

យោធាថៃបានព្រមានកម្ពុជាមិនឱ្យលើកយកជម្លោះព្រំដែនមកនិយាយនៅក្នុងកិច្ចប្រជុំអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដែលហៅកាត់ថា ហ្វ្រង់កូហ្វូនី នោះឡើយ។ យោធាថៃបានព្រមានថា ការណ៍ដែលកម្ពុជាយកបញ្ហាព្រំដែនទៅនិយាយក្នុងវេទិកាអន្តរជាតិនោះគឺមិនអាចជួយឱ្យកម្ពុជាទារទាមទឹកដីដែលយោធាថៃកំពុងកាន់កាប់តាមព្រំដែនបានមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យស្ថានភាពជម្លោះកាន់តែតានតឹង ខណៈភាគីថៃនឹងវាយបកទៅកាន់កម្ពុជាវិញភ្លាមៗ។
អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែលមានតួនាទីជានាយកមជ្ឈមណ្ឌលព័ត៌មានព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា ប្រទេសថៃមិនហាមឃាត់កម្ពុជាក្នុងការលើកយកបញ្ហាជម្លោះព្រំដែន ទៅនិយាយនៅក្នុងកិច្ចប្រជុំ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ហ្វ្រង់កូហ្វូនី នោះទេ ក៏ប៉ុន្តែភាគីថៃបានត្រៀមខ្លួនដើម្បីវាយបកទៅវិញដូចគ្នាដែរ ប្រសិនបើកម្ពុជានៅតែនិយាយថា «ថៃឈ្លានពានកម្ពុជា» បន្តទៀត។
ថ្លែងកាលពីថ្ងៃទី២ ខែកញ្ញា លោក ប្រាក់ផាត សនចៃឌី បានសង្កត់ធ្ងន់ថា ពាក្យដែលភាគីកម្ពុជាហៅប្រទេសថៃថា «អ្នកឈ្លានពាន» និងហៅកម្ពុជាខ្លួនឯងថា «ជនរងគ្រោះ» នោះបានបង្កឱ្យមានភាពរសើប នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាការបង្ខូចកិត្តិយសរបស់ប្រទេសថៃ។ លោកបន្តថា កម្ពុជាមិនអាចប្រើប្រាស់វេទិកានេះ យកមកជំនួសយន្តការចរចាទ្វេភាគីនោះឡើយ ព្រោះវេទិកាអន្តរជាតិគ្មានទម្ងន់ផ្នែកច្បាប់ដែលអាចជួយដល់កម្ពុជា ក្នុងការទាមទារទឹកដីនៅតាមព្រំដែនត្រឡប់ទៅវិញបាននោះទេ។
ការថ្លែងរបស់អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃរូបនេះ ធ្វើឡើងបន្ទាប់ពីឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង លោក លុយ ដេវីដ បានលាតត្រដាងថា ឯកអគ្គរាជទូតថៃ បានពឹងពាក់ឯកអគ្គរដ្ឋទូតរបស់ប្រទេសទីបី ឱ្យមកបញ្ចុះបញ្ចូលទូតខ្មែរ ក្នុងគោលបំណងមិនឱ្យលើកយកជម្លោះព្រំដែនកម្ពុជា និងថៃ មកនិយាយនៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (OIF) ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះឡើយ។ ទោះជាយ៉ាងណា លោក លុយ ដេវីដ បញ្ជាក់ថា សំណើនេះមិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះទេ។
យ៉ាងណាមិញ អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី បានបដិសេធដោយមិនទទួលស្គាល់ថា យោធាថៃបានឈ្លានពានកម្ពុជានោះឡើយ។ លោកបានធ្វើអត្ថាធិប្បាយជាឯកតោភាគីថា សកម្មភាពរាយបន្លាលួស តម្រៀបទូកុងតឺន័រ ការចូលកាន់កាប់ និងកែប្រែភូមិសាស្ដ្រជាក់ស្ដែងរបស់យោធាថៃក្នុងទឹកដីកម្ពុជានាពេលកន្លងមកមិនអាចយកមកប្រើប្រាស់ធ្វើជាភស្តុតាងចោទប្រកាន់ថា ថៃបានឈ្លានពានកម្ពុជានោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា និងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែកញ្ញា។
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេស ដែលប្រើប្រាស់ភាសាបារាំង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចិរភាព។
ទន្ទឹមគ្នានេះ អគ្គលេខាធិការរបស់អង្គការ ហ្វ្រង់កូហ្វូនី គឺអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) ធ្លាប់បានរំលឹកឱ្យភាគីកម្ពុជា និងថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងបានអំពាវឱ្យគួរភាគីគោរពតាមសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិដែលបានប្រកាសកាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលជាលទ្ធផលនៃការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
ទោះជាបែបនេះក្ដី ថៃដែលជាភាគីមានកម្លាំងទ័ពមានប្រៀបជាងកម្ពុជា បានគេចវេះចំពោះការដោះស្រាយជម្លោះព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ និងបានប្រើប្រាស់កម្លាំងទ័ពចូលឈ្លានពានទឹកដីកម្ពុជា ដោយរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា យោធាថៃមានបំណងឡាំប៉ា ដើម្បីរាំងខ្ទប់ពីសកម្មភាពឈ្លានពានមកលើកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។ ទោះជាយ៉ាងណាលោកថា ត្បិតយុទ្ធសាស្ត្រការទូតរបស់កម្ពុជា អាចធ្វើឱ្យថៃបាក់មុខលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែវិធីនេះ នៅតែមិនទាន់មានភាពច្បាស់លាស់ និងរឹងមាំ ដែលអាចដាក់សម្ពាធទៅកាន់ភាគីថៃនោះឡើយ។
លោក ម៉ែន ណាត៖ «សព្វថ្ងៃហ្នឹងរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង គឺនិយាយពីរឿងសៀមឈ្លានពាន យើងមើលទៅនៅក្នុងរូបភាពហាក់ដូចជា គ្រាន់តែយករឿងវេទិកាថៃឈ្លានពានហ្នឹង ធ្វើជាប្រជាប្រជាភិថុតិនយោបាយនោះទេ! ហើយធ្វើអញ្ចឹងវាអត់បានប្រយោជន៍អីសម្រាប់ជាតិទេ វាខាតបង់ជាតិ។ អ៊ីចឹងហើយល្មមឈប់ បានឈប់ទៅ! ពាក្យវោហារសាស្ត្រប្រជាភិថុតិ ឬពាក្យមួយទៀតគេហៅថា «អេះមិនចំរមាស់» ហ្នឹង។ ប្រឆាំងថៃឈ្លានពាន ក៏ប៉ុន្តែមិនប្តឹងថៃ! ប្រឆាំងថៃឈ្លានពាន ក៏ប៉ុន្តែ… មិនប្រើសិទ្ធិការពារខ្លួននៅលើដីជាក់ស្តែង»។
ពាក់ព័ន្ធនឹងការប្រឆាំងគ្នាទៅវិញទៅមករបស់កម្ពុជា និងថៃក្នុងវិវាទជម្លោះព្រំដែននេះដែរ នៅថ្ងៃនេះ ព្រឹទ្ធសភាថៃបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយប្រឆាំងនឹងការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាដែលបានលើកឡើងថា យោធាថៃបានយកករណីឆបោកតាមអនឡាញ មកធ្វើជាលេសឈ្លានពានកម្ពុជា ការចូលកាន់កាប់ និងកែប្រែលើទីតាំងជាក់ស្ដែងក្នុងទឹកដីកម្ពុជា ពីសំណាក់យោធាថៃ និងការបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅឋានដោយបង្ខំ។
ព្រឹទ្ធសភាថៃ បានអះអាងថា ប្រទេសថៃមានភស្តុតាង និងរូបភាពពីផ្កាយរណបដែលបញ្ជាក់ថា ភាគីកម្ពុជាគឺជាអ្នកបង្កហេតុ ដោយផ្ទុះអាវុធមុន និងបានឈ្លានពានទឹកដីថៃ។ ជុំវិញការចោទប្រកាន់នេះ ព្រឹទ្ធសភាកម្ពុជា នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ដើម្បីឆ្លើយតបនៅឡើយទេ។ យ៉ាងណាក៏ដោយចុះ កន្លងមកកម្ពុជាបានលើកឡើងថា មិនមានហេតុផលណាមួយ ដែលកម្ពុជា គឺជាភាគីមានកម្លាំងទ័ព និងសេដ្ឋកិច្ចទន់ខ្សោយជាងប្រទេសថៃ ហើយទៅបង្កសង្គ្រាមជាមួយថៃនោះឡើយ៕








