ក្រសួង​ដែន​ដី​អះអាង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា និង​បក្ខពួក​បង្ហោះ​សារ​បំពុល​សង្គម

0
36
ជំនួបរវាងអតិថិជន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម
ជំនួបរវាងអតិថិជន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម

ក្រសួង​ដែនដី នៅ​ថ្ងៃទី​១០ កញ្ញា ចេញមុខ​ពន្យល់​ពី​ដំណើរការ​ដោះស្រាយ ជូន​អតិថិជន​រងគ្រោះ​ដោយសារ​គម្រោង​សង់ផ្ទះ និង​ដី​ឡូត៍​ផ្លូវជាតិ​លេខ ៦​អា និង​គម្រោង​ជ្រៃ​មួយរយ​ក្នុង​ខេត្តកណ្តាល​របស់​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា។ ការចេញមុខ​ឆ្លើយតប​មិន​ធ្លាប់​មាន​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​បក្ខពួក​ដែល​ចាប់តាំងពី​យប់​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​០៩ ខែ​កញ្ញា​បាន​សរសេរ​សារ នៅ លើ​បណ្ដាញ​សង្គម​ប្រកាស​ថា ក្រុមហ៊ុន​ក្ស័យធន ដោយ​បាន​ប្រគល់​ទ្រព្យុ​សម្បត្តិ​ទាំងអស់​របស់​ខ្លួន​រាប់​តាំង​ពី​កង់ និង​ដី​ផ្នូរ​ម្តាយ​ទៅ​ឱ្យ​ក្រសួង​លក់ ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ជា​អតិថិជន។

ទោះជា​យ៉ាងណា នៅក្នុង​សារ​ទាំងនោះ ក្រុម លោក ឡេង ណា​វ៉ា​ត្រា ហាក់​ចង់​បង្ហាញ​ការ​មិន​ពេញ ចិត្ត​របស់​ខ្លួន​ចំពោះ​ក្រសួង ដែល​នៅមុន​នោះ បាន​ចេញ​លិខិត​ប្រាប់​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់ ក្រុមហ៊ុន បើទោះ​បីជា​ក្រុមហ៊ុន​បាន​ផ្តល់​សមត្ថកិច្ច​ឱ្យ​ក្រសួង​បន្ត​នីតិវិធី​ដោះស្រាយ​បញ្ហា រួចហើយ​ក៏ដោយ​។ ក្រសួង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ក្រុម​លោក ឡេង ណា​វ៉ា​ត្រា ជាច្រើន​ករណី​ផង​ដែរ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ និយាយ​ថា ការ​លើកឡើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកចម្រៀង តន់ ចន្ទសីម៉ា និង ឧកញ៉ា ឡេង និមល គឺជា​ការ​បំភាន់​ព័ត៌មាន បំភ្លៃ​ការពិត និង បំពុលបរិយាកាស​សង្គម​ដែល​អាច​ជា​ចេតនា​ញុះញង់​បង្កចលាចល​។ ក្រសួង ចាត់ទុក​ទង្វើ​របស់​អ្នក​ទាំង​បី ថា ជា​ការ​បំពានច្បាប់ និង សីលធម៌​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង។

ក្រសួង​ព្រមាន​ថា អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង បក្ខពួក​ទាំងនេះ អាច​ប្រឈម​នឹង​កា​ចោទប្រកាន់​ជាច្រើន​ករណី ក្នុង​ក្រមព្រហ្មទណ្ឌ ដូចជា «​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» «​ការ​ញុះញង់​» «​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» «​បទ​ប្រមាថ​»​និង «​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត អំពើ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​» ជាដើម។

ការព្រមាន​ធ្ងន់ៗ​បែបនេះ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើឡើង​បន្ទាប់ពី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង បក្ខពួក​ខ្លះ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក វាយបក​លើ​ដំណោះស្រាយ និង ចំណាត់ការ​របស់​ក្រសួង ដែល​ស្នើ​ឲ្យ​មន្ទីរ​ក្រោម​ចំណុះ​នៅ​ទូទាំង​ប្រទេស បង្កក​ទ្រព្យសម្បត្តិ​របស់ ក្រុមហ៊ុន ហ្កាឡាក់ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក​.។

ក្នុង​វីដេអូ​មួយ ដែល​បង្ហាញ​ពី​ការ​ជួបជុំ​ទាំងយប់ របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង បក្ខពួក និងផុស​លើ​ហ្វេសប៊ុក របស់​ឈ្មោះ ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​ថ្ងៃទី៩ ខែកញ្ញា បាន​និយាយ​ស្ដីបន្ទោស​ក្រសួង​ថា ចំណាត់ការ របស់​ក្រសួង ធ្វើ​ប្រៀប​ដូច​ក្រុម​លោក​ជា​អ្នក​ក្បត់ជាតិ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ «​ក្រុមការងារ​តស៊ូ​ជាង ១០០០ នាក់ ដែល​ខ្ញុំ​ខិតខំ​ក្នុង​ការ​ចិញ្ចឹម​គ្នា ដោះស្រាយ​ជីវភាព ប្រឹង​បិទ​ច្រក​បិទ​ដង្ហើម​។ តើ​ជីវិត​មួយ​នេះ តស៊ូ ដើម្បី​អី ឬក៏​ត្រូវ​គេ​រៀបចំ​ផែនការ ដើម្បី​ឲ្យ​ក្លាយជា​ជន​ក្បត់ជាតិ​មួយ​ពូជ»។

អ្នកចម្រៀង តន់ ចន្ទសីម៉ា វិញ បាន​រិះគន់​ក្រសួង​ថា ការ​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន មិន​ឲ្យ​ធ្វើ​អ្វី​ទាំងអស់ ខណៈ​មាន​មនុស្ស​ធ្វើការ ជាង ១០០០​នាក់​នោះ ស្មើនឹង​ច្របាច់ក ហើយ​បិទ​ច្រមុះ​។ អ្នកចម្រៀង​រូប​នេះ លើកឡើង​វាយបក​ដែរ​ថា ដី​តំបន់​សេដ្ឋកិច្ច​ពិសេស ១២៤១​ហិកតារ ដែល​ព្រះឥន្ទ្រ​តូច គឺ​ទំនងជា​សំដៅ​ដល់ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​កន្លងមក ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ដែនដី​លោក សាយ សំអាល់ យក​ទៅ​លក់​ឡាយឡុង​តម្លៃ ៣៥០០ ដុល្លារ ក្នុង​មួយ​ហិកតារ។

ចំណែក ប្អូនប្រុស​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ឧកញ៉ា ឡេង និមល សួរ​លោក សាយ សំអាល់ ថា កាលណា​ឧបនាយករដ្ឋមន្ត្រី យក​ដី​តំបន់​សេដ្ឋកិច្ច​ពិសេស ១២៤១​ហិកតារ​ទៅ​លក់​ឡៃ​ឡុង តើ​ឲ្យ​បងប្រុស​លោក ដោះស្រាយ​បំណុល យ៉ាងម៉េច​? ឡេង និមល សួរ​លោក សាយ សំ​អាល់ ទៀត​ថា តើ​មាន​គោល​បំណង​អ្វី?

ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បំភ្លឺ​នៅ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ពុំ​មាន​លទ្ធភាព​ក្នុង ការសាងសង់​បញ្ចប់ ជូន​អតិថិជន​ទេ ហើយ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រសួង​ដឹកនាំ​ដោះស្រាយ តាម​ស្មារតី កិច្ចប្រជុំ​សម្របសម្រួល កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៦ រួមទាំង​បាន​ឯកភាព គ្នា ក្នុង​ការ​លក់​ឡាយឡុង​នូវ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន និង​របស់​ឈ្មោះ ឡេង ភ​ត្រា ឬ ឡេង ណាវ៉ាត្រា ផង​។ ក្រសួង​ថា រាល់​ការ​លក់​ឡាយឡុង​ទ្រព្យ​ណាមួយ សុទ្ធតែ​មានការ​ពិគ្រោះ​យោបល់ និង មានការ​ឯកភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ លើ តម្លៃ​ដែល​អាច​លក់​បាន។

ក្រសួង​ឲ្យ​ដឹង​ថា គម្រោង​ផ្ទះ និង​ដី​ឡូត៍​របស់​បុរី ឡេង ណា​វ៉ា​ត្រា ផ្លូវជាតិ​លេខ ៦​អា និង​គម្រោង​ជ្រៃ​មួយរយ របស់​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ា​ត្រា គ្រុប បាន​ជាប់​គាំង​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​បណ្តាល​ឱ្យ​មាន​ការ​តវ៉ា​តាម​រូបភាព​ផ្សេងៗ រួម​ទាំង​បណ្ដឹងតវ៉ា​ជា​ផ្លូវការ​ពី​អតិថិជន ទៅកាន់​ក្រសួង​។ ក្រសួង​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​បាន​ជួយ​សម្របសម្រួល ឱ្យ​ក្រុមហ៊ុន​មានឱកាស​ក្នុង​ការ​បន្ត​ដោះស្រាយ​ជូន​អតិថិជន ប៉ុន្តែ ក្រុមហ៊ុន​នៅតែ​មិនអាច​ផ្តល់​ដំណោះស្រាយ​សមស្រប និង​ទាន់​ពេល​វេលា ឡើយ។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៦ ក្រសួង បាន​ចុះ​បញ្ជីចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​អតិថិជន​ដែល​បាន​បង់ប្រាក់​គ្រប់​ចំនួន​១០០% ចំនួន ៥ ៩៧០ ប័ណ្ណ​។ ប៉ុន្តែ ក្រសួង ទើបតែ​បាន​ប្រគល់​ផ្ទះ​ជូន​អតិថិជន ត្រឹមតែ​ចំនួន ៥៩៨​ផ្ទះ​ប៉ុណ្ណោះ ខណៈ អតិថិជន រហូតដល់​ជាង ៣៨ ០០០​គ្រួសារ​ទៀត នៅ​មិន​ទាន់​មាន ដំណោះស្រាយ ត្រឹមត្រូវ​នៅឡើយ រីឯ​ការ​បាន​ចាក់​បំពេញ​ដី​បន្ថែម នៅ​គម្រោង​ជ្រែ​មួយ រយ ក៏​ទើបតែ​សម្រេច​បាន​ប្រមាណ ៦០%។

អតិថិជន ឈ្មោះ ញឹម ពិទូ (Pitou Nhem) បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ប្រជាពលរដ្ឋ​ជាង ៣៨០០០ គ្រួសារ អ្នកខ្លះ​ប្រឹង​អត់បាយ​ក្រហាយ​ទឹក សន្សំ​កាក់​សេន ដើម្បី​បាន​លុយ​ទិញ​ទ្រនំ​ជ្រក ឱ្យ​បាន​សមរម្យ ប៉ុន្តែ បែរមក​ត្រូវ​រងគ្រោះ​ទៅវិញ​។ ញឹម ពិ​ទូ ជំរុញ​ឱ្យ​បង្កក​ទ្រព្យ លក់​យក​លុយ​មក​ដោះស្រាយ ឱ្យ​ទាន់​សភាពការណ៍ ព្រោះ​បើ​ទុក​យូរ នឹង​ក្លាយជា​ជំងឺ​រាំ​រ៉ៃ​មើល​មិនជា។

អតិថិជន ឈ្មោះ ឈុំ សុភា (Chhun Sophea) ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រងគ្រោះ មិនមែន​តែ​នៅ​គម្រោង ៦​អា និង​ជ្រែ​១០០​ទេ សូម​ក្រសួង​ជួយ​ស្វែងរក ដំណោះស្រាយ​សម្រាប់​គម្រោង​ដី​ឡូតិ៍ ឡេង ណាវ៉ាត្រា ព្រៃប្រសប់ ស្រុក​ស្រី​សន្ធរ កំពង់ចាម​ផង​។ រីឯ អតិថិជន ឈ្មោះ សោមតារា វិឆ័យ (SormDara Vichhay) ថា គម្រោង ឡេង ណាវ៉ាត្រា នៅ​បាត់ដំបង ក៏​មាន​បញ្ហា​តាំងពី​ឆ្នាំ​២០២១ សូម​ក្រសួង​ជួយ​ដោះស្រាយ​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ