អាជ្ញាធរ​រារាំង​និង​ស្រែក​សម្លុត​មិន​ឱ្យ​អតិថិជន​ក្រុមហ៊ុន ហួយ វ័ន តវ៉ា​នៅមុខ​ស្ថានទូត​ចិន

0
21
ទិដ្ឋភាពអាជ្ញាធររារាំងការលើកបដាតវ៉ា របស់អតិថិជន​ជនជាតិចិន​ នៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) នៅមុខស្ថានទូតចិន កាលពីថ្ងៃទី៤ កញ្ញា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពអាជ្ញាធររារាំងការលើកបដាតវ៉ា របស់អតិថិជន​ជនជាតិចិន​ នៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) នៅមុខស្ថានទូតចិន កាលពីថ្ងៃទី៤ កញ្ញា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ស្រែក​សម្លុត និង​ចាប់​ទាញ​បដា​ដែល​មាន​រូបថត​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ពី​ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដើម្បី​រារាំង​មិន​ឱ្យ​ពួកគាត់​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​នៅ​ខាងមុខ​ស្ថានទូត​ចិន​ឡើយ​នៅ​ថ្ងៃទី​៤ ខែ​កញ្ញា។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ដល់​កម្លាំង​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​តាម​យាយី​ជនរងគ្រោះ ព្រមទាំង​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចេញមុខ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​កុំឱ្យ​កម្ពុជា​កាន់តែ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។

អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ប្រមាណ ៦០​នាក់​បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន តូ សង​លុយ​កម្លាំង​ញើស​របស់​ពួកគាត់​វិញ​។ ទោះ​យ៉ាងណា អតិថិជន​មួយចំនួន​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​រុញច្រាន និង​សម្រែក​សម្លុត​គំរាមកំហែង ព្រមទាំង​ចាប់​ទាញ​បដា និង​រូបភាព​គ្រួសារ​សាច់ញាតិ​លោក ហ៊ុន សែន មិន​ឱ្យ​ជនរងគ្រោះ​លើក​បង្ហាញ​ដូច​សព្វ​មួយ​ដង​ឡើយ។

ជនរងគ្រោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ ខែកញ្ញា​ថា លោកស្រី និង​ជនរងគ្រោះ​ជន​ជាតិចិន​ផ្សេងទៀត ខក​ចិត្តនឹង​រដ្ឋាភិបាល​ដែល​មិន​អើពើ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​បែរជា​បញ្ជូន​កម្លាំង​សមត្ថកិច្ច និង​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល​តាម​យាយី និង​គំរាមកំហែង​លើ​ជនរងគ្រោះ​ទៅវិញ​។ លោកស្រី​ចាត់ទុក​ទង្វើ​អាជ្ញាធរ​ថា អនុវត្ត​ផ្ទុយ​ពី​ច្បាប់ និង​រំលោភសិទ្ធិ​របស់​ជន​រងគ្រោះ​ធ្ងន់ធ្ងរ​។ លោកស្រី​បន្ថែម​ថា ជនរងគ្រោះ​ទាំងអស់​សុទ្ធតែ​អាជីវករ និង​ជា​អ្នក​រកស៊ី​ស្របច្បាប់​ទើប​ហ៊ាន​ចេញ​តវ៉ា ហើយ​ពួកគាត់​គ្មាន​បំណង​អ្វី​ក្រៅពី​ចង់បាន​លុយ​របស់​ខ្លួន​ដែល​ខិតខំ​ប្រឹងប្រែង​រកស៊ី​ដោយ​លំបាក​ត្រឡប់មកវិញ​ឡើយ។

អតិថិជន៖ «សម្រាប់​ខ្ញុំ ទុក្ខ​លំបាក​បច្ចុប្បន្ន​ហ្នឹង វា​វេទនា​ហួស​ពី​និយាយ ព្រោះ​អី​លុយ​យើង​ទាំងស្រុង​ត្រូវ​ជាប់​គាំង​នៅក្នុង​ហ្នឹង បំណុល​យើង​ត្រូវ​ដោះស្រាយ​សង​គេ​ប្រចាំខែ​ប្រចាំថ្ងៃ ហើយ​នៅ​ពេល​ដែល​ស្ងប់ស្ងាត់​រឿង យើង​អត់​ទទួល​បាន​ដំណឹង​អី​សោះ សូម្បីតែ​ការ​ដោះស្រាយ ឬក៏​ផ្លូវ​បង្ហាញ​ណា​ដែល​អាច​ឱ្យ​យើង​ធ្វើដំណើរ​ទៅកាន់​ការ​សួរ ឬក៏​ដោះស្រាយ​រឿង​ហ្នឹង​ម៉េចៗ​ហ្នឹង វា​អត់​មានអី​ទាំងអស់ គឺ​ងងឹត​សូន្យឈឹង​ហ្មង​។ សម្រាប់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​មាន​លុយ​ជាប់​នៅក្នុង​ហ្នឹង​ទាំង​ប៉ុន្មាន​ហ្នឹង គ្រាន់តែ​ចង់ឱ្យ​ពួកគាត់​ហ្នឹង​ធ្វើការ​ឱ្យ​បាន​លឿន ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ធ្វើ​ម៉េច​ព្យាយាម​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់ ហើយ​ពួក​ខ្ញុំ​ម្នាក់ៗ​ក៏​អត់​ចង់ទៅ​តវ៉ា ដើម្បី​ឱ្យ​វា​មើល​មក​អាក្រក់​មើល​ទេ​បង​។ រាល់ថ្ងៃ​ហ្នឹង ខ្ញុំ​នៅតែ​អត់​អស់ចិត្ត មិន​គួរ​ណា​ខ្លួន​ខ្ញុំ​ធ្លាក់​ក្នុង​ស្ថានភាព​បែប​ហ្នឹង»។

ស្ត្រី​ដដែល​អះអាង​ថា ក្រុមហ៊ុន ហួយ​វ័ន បាន​បង្កក​លុយ​របស់​លោកស្រី​ជាង ១០​ម៉ឺន​ដុល្លារ​អាមេរិក​។ លោកស្រី​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ជំពាក់​បំណុល​វ័ណ្ឌក រហូត​ធនាគារ​គំរាម​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារតែ​មិនអាច​ដក​លុយ​របស់​ខ្លួន​មក​បង្វិល​ទូទាត់​ថ្លៃ​ទំនិញ​ក្នុង​អាជីវកម្ម​ផ្នែក​គ្រឿងសំណង់ និង​ផ្គត់ផ្គង់​អាហារ ព្រមទាំង​ថ្លៃ​សិក្សា​របស់​កូន។

កាលពី​ថ្ងៃទី​៣ ខែកញ្ញា លោកស្រី និង​ជនរងគ្រោះ​ផ្សេងទៀត​ក៏បាន​ទៅ​ស្នើសុំ​ឯកសារ​ពាក់ព័ន្ធ​ពី​ក្រុមហ៊ុន ជម្រះបញ្ជី​ឈ្មោះ រី​ចឆ៍ & ផាត​នើ​រ (Reachs & Partners) ដើម្បី​តាមដាន​សំណុំរឿង​នៅ​តុលាការ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បដិសេធ។

ក្រុមហ៊ុន​ជម្រះបញ្ជី រីចឆ៍ & ផាតនើរ ដែល​ជា​អ្នក​ជម្រះបញ្ជី​ទូទាំង​បំណុល​លើ​អតិថិជន​ហួយ​វ័ន បាន​បញ្ជូន​សំណុំរឿង​អតិថិជន​ដែល​បាន​ចុះឈ្មោះ​ទៅ​តុលាការ កាលពី​ខែកក្កដា និង​ប្រកាស​ថា ខ្លួន​គ្មាន​លទ្ធភាព​ដោះស្រាយ​ជូន​អតិថិជន​ឡើយ ដោយសារ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ បាន​ក្ស័យធន។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​៤ ខែ​កញ្ញា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត លើកឡើង​ថា ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​របស់​កម្លាំង​អាជ្ញាធរ​លើ​ក្រុម​ជនរងគ្រោះ គឺជា​ការ​បំបាក់ស្មារតី និង​ធ្វើ​ឱ្យ​ជនរងគ្រោះ​កាន់តែ​អស់សង្ឃឹម​ទទួល​បាន​លុយ​របស់​ខ្លួន​ត្រូវ​មកវិញ​។ លោក​ថា ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ និង​ស្ថាប័ន​តុលាការ គួរតែ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ជូន​អតិថិជន​ដោយ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ខណៈ​ការ​តវ៉ា​ជាប្រចាំ​របស់​អតិថិជន​ក៏​ជះ​ផល​អវិជ្ជមាន​ដល់​មុខមាត់​រដ្ឋាភិបាល​ខ្លួនឯង​ដែរ។

លោក អំ សំអាត៖ «បើសិនជា​បញ្ហា​នេះ​ចេះតែ​បន្ត និង​អូស​បន្លាយ​វែង​យូរ​ទៅ យើង​មើល​មិន​ឃើញ​ថា តើ​វា​អាច​នឹង​មាន​បាតុភូត​អី​កើតឡើង អាច​ថា នៅ​ពេល​ដែល​គាត់​អស់សង្ឃឹម​ខ្លាំង អាច​មាន​អំពើ​ហិង្សា ឬក៏​ស្អី​កើត​ឡើង​ទៅ វា​ជា​រឿង​ធ្ងន់ធ្ងរ​មួយ​បន្ថែម​ទៀត​។ អ៊ីចឹង អ្វី​ដែល​សំខាន់ គឺ​នៅ​ពេល​ដែល​គាត់​ស្វែងរក​កិច្ច​អន្តរាគមន៍ ឬក៏​មានការ​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ស្ថាប័ន​ដែល​ទទួល​បាន​លិខិត​ហ្នឹង​គួរតែ​រក​មធ្យោបាយ​សម្រប​សម្រួល ឬក៏​អន្តរាគមន៍​ទៅលើ​ករណី​របស់​គាត់ ដើម្បី​ទីមួយ គឺ​ធ្វើ​ឱ្យ​ពួកគាត់​ហ្នឹង​មាន​ទំនុកចិត្ត»។

ក្រុម​ជនរងគ្រោះ​បញ្ជាក់​ថា ទោះបី​ប្រឈម​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច ក៏​ពួកគាត់​នៅតែ​បន្ត​ចេញ​តវ៉ា រហូត​ទទួល​បាន​លុយ​ដែល​រកបាន​ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ត្រឡប់មកវិញ​។ ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ថា អ្វី​ដែល​ពួកគាត់​ខ្លាច​នៅ​ពេល​នេះ មិនមែន​ការ​ចាប់​ចង​ឡើយ ប៉ុន្តែ​គឺ​ការ​គ្មាន​អាហារ​ចូល​ពោះ និង​ការ​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ធនាគារ។

អតិថិជន​ខ្មែរ និង​ជនជាតិ​ចិន​ក៏​គ្រោង​រៀបចំ​ញត្តិ ដើម្បី​ដាក់​ជូន​ស្ថានទូត​អាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ដើម្បី​ស្នើ​ឱ្យ​ជួយ​គាំពារ​សិទ្ធិ​ពួកគាត់ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចេញមុខ​ដោះស្រាយ​លុយ​ពលរដ្ឋ​ដែល​បាត់បង់។

ក្រុមហ៊ុន ហួយវ័ន ផេ ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយ​វ័ន គ្រុប (Huione Pay) មានកម្ម​វិធី​ទូទាត់​លុយ​តាម​អនឡាញ និង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ដែល លោក ហ៊ុន តូ ត្រូវជា​ក្មួយបង្កើត​លោក ហ៊ុន សែន ជា​សហប្រធាន​មួយ​រូប​។ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ​ដោយ​រកឃើញ​ថា បាន​លាងលុយកខ្វក់​ឱ្យ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង និង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ប្រតិបត្តិការ​កុំព្យូទ័រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លុកឆេន (Blockchain) ឈ្មោះ «​អេលីបទីក» (Elliptic) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) ចក្រភព​អង់គ្លេស (UK) ធ្លាប់​បាន​លាតត្រដាង​ថា បងជីដូនមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គឺ​លោក ហ៊ុន តូ ក្នុងនាម​ជា​សហប្រធាន​មួយ​រូប​ទទួល​ប្រាក់ចំណេញ​កប់​ក្ដោង​ក្នុង​ទំហំ​រាប់ពាន់​លាន​ដុល្លារ​ដែល​បាន​មក​ពី​អំពើ​លាងលុយកខ្វក់​ពី​ការ​ឆបោក​តាម​អនឡាញ​នៅ​ជុំវិញ​ពិភពលោក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ