមេបញ្ជាការយោធាពេញទំហឹង ដែលធ្វើឱ្យជម្លោះដែនសមុទ្រ បានរីករាលដាលទៅដល់ជម្លោះដែនគោក និងមានភាពស្មុគស្មាញកាន់តែខ្លាំង។
ជាក់ស្ដែង ក្រោយកម្ពុជាបានប្រកាសប្រើប្រាស់យន្តផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ រដ្ឋាភិបាលស៊ីវិលថៃបានគំរាមបិទការចរចាព្រំដែនគោកទ្វេភាគីជាមួយកម្ពុជា។ ក៏ប៉ុន្តែភាគីយោធាថៃ កាលពីពេលថ្មីៗនេះ បែរជាបបួលកម្ពុជាឱ្យចូលតុចរចាព្រំដែនគោកទៅវិញ៕









