អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ដែល​បណ្ដោយ​ឱ្យ​ថៃ​បើក​យន្តហោះ​​​យោធា​រំលោភ​ដី​ខ្មែរ​តាម​អំពើចិត្ត

0
60
យន្តហោះយោធាថៃ​ហោះចូលរំលោភចូលដែនដីកម្ពុជា នៅ​ស្រុកកំរៀង ខេត្ត​បាត់ដំបង កាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម
យន្តហោះយោធាថៃ​ហោះចូលរំលោភចូលដែនដីកម្ពុជា នៅ​ស្រុកកំរៀង ខេត្ត​បាត់ដំបង កាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បារម្ភ​ថា ជា​រឿង​ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​អាយុជីវិត​កងទ័ព នៅ​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បណ្ដែតបណ្ដោយ​ឱ្យ​យោធា​ថៃ បន្ត​បើក​យន្តហោះ​ស៊ើបការណ៍ ចូល​ដែន​អធិបតេយ្យ​កម្ពុជា តាម​អំពើ​ចិត្ត ដោយ​គ្មាន​ចាត់វិធានការ​ជាក់ស្ដែង​ឱ្យ​មាន​ប្រសិទ្ធភាព។ ការ​លើកឡើង​នេះ ក្រោយពី​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​លិខិត​តវ៉ា ទៅ​កាន់ យោធា​ថៃ ដែល​បាន​បើក​ឧទ្ធម្ភាគចក្រ​ស៊ើបការណ៍ ចូលក្នុង​ដែនអាកាស​កម្ពុជា​យ៉ាង​ជ្រៅ ក្នុងភូមិ​សាស្ត្រ ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​ខុសច្បាប់។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង សង្កេត​ឃើញ​ថា នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ​ដែល យោធា​ថៃ​បាន​បើក​ឧទ្ធម្ភាគចក្រ ឬ​យន្តហោះ​ស៊ើបការណ៍​ហោះ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា តាម​បណ្ដោយ​ព្រំដែន ដែល​កំពុង​មាន​ជម្លោះ ជាង​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ កម្ពុជា​បាន​ត្រឹម​តែ​ចេញ​លិខិតតវ៉ា​ជា​ផ្លូវការ ប្រឆាំង ទៅ​ទង្វើ​ឈ្លានពាន​របស់​យោធា​ថៃ​នេះ​។ ពួកគាត់​យល់ថា ការ​ចេញ​លិខិត​តវ៉ា​របស់​កម្ពុជា​គ្មាន​ប្រសិទ្ធភាព​ឡើយ​ប្រសិនបើ​កម្ពុជា មិន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី៤ ខែ​កញ្ញា ដោយ​រិះគន់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​»​ថា ជា​មេដឹកនាំ​កំសាក អសមត្ថភាព ដែល​បណ្ដែតបណ្ដោយ​ឱ្យ​យោធា​ថៃ​បន្ត​ឈ្លានពាន​ដែន​អធិបតេយ្យ​កម្ពុជា ទាំង​ដែនអាកាស ដែនទឹក និង​ដែន​គោក ដោយ​គ្មាន​ចាត់វិធានការ​តបត​អ្វី​សោះ ក្រៅតែ​ពី​ចេញ​លិខិតតវ៉ា​មួយ​សន្លឹក។

លោក​បន្ត​ថា កម្ពុជា​មិន​គួរ​ចេញ​លិខិតតវ៉ា​ទៅកាន់​ភាគី​ថៃ​ច្រើនពេក​នោះ​ទេ ព្រោះ​វា​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ ខណៈ​ដែល​ភាគី​ថៃ​នៅតែ​បន្ត​ឈ្លានពាន ទឹកដី​កម្ពុជា។ ក្រៅពី​ការឈ្លានពាន​ទឹកដី លោក​សង្កេត​ឃើញ​ថា កន្លងមក​ក៏ មាន​សេចក្ដីរាយការណ៍​ជាច្រើន​អំពី​យោធា​ថៃ បាន​ប្រើប្រាស់​កាំភ្លើង លប់​បាញ់ប្រហារ​មក​លើ​កងទ័ព​ខ្មែរ​តាម​ព្រំដែន បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ប៉ុន្តែ លោក ហ៊ុន ម៉ា​ណែ​ត ព្យាយាម​បិទបាំង​ព័ត៌មាន រួច​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ថា ជា​ការ​រាលកៃ​កាំភ្លើង បាញ់​ស្លាប់​ខ្លួនឯង​។ លោក​បន្ត​ថា ទង្វើ​របស់​យោធា​ថៃ​ធ្វើ​មក​លើ​កម្ពុជា ជា​ច្រើនដង​មក​ហើយ ដែល​លោក ហ៊ុន ម៉ាណែត គួរតែ​ចេះ​ឈឺចាប់​ខ្លះ​ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​អាយុជីវិត​កងទ័ព​ខ្មែរ កុំ​ខ្លាំង​បានតែ​ចាប់​ពលរដ្ឋ​ខ្លួន​ដាក់​ពន្ធនាគារ។

លោក អ៊ុំ សំអាន៖ «គេ​ឃើញ​ត្រកូល ហ៊ុន ខ្សោយ​អ៊ីចឹង គេ​មើលងាយ​អ៊ីចឹង​ហើយ​។ ដូច​ថា គេ​ចេះតែ​បង្កើត​រឿង​អ៊ីចឹង​ទៅ ដើម្បី​ឱ្យ​ត្រកូល ហ៊ុន ហ្នឹង ភ័យខ្លាច​ទៅ អត់​ហ៊ាន​អី​ជាមួយ​គេ​។ គេ​ឈ្លានពាន​ទឹកដី​ខ្មែរ​យើង​ស្រេច​តែ​ចិត្ត​។ អាហ្នឹង​របៀប​គេ​កម្លាច​ហ្នឹង រឿង​កម្លាច​! ដូច ហ៊ុន សែន កម្លាច​សកម្មជន​បក្ស​ប្រឆាំង​អ៊ីចឹង​! មិន​ខុសគ្នា​ទេ​! ថៃ ហើយ និង​ត្រកូល ហ៊ុន គឺ​អាក្រក់​ដូចគ្នា»។

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយ​ពី ក្រសួង​ការ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៤ ខែកញ្ញា បាន​ចេញ​លិខិតតវ៉ា​ប្រឆាំង​ទៅកាន់​ភាគី​ថៃ ដែល​បាន​បើក​ឧទ្ធម្ភាគចក្រ​ស៊ើបការណ៍​ចូល​ទឹកដី​កម្ពុជា ក្នុងភូមិ​សាស្ត្រ ស្រុក​កំរៀង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៣ ខែកញ្ញា​។ នៅក្នុង​លិខិត​នោះ កម្ពុជា​បាន​រៀបរាប់​ថា ឧទ្ធម្ភាគចក្រ​របស់​យោធា​ថៃ​មួយ​គ្រឿង បាន​រំលោភបំពាន​ចូលក្នុង​ដែន​អាកាស​កម្ពុជា ចម្ងាយ​៤០០​ម៉ែត្រ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

កម្ពុជា​ចាត់ទុក​ទង្វើ​ឈ្លានពាន​ដែនអាកាស​របស់​យោធា​ថៃ​នេះ រំលោភ​លើ មាត្រា​១ នៃ​អនុសញ្ញា​ស្ដីពី​អាកាសចរណ៍ ស៊ីវិល​អន្តរជាតិ ឆ្នាំ​១៩៤៤ ដែល​បញ្ជាក់​ថា រដ្ឋ​នីមួយៗ​មាន​អធិបតេយ្យ​ពេញ លេញ និង​ផ្ដាច់មុខ​លើ​ដែនអាកាស​ពីលើ​ដែនដី​របស់​ខ្លួន​។ ចំណែក មាត្រា​៣ នៃ​អនុសញ្ញា​ដដែល​នេះ បាន​ហាមឃាត់ យន្តហោះ​របស់​រដ្ឋ​នីមួយៗ​មិន​ឱ្យ​ហោះហើរ​លើ​ដែនដី​រដ្ឋ​ដទៃ​ដោយ​គ្មាន​ការអនុញ្ញាត នោះ​ឡើយ។

ទន្ទឹមគ្នា​នោះ កម្ពុជា​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ហោះហើរ​ឧទ្ធម្ភាគចក្រ ចូល​ដែន​អធិបតេយ្យ​កម្ពុជា​បន្ត​ទៀត និង​ត្រូវ​គោរព​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍ ហើយ ជំរុញ​ការ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ក្នុង​ការ​ដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី និង​ស្ដារ​ទំនាក់ទំនង​ភាពជា​អ្នកជិតខាង​ល្អ​ឡើងវិញ​។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​រិះគន់​ថា លិខិតតវ៉ា​របស់​កម្ពុ​ជា ហាក់​ធ្វើឡើង​ដើម្បី​តែ​គម្រប់​កិច្ច ព្រោះ​គ្មាន​បង្ហាញ​ពី​ជំហរ និង​ការ​ប្ដេជ្ញាចិត្ត​ដើម្បី​តបត​ប្រឆាំង ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​ភាគី​ថៃ នោះ​ឡើយ ខណៈ​ដែល​ថៃ មិនដែល​ធ្វើតាម ការ​អំពាវនាវ​របស់​កម្ពុជា​សោះ ចាប់តាំងពី​បើក​ការឈ្លានពាន​ទឹកដី​កម្ពុជា​មក។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​០៤ ខែ​កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​គួរតែ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ ឬ ឧទ្ធម្ភាគចក្រ​ស៊ើបការណ៍ របស់​យោធា​ថៃ ដែល​ហោះ​ចូល​ដែនអាកាស​កម្ពុជា ព្រោះ​គ្រប់​បណ្ដា​ប្រទេស នៅ​លើ​ពិភពលោក តែងតែ​ធ្វើ​បែប​នេះ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ការពារ​បូរណភាព​ទឹកដី។ លោក​បង្ហាញ​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​យោធា​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​ជាច្រើន​ទីតាំង ប៉ុន្តែ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បែរជា​មិន​ប្ដឹង​ថៃ ទៅកាន់​តុលាការអន្តរជាតិ ហើយ​មិន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ខឹងសម្បា ហើយ​ចាត់ទុកថា ជា​មេដឹកនាំ​ជា​ជន​«​ចោលម្សៀត»។

អ្នកស្រី ម៉ាលី សុជាតា៖ «អ្នកឯង​ឆ្លង​ចូល​ដែន​អធិបតេយ្យ​ខ្មែរ​យ៉ាង​ជ្រៅ ហើយ​ខ្មែរ​ត្រូវតែ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ព្រោះ​អ្នកឯង​ហោះ យន្ត​ហោះ​ចូល​ស្រុក​ខ្មែរ មិនដឹង​ថា​អ្នកឯង​ដាក់​ស្អី​នៅ​លើ​យន្តហោះ​ហ្នឹង​? អាច​ដាក់​ប្រព័ន្ធ​រ៉ា​ដា អាច​ដាក់​កាំភ្លើង អាច​ដាក់​គ្រាប់បែក​អី​មក​ទម្លាក់​ស្រុក​ខ្មែរ នរណា​ដឹង​? ម្ល៉ោះហើយ សិទ្ធិ​ការពារ​ខ្លួន គេ​យក​ហេតុផល​អស់ហ្នឹង​ដើម្បី​បាញ់​ទម្លាក់​បាន​!»។

ជាង​១​ឆ្នាំ​មកនេះ កម្ពុជា​បាន​ចេញ​លិខិតតវ៉ា និង​ថ្កោលទោស​ភាគី​ថៃ រាប់​សិប​លើក​មក​ហើយ ប៉ុន្តែ​ភាគី​ថៃ ពុំបាន​អើពើ​ចំពោះ​លិខិតតវ៉ា​របស់​ភាគី​កម្ពុជា​នោះ​ឡើយ។ ទន្ទឹមគ្នា​នោះ គេ​សង្កេត​ឃើញថា ទឹកដី​ខ្មែរ ជិត​១០០​ទីតាំង តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ត្រូវ​បាន​យោធា​ថៃ ចូល​មក​កាន់កាប់​ដោយ​ខុសច្បាប់​នោះ ពួកគេ​បាន​សាងសង់​លេណដ្ឋាន​ផ្លូវថ្នល់ រូប​សំណាក​ព្រះពុទ្ធ និង​ជីក​ប្រឡាយ​តាម​ព្រំដែន ពង្រាយ​បន្លា​លួស និង​ដំឡើង​កុងតឺន័រ​ជាច្រើន លើ​ទឹកដី​ខ្មែរ ដើម្បី​រារាំង មិន​ឱ្យ​ពលរដ្ឋ និង​កងទ័ព​ខ្មែរ​អាច​ចេញចូល​បាន​នៅ​ទីនោះ​ទៀត។

ជាមួយគ្នា​នោះ ពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ តែងតែ​ឃើញ​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា Drone ស៊ើបការណ៍ របស់​យោធា​ថៃ ហោះ​ចូល​លើទឹក​ដី​ខ្មែរ តាម​បណ្ដោយ​ព្រំដែន ជា​ញឹកញាប់ ដើម្បី​តាម​ឃ្លាំមើល​មូលដ្ឋាន និង​សកម្មភាព​កងទ័ព​ខ្មែរ ។ បើ​ទោះ​ជា​បែបនេះ​ក្ដី គេ​ឃើញថា កងទ័ព​ខ្មែរ មិន​ហ៊ាន​រារាំង ឬ​រំខាន​ការហោះហើរ របស់​យោធា​ថៃ​នោះ​ទេ ព្រោះ​ខ្លាច ខុស​បញ្ជា​ថ្នាក់លើ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក តំបន់​ថ្មដា​ខេត្តពោធិ៍សាត់ និង​តំបន់​អូ​ស្មាច់​ខេត្ត​ឧត្តរមានជ័យ​ជាដើម។

អ្នកឃ្លាំមើល​រិះគន់​ថា​ការ​មិន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា បង្ក​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​កងទ័ព​ជួរមុខ ព្រោះ​គ្មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​បាន​ត្រឹមត្រូវ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ