

កាសែតអន្តរជាតិ ម៉ុងហ្គាបេ (Mongabay) ចុះផ្សាយថា ក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន កំពុងកាប់ឈើធ្វើអាជីវកម្មទ្រង់ទ្រាយធំខុសច្បាប់ ក្នុងឧទ្យាជាតិជួរភ្នំក្រវាញកណ្ដាល ស្ថិតនៅខេត្តកោះកុង ក្រោមលេសសម្អាតបាតអាងនៃទំនប់វារីអគ្គីសនីឬស្សីជ្រុំកណ្ដាល។ អ្នកឃ្លាំមើលបរិស្ថាន ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានច្បាប់ឲ្យបានតឹងរ៉ឺងទៅលើក្រុមហ៊ុនរបស់លោក កុក អាន ការពារព្រៃឈើក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
កាសែតអន្តរជាតិ ម៉ុងហ្គាបេ (Mongabay) បានចេញផ្សាយអត្ថបទស៊ើបអង្កេត ដោយរកឃើញថា ក្រុមហ៊ុនខ្មែរអេឡិចទ្រីខល ផាវើ (Khmer Electricel Power) របស់លោក កុក អាន កំពុងកាប់ឈើធ្វើអាជីវកម្មឈើខុសច្បាប់ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ អ្នកឃ្លាំមើលបរិស្ថាន ជុំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងស៊ើបអង្កេត ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឺង ទៅលើជនប្រព្រឹត្តិទាំងអស់នោះ។
អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៣ ខែកញ្ញាថា អាជ្ញាធរពាក់ព័ន្ធគួរចុះត្រួតពិនិត្យ និងស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ប្រសិនបើរកឃើញថា ក្រុមហ៊ុន ខ្មែរ អេឡិចទ្រីខល ផាវើ លួចកាប់ឈើចេញពីតំបន់ព្រៃការពារ និងក្រៅតំបន់សម្អាតបាតអាង នៃទំនប់វារីអគ្គីសនីឬស្សីជ្រុំកណ្ដាលមែននោះ អាជ្ញាធរត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើជនប្រព្រឹត្តទាំងនោះ មិនត្រូវលើកលែង ដោយសារពួកគេមានតួនាទី ឬអំណាចអ្វី នោះឡើយ។ លោកថា បើរដ្ឋាភិបាលដឹងឮរឿងរាវទាំងអស់នេះហើយ រួចមិននាំគ្នាទប់ស្កាត់ និងចាត់វិធានការ នោះទេគោលនយោបាយការពារធនធានធម្មជាតិ ដែលរដ្ឋាភិបាលដាក់ចេញ កន្លងទៅនឹងបរាជ័យ ហើយធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿថែមទៀត។
លោក សេង សុខហេង៖ «ទៅលើការគ្រប់គ្រងធនធានព្រៃឈើឬក៏ធនធានធម្មជាតិគឺដូចជាមិនមានប្រសិទ្ធភាព នៅពេលណាអំពើនិទ្ទណ្ឌភាព អំពើខុសច្បាប់មិនត្រូវបានផ្ដន្ទាទោស វាក៏នៅជាឱកាសសម្រាប់អ្នកប្រព្រឹត្តិអំពើពុករលួយ នៅជាឱកាសមន្ត្រីរំលោភធនធានរបស់ជាតិជាប្រយោជន៍របស់ខ្លួន និងបក្សពួករបស់ខ្លួន ដូច្នេះបើរដ្ឋាភិបាលនៅបន្តបណ្តោយឲ្យសកម្មភាពទាំងអស់នេះនៅបន្តកើតមាន ដូច្នេះយើងមិនជឿជាក់ថា យន្តការទប់ស្កាត់បទល្មើសព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើ រួមទាំងគោលនយោបាយស្តាព្រៃឈើមិនត្រូវទទួលបានជោគជ័យទេ»។
ជុំវិញវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាល់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និងអ្នកនាំពាក្យ ក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី០៣ ខែកញ្ញា។
កាលពីថ្ងៃទី០២ ខែកញ្ញា កាសែតអន្តរជាតិ ម៉ុងហ្គាបេ (Mongabay) បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយ ដោយអះអាងថា ក្រុមហ៊ុន ខ្មែរ អេឡិចទ្រីខល ផាវើ របស់សមាជិកព្រឹទ្ធសភា លោក កុក អាន កំពុងធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ចំនួន២ ទីតាំង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមលេសសម្អាតបាតអាង នៃទំបន់វារីអគ្គីសនីឬស្សីជ្រុំកណ្ដាល។
តាមរយៈរូបភាពផ្កាយរណប Mongabay បានរកឃើញថា ក្រុមហ៊ុននេះបានចាប់ផ្ដើមដំណើការអាជីវកម្មឈើនេះ តាំងពីខែមីនា ឆ្នាំពី២០២៥ ហើយក្រុមហ៊ុន ធ្វើផ្លូវខ្វាត់ខ្វែង ចូលទៅកាប់ឈើនៅក្នុងតំបន់ការពារ ដែលមិនមែនជាទីតាំងរបស់ក្រុមហ៊ុនទទួលបានសិទ្ធិពីរដ្ឋាភិបាល។ លើសពីនោះ Mongabay រកឃើញថា យោធា នៃកងយោធពលខេមរភូមិន្ទ ជាអ្នកកាងការពារ មិនឲ្យពលរដ្ឋនៅតំបន់នោះចូលទៅបរិវេណកាប់ឈើធ្វើអាជីវកម្មរបស់ក្រុមហ៊ុន លោក កុក អាន នោះទេ។
ភ្នាក់ងារកាសែតម៉ុងហ្គាបេ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ថ្វីត្បិតក្រុមហ៊ុនរបស់ លោក កុក អាន ទទួលបានសិទ្ធិសម្អាតបាតអាង នៃទំនប់វារីអគ្គីសនីឬស្សីជុំកណ្ដាលក៏ដោយ តែក្រុមហ៊ុននេះបានអនុវត្តលើសពីផែនការកំណត់ ដែលរដ្ឋផ្ដល់ឲ្យ។
ក្រៅពីកាសែតអន្តរជាតិ ម៉ុងហ្គាបេ រកឃើញរឿងអាស្រូវ នៃជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំហើយនោះ មនុស្សជំនិត របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងជាសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា លោក កុក អាន ត្រូវបានក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីមេសា ប្រកាសដាក់ទណ្ឌកម្ម និងបណ្ដាញរបស់គាត់ សរុបចំនួន២៨ នាក់ ពាក់ព័ន្ធ ប្រតិបត្តិការបោកប្រាស់ និងអំពើជួញដូរមនុស្ស។ ក្នុងនោះ ជនរងគ្រោះចម្រុះជាតិសាសន៍ខ្លះ ត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់ក្រោមការគំរាមកំហែង និង រងនូវអំពើហិង្សា ធ្ងន់ធ្ងរខណៈអ្នកខ្លះទ្រាំពុំបានក៏ធ្វើអត្តឃាតលោតទម្លាក់ពីលើអគារខ្ពស់ៗ ដែលមានមូលដ្ឋាន នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងព្រះសីហនុ រួមនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម៕








