

ទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទៀត ដែលរដ្ឋាភិបាលកាត់ដីសម្បទានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនចិនវិនិយោគក្នុងតំបន់ខេត្តជាប់មាត់សមុទ្រនោះ បានក្លាយជាឋានសួគ៌របស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។ នោះគឺតំបន់បុទុមសាគរ ស្ថិតក្នុងខេត្តកោះកុង។ មុនពេលតំបន់នេះក្លាយជាផ្នែកមួយនៃជម្រកឧក្រិដ្ឋជនឆបោកតាមអនឡាញ ក្រុមហ៊ុនរដ្ឋអំណាចចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬ យូឌីជី (UDG) បានឈូសឆាយដីធ្លី ផ្ទះសម្បែង និងបណ្ដេញពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅឋានដោយបង្ខំ ដើម្បីបង្កើតជាទីក្រុងរណប និងប្រលានយន្តហោះជាដើម។
តំបន់សេដ្ឋកិច្ចពិសេសដែលបង្កើតឡើងដោយក្រុមហ៊ុន យូឌីជី (UDG) ក្នុងបរិវេណតំបន់បុទុមសាគរនៃខេត្តកោះកុង នៅតែបន្តក្លាយជាទីជម្រកនៃបណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញ។ ផ្នែកខ្លះនៃសំណង់អគារខ្ពស់ស្កឹមស្កៃដូចជា កាស៊ីណូ ខុនដូ អគារពាណិជ្ជកម្ម និងសណ្ឋាគារជាដើមតែងតែត្រូវបានបណ្ដាញឧក្រិដ្ឋជនប្រើប្រាស់ជាទីតាំងប្រតិបត្តិការឆបោក និងបង្ខាំងជនបរទេសចម្រុះជាតិសាសន៍ ព្រមទាំងបំបិទសិទ្ធិសេរីភាពពួកគាត់ ដើម្បីបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញ។
ក្នុងប្រតិបត្តិការបង្ក្រាបរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុងថ្មីៗនេះ លើជនជាតិចិនជាង ១រយនាក់ (១១៦នាក់) ក៏បានបញ្ជាក់អំពីទីតាំងប្រតិបត្តិការឆបោកតាមអនឡាញដែលស្ថិតក្នុងបរិវេណតំបន់បុទុមសាគរដែលកាន់កាប់ដោយក្រុមហ៊ុនរដ្ឋអំណាចចិន យូឌីជី (UDG) ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុងកាលពីថ្ងៃទី២៩ ខែសីហា បញ្ជាក់ថា ក្រុមជនជាតិចិនទាំងនេះបានបង្កើតជាក្រុមដោយមានការចាត់តាំង និងបង្កើតជាមជ្ឈមណ្ឌលឆបោកតាមអនឡាញក្នុងតំបន់បុទុមសាគរ។ តុលាការខេត្តកោះកុងបានចោទប្រកាន់ពួកគេពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផ្អែកតាមមាត្រា ៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
មុនពេលតុលាការចោទប្រកាន់ ក្នុងចំណោមជនជាតិចិនជាង ១រយនាក់នេះ មានជនជាតិចិន ២នាក់បានផ្ដល់សំណូកដល់កម្លាំងសមត្ថកិច្ច ដើម្បីជាថ្នូររត់គេចពីការឃុំឃាំងនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ប៉ុន្តែក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវតាមចាប់ខ្លួនពួកគេយកមកវិញ។ ក្នុងសំណុំរឿងនេះដែរ តុលាការខេត្តកោះកុងក៏បានចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនមន្ត្រីនគរបាល ៣នាក់ និងអ្នកបកប្រែម្នាក់ពីបទផ្ដល់មធ្យោបាយលួចរត់ និងបទទទួលដោយខុសច្បាប់ និងស្ថានទម្ងន់ទោសតាមមាត្រា ៥៦៥ និងមាត្រា ៥៧២ នៃក្រមព្រហ្មទណ្ឌ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងលោក វ៉ៃ ភីរម្យ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១ ខែកញ្ញា។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា កត់សម្គាល់ថា ការបង្ក្រាបរបស់អាជ្ញាធរហាក់ដោយដុំៗ និងបង្ក្រាបកន្លែងដែលចង់បង្ក្រាប ដើម្បីបង្ហាញជារូបភាពបង្ហាញសាធារណជន។ លោកថា ចំណែកឯទីតាំងសំខាន់ៗ និងមេខ្លោងធំៗដែលរងការចោទប្រកាន់ រដ្ឋាភិបាលមិនទាន់បង្ហាញឆន្ទៈស៊ើបអង្កេត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់នៅឡើយ។
លោក ឌី ថេហូយ៉ា៖ «ការឆបោកតាមអនឡាញនេះ មិនទាន់ត្រូវបានកម្ចាត់ មិនទាន់ត្រូវបានបោសសម្អាតហ្នឹងនៅឡើយទេ វាគ្រាន់តែជាប្រែក្លាយពីរូបភាពនៅក្នុងអគារធំៗ ទៅជានៅក្នុងផ្ទះធម្មតាសាមញ្ញៗ។ អាហ្នឹងវាកាន់តែគ្រោះថ្នាក់ដល់ប្រជាជាតិខ្មែរទាំងមូល ក៏ដូចជាមនុស្សជាតិ និងត្រូវរងគ្រោះអំពីឧក្រិដ្ឋជនទាំងអស់នេះ។ កាលណាការបង្ក្រាប ឬលុបបំបាត់នេះ វាមិនមានប្រសិទ្ធភាព វាជាការបំផ្លាញជាតិខ្មែរទាំងមូល ជាពិសេសសេដ្ឋកិច្ចជាតិខ្មែរ។ យើងមើលឃើញអំពីប្រព័ន្ធហិរញ្ញវត្ថុនៅស្រុកខ្មែរ ធ្វើឱ្យបរទេសគេបាត់បង់ជំនឿ គេលែងហ៊ានមករកស៊ី ទាំងទេសចរ ទាំងវិនិយោគអីជាដើម ជាពិសេសវិស័យធនាគារអីហ្នឹងគេខ្លាចរអា»។
ក្រៅពីល្បីល្បាញរឿងរ៉ាវឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ចាប់ជំរិតមនុស្សធ្វើទារុណកម្ម ខេត្តកោះកុងក៏ជាទីតាំងអំណោយផល និងមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់ជាច្រើន ដែលផ្ដល់ភាពងាយស្រួលដល់បណ្ដាញឧក្រិដ្ឋជនជួញដូរមនុស្ស អាចដឹកជញ្ជូនបុគ្គលិកឆបោកតាមអនឡាញចល័តទៅកាន់ទីតាំងឆបោកផ្សេងៗក្នុងនៅខេត្តព្រះសីហនុដែលមានព្រំប្រទល់ជាប់គ្នា។
គម្រោងទីក្រុងរណបដ៏ធំមួយគឺគម្រោង ឡុង បេ (Long Bay) ដែលស្ថិតក្នុងតំបន់បុទុមសាគរបានរងការចោទប្រកាន់ជាយូរមកហើយ ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញ។ ម្ចាស់ក្រុមហ៊ុននៃគម្រោងនេះភាគច្រើន គឺជាជនជាតិចិនដែលមានរឿងអាស្រូវ និងត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ ប៉ុន្តែពួកគេបានចូលមកពួនសម្ងំ និងទិញសញ្ជាតិខ្មែរ ដើម្បីបន្តអាជីវកម្មបនល្បែងកាស៊ីណូ។ កន្លងមក ស្ថាប័នអន្តរជាតិមួយចំនួនបានហៅបរិវេណអគារក្នុងតំបន់នេះថាជា «កន្លែងចូលហើយចេញមិនបាន» ដោយសារតែជនបរទេសភាគច្រើនដែលត្រូវបានគេនាំចូលខាងក្នុងតែងត្រូវបានបណ្ដាញឧក្រិដ្ឋជនបង្ខាំងធ្វើទារុណកម្ម លក់ពួកគេពីមួយកន្លែងទៅមួយកន្លែង រហូតអ្នកខ្លះទ្រាំទ្រមិនបាន និងជ្រើសរើសបញ្ចប់ជីវិតខ្លួនឯងតាមរយៈការលោតសម្លាប់ខ្លួនពីលើអគារជាដើម។
គម្រោង ឡុង បេ (Long Bay) គឺស្ថិតក្នុងបរិវេណផ្ទៃដីក្រុមហ៊ុនរដ្ឋអំណាចចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង ៤ម៉ឺន ៥ពាន់ហិកតារក្នុងស្រុកចំនួន ២ គឺស្រុកបុទុមសាគរ និងស្រុកតារាសាគរកាលពីឆ្នាំ២០០៨ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំ និងប្រលានយន្តហោះ ជាដើម។ ក្រុមហ៊ុននេះបានកសាងតំបន់នេះឱ្យប្រែក្លាយជាសណ្ឋាគារ និងអគារកាស៊ីណូយ៉ាងឆាប់រហ័ស បន្ទាប់ពីបានឈូសឆាយផ្ទះសម្បែង និងបំផ្លាញផលដំណាំអ្នកភូមិ ព្រមទាំងបណ្ដេញពលរដ្ឋជាង ១ពាន់ ៣រយគ្រួសារ (១.៣០០) ឱ្យចាកចេញពីលំនៅឋានទាំងបង្ខំ។ ក្រសួងរតនាគារអាមេរិកកាលពីឆ្នាំ២០២០ បានសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ ក្រោមច្បាប់ សាកល ហ្គូប៊ល ម៉ានិកស្គី អ៊ែក (Global Magnitsky Act) ក្រោយរកឃើញថា ពាក់ព័ន្ធនឹងអំពើពុករលួយ ការច្បាមយកដីពលរដ្ឋ និងរំលោភ សិទ្ធិមនុស្សនៅកម្ពុជា៕









