CCIM បន្ត​រក​ឃើញ​ឧប្បត្តិហេតុ​យាយី​ដល់​អ្នកសារព័ត៌មាន​អំឡុង​ពេល​បំពេញ​ការងារ

0
43
ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា
ទិដ្ឋភាព​​អ្នកកាសែត​កម្ពុជា​ចុះ​យក​ព័ត៌មាន​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្រោយ​​ការ​ឈ្លានពាន​របស់​ថៃ ដែល​ក្រសួង​ព័ត៌មាន​រៀបចំ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​នេត្រ ភក្ត្រា

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា CCIM នៅ​ថ្ងៃទី​៣ ខែ​កញ្ញា បង្ហាញ​របាយការណ៍​មួយ​ស្ដីពី​ការ​តាមដាន​ឧប្បត្តិហេតុ​យាយី​ដល់​អ្នកសារព័ត៌មាន​ចំនួន​១២ ករណី ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២៦​។ មន្ត្រី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ បារម្ភ​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នកសារព័ត៌មាន​លើ​គ្រប់​រូបភាព ក្នុង​ពេល​បំពេញការងារ​បែបនេះ នឹង​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ។

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា CCIM បាន​បង្ហាញ​របាយការណ៍​ត្រីមាស​ទី​២​ពី​ខែមេសា ដល់​ខែមិថុនា ពាក់ព័ន្ធ​ការ​យាយី​លើ​អ្នកសារព័ត៌មាន ក្នុងអំឡុងពេល​ពួកគេ​បំពេញការងារ​ដែល​នាំឱ្យ​មានការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន ការ​គំរាមកំហែង​ផ្នែក​រាងកាយ ការ​បំភិតបំភ័យ និង​ការចោទប្រកាន់​តាម​នីតិ​វិធី​ព្រហ្មទណ្ឌ​ជាដើម​។ ឧប្បត្តិហេតុ​១២​ករណី នោះ កើត​ឡើងលើ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ចំនួន ៦​នាក់ និង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​។​

របាយការណ៍ បង្ហាញ​ទៀត​​​​​​​​ថា ក្នុងចំណោម​ឧប្បត្តិហេតុ​ចំនួន​១២ មាន​១១​ករណី ដែល​រង​ការ​បំភិតបំភ័យ គំរាមកំហែង ពី​សំណាក់​អាជ្ញាធរ​រដ្ឋ ភាគី​ទី​បី និង​ជន​មិន​ស្គាល់​អត្តសញ្ញាណ ខណៈ​១​ករណី​ទៀត ពាក់ព័ន្ធ​នឹង​ការ​យាយី​។ ក្នុងចំណោម​អ្នក​ដែល​រង​ផល​ប៉ះពាល់​នោះ មាន​មនុស្ស​ចំនួន​០៨ នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ឃាត់ខ្លួន​ក្នុងអំឡុងពេល ឬ​បន្ទាប់ពី​ការ​បំពេញ​សកម្មភាព​សារព័ត៌មាន​របស់​ពួកគេ និង ម្នាក់ទៀត ត្រូវ​តុលាការ ចោទប្រកាន់​ពាក់ព័ន្ធ​នឹង «​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​» នៃ​ក្រមព្រហ្មទណ្ឌ។

CCIM បាន​លើក​យករ​ណី​មួយចំនួន​មក​បង្ហាញ គឺ​ករណី​បុរស​៣​នាក់ ស្លៀក​ឯកសណ្ឋាន​យោធា​ជិះ​តាមដាន រារាំង​និង​ប្រើ​ពាក្យ​សម្តី​គំរាមកំហែង លើ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​២០ មិថុនា ២០២៦​តាមរយៈ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ Facebook​។ យោង​តាម​វីដេអូ មាន​រថយន្ត​ម៉ាក Toyota Highlander បាន​បើក​តាម​ពីក្រោយ​រថយន្ត​របស់ ចាងហ្វាង​សារព័ត៌មាន Pan News Online និង​បាន​ឈប់​នៅ​ពីមុខ​រថយន្ត​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​ចុះ​យក​ព័ត៌មាន​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ បុគ្គល​ទាំង​នោះ​បាន​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​ដៃ ដើម្បី​ថត​អ្នកសារព័ត៌មាន​ហើយ​បាន​ប្រើ​ពាក្យ​សម្តី​គំរាមកំហែង​ទៀត​ផង។

អ្នកសារព័ត៌មាន​បាន​រាយការណ៍​អំពី​ហេតុការណ៍​នេះ​ទៅកាន់​អភិបាលស្រុក និង​បាន​ចែករំលែក​វីដេអូ​ដែល​បង្ហាញ​ពី​ហេតុការណ៍​នេះ​នៅ​លើ​បណ្តាញ​សង្គម Facebook​។ បន្ទាប់មក​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៦ សាលាដំបូង​ខេត្តព្រះវិហារ បាន​ចេញ​ដីកា​កោះហៅ​អ្នកសារព័ត៌មាន ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សាលាដំបូង​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៦ និង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​«​ញុះញង់​ឱ្យ​មាន​ការរើសអើង និង​បទ​គំរាមកំហែង»។

ចំណែក កាលពី​ថ្ងៃទី​១៩ មិថុនា ក្រសួង​ព័ត៌មាន​បាន​ដកហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់ Breaking TV Online និង​លុបចោល​ប័ណ្ណ​សម្គាល់​អ្នកសារព័ត៌មាន​ចំនួន ៣ រួមមាន លោក ប៊ុត ពុទ្ធី លោក យ៉ាន់ ឃួនមុនី និង​លោក វួរ ពុទ្ធី ក្រោយពី​ពួកគាត់​បាន​បញ្ឈប់រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

បច្ចុប្បន្ន អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់ Breaking TV Online នៅតែ​ត្រូវ​ដកហូត ហើយ​ប័ណ្ណ​សម្គាល់​អ្នកសារព័ត៌មាន​របស់​ពួកគាត់​ទាំង ៣ នាក់​នៅតែ​ត្រូវ​លុបចោល។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​បន្ត​ធ្វើ​ទុក​បុក​ម្នេញ រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​អាជីព និង​ឯករាជ្យ​មួយចំនួន ដែល​ហ៊ាន​និយាយ​ការពិត​ពី​បញ្ហា​សង្គម បញ្ហា​រស៊ើបៗ​ជាច្រើន ដូចជា​ករណី​ស្កេម​អន​ឡាញ អំពើពុករលួយ និង​បញ្ហា​ព្រំដែន​ជាដើម ត្រូវ​បាន​បិទ​ខ្ទប់។

អ្នកស្រី​បារម្ភ​ថា នៅពេល​ស្ថានភាព​សេរីភាព​អ្នកសារព័ត៌មាន​បន្ត​ធ្លាក់ចុះ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ខ្លាំង។

អ្នកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ព័ត៌មាន គួរ​ពិនិត្យ​មើល​ឡើងវិញ និង​ជួយ​សម្រួល​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បើក​លំហ​សេរីភាព​ឲ្យ​ពួកគាត់​អាច​ចុះ​រាយការណ៍​ព័ត៌មាន ដែល​ជា​ចំណុច​អវិជ្ជា​មាន​របស់​កម្ពុជា ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​បានដឹង​និង​កែសម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ការគោរព​សិទ្ធិមនុស្ស គោរព​លទ្ធិប្រជាធិបតេយ្យ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ដោយ​មិន​មាន​ការភ័យខ្លាច​។​

អ្នកស្រី ឆន សុគន្ធា៖ «​ស្ថានភាព​សេរីភាព​សារព័ត៌មាន ឬក៏​មាន​ការ​ចាប់ ការ​ធ្វើទុក្ខបុកម្នេញ​ទៅដល់​អ្នកសារព័ត៌មាន​កាន់តែ​ច្រើន យើង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ ហើយនឹង​អន្តរជាតិ​គេ​មើលឃើញ​ថា ឱ​! ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង មានការ​ធ្លាក់ចុះ​ដែរ​។ វា​ផ្ទុយ​ទៅ​នឹង​ប្រសាសន៍​របស់​អ្នកដឹកនាំ ក៏ដូចជា​ជាពិសេស​គឺ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង គឺ​តែងតែ​លើក​ថា អូ​..​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​។ ប៉ុន្តែ​បើ​ក្រឡេក​មើល​មកពី​ការ​ចាប់ ការ​ចង ការចោទប្រកាន់​ទៅដល់​អ្នកសារព័ត៌មាន​អី គឺ​តែងតែមាន​ការ​ចាប់​តែ​ទៅលើ​អ្នកសារព័ត៌មាន​ណា​ដែល​គាត់​ហ៊ាន​នៅក្នុង​ការ​រាយការណ៍​ព័ត៌មាន​បែប​ស៊ើបអង្កេត​អី​… អាហ្នឹង​ហើយ​ដែល​ជា​បញ្ហា​មួយ​ដែល​យើង​មើលឃើញ​ថា ទាំង​… មានន័យថា​មតិ​ជាតិ និង​អន្តរជាតិ​គេ​មើល​ឃើញ​ថា វា​ជា​បញ្ហា​មួយ​ដែល​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​០៣ ខែកញ្ញា​នេះ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ចុច​បិទ។

កាលពី​ថ្ងៃទី​៧ ខែសីហា អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា គឺ​លោក លួត សុផល និង​បញ្ឈប់​ការ​រំលោភបំពាន និង​ប្រើប្រាស់​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដើម្បី​បំបិទមាត់​ការ​រាយការណ៍​ឯករាជ្យ​។ លោក លួត សុផល ត្រូវ​បាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​១៣ ខែកុម្ភៈ បន្ទាប់ពី​លោក​បាន​ផ្សាយ​ផ្ទាល់ អំពី​ការ​រាយការណ៍​របស់​លោក​ជុំវិញ​ការ​ខ្វះខាត​ទឹក​ស្អាត​ដែល​ប៉ះពាល់​ដល់​កងទ័ព​ជួរមុខ​របស់​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ។ នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ RSF លោក សេដ្រិក អាល់វីយ៉ានី (Cédric Alviani ) ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​លុបចោល​ការ​កាត់ទោស​របស់​គាត់ និង​ដោះលែង​គាត់​ជាបន្ទាន់ ដោយ​លោក​យល់​ឃើញ​ថា អ្នកសារព័ត៌មាន លោក លួត សុផល គ្រាន់តែ​បំពេញការងារ​របស់​គាត់​ប៉ុណ្ណោះ នៅ​ពេល​ដែល​គាត់​បាន​រាយការណ៍​អំពី​ស្ថាន​ភាព​លំបាក​ដែល​កងទ័ព​កម្ពុជា​បាន​ជួបប្រទះ​នៅ​ព្រំដែន ហើយ​ការ​បំបិទមាត់​គាត់​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា បាន​បង្ហាញ​ពី​ការ​មើលងាយ​ទាំងស្រុង​ចំពោះ​សេរីភាព​សារព័ត៌មាន។

ក្រៅពី​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា ក៏បាន​រក​ឃើញ​ពី​ការរំលោភ​លើ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ផង​ដែរ ហើយ​តួអង្គ​រដ្ឋ គឺជា​អ្នក​រំលោភបំពាន​តែម្តង។

កាលពី​ថ្ងៃទី​២៩ មិថុនា ខេមបូចា បាន​បង្ហាញថា អ្នកកាសែត​ជាច្រើន ត្រូវ​បាន​ជំរុញ​ឱ្យ​ទទួលស្គាល់ កំហុស ចេញ​លិខិត​សុំទោស លុប​ខ្លឹមសារ ឬ​ប្រឈមមុខ​នឹង​សកម្មភាព​ផ្លូវច្បាប់ ហើយ​តួ អង្គ​រដ្ឋ ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការ​រំលោភបំពាន​។ កាសែត​ខេមបូចា​ថា អាជ្ញាធរ​បន្ត​ប្រើការ​ចោទប្រកាន់ ព្រហ្មទណ្ឌ រួមមាន​បទ​ញុះញង់ និង បទល្មើស​ផ្សេងទៀត ជំនួស​ឲ្យ​ការ​ដោះស្រាយ​ដែល មាននៅ​ក្នុង​ក្របខណ្ឌ​ច្បាប់​សារព័ត៌មាន​កម្ពុជា។

តាម​របាយការណ៍ CCIM គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឧប្បត្តិហេតុ​យាយី​ដល់​អ្នកសារព័ត៌មាន​សរុប​ចំនួន ២៥​ករណី​ហើយ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ពេល​បំពេញការងារ​វិជ្ជាជីវៈ​របស់​ខ្លួន​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ