យោធា​ថៃ​ព្រមាន​កម្ពុជា​មិន​ឱ្យ​លើកយក​វិវាទ​ព្រំដែន​មក​និយាយ​ក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី

0
69
ជំនួបរវាងរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក្រៅកិច្ចប្រជុំ​អ.ស.ប កាលពីថ្ងៃទី២៧ ឧសភា ២០២៦។ រូប៖ ក្រសួងការបរទេសកម្ពុជា
ជំនួបរវាងរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក្រៅកិច្ចប្រជុំ​អ.ស.ប កាលពីថ្ងៃទី២៧ ឧសភា ២០២៦។ រូប៖ ក្រសួងការបរទេសកម្ពុជា

យោធា​ថៃ​បាន​ព្រមាន​កម្ពុជា​មិន​ឱ្យ​លើកយក​ជម្លោះព្រំដែន​មក​និយាយ​នៅក្នុង​កិច្ចប្រជុំ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (OIF) ដែល​ហៅ​កាត់​ថា ហ្វ្រង់កូហ្វូនី នោះ​ឡើយ​។ យោធា​ថៃ​បាន​ព្រមាន​ថា ការណ៍​ដែល​កម្ពុជា​យក​បញ្ហា​ព្រំដែន​ទៅ​និយាយ​ក្នុង​វេទិកា​អន្តរជាតិ​នោះ​គឺ​មិនអាច​ជួយ​ឱ្យ​កម្ពុជា​ទារ​ទាម​ទឹកដី​ដែល​យោធា​ថៃ​កំពុង​កាន់កាប់​តាម​ព្រំដែន​បាន​មកវិញ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ជម្លោះ​កាន់តែ​តានតឹង ខណៈ​ភាគី​ថៃ​នឹង​វាយបក​ទៅកាន់​កម្ពុជា​វិញ​ភ្លាមៗ។

អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពអាកាស​ថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) ដែល​មាន​តួនាទី​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ព្រំដែន​កម្ពុជា​-​ថៃ បាន​លើកឡើង​ថា ប្រទេស​ថៃ​មិន​ហាមឃាត់​កម្ពុជា​ក្នុង​ការ​លើកយក​បញ្ហា​ជម្លោះព្រំដែន ទៅ​និយាយ​នៅក្នុង​កិច្ចប្រជុំ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង (OIF) ហ្វ្រង់កូហ្វូ​នី នោះទេ ក៏ប៉ុន្តែ​ភាគី​ថៃ​បាន​ត្រៀមខ្លួន​ដើម្បី​វាយបក​ទៅវិញ​ដូចគ្នា​ដែរ ប្រសិនបើ​កម្ពុជា​នៅតែ​និយាយ​ថា «​ថៃ​ឈ្លានពាន​កម្ពុជា​» បន្ត​ទៀត​។​

ថ្លែង​កាលពី​ថ្ងៃទី​២ ខែកញ្ញា លោក ប្រាក់ផាត សន​ចៃ​ឌី បាន​សង្កត់ធ្ងន់​ថា ពាក្យ​ដែល​ភាគី​កម្ពុជា​ហៅ​ប្រទេស​ថៃ​ថា «​អ្នក​ឈ្លានពាន​» និង​ហៅ​កម្ពុជា​ខ្លួនឯង​ថា «​ជនរងគ្រោះ​» នោះ​បាន​បង្ក​ឱ្យ​មាន​ភាព​រសើប នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ និង​ជា​ការ​បង្ខូច​កិត្តិយស​របស់​ប្រទេស​ថៃ​។ លោក​បន្ត​ថា កម្ពុជា​មិនអាច​ប្រើប្រាស់​វេទិកា​នេះ យក​មក​ជំនួស​យន្ត​ការចរចា​ទ្វេភាគី​នោះ​ឡើយ ព្រោះ​វេទិកា​អន្តរជាតិ​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ដែល​អាច​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ទាមទារ​ទឹកដី​នៅ​តាម​ព្រំដែន​ត្រឡប់​ទៅវិញ​បាន​នោះ​ទេ។

ការ​ថ្លែង​របស់​អគ្គមេបញ្ជាការ​រង​កងទ័ពអាកាស​ថៃ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង លោក លុយ ដេវីដ បាន​លាតត្រដាង​ថា ឯកអគ្គរាជទូត​ថៃ បាន​ពឹងពាក់​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ទី​បី ឱ្យមក​បញ្ចុះបញ្ចូល​ទូត​ខ្មែរ ក្នុង​គោលបំណង​មិន​ឱ្យ​លើកយក​ជម្លោះព្រំដែន​កម្ពុជា និង​ថៃ មក​និយាយ​នៅក្នុង​វេទិកា​ហ្វ្រង់កូហ្វូនី (OIF) ឆ្នាំ​២០២៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា លោក លុយ ដេវីដ បញ្ជាក់​ថា សំណើ​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​ទូត​ខ្មែរ​នោះ​ទេ។

យ៉ាងណាមិញ អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពអាកាស​ថៃ លោក ប្រាក់​ផាត សន​ចៃ​ឌី បាន​បដិសេធ​ដោយ​មិន​ទទួលស្គាល់​ថា យោធា​ថៃ​បាន​ឈ្លានពាន​កម្ពុជា​នោះ​ឡើយ​។ លោក​បានធ្វើ​អត្ថាធិប្បាយ​ជា​ឯកតោភាគី​ថា សកម្មភាព​រាយ​បន្លា​លួស តម្រៀប​ទូ​កុងតឺន័រ ការ​ចូល​កាន់កាប់ និង​កែប្រែ​ភូមិសាស្ដ្រ​ជាក់ស្ដែង​របស់​យោធា​ថៃ​ក្នុង​ទឹកដី​កម្ពុជា​នា​ពេល​កន្លងមក​មិនអាច​យក​មក​ប្រើ​ប្រាស់​ធ្វើជា​ភស្តុតាង​ចោទប្រកាន់​ថា ថៃ​បាន​ឈ្លានពាន​កម្ពុជា​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​រដ្ឋលេខាធិការ​ក្រសួងការបរទេស អ្នកស្រី អ៊ា​ត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣ ខែកញ្ញា។

កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល ហ្វ្រ​ង់​កូ​ហ្វូ​នី ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស ដែល​ប្រើប្រាស់​ភាសា​បារាំង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ពហុភាគី​និយម និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព។

ទន្ទឹមគ្នា​នេះ អគ្គលេខាធិការ​របស់​អង្គការ ហ្វ្រ​ង់​កូ​ហ្វូ​នី គឺ​អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) ធ្លាប់​បាន​រំលឹក​ឱ្យ​ភាគី​កម្ពុជា និង​ថៃ​ដោះស្រាយ​ជម្លោះព្រំដែន​ដោយ​សន្តិវិធី​តាមរយៈ​ច្បាប់​អន្តរជាតិ និង​បាន​អំពាវ​ឱ្យ​គួរ​ភាគី​គោរព​តាម​សាលក្រម របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​បាន​ប្រកាស​កាលពី​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ដែល​ជា​លទ្ធផល​នៃ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ទោះជា​បែបនេះ​ក្ដី ថៃ​ដែល​ជា​ភាគី​មាន​កម្លាំង​ទ័ព​មានប្រៀប​ជាង​កម្ពុជា បាន​គេចវេះ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ និង​បាន​ប្រើប្រាស់​កម្លាំង​ទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​រំលោភបំពាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា យោធា​ថៃ​មានបំណង​ឡាំប៉ា ដើម្បី​រាំង​ខ្ទប់​ពី​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា ទៅកាន់​សហគមន៍​អន្តរជាតិ​។ ទោះជា​យ៉ាងណា​លោក​ថា ត្បិត​យុទ្ធសាស្ត្រ​ការទូត​របស់​កម្ពុជា អាច​ធ្វើ​ឱ្យ​ថៃ​បាក់មុខ​លើ​ឆាក​អន្តរជាតិ​ក៏ពិត​មែន ប៉ុន្តែ​វិធី​នេះ នៅតែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ និង​រឹងមាំ ដែល​អាច​ដាក់​សម្ពាធ​ទៅកាន់​ភាគី​ថៃ​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «​សព្វថ្ងៃ​ហ្នឹង​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត ហ្នឹង គឺ​និយាយ​ពី​រឿង​សៀម​ឈ្លានពាន យើង​មើលទៅ​នៅក្នុង​រូបភាព​ហាក់ដូចជា គ្រាន់តែ​យក​រឿង​វេទិកា​ថៃ​ឈ្លានពាន​ហ្នឹង ធ្វើជា​ប្រជា​ប្រជាភិថុតិ​នយោបាយ​នោះ​ទេ​! ហើយ​ធ្វើ​អញ្ចឹង​វា​អត់​បាន​ប្រយោជន៍​អី​សម្រាប់​ជាតិ​ទេ វា​ខាតបង់​ជាតិ​។ អ៊ីចឹង​ហើយ​ល្មម​ឈប់ បាន​ឈប់​ទៅ​! ពាក្យ​វោហារសាស្ត្រ​ប្រជាភិថុតិ ឬ​ពាក្យ​មួយទៀត​គេ​ហៅថា «​អេះ​មិន​ចំ​រមាស់​» ហ្នឹង​។ ប្រឆាំង​ថៃ​ឈ្លានពាន ក៏ប៉ុន្តែ​មិន​ប្តឹង​ថៃ​! ប្រឆាំង​ថៃ​ឈ្លានពាន ក៏ប៉ុន្តែ​… មិន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​នៅ​លើ​ដី​ជាក់ស្តែង»។

ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​គ្នា​ទៅវិញទៅមក​របស់​កម្ពុ​ជា និង​ថៃ​ក្នុង​វិវាទ​ជម្លោះព្រំដែន​នេះ​ដែរ នៅ​ថ្ងៃ​នេះ ព្រឹទ្ធសភា​ថៃ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ប្រឆាំង​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ដែល​បាន​លើកឡើង​ថា យោធា​ថៃ​បាន​យក​ករណី​ឆបោក​តាម​អនឡាញ មក​ធ្វើជា​លេស​ឈ្លានពាន​កម្ពុជា ការ​ចូល​កាន់កាប់ និង​កែប្រែ​លើ​ទីតាំង​ជាក់ស្ដែង​ក្នុង​ទឹកដី​កម្ពុជា ពី​សំណាក់​យោធា​ថៃ និង​ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ។

ព្រឹទ្ធសភា​ថៃ បាន​អះអាង​ថា ប្រទេស​ថៃ​មាន​ភស្តុតាង និង​រូបភាព​ពី​ផ្កាយរណប​ដែល​បញ្ជាក់​ថា ភាគី​កម្ពុជា​គឺជា​អ្នក​បង្កហេតុ ដោយ​ផ្ទុះអាវុធ​មុន និង​បាន​ឈ្លានពាន​ទឹកដី​ថៃ​។ ជុំវិញ​ការចោទប្រកាន់​នេះ ព្រឹទ្ធសភា​កម្ពុជា នៅ​មិនទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ដើម្បី​ឆ្លើយតប​នៅឡើយ​ទេ​។ យ៉ាងណា​ក៏​ដោយ​ចុះ កន្លងមក​កម្ពុជា​បាន​លើកឡើង​ថា មិន​មាន​ហេតុផល​ណាមួយ ដែល​កម្ពុជា គឺជា​ភាគី​មាន​កម្លាំង​ទ័ព និង​សេដ្ឋកិច្ច​ទន់ខ្សោយ​ជាង​ប្រទេស​ថៃ ហើយ​ទៅ​បង្ក​សង្គ្រាម​ជាមួយ​ថៃ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ