ស្ថានភាព​ព្រំដែន​អូរស្មាច់​តានតឹង​ខ្លាំង​ក្រោយ​ភាគី​ថៃ​នាំ​ក្រុម AOT និង​អ្នកកាសែត ចូល​កាស៊ីណូ​ក្នុង​ដី​កម្ពុជា

0
67
(ពី​ឆ្វេង) ទិដ្ឋភាព​យោធា​ថៃ​បង្ហាញ​រូបភាព​ក្លែងបន្លំ​ជា​ប៉ូលិស​ប្រទេស​សិង្ហបុរី អូស្ត្រាលី និង​វៀតណាម ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​អគារ​អនឡាញ​១​កន្លែង​អូរស្មាច់ នៅ​ដើម​ខែ​កុម្ភៈ ២០២៦។ រូប៖ ផ្ដល់​ឱ្យ
(ពី​ឆ្វេង) ទិដ្ឋភាព​យោធា​ថៃ​បង្ហាញ​រូបភាព​ក្លែងបន្លំ​ជា​ប៉ូលិស​ប្រទេស​សិង្ហបុរី អូស្ត្រាលី និង​វៀតណាម ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​អគារ​អនឡាញ​១​កន្លែង​អូរស្មាច់ នៅ​ដើម​ខែ​កុម្ភៈ ២០២៦។ រូប៖ ផ្ដល់​ឱ្យ

ទាហាន​ខ្មែរ​អះអាង​ថា កងទ័ព​ថៃ​នៅតែ​បន្ត​ឈរជើង និង​ធ្វើ​សកម្មភាព​កែប្រែ​ភូមិ​សាស្ដ្រ​ជាក់ស្ដែង​ក្នុង​ទឹកដី​កម្ពុជា បន្ទាប់ពី​យោធា​ថៃ​បាន​ដឹកនាំ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន AOT ប្រចាំ​ប្រទេស​ថៃ និង​អ្នកសារព័ត៌មាន​អន្តរជាតិ ចូល​ទៅ​កាន់​ទីតាំង​អគារ​កាស៊ីណូ​ក្នុង​ទឹកដី​កម្ពុជា​។ ទាហាន​ខ្មែរ​បន្ថែម​ថា ក្រៅពី​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន យោធា​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ ជាច្រើនលើក​ដែល​បង្ក​ជា​ការ​រំខាន​ដល់​កងកម្លាំង​ខ្មែរ ខណៈ​ស្ថានការណ៍​កំពុងតែ​មា​នភា​ព​តានតឹង​ស្រាប់។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ យោធា​ថៃ​បាន​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​នៅ​តាម​ព្រំដែន និង​ធ្វើ​សកម្មភាព​កែប្រែ​ភូមិ​សាស្ដ្រ​ក្នុង​ទឹកដី​កម្ពុជា បានជា​ច្រើន​ទីតាំង នៅ​តំបន់​អូរ​ស្មាច់​។ នេះ​បើ​តាម​ការ​អះអាង​របស់​ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ។

ទាហាន​ខ្មែរ​ដដែល​បាន​អះអាង​ថា យោធា​ថៃ​បាន​បំផ្ទុះ​ថ្មភ្នំ​ដើម្បី​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ទៅកាន់​តំបន់​ប្រាសាទ​ខ្នារ របស់​កម្ពុជា និង​តំបន់​មួយចំនួន​ទៀត​ក្នុង​សង្កាត់​កូនគ្រៀល និង​ភ្នំ​គីង្គក់ ដែល​យោធា​ថៃ​បាន​កាន់កាប់​ក្រោយ​ដណ្ដើម​បាន​ពី​កម្ពុជា​។ ប្រភព​បន្ត​ថា ក្រៅ​ពី​នេះ យោធា​ថៃ​បាន​បន្ត​រាយ​បន្លា​លួស សាងសង់​លេណដ្ឋាន និង​ឈូស​ឆាយ​ក្នុង​ដីចម្ការ វត្ត​អារាម និង​ភូមិឋាន​របស់​ពលរដ្ឋ​ខ្មែរ នៅក្នុង​ភូមិ​អូរ​ខ្លាឃ្មុំ និង​ភូមិ​រួត​ចំប៉ី។

ការ​អះអាង​របស់​ទាហាន​ខ្មែរ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​របស់​ប្រធាន​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ឬ​ហៅ​កាត់​ថា AOT ប្រចាំ​ប្រទេស​ថៃ​ក្នុងអំឡុងពេល​លោក​ចុះ​ទៅ​ពិនិត្យ​នៅ​ច្រក​អូរស្មាច់ កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា ថា «​យោធា​ថៃ​នឹង​ត្រៀម​ដក​កម្លាំង​ចេញពី​តំបន់​អូរ​ស្មាច់ នៅពេល​កំណត់​បន្ទាត់​ព្រំដែន​ច្បាស់លាស់​»​។ ក្នុង​នោះ ប្រធាន AOT ប្រចាំ​ប្រទេស​ថៃ ដែល​ជា​មន្ត្រី​យោធា​ហ្វីលីពីន គឺ​លោក រ៉ូឌឺរីក ហ្គាស៊ីយ៉ា (Roderick T Garcia) បាន​និយាយ​ថា អ្វី​ដែល​លោក​បាន​មើលឃើញ​ផ្ទាល់​នៅ​នឹង​កន្លែង គឺ​ខុសគ្នា​ឆ្ងាយ​ពី​ព័ត៌មាន ដែល​លោក​ទទួល​បាន ហើយ​ថា​ក្នុង​ដំណាក់កាល​នេះ ក្រុម AOT មិនទាន់​អាច​ឈាន​ដល់​ការ​សន្និដ្ឋាន​ណាមួយ​នៅឡើយ​ទេ។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​អូរ​ស្មាច់ បាន​លើកឡើង​ថា ការ​លើកឡើង​នេះ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ពី​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​តម្រៀប​ទូ កុងតឺន័រ កាយ​ប្រឡាយ រាយ​បន្លា​លួស និង​កែប្រែ​ទីតាំង​ជាក់ស្ដែង​នៅក្នុង​ទឹកដី​កម្ពុជា​។ ទាហាន​ខ្មែរ​លើកឡើង​ថា សកម្មភាព​ទាំងនេះ គឺជា​ការឈ្លានពាន និង​កាប់​កាប់​ជា​អចិន្ត្រៃយ៍ ដោយ​មិនមែន​ជា​ការ​កាន់កាប់​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​បោះបង្គោល​ព្រំដែន ដូច​ការ​អះអាង​របស់​ភាគី​ថៃ​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​រដ្ឋលេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៩ ខែកញ្ញា។

កាលពី​ថ្ងៃទី​៨ ខែកញ្ញា ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​តវ៉ា​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នៅក្នុង​ខេត្ត​ចំនួន​ពីរ​មាន​ដូចជា សាងសង់​លេណដ្ឋាន​យោធា​នៅ​បរិវេណ​វត្ត​អូរ​ខ្លាឃ្មុំ ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ការ​ជីក​អណ្តូង​ទឹក​មួយ​កន្លែង​នៅ​ភូមិ​ជោគជ័យ និង​ការ​វាយកម្ទេច​សំណង់​ស៊ីវិល​របស់​កម្ពុជា នៅក្នុង​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អង្គភាព​អ្នកនាំពាក្យ បាន​តវ៉ា​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​ដឹកនាំ​អ្នកសង្កេតការណ៍ និង​អ្នកសារព័ត៌មាន​អន្តរជាតិ ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​អាគារ​កាស៊ីណូ​អូរ​ស្មាច់ និង​ច្រក​ជាំ នៅ​ខេត្ត​ឧត្តរមានជ័យ ក្នុង​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន កត់សម្គាល់​ថា ការដឹកនាំ​តំណាង​អន្តរជាតិ​របស់​យោធា​ថៃ ទៅកាន់​តំបន់​អាគារ​កាស៊ីណូ​របស់​កម្ពុ​ជា​នេះ គឺជា​ការ​សងសឹក​បន្ទាប់​ពី​កម្ពុជា បាន​លាតត្រដាង​ពី​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​បន្ត​ថា ថៃ​បាន​ប្រើប្រាស់​សន្លឹក​បៀ​ធំ គឺ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត មក​ធ្វើជា​លេស​ដើម្បី​បំភ្លៃ​ព្រឹត្តិការណ៍​ឈ្លានពាន​មកលើ​កម្ពុជា ដូច្នេះ​ដើម្បី​ទប់​ទល់នឹង​ឧបាយកល​នេះ​មេដឹកនាំ​កម្ពុជា ត្រូវតែ​ចាប់ខ្លួន​ម្ចាស់​កាស៊ីណូ ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ទាំងនេះ យក​មក​កាត់ទោស។

លោក អ៊ុំ សំអាន៖ «ដូច្នេះហើយ នេះ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ភាគី​កម្ពុជា ដែល​តវ៉ា​រឿង​ការឈ្លានពាន​របស់​ថៃ​ដែរ​។ គឺ​គេ​ចង់​ប្រាប់​ទៅ​ពិភពលោក​ថា កម្ពុជា​មាន​បទល្មើស​នៃ​ការ​ឆបោក​តាម​អនឡាញ ទើប​ថៃ​ចូល​មក​គ្រប់គ្រង​តំបន់​ហ្នឹង ដើម្បី​បង្ក្រាប​បទល្មើស​នៃ​ការ​ឆបោក​តាម​អន​ឡាញ​នេះ»។

ងាក​មក​រឿង​វិវាទ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​វិញ ទាហាន​ខ្មែរ​បាន​អះអាង​ថា គិត​មកដល់ពេលនេះ យោធា​ថៃ​បាន​បន្ត​ពង្រីក​កម្លាំង​ទ័ព សង់​មូលដ្ឋាន​យោធា​ធំៗ ដើម្បី​កាន់កាប់​ទឹកដី​កម្ពុជា​មួយចំនួន ក្នុង​តំបន់​អូរ​ស្មាច់ រយៈពេល​យូរអង្វែង​។ ទាហាន​ខ្មែរ​បន្ត​ថា យោធា​ថៃ​អាច​នឹង​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​អូរ​ស្មាច់ វិញ លុះត្រាតែ​ពួកគេ​បង្កើត​ផែនទី​ថ្មី ដែល​កាត់​ឆ្វៀល​ទឹកដី​កម្ពុជា​មួយ​ផ្នែក​នៅ​តំបន់​អូរ​ស្មាច់​នេះ មក​ដាក់បញ្ចូល​ក្នុង​ផែន​ទីនោះ​ជាមុន​សិន ព្រោះ​នៅ​ពេល​នេះ​យោធា​ថៃ​បាន​ប្រកាស​ពី​ភាពជា​ម្ចាស់​ផ្ដាច់មុខ​លើ​ប្រាសាទ​ខ្នារ​របស់​កម្ពុជា រួច​បាត់​ទៅ​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ