កម្ពុជា​បង្កក​លុយ​ជាង ៣០០​លាន​ដុល្លារ​ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​អនឡាញ​តែ​មិន​បង្ហាញ​មេខ្លោង

0
49
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (គ.ប.ឆ.ប.)។ រូប​ក្រសួង​យុត្តិធម៌
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (គ.ប.ឆ.ប.)។ រូប​ក្រសួង​យុត្តិធម៌

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រកាស​ថា អាជ្ញាធរ​បាន​បង្កក​លុយ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​គណនី​ធនាគារ​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​។ ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​មិនបាន​បង្ហាញ​អត្តសញ្ញាណ​មេខ្លោង និង​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ខុសច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ទាំង​នេះ​ឡើយ​។ ចំណែក អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​វាយតម្លៃ​ថា ឧស្សាហកម្ម​ឆបោក​នៅ​កម្ពុជា​កំពុង​បន្ត​រីកសាយ​ភាព​ទូទាំង​ប្រទេស​នៅឡើយ និង​ចាត់ទុក​របាយការណ៍​របស់​មន្ត្រី​អាជ្ញាធរ​ចុងក្រោយ​គ្រាន់តែ​ជា​ការ​ភូត​កុហក​អន្តរជាតិ ដើម្បី​បិទបាំង​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ។

ខុសប្លែក​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​ធ្លាប់​ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​របស់​បណ្ដាញ​លាងលុយកខ្វក់ និង​បណ្ដាញ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា ដោយមាន​បង្ហាញ​អត្តសញ្ញាណ​មេខ្លោង​សំខាន់ៗ ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ បែរជា​ប្រកាស​ត្រឹមតែ​ចេញ​ជា​របាយការណ៍​ដោយ​មិនបាន​បញ្ជាក់ និង​បង្ហាញ​អត្តសញ្ញាណ​មេខ្លោង​ជាក់លាក់​ណាមួយ​ឡើយ។

លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កាលពី​ថ្ងៃទី​២ ខែកញ្ញា ប្រកាស​ថា ក្នុង​ប្រតិបត្តិការ​ជាង ១​ឆ្នាំ​ចុង​ក្រោយនេះ សមត្ថកិច្ច​កម្ពុជា​បាន​បង្កក​ទ្រព្យសម្បត្តិ និង​លុយ​ក្នុង​គណនី​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក​។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​ជាង ៤​រយ​ករណី (៤៤៦) និង​ជនជាប់ចោទ​ជិត ៤​ពាន់​នាក់ (៣,៩២៧) ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​ទៅ​តុលាការ​។ អាជ្ញាធរ​កម្ពុជា​អះអាង​ថា ចំណាត់ការ​នេះ​គឺជា​ផ្នែក​មួយ ដើម្បី​កាត់ផ្ដាច់​លំហូរ​ហិរញ្ញវត្ថុ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​។ ទន្ទឹម​គ្នា​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អះអាង​ថា សមត្ថកិច្ច​ក៏បាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​ដែរ​។ ក្នុង​នោះ មាន ៤​សំណុំរឿង​ដែល ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ១៥​នាក់ ដែល​ពួកគេ​មាន​តួនាទី​ជា​ព្រះរាជអាជ្ញា​រង អគ្គនាយករង​អន្តោប្រវេសន៍ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ អតីត​អគ្គនាយក​នៃ​ក្រសួងការបរទេស លោក ថូ សំណាង ព្រមទាំង​មន្ត្រី​នគរបាល និង​យោធា​ជាដើម។

ក្នុង​រយៈពេល​ដូចគ្នា​នេះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​លោក ឆៃ ស៊ីណា​រិទ្ធ បាន​ប្រកាស​ប្រាប់​ស្ថាប័ន​អន្តរជាតិ និង​មន្ត្រី​ស្ថានទូត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​គ្មាន​វត្តមាន​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ទៀត​ឡើយ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត ៨​រយ​ទីតាំង​។ លោក​ថា អាជ្ញាធរ​ក៏បាន​បណ្ដេញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៦​ម៉ឺន (៥៨,២៦៦ )​នាក់​ដោយ​ក្នុង​នោះ​ជាង ២​ម៉ឺន ២​ពាន់​នាក់ (២២,០៤៥ ) គឺជា​មុខសញ្ញា​ពាក់ព័ន្ធ​ផ្ទាល់​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

ទន្ទឹម​នឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា កម្ពុជា​លែង​មាន​វត្តមាន​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ទៀត​នេះ ទីតាំង​ស្នូល​សំខាន់ៗ​ដែល​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​លាតត្រដាង និង​ដាក់ទណ្ឌកម្ម​នោះ គឺ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិនបាន​បង្ហាញ​តម្លាភាព ឬ​មាន​ប្រតិបត្តិ​ការ​រុះរើ និង​នាំ​ខ្លួន​មេខ្លោង​សំខាន់ៗ ដើម្បី​យក​មក​អនុវត្ត​ទោស​ឡើយ។

ទីតាំង​នៃ​អង្គភាព​សំខាន់ៗ​ដែល​អាមេរិក​ចាត់ទុកថា ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ដ៏​ធំ​នៅ​កម្ពុជា និង​បាន​ដាក់​ទណ្ឌកម្ម​កន្លង​ទៅ​រួមមាន គម្រោង​របស់​ក្រុមហ៊ុន ហ្គោល​ឌិន សាន់ ស្កា​យ​(Golden Sun Sky) របស់​ឧក្រិដ្ឋជន​ខ្មែរ​ដើមកំណើត​ចិន លោក តុង លីឆឹង (Dong Lecheng) ដែល​រួមមាន​សណ្ឋាគារ និង​កាស៊ីណូ ខេប៊ី (KB Hotel & Casino) សណ្ឋាគារ សាន់សាញ់ បេ (Sunshine Bay) ក្នុង​ខេត្ត​ព្រះសីហនុ កាស៊ីណូ​ក្រោន​ក្នុង​ក្រុង​ប៉ោយប៉ែត សណ្ឋាគារ​កាស៊ីណូក្រោន និង​មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង​ក្នុង​ក្រុង​បាវិត ឧទ្យាន​បច្ចេកវិទ្យា ហ្គោលដិន ហ្វរឈូន (Golden Fortune Science and Technology Park) ក្នុងស្រុក​កោះធំ​ខេត្តកណ្តាល តំបន់​សេដ្ឋកិច្ច​ពិសេស​តារា​សាគរ​ក្នុង​ខេត្តកោះកុង រមណីយដ្ឋាន​អូ​ស្មាច់​ក្នុង​ខេត្ត​ឧត្តរមានជ័យ តំបន់​សេដ្ឋកិច្ច​ពិសេស និង​កាស៊ីណូ​ថ្មដា ខេត្តពោធិ៍សាត់ និង​ឧទ្យាន​លេជេន (Legend Park) ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ព្រីនស៍គ្រុប និង​ក្រុមហ៊ុន ហួយ​វ័ន (Huione Pay) ស្ថិត​ក្នុង​ខេត្តព្រៃវែង​ជាដើម។

អាមេរិក​បាន​បញ្ជាក់​ថា ម្ចាស់​កម្មសិទ្ធិ និង​អ្នកមាន​ទំនាក់ទំនង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ឆបោក​ទាំងនេះ ភាគច្រើន​គឺជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដូចជា សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សកាន់អំណាច គឺ​លោក លី យ៉ុងផាត់ លោក កុក អាន ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ មេ​ឈ្មួញ​កាប់​ឈើ គឺ​លោក ទ្រី ភាព ព្រមទាំង​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន ដែល​មាន​ធ្លាប់​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់ និង​បើក​បន​ល្បែង​ខុសច្បាប់​នៅ​ប្រទេស​ចិន។

ប្រធាន​ស្ថាប័ន​ប្រជាធិបតេយ្យ យុត្តិធម៌ និង​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក អ៊ូ សាមឌី វាយតម្លៃ​ថា របាយការណ៍​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចុងក្រោយ​ស្ដីពី​ការ​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ គឺ​គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ និង​ដើម្បី​បិទបាំង​ភាព​បរាជ័យ​បង្ក្រាប​របស់​រដ្ឋាភិបាល​នៃ​ក្រុមគ្រួសារ​ត្រកូល ហ៊ុន តែប៉ុណ្ណោះ​។ លោក​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា យុទ្ធសាស្ត្រ​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​បែកខ្ញែក​ទីតាំង​តូចៗ​នៅ​តាម​ផ្ទះជួល និង​អគារ​សាមញ្ញៗ គឺ​នៅតែ​បន្ត​មាន​ចរន្ត​សេដ្ឋកិច្ច​ដែល​បាន​មកពី​អំពើ​ឆបោក​តាម​អនឡាញ សម្រាប់​ទ្រទ្រង់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។

លោក អ៊ូ សាមឌី ថា យុទ្ធសាស្ត្រ​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​បង្ក្រាប​លើ​ជនល្មើស​តូចតាច ដើម្បី​បិទបាំង​មេខ្លោង​សំខាន់​ដែល​ជា​សាច់ញាតិ​បក្ខ​ពួក​លោក ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​គ្រាក់ៗ​ដែល​កាង​ពីក្រោយ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

លោក អ៊ូ សាមឌី៖ «​ពីមុន​មាន​រដ្ឋ​នៅ​ជួយ​ពីក្រោយ​ដូចជា​លោក កុក អាន និង​លី យ៉ុងផាត់ ទាល់តែ​អន្តរជាតិ​គេ​តាម​ទាន់ គាត់​ត្រូវ​រក​វិធី​ផ្សេង ដើម្បី​ធ្វើ​ឱ្យ​ចរន្ត​លុយ​ហ្នឹង​វា​នៅតែ​វិល ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​ហ្នឹង​នៅតែ​អណ្ដែត​កុំឱ្យ​លិច​។ រដ្ឋាភិបាល​ស្រុក​ខ្មែរ​គឺ​អត់​មាន​ជម្រើស​ទេ បើសិនជា​អត់​ធ្វើ​ជាមួយ FBI តាមផ្លូវ​ក្ដៅ​គឺ​អាមេរិក​នឹង​ធ្វើ​ម៉េច​នឹង​កម្ចាត់ ហើយ​ខ្ញុំ​ជឿ​ថា លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​បិទ​ទូត​អាមេរិក​នៅ​ស្រុក​ខ្មែរ ឬក៏​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ចោល ដោយសារ​រឿង (Cyber Scam) នេះ​ទេ គាត់​នឹង​អាច​ទុក​ឱ្យ​អាមេរិក​អាសាច់​ស្អុយ​ជំនួស​លោក ហ៊ុន ម៉ា​ណែ​ត ផ្ទាល់ ព្រោះ​បើសិនជា​លោក ហ៊ុន ម៉ា​ណែ​ត គាត់​អាសាច់​ស្អុយ​ខ្លួនឯង ដូចជា​ជីដូនមួយ​គាត់ ហ៊ុន តូ ដូចជា កុក អាន ដូចជា​អីហ្នឹង អាហ្នឹង​វា​អាច​ធ្វើ​ឱ្យ​មានការ​បែកបាក់​ក្នុង​គណបក្ស​ប្រជាជន»។

ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​បាន​ក្រើន​រម្លឹក​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត រុះរើ​បណ្ដាញ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ត្រូវ​ធានា​ចាប់ខ្លួន​មេខ្លោង អ្នកសមគំនិត និង​អ្នក​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍ ដើម្បី​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់។

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ​កាលពី​ខែមិថុនា កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​រុះរើ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ និង​ផ្ដល់​កិច្ច​គាំពារ​លើ​ជនរងគ្រោះ​។ អង្គការ​អន្តរជាតិ​មួយ​នេះ​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​ទីតាំង​ចំនួន ២៤ ប៉ុណ្ណោះ​ក្នុងចំណោម​ទីតាំង​ឆបោក​ធំៗ​ចំនួន ៨៦ នៅ​កម្ពុជា​ដែល​ខ្លួន​បាន​រកឃើញ​ភស្តុតាង​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ឃោរឃៅ​លើ​ជនរងគ្រោះ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ