

តុលាការក្រុងភ្នំពេញបានសួរចម្លើយសកម្មជនបក្សប្រឆាំង លោក អ៊ុក ពេជ្រសំណាង ពេញមួយថ្ងៃ ហើយបានបញ្ជូន ទៅឃុំនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញវិញ នៅថ្ងៃទី៤ ខែកញ្ញានេះ ដើម្បីទុកឲ្យតុលាការ បន្តសាកសួរនៅថ្ងៃបន្ទាប់ទៀត។ សង្គមស៊ីវិលទទូចឱ្យដោះលែងលោក អ៊ុក ពេជ្រសំណាង ឱ្យមានសេរីភាពវិញ ពីព្រោះខ្លឹមសារក្នុងបទសម្ភាសរបស់លោកជាមួយអ្នកសារព័ត៌មាន មានលក្ខណៈជាការបញ្ចេញមតិរិះគន់ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង លោក អ៊ុក ពេជ្រសំណាង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ហើយ នៅថ្ងៃ០៤ ខែ កញ្ញា នេះដោយអះអាងថា សមត្ថកិច្ចប្រមូលបានភស្តុតាងដាក់បន្ទុក បទល្មើសគ្រប់គ្រាន់ ទៅតាមអង្គហេតុ និង អង្គច្បាប់លើលោក អ៊ុក ពេជ្រសំណាង។ សមត្ថកិច្ចបាន បញ្ជូនលោក ទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ នៅល្ងាច ថ្ងៃទី០៤ ខែកញ្ញា បន្ទាប់ពីតុលាការ បានធ្វើការសាកសួរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ខ្លួនបានរកឃើញកំហុសរបស់ លោក អ៊ុក ពេជ្រសំណាង ដែលប្រើប្រាស់គណនីបណ្ដាញសង្គម បង្ហោះខ្លឹមសារក្នុងចេតនាទុច្ចរិត ជេរប្រមាថ មួលបង្កាច់លើថ្នាក់ដឹកនាំ ក្នុងគោលបំណងញុះញង់ ឱ្យមានការរើសអើង បង្កចលាចលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដី ថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសព័ត៌មាន នៅថ្ងៃទី៤ ខែកញ្ញានេះ ថា លោក អ៊ុក ពេជ្រសំណាង បានសារភាព និងទទួលស្គាល់កំហុស ក្នុងការប្រើប្រាស់គណនីបណ្ដាញសង្គមរបស់លោក ដើម្បីបញ្ចេញយោបល់ និងបង្ហោះ សារជេរប្រមាថថ្នាក់ដឹកនាំពិតប្រាកដមែន។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែកញ្ញា ថា បទសម្ភាសន៍របស់លោក អ៊ុក ពេជ្រសំណាង ពុំមានខ្លឹមសារខុសធ្ងន់ធ្ងរ រហូតដល់ត្រូវចោទពីបទជេរប្រមាថ និងញុះញង់ទេ។ លោកថា ពាក្យពេចន៍លើកឡើងរបស់លោក អ៊ុក ពេជ្រសំណាង លើមូលដ្ឋាន ប្រទេសដែលប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ គួរតែអាជ្ញាធរជ្រើសរើស ប្រើមធ្យោបាយអប់រំណែនាំ ជាជាងប្រើវិធានការដាក់ទោសតាមផ្លូវតុលាការ ដែលជះឥទ្ធិពលមិនល្អ ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
លោក យិន ម៉េងលី៖ «ពាក្យសម្ដីរបស់របស់ប្រើប្រាស់ហ្នឹង វាមិនធ្ងន់ធ្ងរអ្វីទេ វា មិនរហូតទៅដល់ធ្វើការចោទប្រកាន់ ពីបទជេរប្រមាថ ពីបទញុះញង់នោះទេ យើងឃើញថា វាមិនធ្ងន់ធ្ងរទេ យើងមើលទៅលើពលរដ្ឋទៅលើគាត់យើងត្រូវទៅក្នុងប្រទសប្រជាធិបតេយ្យ។ កាលណាយើងមើល នៅក្នុងប្រទេសមិនមែនប្រជាធិបតេយ្យ យើងគិតថា អ្វីដែលគាត់និយាយ វាជាការជេរប្រមាថ ឬញុះញង់ អ៊ីចឹងទៅ តែយើងនាំគ្នាមើលហើយកុំភ្លេចថា ប្រទេសយើងជាប្រទេស ប្រជាធិបតេយ្យ យើងថា វាជាសេរីភាពបញ្ចេញមតិរបស់គាត់»។
លោក យិន ម៉េងលី ឱ្យដឹងដែរថា លោក អ៊ុក ពេជ្រសំណាង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ បន្ទាប់ពីតុលាការធ្វើការសាកសួរមួយថ្ងៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំបំភ្លឺជុំវិញរឿងនេះ បានទេនៅថ្ងៃទី៤ ខែកញ្ញានេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្ដីប្រកាស ព័ត៌មានរបស់ខ្លួនថា សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនលោក អ៊ុក ពេជ្រសំណាង អាយុ៦៣ឆ្នាំ កាលពីថ្ងៃទី០២ ខែកញ្ញា។ ការឃាត់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃដដែលនេះ របស់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង។
លោក អ៊ុក ពេជ្រសំណាង ដែលជាអ្នកគាំទ្រគណបក្សប្រឆាំងឥតងាករេម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលលោករួមដំណើរជាមួយទីប្រឹក្សាសមាគមគ្រូ បង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដែលនាំយកញត្តិទៅថ្វាយព្រះ មហាក្សត្រ កាលពីថ្ងៃទី២ ខែកញ្ញា និងបន្ទាប់ពីលោក អ៊ុក ពេជ្រសំណាង បានផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សកម្មភាពរួមដំណើរ ជាមួយ លោក រ៉ុង ឈុន។
ប្រពន្ធលោក អ៊ុក ពេជ្រសំណាង គឺលោកស្រី ទិត្យ ណារិន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្ដីលោកស្រី កាលពីថ្ងៃទី២ ខែកញ្ញា ត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ចាប់ក្រៀកខ្លួនទាំងបង្ខំ ពីហាងកាហ្វេមួយ នៅក្បែរផ្ទះរបស់លោក ក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកត្រូវបានសមត្ថកិច្ច បណ្ដើរទៅប៉ុស្តិ៍នគរបាល ក្នុងសង្កាត់នេះ រួចបញ្ជូនបន្ដទៅ ស្នងការនគរបាលរាជធានីភ្នំពេញ។
អ្នកឃ្លាំមើលលើកឡើងថា មានតែប្រទេសកុម្មុយនីស្តផ្ដាច់ការទេ ដែលប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋ ដែលសម្ដែងមតិ រិះគន់ការដឹកនាំប្រទេស។ ពួកគាត់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែកែសម្រួល ចំណាត់ការក្ដៅរបស់ខ្លួនឡើងវិញ ឱ្យស្របគោលការណ៍សេរីភាពតាមរដ្ឋធម្មនុញ្ញ ប្រសិនបើមិនចង់ប្រឈមកាន់តែខ្លាំងជាមួយពលរដ្ឋ និងសហគមន៍អន្តរជាតិ៕









