

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកាសថា អាជ្ញាធរបានបង្កកលុយជាង ៣០០លានដុល្លារអាមេរិកក្នុងគណនីធនាគារដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ។ ទោះជាយ៉ាងណា អាជ្ញាធរកម្ពុជាមិនបានបង្ហាញអត្តសញ្ញាណមេខ្លោង និងប្រតិបត្តិករហិរញ្ញវត្ថុខុសច្បាប់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញទាំងនេះឡើយ។ ចំណែក អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មវាយតម្លៃថា ឧស្សាហកម្មឆបោកនៅកម្ពុជាកំពុងបន្តរីកសាយភាពទូទាំងប្រទេសនៅឡើយ និងចាត់ទុករបាយការណ៍របស់មន្ត្រីអាជ្ញាធរចុងក្រោយគ្រាន់តែជាការភូតកុហកអន្តរជាតិ ដើម្បីបិទបាំងភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ។
ខុសប្លែកពីប្រទេសមួយចំនួនក្នុងតំបន់ និងអន្តរជាតិ ដែលធ្លាប់ប្រកាសបង្កកទ្រព្យសម្បត្តិរបស់បណ្ដាញលាងលុយកខ្វក់ និងបណ្ដាញហិរញ្ញវត្ថុពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅកម្ពុជា ដោយមានបង្ហាញអត្តសញ្ញាណមេខ្លោងសំខាន់ៗ ប៉ុន្តែសម្រាប់កម្ពុជាវិញ បែរជាប្រកាសត្រឹមតែចេញជារបាយការណ៍ដោយមិនបានបញ្ជាក់ និងបង្ហាញអត្តសញ្ញាណមេខ្លោងជាក់លាក់ណាមួយឡើយ។
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២ ខែកញ្ញា ប្រកាសថា ក្នុងប្រតិបត្តិការជាង ១ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិ និងលុយក្នុងគណនីពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញជាង ៣០០លានដុល្លារអាមេរិក។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿងជាង ៤រយករណី (៤៤៦) និងជនជាប់ចោទជិត ៤ពាន់នាក់ (៣,៩២៧) ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញទៅតុលាការ។ អាជ្ញាធរកម្ពុជាអះអាងថា ចំណាត់ការនេះគឺជាផ្នែកមួយ ដើម្បីកាត់ផ្ដាច់លំហូរហិរញ្ញវត្ថុរបស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអះអាងថា សមត្ថកិច្ចក៏បានចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញដែរ។ ក្នុងនោះ មាន ៤សំណុំរឿងដែល ពាក់ព័ន្ធនឹងជនសង្ស័យ ១៥នាក់ ដែលពួកគេមានតួនាទីជាព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងនគរបាលរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស លោក ថូ សំណាង ព្រមទាំងមន្ត្រីនគរបាល និងយោធាជាដើម។
ក្នុងរយៈពេលដូចគ្នានេះ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោក ឆៃ ស៊ីណារិទ្ធ បានប្រកាសប្រាប់ស្ថាប័នអន្តរជាតិ និងមន្ត្រីស្ថានទូតកាលពីពេលថ្មីៗនេះថា កម្ពុជាគ្មានវត្តមានមជ្ឈមណ្ឌលឆបោកតាមអនឡាញទៀតឡើយ បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញជិត ៨រយទីតាំង។ លោកថា អាជ្ញាធរក៏បានបណ្ដេញជនបរទេសចម្រុះជាតិសាសន៍ជិត ៦ម៉ឺន (៥៨,២៦៦ )នាក់ដោយក្នុងនោះជាង ២ម៉ឺន ២ពាន់នាក់ (២២,០៤៥ ) គឺជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងអំពើឆបោកតាមអនឡាញ។
ទន្ទឹមនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជាលែងមានវត្តមានមជ្ឈមណ្ឌលឆបោកតាមអនឡាញទៀតនេះ ទីតាំងស្នូលសំខាន់ៗដែលអាមេរិក និងចក្រភពអង់គ្លេសបានលាតត្រដាង និងដាក់ទណ្ឌកម្មនោះ គឺរដ្ឋាភិបាលក្រុងភ្នំពេញមិនបានបង្ហាញតម្លាភាព ឬមានប្រតិបត្តិការរុះរើ និងនាំខ្លួនមេខ្លោងសំខាន់ៗ ដើម្បីយកមកអនុវត្តទោសឡើយ។
ទីតាំងនៃអង្គភាពសំខាន់ៗដែលអាមេរិកចាត់ទុកថា ជាមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំនៅកម្ពុជា និងបានដាក់ទណ្ឌកម្មកន្លងទៅរួមមាន គម្រោងរបស់ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ(Golden Sun Sky) របស់ឧក្រិដ្ឋជនខ្មែរដើមកំណើតចិន លោក តុង លីឆឹង (Dong Lecheng) ដែលរួមមានសណ្ឋាគារ និងកាស៊ីណូ ខេប៊ី (KB Hotel & Casino) សណ្ឋាគារ សាន់សាញ់ បេ (Sunshine Bay) ក្នុងខេត្តព្រះសីហនុ កាស៊ីណូក្រោនក្នុងក្រុងប៉ោយប៉ែត សណ្ឋាគារកាស៊ីណូក្រោន និងមជ្ឈមណ្ឌលទីក្រុងហេងហេងក្នុងក្រុងបាវិត ឧទ្យានបច្ចេកវិទ្យា ហ្គោលដិន ហ្វរឈូន (Golden Fortune Science and Technology Park) ក្នុងស្រុកកោះធំខេត្តកណ្តាល តំបន់សេដ្ឋកិច្ចពិសេសតារាសាគរក្នុងខេត្តកោះកុង រមណីយដ្ឋានអូស្មាច់ក្នុងខេត្តឧត្តរមានជ័យ តំបន់សេដ្ឋកិច្ចពិសេស និងកាស៊ីណូថ្មដា ខេត្តពោធិ៍សាត់ និងឧទ្យានលេជេន (Legend Park) ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រីនស៍គ្រុប និងក្រុមហ៊ុន ហួយវ័ន (Huione Pay) ស្ថិតក្នុងខេត្តព្រៃវែងជាដើម។
អាមេរិកបានបញ្ជាក់ថា ម្ចាស់កម្មសិទ្ធិ និងអ្នកមានទំនាក់ទំនងអភិវឌ្ឍមជ្ឈមណ្ឌលឆបោកទាំងនេះ ភាគច្រើនគឺជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា ដូចជា សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច គឺលោក លី យ៉ុងផាត់ លោក កុក អាន ក្មួយប្រុសបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ មេឈ្មួញកាប់ឈើ គឺលោក ទ្រី ភាព ព្រមទាំងអ្នកជំនួញខ្មែរដើមកំណើតចិន ដែលមានធ្លាប់រឿងអាស្រូវពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងបើកបនល្បែងខុសច្បាប់នៅប្រទេសចិន។
ប្រធានស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្សនៃរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក អ៊ូ សាមឌី វាយតម្លៃថា របាយការណ៍មន្ត្រីជាន់ខ្ពស់កម្ពុជាចុងក្រោយស្ដីពីការប្រឆាំងនឹងអំពើឆបោកតាមអនឡាញ គឺគ្រាន់តែជាការបន្លំភ្នែកសហគមន៍អន្តរជាតិ និងដើម្បីបិទបាំងភាពបរាជ័យបង្ក្រាបរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន តែប៉ុណ្ណោះ។ លោកប្រាប់ទូរទស្សន៍អាស៊ីសេរីថា យុទ្ធសាស្ត្របណ្ដាញឧក្រិដ្ឋជនដែលបែកខ្ញែកទីតាំងតូចៗនៅតាមផ្ទះជួល និងអគារសាមញ្ញៗ គឺនៅតែបន្តមានចរន្តសេដ្ឋកិច្ចដែលបានមកពីអំពើឆបោកតាមអនឡាញ សម្រាប់ទ្រទ្រង់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
លោក អ៊ូ សាមឌី ថា យុទ្ធសាស្ត្រនេះក៏ជាផ្នែកមួយដើម្បីអនុញ្ញាតឱ្យសមត្ថកិច្ចបង្ក្រាបលើជនល្មើសតូចតាច ដើម្បីបិទបាំងមេខ្លោងសំខាន់ដែលជាសាច់ញាតិបក្ខពួកលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គ្រាក់ៗដែលកាងពីក្រោយឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
លោក អ៊ូ សាមឌី៖ «ពីមុនមានរដ្ឋនៅជួយពីក្រោយដូចជាលោក កុក អាន និងលី យ៉ុងផាត់ ទាល់តែអន្តរជាតិគេតាមទាន់ គាត់ត្រូវរកវិធីផ្សេង ដើម្បីធ្វើឱ្យចរន្តលុយហ្នឹងវានៅតែវិល ដើម្បីឱ្យសេដ្ឋកិច្ចស្រុកខ្មែរហ្នឹងនៅតែអណ្ដែតកុំឱ្យលិច។ រដ្ឋាភិបាលស្រុកខ្មែរគឺអត់មានជម្រើសទេ បើសិនជាអត់ធ្វើជាមួយ FBI តាមផ្លូវក្ដៅគឺអាមេរិកនឹងធ្វើម៉េចនឹងកម្ចាត់ ហើយខ្ញុំជឿថា លោក ហ៊ុន ម៉ាណែត មិនហ៊ានបិទទូតអាមេរិកនៅស្រុកខ្មែរ ឬក៏កាត់ផ្ដាច់ទំនាក់ទំនងការទូតចោល ដោយសាររឿង (Cyber Scam) នេះទេ គាត់នឹងអាចទុកឱ្យអាមេរិកអាសាច់ស្អុយជំនួសលោក ហ៊ុន ម៉ាណែត ផ្ទាល់ ព្រោះបើសិនជាលោក ហ៊ុន ម៉ាណែត គាត់អាសាច់ស្អុយខ្លួនឯង ដូចជាជីដូនមួយគាត់ ហ៊ុន តូ ដូចជា កុក អាន ដូចជាអីហ្នឹង អាហ្នឹងវាអាចធ្វើឱ្យមានការបែកបាក់ក្នុងគណបក្សប្រជាជន»។
ថ្មីៗនេះសហរដ្ឋអាមេរិកបានក្រើនរម្លឹកឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត រុះរើបណ្ដាញមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងត្រូវធានាចាប់ខ្លួនមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធទទួលផលប្រយោជន៍ ដើម្បីមកអនុវត្តទោសតាមផ្លូវច្បាប់។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានបង្ហាញក្នុងរបាយការណ៍ស៊ើបអង្កេតចុងក្រោយកាលពីខែមិថុនា កម្ពុជាបានបរាជ័យក្នុងការរុះរើមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងផ្ដល់កិច្ចគាំពារលើជនរងគ្រោះ។ អង្គការអន្តរជាតិមួយនេះបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានបង្ក្រាបទីតាំងចំនួន ២៤ ប៉ុណ្ណោះក្នុងចំណោមទីតាំងឆបោកធំៗចំនួន ៨៦ នៅកម្ពុជាដែលខ្លួនបានរកឃើញភស្តុតាងពាក់ព័ន្ធការជួញដូរមនុស្ស និងការធ្វើទារុណកម្មឃោរឃៅលើជនរងគ្រោះក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ៕








