សហជីព​ដាក់​ញត្តិ​ស្នើ​ក្រសួង​ការងារ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ​ដល់​កម្មករ​​​ឱ្យ​ដល់ ១៥ដុល្លារ​ក្នុង​មួយ​​ខែ

0
27
សហព័ន្ធ​សហជីព​ចំនួន​៧ មាន​គ្នា​ប្រមាណ​៣០​នាក់ យកញត្តិជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សហព័ន្ធ​សហជីព​ចំនួន​៧ មាន​គ្នា​ប្រមាណ​៣០​នាក់ យកញត្តិជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហព័ន្ធ​សហជីព​ចំនួន​៧ មាន​គ្នា​ប្រមាណ​៣០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលា​តិចណូ រាជធានី​ភ្នំពេញ រួច​ដើរ​ឆ្ពោះទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើ​ក្រសួង​ការងារ​ដំឡើង​ប្រាក់ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ​ដល់​កម្មករ​វិស័យ​កាត់ដេរ​ឱ្យ​ដល់ ១៥ ដុល្លារ​ក្នុង​មួយ​ខែ រួម​ទាំង​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​។ ការ​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​នេះ គឺ​ដើម្បី​ឲ្យ​ក្រសួង លើកយក​សំណើ​របស់​សហជីព​តំណាង​ឲ្យ​កម្មករ​ទាំងនេះ បញ្ចូល​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​ពិភាក្សា​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​កម្មករ ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ធ្វើឡើង​នា​ថ្ងៃទី​១៤ កញ្ញា ខាងមុខ​នេះ។

សហព័ន្ធ​សហជីព​ចំនួន​៧ រួមមាន សហព័ន្ធ​សហជីព​កម្ពុជា​ឯករាជ្យ (ClTUFED) សហព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា (CYPUF) សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា (CTWUF) និង​សហព័ន្ធ​សហជីព​បេះដូង​កម្មករ (WHU) ជាដើម បាន​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​ស្នើសុំ​«​ការ​កែ​សម្រួល​បន្ថែមចំនួន ៨ ដុល្លារ​អាមេរិក លើ​ប្រាក់ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ ឬ​ស្នាក់នៅ ដែល​មាន​ស្រាប់​» ទៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ ជា​រៀងរាល់​ឆ្នាំ ដូច​ការ​ចចារ​ប្រាក់​ឈ្នួល​កម្មករ សម្រាប់​កម្មករនិយោជិត​គ្រប់​វិស័យ។

ការ​ស្នើសុំ​នេះ ដោយ​ពួកគេ​យល់ថា តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ជាពិសេស​តម្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ស្នាក់នៅ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ជា​បន្ទុក​ចំណាយ​របស់​កម្មករនិយោជិត​កាន់តែ​ធ្ងន់ធ្ងរ​។ ពួកគេ​ថា ប្រាក់ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ ឬ​ប្រាក់​ស្នាក់នៅ​បច្ចុប្បន្ន​ចំនួន ៧ (​ប្រាំពីរ​) ដុល្លារ នៅ​មាន​កម្រិត​ទាប ពុំ​ទាន់​ឆ្លើយតប ឬ​គ្រប់គ្រាន់​ទៅ​នឹង​ការ​ចំណាយ​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នៅឡើយ។

តំណាង​ក្រសួង​បាន​អនុញ្ញាត​អោយ​ក្រុម​សម្ព័ន​សហជីព​ទាំង​ប្រាំពីរ​ចូលក្នុង ដើម្បី​ដាក់​ញត្តិ ហើយ​មន្ត្រី​ក្រសួង​ការងារ លោក និ​ន វណ្ណ​: បាន​ចេញ​មក​ទទួល​ញត្តិ​ពី​សហជីព​តំណាង​កម្មករ និង​បាន​សន្យា​ថា នឹង​យក​សំណូមពរ​របស់​តំណាង​កម្មករ​ទៅ​ប្រាប់​ថ្នាក់ដឹកនាំ​។​

នៅក្នុង​ញត្តិ​ដាក់​ជូន​ក្រសួង​ការងារ ក្រុម​សហជីព​បាន​លើកយក​អំណះអំណាង​ផ្អែកលើ​របាយការណ៍​ស្រាវជ្រាវ និង​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​របាយការណ៍​របស់ ប​.​ស​.​ស​. បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ទៅមក​បម្រើ​ការងារ (Commuting Accidents) នៅតែ​ជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ការងារ​ដោយសារ​ការ​ដឹកជញ្ជូន​កម្មករនិយោជិត​តាម​រថយន្ត​កែច្នៃ​គ្មាន​កៅអីអង្គុយ (​រថយន្ត​ទ្រុង​) បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត និង​ពិការភាព​។ ចំណែក របាយការណ៍​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មូលហេតុ​ចម្បង ដែល​កម្មករនិយោជិត នៅតែ​បន្ត​ជិះ​រថយន្ត​គ្មាន​សុវត្ថិភាព គឺ​ដោយសារ «​កង្វះ​លទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​» ក្នុង​ការ​បង់ថ្លៃ​សេវា​រថយន្ត ដែល​មាន​កៅអីអង្គុយ​ត្រឹមត្រូវ និង​សុវត្ថិភាព​។ ការ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​សរុប​ចំនួន ១៥ (​ដប់​ប្រាំ​) ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ នឹង​ការ​ផ្តល់​លទ្ធភាព​ឱ្យ​កម្មករនិយោជិត​អាច​ជ្រើសរើស ជិះ​រថយន្ត ដែល​មាន​សុវត្ថិភាព​ជាង​នេះ​បាន។

ប្រធាន​សហព័ន្ធសហជីព​កម្ពុជា​ឯករាជ្យ (ClTUFED) លោក សល់ គឹមសាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា តាម​ការ​ស្រង់​ស្ថិតិ​របស់​លោក ស្ថានភាព​បច្ចុប្បន្ន​របស់​កម្មករ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ ដោយសារ​ទំនិញ​ឡើងថ្លៃ ចំណាយ​ច្រើន ហើយ​ប្រាក់ខែ​នៅ​មាន​កម្រិត​ទាប​។ លោក​បន្ត​ថា កម្រិត​ប្រាក់ចំណូល​ទាប ធ្វើ​ឲ្យ​កម្មករ​ទ្រាំ​រស់នៅ​ទាំង​ត្បិតត្បៀត ហូបចុក​មិន​គ្រប់គ្រាន់ រហូត​ឈាន​ដល់​ការខ្ចី​បំណុល​ឯកជន​ឬ​ធនាគារ ដើម្បី​បង្គ្រប់​ការ​ចំណាយ​ប្រចាំថ្ងៃ​។ មិនតែប៉ុណ្ណោះ ថ្លៃ​ធ្វើដំណើរ​ដែល​កម្មករ​ចំណាយ​ជាក់ស្តែង គឺ​ចន្លោះ​ពី​១៥ ទៅ​ជាង​២០​ដុល្លារ ហើយ​ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋ​ពុំ​ទាន់​អាច​ឆ្លើយ​តប​នឹង​ការ​ចំណាយ​របស់​កម្មករ​បាន​នៅឡើយ​។ លោក​អះអាង​ថា កម្លាំង​ពលកម្ម​របស់​កម្មករ គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ បើ​គ្មាន​កម្មករ នោះ​សេដ្ឋកិច្ចជាតិ​ក៏​មិនអាច​រីកចម្រើន​បាន​ដែរ ហើយ​រដ្ឋាភិបាល​គួរ​គិតគូរ​ពី​បញ្ហា​សុខភាព សុវត្ថិភាព​របស់​កម្ម​ករ​ឲ្យ​បាន​ខ្ពស់​ជាង​នេះ ដោយ​ការ​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ​ជាង​នេះ។

លោក សល់ គឹមសាន៖ «បើ​និយាយ​រឿង​គាត់​បង់​ត្រូវ​ធនាគារ ប៉ុន្តែ​វា​ខ្វះ​មុខ​ខ្វះខាត ដល់​ខែ​ខ្ចី​ពី​នេះ​ឆក់​ពី​នោះ​ទៅវិញទៅមក ហើយ​ធ្វើ​ឱ្យ​គាត់​ប្រឹងប្រែង​ថែម​ម៉ោង វា​អាច​លើស​ពី​ច្បាប់​អញ្ចឹង​ណា​។ ក្រុមហ៊ុន​ខ្លះ​គាត់​ធ្វើការ​លើស​ពី​ច្បាប់​ទៅ អី​ហើយ​ថ្ងៃបុណ្យ ថ្ងៃអាទិត្យ​អីហ្នឹង ក៏​គាត់​ធ្វើការ​ទៀត​ដើម្បី​សន្សំ​លុយ​ហ្នឹង​ដោះបំណុល ផ្ញើ​ទៅ​អ្នកផ្ទះ ទៅ​អី​អញ្ចឹង​។ អញ្ចឹង​ធ្វើ​ឱ្យ​សុខភាព​គាត់​ទ្រុឌទ្រោម​ខ្លាំង​ណាស់ ដោយសារ​អី​? ដោយសារ​ជីវភាព​គាត់ ប៉ុន្តែ​បើសិនជា​ប្រាក់ខែ​រៀង​ខ្ពស់ រៀង​អី​បន្តិច អាហ្នឹង​គាត់​កាត់បន្ថយ​ការ​ថែម​ម៉ោង គាត់​ដេក​គ្រប់គ្រាន់ គាត់​ហូបចុក​ឱ្យ​បាន​មាន​ជីវជាតិ​ល្អ​ទៅ អាហ្នឹង​វា​នាំ​ឱ្យ​សុខភាព​គាត់​ដែរ អញ្ចឹង​ណា»។

ចំណែក ប្រធាន​សហព័ន្ធ​សហជីព​បេះដូង​កម្មករ (WHU) អ្នកស្រី ម៉ន ចន្នា លើកឡើង​ថា លោកស្រី​ស្នើសុំ​ឲ្យ​ក្រសួង ដាក់បញ្ចូល​ប្រាក់ឧបត្ថម្ភ​ពិសេស​ថ្លៃ​ធ្វើដំណើរ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ចំនួន ២.៥​ដុល្លារ ចូលក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ នា​ពេល​ខាងមុខ ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់​សម្រាប់​កម្មករ​ថា គាត់​ពិតជា​អាច​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​នេះ​មែន ដោយសារ​នៅ​តាម​រោងចក្រ​មួយចំនួន មិនបាន​ផ្តល់​ជូន​កម្ម​ករ ដូច​ការប្រកាស​របស់​រដ្ឋាភិបាល​ឡើយ​។ លោកស្រី​បន្ត​ថា ភាព​មិន​ច្បាស់លាស់​នៃ​ប្រាក់ឧបត្ថម្ភ​ពិសេស ២.៥​ដុល្លារ​នេះ ធ្វើ​ឲ្យ​កម្មករ​ជាច្រើន​ខាតបង់​អត្ថប្រយោជន៍​របស់​ខ្លួន និង​មាន​ភាព​ស្រពិចស្រពិល មិន​ច្បាស់លាស់​ពី​ប្រាក់ចំណូល​របស់​ខ្លួន។

អ្នកស្រី ម៉ន ចន្នា៖ «កម្មករ​តាម​ជនបទ​ហ្នឹង គាត់​តែងតែ​ក្រោក​ពី​ម៉ោង ៣ មក​ហើយ គាត់​មក​ធ្វើការ ហើយ​គាត់​ជិះ​លើ​ឡាន​ហ្នឹង​ឈរ​រហូត​។ រហូតមកដល់​ក្រុមហ៊ុន ហើយ​បើ​មាន​ភ្លៀង​ទៀត ទោះជា​គ្រប​កៅស៊ូ ហើយក៏​នៅតែ​ប៉ើង គឺ​ពិបាក​មែនទែន ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​។ ពេល​គាត់​ចុះ​មក​ធ្វើការ មាន​កម្មករ​ខ្លះ​អាច​នឹង​សន្លប់ ឬក៏​មាន​បញ្ហា​នៅក្នុង​រោងចក្រ ហើយ​ពេល​ដែល ប​.​ស​.​ស​. ពិនិត្យ​ឃើញ គេ​ចោទ​ថា មិនមែនជា​គ្រោះថ្នាក់​ការងារ​ទេ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដោយសារ​ជំងឺ​ខ្លួនឯង​។ តាមពិត​ជាក់ស្តែង គឺ​គាត់​ជិះឡាន​ហ្នឹងឯង ដែល​គាត់​មាន​ហានិភ័យ​ខ្ពស់​។​»

​កាលពី​ថ្ងៃទី​០១ កញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​មាន​ភាគី​រដ្ឋាភិបាល តំណាង​ក្រុមហ៊ុន​ន​យោជក និង​ក្រុម​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៧​។ នៅក្នុង​កិច្ចប្រជុំ​នោះ ក្រសួង​មិនទាន់​បាន​កំណត់​ថ្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​នៅឡើយ​។ ក្រសួង បាន​កំណត់​ឯកភាព​រៀបចំ​កិច្ចប្រជុំ​បន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​១៤ កញ្ញា។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស សមាគម​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​បាន​ចូលរួម​ឃ្លាំមើល​ការ​ដាក់​ញត្តិ​នោះ មានប្រសាសន៍ថា ក្រុម​សហជីព​តំណាង​កម្មករ ដែល​បាន​ឡើង​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​នេះ ដោយសារ​ពួកគេ​ចាត់ទុក​ក្រសួង​ជា​អាណាព្យាបាល​របស់​ពួកគេ ដូច្នេះ​ក្រសួង​គួរ​ពិចារណា​លើ​សំណើ​របស់​តំណាង​កម្មករ​ទាំងអស់​នោះ ដែល​បាន​ទាមទារ​ប្រាក់​ថ្លៃ​ធ្វើដំណើរ​បន្ថែម ៨​ដុល្លារ​។ លោក​ថា កម្មករ​មានការ​ខ្វះខាត​ច្រើន ហើយ​កម្មករ​មួយចំនួន​ជួប​គ្រោះថ្នាក់​ញឹកញាប់ ក៏​ជា​ផ្នែក​មួយ​ដែល​បណ្តាល​មក​ពី​បញ្ហា​សុខភាព ហូបចុក​មិន​គ្រប់គ្រាន់​។ លោក​ថា ប្រាក់​អត្ថប្រយោជន៍​កន្លងមក​របស់​កម្មករ មិនអាច​ឆ្លើយតប​នឹង​ស្ថានភាព​រស់នៅ​បច្ចុប្បន្ន​របស់​ពួកគេ​បានទេ​។ លោក​ក៏​ទទូច​ឲ្យ​ក្រុមហ៊ុន​គួរ​មាន​ពេទ្យ​ប្រចាំ​នៅក្នុង​រោងចក្រ ដើម្បី​ជួយសង្គ្រោះ​បឋម​ឲ្យ​បាន​ទាម​ពេលវេលា ពេល​កម្មករ​ជួប​គ្រោះថ្នាក់​នៅក្នុង​រោងចក្រ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ