ក្រុម​ការងារ​អន្តរកាល​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​បញ្ចប់​ការ​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​បក្ស

0
29
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុមការងារ​អន្តរកាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​បញ្ចប់​ការ​ទទួលស្គាល់​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​ចាប់តាំងពី​ថ្ងៃទី​៨ ខែកញ្ញា តទៅ​។ ការប្រកាស​បញ្ចប់​ការ​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ក្រោយពី​រយ​:​ពេល​៧​ថ្ងៃ​នៃ​ឱសានវាទ​ដែល​បាន​កំណត់​ក្នុង​ញត្តិ​ស្នើសុំ​ឲ្យ​លោក កឹម សុខា លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការ​ឆ្លើយតប​ពី​លោក កឹម សុខា នោះ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៨ ខែកញ្ញា ដែល​ចុះហត្ថលេខា​ដោយ​ក្រុមការងារ​អន្តរកាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​ប្រធាន​សន្និសីទ​អាត្លង់តា ឆ្នាំ​២០១៨ លោក ស៊ុយ សេងហុង បង្ហាញថា ក្នុងនាម​ជា​តំណាង​ក្រុម​សមាជិក សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​សាធារណ​:​ជូន​ដល់​សាធារណជន​ខ្មែរ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស អង្គទូត និង​ស្ថាប័ន​នយោបាយ​អន្តរជាតិ​ថា លោក កឹម សុខា បាន​បោះបង់​តួនាទី​ជា​ប្រធាន និង​ជា​តំណាង​នៃ​ឆន្ទ​:​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ស្វ័យប្រវត្តិ​ចាប់​ពី​ថ្ងៃ​ប្រកាស​ព័ត៌មាន​នេះ​តទៅ។

លោក ស៊ុយ សេងហុង លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ទៀត​ថា ពួក​លោក នឹង​រៀបចំ​បង្កើត​”​ក្រុមប្រឹក្សាភិបាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​”​ដើម្បី​សម្រប​សម្រួល​ការងារ រៀបចំ​រចនាសម្ព័ន្ធ និង​បង្កើត​លក្ខខណ្ឌ សម្រាប់​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។ សមាសភាព តួនាទី ភារកិច្ច និង​គោលការណ៍​ប្រតិបត្តិ​របស់​ក្រុមប្រឹក្សាភិបាល​អន្តរកាល នឹង​ត្រូវ​ប្រកាស​ជូន​សាធារណជន​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា មាន​មន្ត្រី សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់ បាន​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​លោក កឹម សុខា លាលែង​ពី​ប្រធាន​គណបក្ស​សង្រោះជាតិ​ក្នុង​រយៈពេល​៧​ថ្ងៃ​។ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា លាលែង​ពី​តំណែង​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា ពួកគាត់​លែង​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​លោក ក្រោយពី​គ្រួសារ លោក កឹម សុខា និង​គ្រួសារ​លោក ហ៊ុន សែន បាន​ជួបជុំគ្នា​ជា​លក្ខណៈ​នយោបាយ ហើយ​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា ដែល​ជា​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្រោះជាតិ បាន​ទទួល​យក​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គ្រួសារ​លោក ហ៊ុន សែន​។ ពួកគាត់​ថា ទង្វើ​នេះ បាន​បន្ថែម​ការឈឺចាប់​ហើយ​ធ្វើ​ឲ្យ​ស្មារតី​នៃ​ការ​តស៊ូ​ដើម្បី​យុត្តិធម៌ សេរីភាព និង​ប្រជាធិបតេយ្យ កាន់តែ​រង​ការ​បែកបាក់ និង​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ។

ទោះជា​យ៉ាងណា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ណាមួយ​ពី​លោក កឹម សុខា និង​កូនស្រី​របស់​លោក នៅឡើយ​នោះ​ទេ ជុំវិញ​ការប្រកាស​លែង​ទទួលស្គាល់​រូបលោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ