

សហរដ្ឋអាមេរិកបានពង្រីកចំណាត់ការរបស់ខ្លួនដោយបន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុន ស៊ីនប៊ី (Xinbi) និងក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទំនាក់ទំនងជាមួយបណ្ដាញឧក្រិដ្ឋកម្មរបស់លោក ចេន ហ្ស៊ី (Chen Zhi) នៅកម្ពុជាគឺក្រុមហ៊ុន អានវិន តិចណូឡូជី (Anwen Technology)។ ក្រសួងរតនាគារអាមេរិកចោទប្រកាន់ថា ក្រុមហ៊ុននេះបានផ្ដល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដល់ក្រុមហ៊ុន ស៊ីនប៊ី (Xinbi) បង្កើតជាវេទិកាកម្មវិធីទូទាត់លុយតាមអនឡាញស្រដៀងនឹងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ដើម្បីជួយលាងលុយកខ្វក់ឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកប្រកាសថា អាមេរិកនឹងបន្តប្រើប្រាស់គ្រប់វិធានការ និងធនធានដែលខ្លួនមានដើម្បីប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលបានបោកប្រាស់ និងប្លន់យកលុយសន្សំរបស់ពលរដ្ឋអាមេរិករាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី៩ ខែកញ្ញា បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលមានទំនាក់ទំនងជាមួយមេខ្លោងឧក្រិដ្ឋជនឆបោកតាមអនឡាញលោក ចេន ហ្ស៊ី (Chen Zi)។ ចំណាត់ការចុងក្រោយនេះ គឺជាការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើក្រុមហ៊ុន ស៊ីនប៊ី (Xinbi) និងក្រុមហ៊ុនបច្ចេកវិទ្យា អានវិន តិចណូឡូជី (Anwen Technology) ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងមានទំនាក់ទំនងជាមួយលោក ចេន ហ្ស៊ី។
ក្រសួងរតនាគារអាមេរិកលាតត្រដាងថា ក្រុមហ៊ុនបច្ចេកវិទ្យា អានវិន តិចណូឡូជី បានចុះបញ្ជីកាលពីខែឧសភា ឆ្នាំ២០២៥ នៅទីតាំងនៅអគារ ព្រីនស៍ អ៊ិនធើណេសិនណល ផ្លាហ្សា (Prince International Plaza) ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកក្រុមហ៊ុនមួយនេះបានដើរតួយ៉ាងសំខាន់ជាអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងកាបូបលុយគ្រីបតូ (Cryptocurrency Wallet) ឱ្យក្រុមហ៊ុន ស៊ីនប៊ី (Xinbi) សម្រាប់បង្កើតជាវេទិកាទូទាត់លុយតាមអនឡាញដែលមានឈ្មោះថា ស៊ីនប៊ី ផេ (XinbiPay) ឬ ញ៉ូផេ (NewPay)។
អាមេរិករកឃើញថា វេទិកាទូទាត់លុយតាមកម្មវិធីអនឡាញ ស៊ីនប៊ី ផេ (Xinbi Pay) ឬ ញ៉ូ ផេ (New Pay) ដែលបង្កើតឡើងដោយក្រុមហ៊ុន អានវិន តិចណូឡូជី (Anwen Technology) នេះត្រូវបានប្រើប្រាស់ជាឧបករណ៍ទូទាត់លុយឌីជីថលដ៏សំខាន់ សម្រាប់បម្រើឱ្យបណ្ដាញទីផ្សារងងឹតខុសច្បាប់ដ៏ធំដែលមានឈ្មោះថា ស៊ីនប៊ី ហ្គារេនធី (Xinbi Guarantee)។
វេទិកាកម្មវិធីទូទាត់លុយក្នុងកម្មវិធី ស៊ីនប៊ី ហ្គារេនធី (Xinbi Guarantee) នេះ ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិក រកឃើញថា ជា «ផ្សារងងឹតកណ្តាល» ដ៏ធំមួយដែលតភ្ជាប់ជាមួយបណ្ដាញឧក្រិដ្ឋជនឆ្លងដែននៃក្រុមចោរព័ត៌មានវិទ្យាកំពូល ឬហែកឃឺ (Hacker) និងមជ្ឈមណ្ឌលឆបោកតាមអនឡាញក្នុងតំបន់ទាំងមូល។ ក្រុមប្រតិបត្តិករឆបោកតាមអនឡាញ បានប្រើប្រាស់ទីផ្សារអនឡាញនេះ ដើម្បីទិញទំនិញសេវាកម្មបច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ យកទៅបម្រើឱ្យការបង្កើតអាជីវកម្មបោកប្រាស់ និងក្លែងបន្លំហិរញ្ញវត្ថុតាមអ៊ីនធឺណិត។ ក្រសួងរតនាគារអាមេរិកបញ្ជាក់ទៀតថា វេទិកាទីផ្សារអនឡាញនេះក៏ត្រូវបានប្រើប្រាស់ដោយពួកចោរព័ត៌មានវិទ្យា ឬហែកឃឺ (Hacker) កូរ៉េខាងជើង ព្រមទាំងក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជាដែលធ្លាប់រងទណ្ឌកម្មពីអាមេរិករួចហើយដូចជាក្រុមហ៊ុន ជីន ប៉ី គ្រុប (Jin Bei Group) និងបណ្ដាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេខ្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់ធ្វើជាទីប្រឹក្សាឱ្យ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
បន្ទាប់ពីក្រុមហ៊ុន ហួយវ័នផេ (Huione Pay) របស់លោក ហ៊ុន តូ បានរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិកកាលពីឆ្នាំ២០២៥ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញបានបង្វែរប្រតិបត្តិការលាងលុយកខ្វក់កាន់តែច្រើនទៅតាមបណ្ដាញកម្មវិធីទីផ្សារអនឡាញរបស់ក្រុមហ៊ុន ស៊ីន ប៊ី (Xinbi)។ ក្រសួងរតនាគារអាមេរិករកឃើញថា ចាប់តាំងពីឆ្នាំ២០២២មក បណ្ដាញកម្មវិធីទីផ្សារលាងលុយកខ្វក់របស់ក្រុមហ៊ុន ស៊ីនប៊ី (Xinbi) បានសម្របសម្រួលប្រតិបត្តិការក្នុងការទូទាត់ផ្ទេរចេញចូលក្នុងទំហំទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិកចាត់ទុកចំណាត់ការចុងក្រោយរបស់ខ្លួននេះថា ជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ពន្ធមិត្តគឺចក្រភពអង់គ្លេស (UK) ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
កាលពីខែមីនា កន្លងទៅ ចក្រភពអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុន ស៊ីនប៊ី (Xinbi) ដោយចោទថា ជាក្រុមហ៊ុនបង្កើតវេទិកាជួយលាងលុយកខ្វក់ឱ្យឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ជាមួយគ្នានេះ អង់គ្លេសក៏បានដាក់ទណ្ឌកម្មលើជនជាតិចិន ២រូបផ្សេងទៀតដែលមានឈ្មោះថា ថេត លី (Thet Li) ជាអ្នកគ្រប់គ្រងបណ្ដាញហិរញ្ញវត្ថុអន្តរជាតិរបស់លោក ចេន ហ្ស៊ី និងឈ្មោះ ហ៊ូ ស៊ាវវៃ (Hu Xiaowei) ជាមនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ដូចគ្នា។ កូនចៅជំនិតលោក ចេន ហ្ស៊ី គឺលោក ហ៊ូ ស៊ាវវៃ (Hu Xiaowei) ក៏ទើបតែត្រូវបានអាជ្ញាធរនៃប្រទេសជប៉ុនចាប់ខ្លួនកាលពីខែមិថុនា ថ្មីៗនេះ។
ជុំវិញចំណាត់ការដាក់ទណ្ឌកម្មនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា នៅពេលសហរដ្ឋអាមេរិកបង្កើនចំណាត់ការដាក់ទណ្ឌកម្មលើអង្គការឧក្រិដ្ឋកម្មលោក ចេន ហ្ស៊ី ឧកញ៉ា និងមន្ត្រីធំៗនៅជុំវិញរដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តរិះរកវិធីបង្កើតបណ្ដាញលាងលុយ និងអំពើឆបោកក្នុងរូបភាពថ្មីៗ ដើម្បីបន្តប្រមូលលុយចិញ្ចឹមអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន។
លោក គឹម សុខ៖ «ហេតុដូច្នេះហើយ បានជាសហរដ្ឋអាមេរិក ព្យាយាមក្នុងការរុករក ពួកអ្នកដែលបង្កើតបណ្ដាញថ្មីៗ ក្រុមហ៊ុនថ្មីៗដែលលាងលុយឆបោកអនឡាញហ្នឹង ហើយបន្តដាក់ទណ្ឌកម្ម ដាក់ទណ្ឌកម្មរហូតទៅដល់ ពួកអ្នកកាន់អំណាចនៅភ្នំពេញខ្ទប់តែម្ដង ពីព្រោះសហរដ្ឋអាមេរិក បានសន្យាច្បាស់ណាស់ ថា នឹងបោសសម្អាត ឧក្រិដ្ឋកម្មឆបោកអនឡាញនៅលើពិភពលោក ទាំងកម្ពុជា ភូមា សុទ្ធតែជាទីតាំងដែលមានភាពធ្ងន់ធ្ងរនៅក្នុងឧស្សាហកម្មឆបោកអនឡាញ»។
ចំណាត់ការថ្មីចុងក្រោយនេះ ជាផ្នែកមួយនៃការបង្ក្រាបរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបណ្ដាញឆបោកអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចាត់ទុកចំណាត់ការរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន ស៊ីនប៊ី (Xinbi) និងបណ្ដាញក្រុមហ៊ុនពាក់ព័ន្ធថា ជាវិធានការរារាំង និងកាត់ផ្ដាច់ចរន្តហិរញ្ញវត្ថុរបស់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធការលាងលុយកខ្វក់ និងការឆបោកតាមអនឡាញដ៏ធំសម្បើម។ ចំណាត់ការទណ្ឌកម្មនេះក៏មានប្រសិទ្ធភាពរួមចំណែកការពារកុំឱ្យពលរដ្ឋអាមេរិក អង់គ្លេស និងពលរដ្ឋនៃប្រទេសជុំវិញពិភពផ្សេងទៀតបន្តរងគ្រោះបាត់បង់លុយរបស់ខ្លួនបន្ថែមទៀតពីបណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ៕









